
ក្នុងឱកាសអញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត និងចូលរួមដកស្ទូងជាមួយប្រជាកសិករនៅ ក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៣ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា លោកបានជម្រាបទៅលោកទូតអាល្លឺម៉ង់កាលពីថ្ងៃទី០១ ខែសីហាថា ការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត វាមិនមែនជារឿងថ្មីទេ ព្រោះតាំងពីការបោះឆ្នោតកន្លងមក គឺគណបក្សប្រឆាំងមិនដែលទទួលស្គាល់លទ្ធផលបោះឆ្នោតទេ។ ឆ្នាំ១៩៩៨ ក៏គេមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០០៣ ក៏គេមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឆ្នាំ២០០៨ ក៏មិនទទួលស្គាល់លទ្ធផលបោះឆ្នោត ក៏ប៉ុន្តែគេមិនចោលអសនៈទេ គឺគេទៅអង្គុយនៅសភាដែរ។

សម្តេចតេជោថ្លែងពន្យល់ថា ក្រោយការកែរដ្ឋធម្មនុញ្ញនៅឆ្នាំ២០០៦ ក្បាលម៉ាស៊ីនសភាអត់មានអ្វីត្រូវជាប់គាំងទេ ព្រោះអ្វី នៅឆ្នាំ ១៩៩៣ ពេលនោះត្រូវតែជាប់គាំងព្រោះពេលនោះអត់ទាន់មានរដ្ឋធម្មនុញ្ញ អញ្ចឹងបានជាត្រូវធ្វើសហនាយករដ្ឋមន្រ្តី ត្រូវធ្វើនាយករដ្ឋមន្រ្តីទី ១ ទី ២ ។ នៅពេលមានរដ្ឋធម្មនុញ្ញ ហើយឆ្នាំ១៩៩៨ យើងអនុវត្តរដ្ឋធម្មនុញ្ញ ដោយសាររដ្ឋធម្មនុញ្ញយើងចង ២ ភាគ ៣ បានសេចក្តីថា តម្រូវការសេចក្តីសម្រេចមានសម្លេងស្មើ ៨២ ហើយគេកំណត់កូរ៉ុម ៧ ភាគ ១០ គឺ ៨៧ កៅអីទើបប្រជុំបាន។ ដូច្នេះនៅរៀងរាល់ការប្រជុំអ្នកដែលគ្មានសម្លេងគ្រប់ ៨៧ ត្រូវតែទៅសុំគណបក្សមួយទៀតដើម្បីចូលប្រជុំ។ ប៉ុន្តែនៅពេលកែរដ្ឋធម្មនុញ្ញឆ្នាំ២០០៦ តម្រូវការចូលប្រជុំដែលមានការសម្រេច ដោយមតិភាគច្រើនត្រឹមតែ ៦៣ នាក់ប្រជុំបានហើយ អត់ត្រូវការចំនួន ៨៧ ទៀតទេ។
ទាក់ទងនឹងតម្រូវការឲ្យមានវត្តមានសមាជិកសភាលើសពី ៥០ បូក ១ សម្តេចតេជោ មានប្រសាសន៍ឲ្យដឹងថា តម្រូវការសម្លេង ២ ភាគ ៣ គឺមានតែការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្ត ទើបយើងមានតម្រូវការសម្លេង ៨៣ នោះ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ពេលនេះទៅមុខបើសេចក្តីសម្រេចណា ច្បាប់ណាដែលត្រូវការសម្រេច ដោយសម្លេងភាគច្រើនដាច់ខាត គឺស្មើនឹង ៦៣ គឺអត់ត្រូវការទៅអង្វរបក្សមួយទៀត ឲ្យចូលប្រជុំនោះទេ អ្នកណាមិនចូលប្រជុំ គឺជាសិទ្ធិរបស់គេ ប៉ុន្តែយើងចូលប្រជុំតែ ៦៣ នាក់អនុម័តមានច្បាប់ហើយ តែងតាំងរដ្ឋាភិបាលបានហើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ឲ្យដឹងថា គណបក្សប្រជាជនមានសម្លេងលើសពីភាពចាំបាច់នៃតម្រូវការចូលរួមប្រជុំ និងការអនុម័តបង្កើតរដ្ឋាភិបាល ឬច្បាប់ផ្សេងៗជាពិសេសច្បាប់ថវិកា ព្រោះយើងត្រូវការប្រចាំឆ្នាំដែលឆ្នាំណា ក៏ត្រូវតែអនុម័តដែរ។ ប៉ុន្តែទោះបីជាច្បាប់ថវិកា មិនអាចចេញរួចក៏ដោយ តែរាជរដ្ឋាភិបាលមានសិទ្ធិចាយនូវថវិកា ១ ភាគ ១២ នៃថវិកាជាតិ ដែលល្មមគ្រប់គ្រាន់ដែលរាជរដ្ឋាភិបាលចាយបាន និងបើកប្រាក់ខែដល់មន្ត្រីរាជការ។ ថវិកាជាតិសរុបមានចំនួន ១៥.០០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ដូច្នេះថវិកា ១ ភាគ ១២ វាស្មើនឹងជាង ១០០០លានដុល្លារ ដែលអាចឲ្យរដ្ឋាភិបាលចាយបានហើយចំណូលគយ និងចំណូលពន្ធដារប្រចាំខែរបស់យើងក៏រដ្ឋាភិបាលអាច ចាយបានអត់បញ្ហាទេ។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានធ្វើការអំពាវនាវ ឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការនយោបាយនៅទូទាំងប្រទេសរួបរួមសាមគ្គីគ្នាឡើងវិញ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៥ បានកន្លងផុតទៅនោះ។

សម្តេចតេជោបានមានប្រសាសន៍ថា សូមប្រជាពលរដ្ឋនៅទូទាំងប្រទេសឲ្យផ្អាកនិយាយពីគណបក្សណាឈ្នះ គណបក្សណាចាញ់ ហើយសូមសាមគ្គីគ្នាឡើងវិញតាមភូមិឃុំ កុំឲ្យមានការបែកបាក់ជាតិ។ ”បើស្រឡាញ់ខ្ញុំ បើស្រឡាញ់សន្តិភាព ហើយចង់បានប្រទេសមានសន្តិភាព សន្តិសុខ ហើយរោងចក្រនៅតែដំណើរការ គឺមានតែវិធីនេះទេ គឺប្រជាជនត្រូវតែចេះយោគយល់គ្នា ត្រូវរ៉ូវគ្នា និងសាមគ្គីគ្នាឡើងវិញ ដើម្បីភាពសុខសាន្តរបស់ប្រទេសយើង”។ សម្តេចតេជោបានមានប្រសាសន៍ពន្យល់ថា ការឈ្នះ ឬចាញ់ វាមិនសំខាន់សម្រាប់គណបក្សនយោ បាយណាមួយទេ សំខាន់គឺជាតិយើងត្រូវឈ្នះ ឥឡូវជាតិយើងឈ្នះពិតប្រាកដហើយ។ ឥឡូវខ្ញុំ សូមឲ្យឈ្នះជាងហ្នឹងទៀត ខ្ញុំសុំចិត្ត សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកបោះឆ្នោតឲ្យគណបក្សប្រជាជនសំដែងនូវកាយវិការយោគយល់ និងសណ្តោស ដោយគ្មានការរើសអើងថា បក្សណា ឬបក្សណា។ សម្តេចតេជោបានមានប្រសាសន៍ដោយទទូចថា ខ្ញុំសូមអង្វរករដោយការគោរព ដោយការស្រឡាញ់ ហើយអាណិតជាតិយើង ជាតិយើងបែកបាក់ធ្លាប់តែកាប់សម្លាប់គ្នា…អ្នកគាំទ្រគណបក្សប្រជាជនត្រូវធ្វើមុនគេ។ ខ្ញុំមិនដឹងថា បងប្អូនបោះឆ្នោតឲ្យបក្សណាបក្សណាទេ ប៉ុន្តែខ្ញុំដឹងថា បងប្អូនទាំងអស់ជាជនជាតិខ្មែរ ដែលខ្ញុំត្រូវតែបម្រើបើទោះបីជាបងប្អូនបោះឆ្នោតឲ្យបក្សណាក៏ដោយ។

សម្តេចតេជោក៏បានបដិសេធន៍ទៅនឹងការចុះផ្សាយរបស់ព្រឹត្តបត្តិឌឹខេមបូឌាដេលី ដែលលើកឡើងថា សម្ដេចតេជោជាអ្នកស្នើឱ្យបង្កើត គណៈកម្មការឯកភាពស៊ើបអង្កេត លើភាពមិនប្រក្រតីមួយចំនួននៃការបោះឆ្នោត។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ឲ្យដឹងថា សម្តេចមិនមែនជាអ្នកផ្ដួចផ្ដើម ឬក៏ស្នើឱ្យមានការបង្កើតគណៈកម្មការបែបនេះទេ ពោលសម្ដេចគាំទ្រតាមយន្ដការ ដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតបានធ្វើ និងបានស្នើឲ្យកាសែតនេះស្តាប់ពាក្យពេចន៍សេចក្តីថ្លែងការណ៍ ដែលបានធ្វើនៅស្ទឹងមានជ័យឲ្យបានច្បាស់ផងដែរ។ ទាក់ទងបញ្ហានេះដែរ សម្ដេចតេជោបានមានប្រសាសន៍ឲ្យដឹងថា លោក សម រង្ស៊ី បានទូរស័ព្ទទៅឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស ខេង កាលពីថ្ងៃទី១ ខែសីហា ដើម្បីពិភាក្សាគ្នាអំពីការបង្កើតគណៈកម្មការឯករាជ្យមួយ ស្រាវជ្រាវភាពមិនប្រប្រតីក្នុងការបោះឆ្នោត។ ឯកឧត្តម ស ខេង បានបញ្ជាក់ថា មិនអាចធ្វើបានទេ ព្រោះវាខុសច្បាប់ ហើយគណបក្សទាំងពីរ គឺគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិបានសម្រេចបញ្ជូនតំណាងរបស់ខ្លួនទៅចូលរួមជាមួយ គ.ជ.ប ដើម្បីពិភាក្សា និងរកដំណោះស្រាយនៅក្នុងបញ្ហាទាំងអស់នេះ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រីបានមានប្រសាសន៍បញ្ជាក់ឡើងវិញដោយស្វាគមន៍យន្ដការរបស់ គ.ជ.ប ដែលបាន និងកំពុងធ្វើ ដែល គ.ជ.ប ចង់ឱ្យមានការចូលរួមពីគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល និងអង្គការសហប្រជាជាតិ គឺត្រូវស្ថិតនៅក្រោមទិដ្ឋភាពផ្លូវច្បាប់ ហើយស្ថិតនៅក្រោមឆ័ត្ររបស់ គ.ជ.ប ហើយបើមានការចូលរួមពីអង្គការសហប្រជាជាតិពិតជាល្អហើយ។ ខ្ញុំក៏បានប្រកាសស្វាគមន៍ផងដែរ។

ទាក់ទងនឹងការចូលរួមប្រជុំសភា សម្តេចតេជោមានប្រសាសន៍ពន្យល់ថា សភាត្រូវមានសមាជិកយ៉ាងតិច ១២០ រូប ដែលមាននៅក្នុងសេចក្តីសម្រេចរបស់ គ.ជ.ប អំពីបេក្ខជនជាប់ឆ្នោត នៅពេលសភាបានប្រកាសគ្រប់ចំនួនហើយ ពេលនោះព្រះមហាក្សត្រនឹងកោះអញ្ជើញសមាជិកតំណាងរាស្រ្តម្នាក់ៗចូលរួមប្រជុំក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ ដែលព្រះករុណា ព្រះមហាក្សត្រត្រូវអានព្រះរាជឱង្ការ ដើម្បីបើកសភាថ្មី ៦០ ថ្ងៃយ៉ាងយូរក្រោយការបោះឆ្នោត។ បើអ្នកឯងមិនទៅ គឺប្រឆាំងនឹងព្រះមហាក្សត្រ ប្រឆាំងនឹងឆន្ទៈរបស់រាស្ត្រដែលបានបោះឆ្នោតឲ្យ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុង ច្បាប់បោះឆ្នោត កាលណាគណបក្សណាមួយបោះបង់ចោលអាសនៈ ឬត្រូវបានបដិសេធ គឺ គ.ជ.ប នឹងយកអាសនៈនោះយកមកចែកឲ្យគណបក្សដទៃដែលមានអាសនៈក្នុងសភា។
ចំពោះអត្ថបទរបស់កាសែតឌឺខេមបូឌាដេលីដែលបានចុះផ្សាយថា សម្តេចព្រមានដកហូតយកអាសនៈសភារបស់គណបក្សសង្រ្គោះជាតិនោះ សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា បើសិនជាសមាជិក សភាគណបក្ស ប្រឆាំងមិនបានចូលរួមប្រជុំនោះ មានន័យថា ជាការបោះបង់ចោលអាសនៈ ដូច្នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងទុកអាសនៈ នេះទៅចែកឱ្យគណបក្សនយោបាយដទៃ ដែលមានអាសនៈនៅក្នុងសភា។

ទោះបីបានមានប្រសាសន៍ឲ្យដឹងអំពីភាពមិនមានការជាប់គាំងខាងនយោបាយ ក៏សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបង្ហើបឲ្យដឹងផងដែរ អំពីគោលបំណងក្នុងការដោះស្រាយបញ្ហា គឺមានតែការចរចាគ្នារវាងគណបក្ស ដែលមានអាសនៈនៅក្នុងរដ្ឋសភា តាមរយៈការបែងចែកគណៈកម្មការនៅក្នុងសភា តើនរណាត្រូវធ្វើប្រធាន នរណាត្រូវធ្វើអនុប្រធាន គឺអាចនិយាយជាមួយគ្នាបានទៀត ដើម្បីបង្កើតក្បាលម៉ាស៊ីនរដ្ឋសភា។
ក្នុងតួនាទីជានាយករដ្ឋមន្ដ្រីសម្រាប់អាណត្ដិទី ៥ នៃរដ្ឋសភានេះ ដោយសារគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត ដោយមានសំឡេងភាគច្រើនដាច់ខាតសម្ដេចតេជោនាយករដ្ឋមន្ដ្រីក៏បានប្រកាសទៅកាន់ប្រជាពលរដ្ឋ និងកម្មករទូទាំងប្រទេសថា សម្ដេចនឹងធ្វើការកែទម្រង់ស៊ីជម្រៅ ហើយនិងខិតខំជំរុញការដំឡើងប្រាក់ខែកាន់តែខ្ពស់សម្រាប់កម្មករនៅតាមរោងចក្រ និងជូនមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធផងដែរ៕
No comments:
Post a Comment