Wednesday, June 07, 2023

សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជានឹងមានផ្លូវល្បឿនលឿនជាច្រើនខ្សែសម្រាប់ធ្វើការតភ្ជាប់ជាមួយបណ្តាប្រទេសជិតខាង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងថា ផ្លូវល្បឿនលឿនផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ប្រជាពលរដ្ឋ ទាំងក្នុងវិស័យដឹកជញ្ជូន និងការធ្វើដំណើររហ័សទៅ-មក នេះដោយសារឃើញអត្ថប្រយោជន៍បែបនេះ  ទើបកម្ពុជាចរចាជាមួយមិត្តចិន គឺក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់របស់ចិន ដែលបានអនុវត្តនៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ដើម្បីការតភ្ជាប់រវាងទីក្រុងភ្នំពេញ និងបាវិត និងតភ្ជាប់ផ្លូវល្បឿនលឿនវៀតណាម ដែលកម្ពុជា ក៏បានធ្វើការជាមួយមិត្តវៀតណាម ហើយវៀតណាមក៏នឹងកសាងផ្លូវល្បឿនលឿនចុះពីទីក្រុងហូជីមិញ មកតភ្ជាប់ផ្លូវល្បឿនលឿនជាមួយកម្ពុជាផងដែរ។ នេះចាត់ទុកថា ជាតភ្ជាប់ដ៏មានសារៈសំខាន់ ហើយក៏ជាផ្នែកនៃការអនុវត្តនូវគម្រោង Highway ASEAN ដែលមុនផ្លូវ Highway ASEAN មានគំនិតផ្តួចផ្តើម ប៉ុន្តែ Highway ASEAN គ្មានលុយនោះទេ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា ឥឡូវនេះ កម្ពុជា តាមរយៈការចូលរួមពីផ្នែកវិស័យឯកជន និងរដ្ឋ គឺអាចតភ្ជាប់ ASEAN Highway រវាងកម្ពុជា-វៀតណាម ហើយតភ្ជាប់ទីក្រុងហូជីមិញ-ភ្នំពេញ-ទីក្រុងបាងកក ឱ្យក្លាយទៅជាការពិត ហើយនៅរសៀលថ្ងៃនេះក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាបផងដែរ៕








សម្តេចតេជោ ហ៊ុន សែន ៖ រដ្ឋបានត្រៀមថវិការជាតិបម្រុង សម្រាប់ការអភិវឌ្ឍន៍គម្រោងស្ពាន-ថ្នល់ ដែលជាសរសៃឈាមសេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ស្ពាន និងផ្លូវ ត្រូវកសាងឱ្យរួចរាល់ដំណាលគ្នា តែបើស្ពានកសាងរួចមុន គឺកាន់តែប្រសើរ ដើម្បីប្រជាជនបានឆ្លងកាត់ តែបើផ្លូវធ្វើរួចមុនស្ពាន នោះបានន័យថា អ្នកវិនិយោគនឹងខាតបង់ធំ តែបើស្ពានរួចមុនផ្លូវ នោះអត់បញ្ហាទេ គឹប្រជាពលរដ្ឋទទួលផលពីការឆ្លងស្ពានដោយមិនចាំបាច់ជិះទូកដរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

ម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា នេះជាចំណុចមួយ សូមឱ្យការពិតទៅលើការគិតគូររបស់រាជរដ្ឋាភិបាល និងការត្រៀមទុកបម្រុងថវិការរដ្ឋ ដែលបានសន្សំទុក សម្រាប់ការឆ្លើយតបជាមួយនឹងគម្រោងអភិវឌ្ឍផ្លូវ-ស្ពាន រីឯមិត្តចិនបានគ្រោងចំណាយថវិការ ៣ពាន់លានដុល្លារ ដោយប្រើរយៈពេល ៥០ឆ្នាំ ដើម្បីនឹងទាញប្រមូលដើមមកវិញ ដែលទុននោះមាន ២០% ក្រៅពីនោះខ្ចីធនាគារគឺ មាន៨០% ។ 

នាឱកាសនោះ សម្តេចតេជោ ថ្លែងបញ្ជាក់ថា នៅរយៈពេល ៥០ឆ្នាំក្រោយ ផ្លូវល្បឿនលឿនទាំងអស់ រួមទាំងខេត្តព្រះសីហនុ និងផ្លូវភ្នំពេញ-បាវិត នឹងក្លាយទៅជាផ្លុវល្បឿនលឿនរបស់កម្ពុជា ដែលត្រូវរដ្ឋជាអ្នកគ្រប់គ្រងដោយខ្លួនឯងវិញ៕






សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើនពីការអនុវត្តន៍គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ឆ្នាំនេះ ជាខួបលើកទី១០ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ ហើយក៏ជាខួបលើកទី ៦៥ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន។ 

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ 

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅថ្មីៗនេះ នៅឯតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គឺរាជរដ្ឋាភិបាលកម្ពុជា-ចិន គឺបានធ្វើពិធីមួយរំលឹកខួប១០ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលបានផ្តួចផ្តើមគំនិតឡើងពីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីសាធារណៈរដ្ឋប្រជាមានិតចិន ដែលមានប្រទេសចំនួន ១៥៣ប្រទេស បានចូលរួមអនុវត្តក្នុងគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ។ 

ទន្ទឹមនោះ សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ថា គម្រោងនេះ គឺប្រទេសកម្ពុជា ទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ តាមរយៈជំនួយឥតសំណង និងកម្ចីសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា និងគម្រោងវិនិយោគធំៗ មានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ កំពុងក្លាយទៅជាតំបន់សេដ្ឋកិច្ចដែលធំជាងគេ និងប្រមូលផ្តុំអ្នកវិនិយោគដ៏ធំជាច្រើនផងដែរ៕







សម្ដេចតេជោ ហ៊ុន សែន ស្នើសុំភាគីវៀតណាម ចាប់ខ្លួនទណ្ឌិតក្បត់ជាតិបញ្ជូនមកកម្ពុជា

 នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នៅព្រឹកថ្ងៃពុធទី៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា សូម ប្រយ័ត្ន កុំឱ្យជនក្បត់ជាតិនៅក្រៅប្រទេសចូលមកប្រទេសវៀតណាម ហើយបើបុគ្គលនោះចូលមកប្រទេសវៀតណាម សូមចាប់ប្រគល់ឱ្យកម្ពុជាពីព្រោះថា កម្ពុជានិងវៀតណាមមានទំនាក់ទំនងបត្យាប័នជាមួយគ្នា។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់ភាគីវៀតណាម ជួយចាប់ទណ្ឌិតក្បត់ជាតិ និងបក្សពួកបញ្ជូនមកកម្ពុជា ខណៈពួកទាំងនោះប្រកាសប្រើលិខិតឆ្លងដែនរបស់បារាំងចូលមកវៀតណាម តែពួកគេទាំងនោះមានដីការដើម្បីចាប់ខ្លួនរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ទណ្ឌិតក្បត់ជាតិរូបនោះ បានប្រកាសផែនការចូលមកប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងប្រទេសវៀតណាមក្នុងនាមជាអ្នកទេសចរ ប្រើប្រាស់លិខិតឆ្លងដែនបារាំង៕






ផ្សាយបន្តផ្ទាល់៖ សម្ដេចតេជោ ហ៊ុន សែន និង ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និង បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន។

នៅព្រឹក​ថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ច​ស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ផ្លូវ​ល្បឿន​​លឿន​ភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿនខ្សែទី២ក្នុងប្រទេសកម្ពុជា បន្ទាប់​ពីផ្លូវល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាល​ពីឆ្នាំ២០២២កន្លងទៅនេះ។ ពិធីថ្ងៃនេះ ក្រៅតែពីការបើកការដ្ឋានសាង​សង់​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតហើយនោះ ក៏ភ្ជាប់ជាមួយនូវការបើកការដ្ឋានសាងសង់​ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពានផងដែរ។

តាមការឲ្យដឹងពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿននេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៅក្នុងចំណោម​សមិទ្ធផលជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលបានកើតចេញពីកិច្ចខិតខំប្រឹង​ប្រែងរបស់អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់កម្ពុជា គឺសម្តេចតេជោនាយករដ្ឋមន្ត្រី និងការចូល​រួមចំណែកមិនអាចខ្វះបានពីបណ្តាប្រទេសជាមិត្តរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា។ គម្រោងសាងសង់ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់​ផ្តើម​ពីឃុំ​ថ្ម​គរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះ មានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ។ 

គម្រោងនេះនឹងត្រូវអនុវត្តការងារបច្ចេកទេសសាងសង់ ដូចខាងក្រោម៖ 

-ក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ១០សង់ទីម៉ែត្រ និងថ្មលាយកៅស៊ូ(ATB) ១២ សង់ទីម៉ែត្រ ទទឹងតួផ្លូវ ២៤,៥ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្ដធ្វើចរាចរណ៍ចំនួន ៤គន្លង (២គន្លងទៅ-២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ខឿនសួនចែកទិសចរាចរណ៍ នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង ២,៥ម៉ែត្រ និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៧៥ម៉ែត្រ ទាំងសងខាង។

-សាងសង់ស្ពានធំ និងស្ពានមធ្យមចំនួន ២៦កន្លែង ប្រវែងសរុប ២.២៦៦ម៉ែត្រ ស្ពានតូចចំនួន ១៦កន្លែង ប្រវែង សរុប ២៥៦ម៉ែត្រ និងដាក់លូគ្រប់ប្រភេទចំនួន ១៩៧កន្លែង។ 

-សាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange) ចំនួន ៥កន្លែង ផ្លូវរូងក្រោមដីទំហំធំ និងទំហំតូច ចំនួន ២០៤កន្លែង។

-សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាក(Service Area) ចំនួន ២កន្លែង ចំណតរថយន្ត(Parking Area) ចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវ(Maintenance Center) ចំនួន ៣កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៦កន្លែង។

-រៀបចំបំពាក់សម្ភារបរិក្ខារផ្លូវថ្នល់រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងរបាំងសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសរបស់ផ្លូវល្បឿនលឿន។

-ផ្លូវល្បឿនលឿននេះ អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរ ក្នុងល្បឿន រហូតដល់ ១០០ និង ១២០គីឡូម៉ែត្រ/ក្នុងមួយម៉ោង។

-គម្រោងនេះ នឹងរួមបញ្ចូលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ដោយ រាជរដ្ឋាភិបាល ទទួលបន្ទុកកិច្ចលទ្ធកម្មដីសម្រាប់ទីតាំង និងសាងសង់ហេដ្ឋារចនា សម្ព័ន្ធឆ្លងកាត់ព្រំដែននេះ។

ទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ  រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀន​ស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់​ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១,៦០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២,១០០​ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ១០សង់ទីម៉ែត្រ រួមទាំង​ការសាងសង់ផ្លូវប្តទិសចរាចរណ៍ (Interchange) ចំនួន ១កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោង​ចំណាយ​ថវិកាវិនិយោគសរុ​ប​ប្រមា​ណ ១,៣៥ប៊ីលានដុល្លារអាមេរិក ក្រោមទម្រង់​វិនិយោគសាងសង់-ប្រតិ​បបត្តិការ -ផ្ទេរ​(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិ​យោគ​របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចី​របស់ក្រុមហ៊ុន។ 

ដោយឡែកស្ពានឆ្លងកាត់​ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨​លាន​ដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងថវិកា​បដិ​ភាគសម្រាប់ការបោសសម្អាតគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់​ចិន (CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់​នៅក្នុង​អំឡុងឆ្នាំ២០២៧។