ពាក់ព័ន្ធនឹងកំណើនអសនៈក្នុងខេត្តតាកែវនេះ
ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍ឲ្យដឹងថាមូលហេតុ
គឺដោយសារប្រជាពលរដ្ឋមានការជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា
ពិសេស រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ដែលបានកសាងប្រទេសឲ្យមានការអភិវឌ្ឍន៍ និងមានសុខសន្តិភាព
ស្ថិរភាពនយោបាយ។ ប្រជាពលរដ្ឋលែងជឿការភូតកុហក់របស់គណបក្សប្រឆាំង ដែលកើតមានឡើងតាំងពីការបោះឆ្នោតអាណត្តិមុនៗមក។
ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍ពន្យល់ថា បក្សប្រឆាំងបានឃោសនាថា
បើគេឈ្នះឆ្នោតគេនឹងលុបបំណុល របស់ប្រជាពលរដ្ឋដែលជំពាក់ធនាគារ
គឺជាការភូតកុហក់ ព្រោះធនាគារជារបស់ឯកជនគេរកស៊ី គឺមិនអាចទៅរឹបអូស
ឬក៏បង្ខំឲ្យគេលុបចោលបំណុលបានឡើយ។
ទាក់ទងនឹងការឃោសនាពីតម្លៃស្រូវ
ដែលប្រជាពលរដ្ឋបង្កបង្កើនផលបាន
ដោយសារតែរដ្ឋាភិបាលកសាងប្រព័ន្ធធារាសាស្ត្របានល្អ និងការដាក់គោលនយោបាយជំរុញការនាំចេញអង្ករ
១លានតោននៅឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិត សុខ អាន បានមានប្រសាសន៍បញ្ជាក់ថា
រាជរដ្ឋា ភិបាលដឹកនាំដោយគណបក្សប្រជាជន
នឹងខិតខំទាក់ទាញការវិនិយោគលើម៉ាស៊ីនកិនស្រូវ
ដើម្បីធានាគុណភាពអង្កររបស់យើង
អាចនាំចេញប្រកួតប្រជែងជាមួយនឹងប្រទេសផ្សេងៗទៀតបាន។ ពេលនោះតម្លៃស្រូវអង្ករនឹងកើនឡើង
ពោលគឺមិនមែនគ្រាន់តែដើរនិយាយសន្យាថា តម្លើងថ្លៃស្រូវអង្ករនោះទេ។
ដូចគ្នានោះដែរ លើបញ្ហាតម្លើងប្រាក់បៀរវត្សរ៍ជូនកម្មករ មន្ត្រីរាជការ
ឯកឧត្តម បណ្ឌិត សុខ អាន បានមានប្រសាសន៍បញ្ជាក់ថា ការធានាសុខសន្តិភាព
ស្ថិរភាពនយោបាយ និងការទាក់ទាញការវិនិយោគពីបរទេស នឹងធ្វើឲ្យមានកំណើនការងារ
និងមានបៀរវត្សរ៍ខ្ពស់ ដែលផ្អែកលើសមត្ថភាពកម្មករជំនាញរបស់យើងផងដែរ
ព្រោះប្រទេសផ្សេងៗទៀតក៏គេអនុវត្តន៍អញ្ចឹងដែរ។
ទោះបីយ៉ាងណា ឯកឧត្តមបណ្ឌិត
សុខ អាន បានមានប្រសាសន៍បញ្ជាក់ថា បើតាមអ្នកស្រាវជ្រាវសេដ្ឋកិច្ចបានវាយតម្លៃថា
សព្វថ្ងៃកម្មករកម្ពុជា មានប្រាក់ចំណូលទាបបំផុតច្រើនជាង
១០០ដុល្លារក្នុងមួយខែ ហើយអាចនៅសល់លុយ ៤០ដុល្លារ
សម្រាប់ផ្ញើរមកជូនឪពុកម្តាយ។ ឯបញ្ហាតម្លើងបៀរវត្សរ៍មន្ត្រីរាជការ
មួយខែ ១លានរៀល ឬប្រមាណ ២៥០ដុល្លារ ដែលត្រូវចំណាយប្រមាណ ជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំ
សម្រាប់មន្ត្រីរាជការដែលមានប្រមាណ ៤០ម៉ឺននាក់ ឯកឧត្តមបណ្ឌិត សុខ អាន
បានមានប្រសាសន៍ពន្យល់ថា តាមស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា បច្ចុប្បន្ន និងតាមការកំណត់ដែលតម្រូវឲ្យប្រាក់បៀរវត្សរ៍មន្ត្រីរាជការ
មិនឲ្យលើស ៤០% នៃផលទុនសរុបរបស់ជាតិ គឺមិនទាន់អាចធ្វើបានឡើយ។
រាជរដ្ឋាភិបាលកម្ពុជា នឹងតម្លើងប្រាក់បៀរវត្សរ៍ទៅតាមកំណើននៃស្ថានភាពសេដ្ឋកិច្ច
គឺមិនមែនគ្រាន់តែនិយាយនោះទេ។ ឯកឧត្តមបណ្ឌិត សុខ អាន
បានមានប្រសាសន៍បញ្ជាក់ថា យោងតាមការងារគ្រប់គ្រងមន្ត្រីរាជការ
ដែលឯកឧត្តមបានធ្វើកន្លងមក ការសន្យាតម្លើងប្រាក់បៀរវត្សរ៍របស់គណបក្សប្រឆាំងដោយអត់គិតពីការគ្រប់គ្រងមនុស្ស
គឺជាការភូតកុហក់។
ព្រោះការតម្លើងប្រាក់បៀរវត្សរ៍ដោយធ្វើឲ្យបែកធ្លាយនូវកញ្ចប់ម៉ាក្រូសេដ្ឋកិច្ច
ដែលបច្ចុប្បន្នកំពុងមានស្ថិរភាពទាក់ទាញបានជំនឿទុកចិត្តពីអ្នកវិនិយោគទុន
និងប្រជាពលរដ្ឋលើស្ថិរភាពប្រាក់រៀល គឺជាបញ្ហាគ្រោះថ្នាក់បំផុត។ ឯកឧត្តមបណ្ឌិត
សុខ អាន បានមានប្រសាសន៍ឲ្យដឹងពីប្រទេសមួយចំនួន ដូចជាប្រទេសក្រិក
ដែលកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច
ដោយសារតែការតម្លើងប្រាក់បៀរវត្សរ៍ដោយមិនគិតពីចំណូលរបស់ជាតិ ហើយបានកាត់បន្ថយបៀរវត្សរ៍មកវិញ
ធ្វើឲ្យមានវិបត្តិក្នុងប្រទេស។
ពាក់ព័ន្ធនឹងចំណូលដែលបានមកពីការចំណាយរបស់ភ្ញៀវទេសចរ
ចូលមើលប្រាសាទអង្គរនៅសៀមរាប ឯកឧត្តមបណ្ឌិត សុខ អាន មានប្រសាសន៍ឲ្យដឹងដែរថា
ចំណូលទាំងនេះមិនគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍន៍ និងអភិរក្សរមណីយដ្ឋានអង្គរ
និងប្រាសាទរបស់កម្ពុជា ដែលមានជាច្រើននោះឡើយ។ ម្យ៉ាងទៀតប្រទេសដែលផ្តល់ជំនួយសម្រាប់ការជួសជុល
អភិរក្សប្រាសាទនានារបស់កម្ពុជាគេ ក៏ មិនគាំទ្រឲ្យមានការដកថវិកានេះដែរ។
ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តមបណ្ឌិត
សុខ អាន ក៏បានមានប្រសាសន៍រំលឹកពីគ្រោះថ្នាក់ដែលបណ្តាលមកពីអ្នកចង់បំភ្លៃប្រវត្តិសាស្ត្រ
ដែលរបបខ្មែរបានកាប់សម្លាប់ប្រជាជនខ្មែរ ក៏ដូចជារំលឹកឡើងផងដែរ
ពីកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវបានគេទទួលស្គាល់លើឆាកអន្តរជាតិតាមរយៈនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន
និងអាស៊ីបូព៌ា ក្នុងតួនាទីសម្តេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៣៧នៃគណៈកម្មាធិការបេតិក ភណ្ឌ ពិភពលោក
ក្នុងតួនាទីជាប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក
ដែលមាន១៩០ប្រទេសជាសមាជិក៕
No comments:
Post a Comment