Thursday, September 08, 2022

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបសម្តែងការគួរសម


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានសន្តិភាព។ 


លោក យ៉េវ បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលកំពុងទទួលបានជោគជ័យក្នុងការដឹកនាំអាស៊ាន ក្នុងនាមជាប្រធានអាស៊ាន និងទទួលបានជោគជ័យក្នុងការដឹកនាំកម្ពុជា ទទួលបានសុខសន្តិភាព និងស្ថេរភាព ធ្វើឲ្យកម្ពុជាជាកន្លែងទាក់ទាញប្រកបដោយសក្ដានុពល សម្រាប់ការវិនិយោគ ដែលជាកត្តានាំឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ។


លោក យ៉េវ បានគោរពជម្រាបជូនសម្ដេចតេជោថា បំណងរបស់លោក មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ 

គឺទី១-គោរពសុំការគាំទ្រ និងអនុញ្ញាតចាប់ផ្ដើមដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាន ដែលមានទិសដៅជាចម្បង គឺចូលរួមចំណែកជួយផ្ដល់ធាតុចូលដល់អាស៊ាន ជាស្ពានរវាងអាស៊ាន និងស្ថាប័ន និងវិស័យផ្សេងៗ ។ ទី២- សុំការគាំទ្រ លើគំនិតផ្ដួចផ្ដើមឱ្យមានតំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជា និងការបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជា ដែលមូលនិធិនេះ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសលើវិស័យអាយធី (IT) បញ្ញាសិប្បនិមិ្មត។


ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងគាំទ្រលើការបង្កើត និងចាប់ផ្ដើមដំណើរការរបស់ក្លឹបសេដ្ឋកិច្ចអាស៊ាន ។ សម្ដេចតេជោបានផ្ដល់អនុសាសន៍ថា បន្ថែមទៅលើអ្វីដែលក្លឹបសេដ្ឋកិច្ចអាស៊ានចង់ធ្វើ គួរពិចារណាចូលរួមចំណែកលើការពិនិត្យ វាយតម្លៃ និងផ្ដល់ធាតុចូលដល់អាស៊ានផង និងផ្សព្វផ្សាយលទ្ធផលការងាររបស់អាស៊ានផង។ 


សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានគាំទ្រកិច្ចផ្ដួចផ្ដើមបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជាផងដែរ ។ ដោយឡែកកិច្ចផ្ដួចផ្ដើមឱ្យមានតំបន់សេដ្ឋកិច្ចបៃតង សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គំនិតនេះ គឺស្ថិតនៅក្នុងសំណើររបស់កម្ពុជា លើកទៅអាស៊ានកន្លងមក នោះ គឺសំណើឱ្យមានកិច្ចព្រមព្រៀងបៃតងអាស៊ាន ៕



វិភាគអន្តរជាតិ៖ រុស្ស៉ី បោះចោលឥទ្ធិពលឱ្យចិន និងអាមេរិក ក្នុងតំបន់អាស៊ីអាគ្នេយ៍


(វ៉ាស៊ីនតោន)៖ នៅក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង រុស្ស៉ីបានព្យាយាមយ៉ាងខ្លាំងក្នុងការការពារសេដ្ឋកិច្ចរបស់ខ្លួន ពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់ បណ្ដាប្រទេសលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក តាមរយៈការបោះដៃទៅរកមហាយក្ស ២នៅអាស៊ី នោះគឺចិន និងឥណ្ឌា។ ជាមួយការលក់បញ្ចុះតម្លៃប្រេង និងឧស្ម័ន ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើជំនួញអាវុធ រុស្ស៉ីកំពុងប្រឹងប្រែងប៉ះប៉ូវឡើងវិញនូវការខូចខាត ស្របពេលដែលទំនាក់ទំនងពាណិជ្ជកម្មជាមួយ លោកខាងលិច ឈានដល់កម្រិតទាបមួយមិនធ្លាប់មានពីមុនមក។


ជាការពិតណាស់ ការរក្សាទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយសិ្ថរភាពជាមួយចិន និងឥណ្ឌា វាអាចជួយបន្ធូរបន្ថយវិបត្តិសេដ្ឋកិច្ចនៅក្នុងស្រុក។ ក៏ប៉ុន្តែ វាមិនអាចជួយ រុស្ស៉ីឡើយ ក្នុងការជំរុញល្បឿនទៅមុខនូវយុទ្ធសាស្ត្រពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់សំខាន់ៗមួយចំនួនដូចជាតំបន់អាស៊ីអាគ្នេយ៍ ជាទីដែលសហរដ្ឋអាមេរិក និងចិន ត្រូវបានគេមើលឃើញថានៅតែជាមហាអំណាចក្រៅតំបន់ ដែលមានអំណាចលើសលប់។


កាលពីប៉ុន្មានខែថ្មីៗនេះ ប្រទេសជាសមាជិកអាស៊ានមួយចំនួនបានបង្ហាញការស្ទាក់ស្ទើរចំពោះទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយរុស្ស៉ី និងខ្លះទៀតបានប្រកាន់ជំហរម៉ឺងម៉ាត់ ប្រឆាំងរុស្ស៉ីតែម្ដងពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ តួយ៉ាងដូចជា សិង្ហបុរីបានចេញមុខថ្កោលទោសរុស្ស៉ីចំៗសម្រាប់ការឈ្លានពានលើអ៊ុយក្រែន និងបានដាក់ទណ្ឌកម្មលើ ទីក្រុងមូស្គូ។ រីឯសមាជិកអាស៊ាន ២ផ្សេងទៀត ហ្វីលីពីន និងឥណ្ឌូណេស៊ីបានប្រកាសលុបចោលកិច្ចព្រមព្រៀងទិញអាវុធដ៏ធំសម្បើមជាមួយរុស្ស៉ី ហើយលើសពីនេះទៅទៀត សូម្បីតែវៀតណាមដែលជាមានទំនាក់ទំនងជាប្រពៃណីជាមួយរុស្ស៉ី ក៏កំពុងប្រញាប់ប្រញាលដាក់ចេញនូវយន្ដការថ្មីៗ ដើម្បីអាចរក្សាទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ជាមួយទីក្រុងមូស្គូ។


* សម្ព័ន្ធមិត្តចាស់ តែបញ្ហាថ្មី

សម្ព័ន្ធមិត្តជិតស្និទ្ធ និងដ៏មានសារៈសំខាន់បំផុតរបស់រុស្ស៉ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺគ្មាននរណាផ្សេងក្រៅពីវៀតណាមនោះឡើយ។ បន្ទាប់ពីបានបង្កើតទំនាក់ទំនងទ្វេភាគី ជាផ្លូវការក្នុងឆ្នាំ១៩៥០ ទីក្រុងហាណូយ និងទីក្រុងមូស្គូបានប្រឹងប្រែងរក្សាទំនាក់ទំនងល្អនឹងគ្នាពេញមួយសម័យសង្រ្គាមត្រជាក់។ បើទោះជាសង្រ្គាមត្រជាក់បានបិទបញ្ចប់ ហើយអតីតសហភាពរលំរលាយក៏ដោយ ក៏ប្រទេសទាំង២ នៅតែបន្តប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ ដោយនៅឆ្នាំ២០០១ ហាណូយ និងមូស្គូបានបង្កើតទំនាក់ទំនង «ភាពជាដៃគូយុទ្ធសាស្រ្ត» ហើយមួយទសវត្សរ៍ក្រោយមក បានដំឡើងដល់ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។


បើតាមវិទ្យាសា្រវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល (SIPRI) វៀតណាមតែម្នាក់ឯងស្ទើរតែរ៉ាប់រងទីផ្សារនាំចូលអាវុធរបស់រុស្ស៉ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទៅហើយ ជាមួយការ ទិញអាវុធក្នុងទំហំទឹកប្រាក់ជាង ១០ពាន់លានដុល្លារពីរុស្ស៉ីក្នុងរយៈពេល ២ទសវត្សរ៍កន្លងទៅនេះ។ រុស្ស៉ីបានផ្គត់ផ្គង់ឱ្យវៀតណាមនូវបរិក្ខារយោធាទំនើបៗ ក្នុងនោះរួមមាន យន្ដហោះចម្បាំងជំនាន់ទី៤ និងនាវាមុជទឹក។ មិនតែប៉ុណ្ណោះរុស្ស៉ី ក៏ជាប្រភពផ្គត់ផ្គង់ផលិតផលអ៉ីដ្រូកាបូន និងជាអ្នកវិនិយោគលើវិស័យថាមពលដ៏សំខាន់សម្រាប់វៀតណាម ក្នុងតំបន់សមុទ្រចិនខាងត្បូង។ ដោយឡែក បើនិយាយពីទំនាក់ទំនងសេដ្ឋកិច្ច ក៏មានកំណើនគួរឱ្យកត់សម្គាល់ដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទំហំពាណិជ្ជកម្ម ទ្វេភាគីរវាងវៀតណាម និងរុស្ស៉ីបានកើនដល់ ៧.១ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដោយរុស្ស៉ីមានគម្រោងវិនិយោគចំនួន១៥០ មានតម្លៃជាង១ពាន់លានដុល្លារ នៅក្នុង ប្រទេសអាស៊ានមួយនេះ ខណៈវៀតណាមបានបោះទុនវិនិយោគនៅរុស្ស៉ីក្នុងទំហំទឹកប្រាក់ ៣ពាន់លានដុល្លារ។


តែទោះជាបែបនេះក្ដី ដោយសារតែខ្លាចជាប់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច វៀតណាមមិនអាចរក្សាទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយរុស្ស៉ីឱ្យមានស្ថិរភាព នោះទេ។ ជាក់ស្ដែង កាលពីប៉ុន្មានខែថ្មីៗនេះ វៀតណាមត្រូវបានគេមើលឃើញថាបានកាត់បន្ថយការនាំចេញចំណីអាហារ និងផលិតផលកសិកម្មទៅកាន់រុស្ស៉ី រីឯរុស្ស៉ីវិញ ក៏មិនបានបង្កើនការនាំចេញថាមពល និងផលិតផលកសិកម្មឱ្យវៀតណាមនោះដែរ។ តែនេះមិនមែនមានន័យថាទំនាក់ទំនងរវាងវៀតណាម និងរុស្ស៉ីរង្គោះរង្គើរទាំងស្រុងទេ ពោលគឺគ្រាន់តែទីក្រុងហាណូយ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះទំនាក់ទំនងជាមួយរុស្ស៉ី ក្រោមហេតុផលមួយចំនួន នោះគឺខ្លាចជាប់ទណ្ឌកម្មរបស់លោកខាងលិច ហើយណាមួយបញ្ហាដែលវៀតណាមកំពុងផ្ដោត គឺជម្លោះដែនទឹកជាមួយចិនក្នុងតំបន់សមុទ្រចិនខាងត្បូង។ ម្លោះហើយ ដើម្បីមានខ្នងបង្អែកដែលអាចជួយទីក្រុងហាណូយ ប្រឈមមុខជាមួយទីក្រុងប៉េកាំងបាន វៀតណាមមិនចង់ធ្វើឱ្យសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុប អន់ចិត្ត ឬខឹងសម្បារនោះទេ។


* បាត់បង់ឱកាស

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រុស្ស៉ីបានតាំងខ្លួនឯងជា «កម្លាំងទី៣ដ៏មានសក្ដានុពល» ក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន។ លោក ពូទីន ក៏មាន អ្នកគាំទ្ររូបលោកដែរនៅក្នុងតំបន់ដូចជាអតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតើតេ ដែលចាត់ទុកលោក ពូទីន ជានិមិត្តរូបជាដើម។ នៅក្នុងគោលបំណងធ្វើពិពិធកម្មភាពជា ដៃគូខាងវិស័យការពារជាតិរបស់ខ្លួន ហ្វីលីពីន និងឥណ្ឌូណេស៊ីបានចាប់ផ្ដើមបើកកិច្ចចរចាលើកិច្ចព្រមព្រៀងទិញអាវុធទ្រង់ទ្រាយធំជាមួយរុស្ស៉ី ដែលនេះជាឱកាសឱ្យរុស្ស៉ី អាចពង្រីកឥទ្ធិពលក្នុងតំបន់។ មួយវិញទៀត អំឡុងនៃការឆ្លងរាតត្បាតកូវីដ១៩ ទីក្រុងមូស្គូ បានបង្កើនយុទ្ធនាការវ៉ាក់សាំងការទូតតាមរយៈការផ្ដល់ជំនួយផ្នែកសុខាភិបាល សាធារណៈក្នុងនោះរួមមានទាំងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ១៩។ ក៏ប៉ុន្តែ រុស្ស៉ីបានបាត់បង់ឱកាសជាច្រើន នៅក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។


ចាប់ផ្ដើមមុនគេ ឥណ្ឌូណេស៊ី បានសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញយន្ដហោះចម្បាំង Su-35 មានតម្លៃរាប់ពាន់លានដុល្លារជាមួយរុស្ស៉ី ក្នុងបរិបទដែលទីក្រុង ហ្សាការតាកំពុងធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួន ដោយសុខចិត្តប្ដូរទៅចរចាទិញយន្ដហោះចម្បាំង Rafales របស់បារាំង និង F-15 ពីសហរដ្ឋអាមេរិកវិញ។ ប្រមុខកងទ័ព អាកាសឥណ្ឌូណេស៉ី លោក ហ្វាតចា ប្រាសេតយ៉ូ (Fadjar Prasetyo) បានទទួលស្គាល់ថាការសម្រេចចិត្តបែបនេះរបស់ឥណ្ឌូណេស៊ី ដោយសារតែបារម្ភខ្លាចជាប់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។


ព្រមពេលជាមួយគ្នានោះដែរ ហ្វីលីពីនត្រូវបានគេរាយការណ៍ថាបានចាប់ផ្ដើមសើរើឡើងវិញពីទំនាក់ទំនងជាមួយរុស្ស៉ី ដោយសូម្បីតែលោក ឌូតើតេ ដែលធ្លាប់មានទំនាក់ទំនង ផ្អែមល្ហែមជាមួយលោក ពូទីន អស់រយៈពេលជាង ៦ឆ្នាំ នៃការកាន់អំណាចរបស់លោក បានចេញមុខថ្កោលទោសជាសាធារណៈលើសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន។ មួយរយៈខ្លីក្រោយមក ទើបទីក្រុងម៉ានីល សម្រេចចិត្តមោឃៈភាពកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រធុន Mi-17 ចំនួន១៦គ្រឿង ក្នុងតម្លៃ ២៤៤.២លានដុល្លារ ជាមួយទីក្រុងមូស្គូ។ ទាំងប្រមុខការពារជាតិ និងការបរទេសហ្វីលីពីនបានទទួលស្គាល់ថាការបោះបង់ចោលកិច្ចព្រមព្រៀងទិញឧទ្ធម្ភាគចក្រពីរុស្ស៉ី គឺដោយសារតែហ្វីលីពីន ខ្លាចជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយដូចគ្នាទៅនឹងឥណ្ឌូណេស៊ី ហ្វីលីពីនកំពុងពិចារណាទិញអាវុធពីលោកខាងលិច ដូចជាឧទ្ធម្ភាគចក្រ CH-47 Chinook ពីសហរដ្ឋអាមេរិកជំនួសវិញ។


ចុងក្រោយគេ នោះគឺសិង្ហបុរី ក៏បានពិរចារណាឡើងវិញផងដែរពីការសន្យារបស់ខ្លួនចំពោះទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៉ី ដែលធ្វើឡើងនៅពេលប្រទេសទាំង២ សម្រេច បានជាស្ថាពរនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ (Eurasian Economic Union -Singapore Free Trade Agreement) កាលពីឆ្នាំមុនក្នុងគោលបំណងពង្រឹង ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងរុស្ស៉ី និងតំបន់អាស៊ីអាគ្នេយ៍។ តែដោយសារសង្រ្គាមអ៊ុយក្រែន សិង្ហបុរីបានប្រកាសដាក់ទណ្ឌកម្មលើរុស្ស៉ី ហើយជាការឆ្លើយតប រុស្ស៉ីបានរឹតត្បិតលើការធ្វើពាណិជ្ជកម្មជាមួយសិង្ហបុរីវិញដែរ។


ដូច្នេះ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច រុស្ស៉ីនឹងមិនអាចរក្សាល្បឿនទៅមុខនូវយុទ្ធសាស្ត្រពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ទេ និងមិនអាច ធ្វើជា «កម្លាំងទី៣ដ៏មានសក្ដានុពល» ក្នុងបរិបទនៃការប្រជែងគ្នារឹតតែខ្លាំងរវាងចិន និងសហដ្ឋអាមេរិកបាននោះដែរ។ បានន័យថាបើសង្រ្គាមអ៊ុយក្រែននៅតែបន្តអូសបន្លាយ នោះយុទ្ធសាស្ត្ររបស់រុស្ស៉ីក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងនៅតែជួបឧបសគ្គរារាំងស្ទះ ហើយកាន់តែជួយពង្រឹងតួនាទីស្នូលរបស់សហរដ្ឋអាមេរិក និងចិន នៅក្នុងការកំណត់ សណ្ដាប់ធ្នាប់ និងសន្តិសុខក្នុងតំបន់តែប៉ុណ្ណោះ៕ ដោយៈ Fresh News

Wednesday, September 07, 2022

វិភាគអន្តរជាតិ៖ តើសង្រ្គាមនុយក្លេអ៊ែរ ពិតជាចៀសមិនរួច មែនឬ?


(កង់បេរ៉ា)៖ សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន និងការយកអាវុធនុយក្លេអ៊ែរ មកសម្លុតគំរាមបណ្ដាប្រទេសលោកខាងលិចពីសំណាក់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបង្កឱ្យមានការជជែកដេញដោលយ៉ាងផុលផុសពី «អាវុធនុយក្លេអ៊ែរ»។ កាលពីឆ្នាំ២០២១ នៅពេលដែលសន្ធិសញ្ញាមួយរបស់ អង្គការសហប្រជាជាតិស្ដីពីការហាមឃាត់អាវុធនុយក្លេអ៊ែរបានចូលជាធរមានទាំងស្រុង គ្មានមហាអំណាចណាមួយនៅក្នុងចំណោម មហាអំណាចនុយក្លេអ៊ែរទាំង៩ ស្ថិតនៅក្នុងចំណោមប្រទេសជាហត្ថលេខីចំនួន៨៦ នៃសន្ធិសញ្ញានេះឡើយ។

ដូច្នេះថាតើប្រទេសមានអាវុធនុយក្លេអ៊ែរទាំងនេះអាចបញ្ជាក់ពីភាពត្រឹមត្រូវនៃការកាន់កាប់អាវុធនុយក្លេអ៊ែររបស់ពួកគេ ដែលកំពុងរុញច្រានមនុស្សជាតិ ទៅកាន់មាត់ជ្រោះនៃសង្រ្គាមនុយក្លេអ៊ែរ បានយ៉ាងដូចម្ដេចទៅ? នេះជាបញ្ហាមួយដ៏ចម្បង ក៏ប៉ុន្តែព្រមពេលជាមួយគ្នា គេក៏ត្រូវគិតលើហេតុផលមួយផ្សេង ទៀតដែរ នោះគឺប្រសិនបើសហរដ្ឋអាមេរិកចុះហត្ថលេខាលើសន្ធិសញ្ញាខាងលើ ហើយបំផ្លាញអាវុធនុយក្លេអ៊ែររបស់ខ្លួនចោល សួរថាតើអាមេរិកអាចមាន សមត្ថភាពកំញើញកុំឱ្យរុស្ស៉ីបង្កសង្រ្គាមនៅពេលអនាគតបានដែរឬទេ? ប្រសិនបើចម្លើយនៃសំណួរនេះគឺ «មិនអាច» នោះគេក៏ត្រូវពិចារណាផងដែរថា បើដូច្នេះតើសង្រ្គាមនុយក្លេអ៊ែរ ពិតជាមិនអាចចៀសផុតមែនឬ?

នេះមិនមែនជាសំណួរថ្មីថ្មោងនោះទេ។ កាលពីឆ្នាំ១៩៦០ អ្នកវិទ្យាសាស្ត្រអង់គ្លេស និងជាអ្នកនិពន្ធរឿងប្រលោមលោកម្នាក់ លោក ឆាល ភឺស៊ី ស្នូ (Charles Percy Snow) បានធ្វើការសន្និដ្ឋានមួយថាសង្រ្គាមនុយក្លេអ៊ែរ នឹងផ្ទុះឡើងក្នុងរយៈពេល១០ឆ្នាំខាងមុខ។ នេះអាចជាការនិយាយបំផ្លើស ប៉ុន្តែមនុស្សជាច្រើន នៅពេលនោះជឿថាការព្យាកររបស់លោក ស្នូ អាចនឹងមានភាពត្រឹមត្រូវជាងនេះ បើលោកថាសង្រ្គាមនុយក្លេអ៊ែរអាចនឹងផ្ទុះឡើងក្នុងរយៈពេល១០០ឆ្នាំ ខាងមុខ។ ក្រោយមកទៀត នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ លោកស្រី ហេលែន ខាល់ឌីខុត (Helen Caldicott) ដែលជាអ្នកដឹកនាំយុទ្ធនាការហាមឃាត់ អាវុធនុយក្លេអ៊ែរ បានលើកឡើងឡើងវិញនូវការព្យាកររបស់លោក ភឺស៊ី ស្នូ ជាមួយការព្រមានថាការបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ វានឹងកាន់តែបង្កើនលទ្ធភាព នៃការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ។

សង្រ្គាមនៅអ៊ុយក្រែនបានធ្វើឱ្យក្រុមអ្នកជំនាញជាច្រើនមើលឃើញពីហានិភ័យកាន់តែខ្ពស់នៃការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ។ ដ្បិតទាំងសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៉ី សុទ្ធតែប្ដេជ្ញាចិត្តយកឈ្នះ និងបំបាក់គូសត្រូវកុំឱ្យងើបមុខរួចរៀងៗខ្លួន ដែលនេះត្រូវបានគេមើលឃើញថាមានឱកាសតិចតួចបំផុត ក្នុងការសម្រុះសម្រួល ឬសម្រេចបានកិច្ចចរចា សន្តិភាពក្នុងរយៈពេលដ៏ខ្លីខាងមុខនោះឡើយ។ ដល់ដំណាក់កាល់នេះ មើលទៅទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែននឹងមិនទទួលយកលក្ខខណ្ឌឱ្យអ៊ុយក្រែន ក្លាយជារដ្ឋអព្យាក្រឹតនោះទេ ហើយជាការពិតអ៊ុយក្រែនបានក្លាយជាផ្នែកមួយនៃលោកខាងលិច រួចស្រេចទៅហើយ។ រីឯរុស្ស៉ីក៏នឹងមិនយល់ព្រមប្រគល់ទឹកដី ដែលខ្លួនកំពុងកាន់កាប់ឱ្យអ៊ុយក្រែនវិញនោះដែរ ជាពិសេសក្នុងពេលជម្លោះនៅក្នុង តំបន់ដុនបាស់រវាងក្រុមឧទ្ទាមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៉ី និងកងកម្លាំងអ៊ុយក្រែន មានសភាពធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក។

ម្លោះហើយបើសង្រ្គាមនៅតែបន្តអូសបន្លាយ នោះភាពមិនច្បាស់លាស់នឹងកាន់តែមិនច្បាស់លាស់ ហើយគេពិបាកនឹងធានាខ្លាំងណាស់ថាពិភពលោកអាចនឹង ចៀសផុតពីគ្រោះមហន្តរាយនៃសង្រ្គាមនុយក្លេអ៊ែរ។ ជាធម្មតា វាមានមូលហេតុ ៣សំខាន់ដែលអាចនាំទៅរកការបង្កើនការធ្វើសង្រ្គាមរឹតតែខ្លាំង៖ ទីមួយគឺ ភាគីសង្រ្គាមមានចេតនាបង្កើនការធ្វើសង្រ្គាមដើម្បីឈ្នះរៀងៗខ្លួន។ ទី២៖ ភាគីសង្រ្គាមមានចេតនាបង្កើនការធ្វើសង្រ្គាម ដោយអាចប្រើអាវុធនុយក្លេអ៊ែរ ដើម្បីបញ្ចៀសបរាជ័យ និងទី៣ គឺបង្កើនការធ្វើសង្រ្គាមដោយគ្មានជម្រើស។ ក្នុងជម្រើសទាំង៣នេះ ជម្រើសណាមួយ ក៏អាចបង្ខំឱ្យសហរដ្ឋអាមេរិកចូលរួម ក្នុងសង្រ្គាមដោយផ្ទាល់ ឬក៏រុស្ស៉ីត្រូវបង្ខំចិត្តប្រើអាវុធនុយក្លេអ៊ែរបានដែរ។

គួរបញ្ជាក់ថា អ្នកតស៊ូមតិគាំទ្រការរំសាយអាវុធនុយក្លេអ៊ែរ តែងតែលើកឡើងជារឿយៗពីក្ដីបារម្ភនៃលទ្ធភាពផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ដោយការប្រៀបធៀប ទៅនឹងការបោះកាក់។ ជាឧទាហរណ៍ ប្រសិនបើយើងបោះកាក់មួយដង នោះឱកាសចាប់បាន «ខាងរូប» អាចមាន ៥០ភាគរយ។ តែបើយើងបោះកាក់ចំនួន ១០ដង យ៉ាងហាចណាស់ឱកាសចាប់បាន «ខាងរូប» មួយលើក អាចនឹងមានដល់៩៩ភាគរយឯណោះ។

ពិភពលោកធ្លាប់បានចៀសផុតសង្រ្គាមនុយក្លេអ៊ែរ ម្ដងរួចមកហើយ នៅក្នុងវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦៣។ តែសង្រ្គាមអ៊ុយក្រែនសព្វថ្ងៃ បាន និងកំពុងបង្កការព្រួយបារម្ភលើសពេលណាៗទាំងអស់ដោយ ក្រុមអ្នកជំនាញភាគច្រើនជឿថា លោក ពូទីន អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ប្រសិនបើរុស្ស៉ីប្រឈមមុខនឹងបរាជ័យ ខណៈលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិកបានបង្ហាញពីការប្ដេជ្ញាចិត្តជួយឱ្យអ៊ុយក្រែនឈ្នះក្នុងសង្រ្គាមសព្វថ្ងៃ។

គ្មាននរណាម្នាក់ អាចដឹងមុនថាសង្រ្គាមនុយក្លេអ៊ែរនឹងកើតឡើងនៅពេលឱ្យប្រាកដនោះទេ។ ក៏ប៉ុន្តែ អ្វីដែលគេដឹងច្បាស់បំផុតនៅពេលនេះ នោះគឺ ពិភពលោកកំពុងស្ថិតនៅមាត់ជ្រោះនៃសង្រ្គាមនុយក្លេអ៊ែរ៕ ដោយៈ Fresh News

Tuesday, September 06, 2022

វិភាគអន្តរជាតិ៖ ជ័យជម្នះរបស់អាមេរិក នៅអាស៊ី ទាមទារឱ្យអ៊ុយក្រែនឈ្នះរុស្ស៊ី


(វ៉ាស៊ីនតោន)៖ សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលជាសង្រ្គាមធំបំផុតក្នុងតំបន់អឺរ៉ុប ចាប់តាំងពីឆ្នាំ១៩៤៥មក ត្រូវបានក្រុមអ្នកជំនាញភាគច្រើនយល់ថា បានបិទបញ្ចប់យុគសម័យក្រោយសង្រ្គាមត្រជាក់ ហើយជោគជ័យរបស់សហរដ្ឋអាមេរិកនៅពេលអនាគត គឺទាមទារជាដាច់ខាតឱ្យអ៊ុយក្រែនទទួលបានជ័យជម្នះនៅក្នុង សង្រ្គាម។


ជ័យជម្នះរបស់អ៊ុយក្រែនក្នុងសង្រ្គាមជាមួយរុស្ស៉ី មិនមែនត្រឹមតែកំណត់ពីជោគវាសនានៃអំណាចអាមេរិក នៅក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏វាមានជាប់ពាក់ព័ន្ធដែរទៅនឹង ជំនឿចិត្តទាំងមូលរបស់សម្ព័ន្ធមិត្តលើសហរដ្ឋអាមេរិក និងអនាគតនៃការប្រជែងឥទ្ធិពលជាមួយចិន។ បានន័យថាប្រសិនបើរុស្ស៉ីជាអ្នកឈ្នះក្នុងសង្រ្គាមអ៊ុយក្រែន នោះ ភូមិសាស្ត្រនយោបាយអឺរ៉ុបនឹងត្រូវប្រែប្រួល ដោយផែនទីអឺរ៉ុបអាចនឹងត្រូវបានគូសឡើងវិញជាថ្មី រីឯសម្ព័ន្ធមិត្ត មិនថានៅអឺរ៉ុប ឬក៏អាស៊ី អាចនឹងបាត់បង់ជំនឿចិត្តលើ ឆត្រនុយក្លេអ៊ែរអាមេរិកផងដែរ ហើយជ័យជម្នះរបស់រុស្ស៉ី ក៏អាចនឹងធ្វើឱ្យចិនមើលឃើញថាសហរដ្ឋអាមេរិក និងអឺរ៉ុបចុះទន់ខ្សោយ ដែលជាពេលល្អសម្រាប់ចិនសម្រេច មហិច្ឆតាបង្រួបបង្រួមជាតៃវ៉ាន់ ឬអាចប្រើប្រាស់កម្លាំងយោធាលើតៃវ៉ាន់ តែម្ដង។


ពិតណាស់ថា យុទ្ធសាស្ត្រចម្បងរបស់សហរដ្ឋអាមេរិក នោះគឺផ្ដោតលើការខ្ទប់ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់អាស៊ី។ តែជាមួយគ្នា សហរដ្ឋអាមេរិកមិនអាចឱ្យរុស្ស៉ី ទទួលបានជ័យជម្នះឡើយ ពីព្រោះការបំបាក់រុស្ស៉ី វាអាចនឹងក្លាយជាការកំញើញមួយយ៉ាងមានប្រសិទ្ធភាពលើចិន ដើម្បីកុំឱ្យទីក្រុងប៉េកាំងហ៊ានប្រថុយប្រើកម្លាំងយោធាលើ តៃវ៉ាន់ ឬក្នុងតំបន់សមុទ្រចិនខាងត្បូងជាដើម។ មួយវិញទៀត ក្នុងពេលកំពុងផ្ដោតលើការប្រជែងឥទ្ធិពលជាមួយចិន ទីក្រុងវ៉ាស៊ីនតោននឹងជួបការលំបាកច្រើន ប្រសិនបើនៅតែ ជាប់ផុងខ្លួនក្នុងជម្លោះរុំារ៉ៃនៅអឺរ៉ុបដូចសព្វថ្ងៃ។ ដូច្នេះដើម្បីប្រមូលផ្ដុំការផ្ដោតទាំងឡាយ និងដាក់ចេញយុទ្ធសាស្ត្រកំញើញចិនប្រកបដោយប្រសិទ្ធភាព ទីក្រុងវ៉ាស៊ីនតោន ត្រូវតែផ្ដល់អ្វីៗគ្រប់យ៉ាងដែលអ៊ុយក្រែនត្រូវការដើម្បីយកឈ្នះនៅក្នុងសង្រ្គាម។


នៅក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានចាប់យកឱកាសបង្ហាញពិភពលោកឱ្យឃើញថាសហរដ្ឋអាមេរិកនៅតែជាមេដឹកនាំលោកសេរី និងប្រជាធិបតេយ្យ ក៏ដូចជាបង្កើតសម្ព័ន្ធភាពថ្មីនៃភាពជាដៃគូ «អាត្លង់ទិក-ប៉ាស៊ីហ្វិក»។ សម្ព័ន្ធភាពថ្មីនេះត្រូវបានតភ្ជាប់ការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខអឺរ៉ុប ប្រឆាំងនឹងការឈ្លានពានពីរុស្ស៉ីនៅអ៊ុយក្រែន ជាមួយនឹងការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសម្ព័ន្ធមិត្តអាស៊ី ប្រឆាំងនឹងកើនឡើងសកម្មភាពយោធាចិននៅក្នុងតំបន់។


សម្ព័ន្ធភាព «អាត្លង់ទិក-ប៉ាស៊ីហ្វិក» បានលេចចេញជារូបរាងឡើងក្នុងកិច្ចប្រជុំកំពូលណាតូ ក្នុងទីក្រុងម៉ាឌ្រីដ កាលពីចុងខែមិថុនាកន្លងទៅ បន្ទាប់ពីបណ្ដាប្រទេសអឺរ៉ុបនាំគ្នា គាំទ្របក្សសម្ព័ន្ធយោធាណាតូ ក្នុងការប្រកាសដាក់ចេញយុទ្ធសាស្ត្រថ្មីរបស់ខ្លួនដោយចាត់ទុកចិនជា «គូសត្រូវភូមិសាស្ត្រនយោបាយ»។ ការសម្រេចចិត្តបែបនេះបានបញ្ជាក់ថា បណ្ដាប្រទេសអឺរ៉ុបដឹងច្បាស់ថាពួកគេត្រូវតែប្រកាន់ជំហរតឹងរ៉ឹងចំពោះចិន ប្រសិនបើពួកគេចង់ឱ្យសហរដ្ឋអាមេរិកបន្តធ្វើជាដៃគូដ៏គួរឱ្យទុកចិត្តបានក្នុងតំបន់អឺរ៉ុប។


លើសពីនេះទៅទៀតនោះ វត្តមានអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់ នៅឯកិច្ចប្រជុំកំពូលណាតូ បានបង្ហាញកាន់តែច្បាស់ទៅទៀតថាប្រទេសទាំងនេះយល់ថា ការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខរបស់ពួកគេ ក៏តម្រូវដែរឱ្យពួកគេផ្ដល់ការគាំទ្រដល់ផលប្រយោជន៍អាមេរិក នៅក្នុងតំបន់អឺរ៉ុប។ ក្នុងពេលបច្ចុប្បន្ន រដ្ឋបាល លោក ចូ បៃដិន កំពុងប្រែក្លាយសម្ព័ន្ធភាព «អាត្លង់ទិក-ប៉ាស៊ីហ្វិក» ឱ្យក្លាយជាការពិត ពោលគឺមិនមែនត្រឹមតែជាក្ដីសុបិនមួយនោះទេ ដោយសហរដ្ឋអាមេរិកបានបញ្ចុះបញ្ចូល ដោយជោគជ័យឱ្យសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួន ចូលរួមក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះរួមមានការធ្វើប្រតិបត្តិការនាវាចរណ៍ដោយសេរី និងការធ្វើសមយុទ្ធយោធាក្នុង និងជុំវិញតំបន់សមុទ្រចិនខាងត្បូង ក៏ដូចជាធ្វើការរួមគ្នាដើម្បីបង្ហាញពីសេរីភាពធ្វើនាវាចរណ៍ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។


តែទោះជាបែបនេះក្ដី ក្រុមអ្នកបង្កើតគោលនយោបាយអាមេរិក ជឿជាក់ថាខណៈកំពុងបង្កើត «សម្ព័ន្ធភាពអាត្លង់ទិក-ប៉ាស៊ីហ្វិក» សហរដ្ឋអាមេរិកក៏គួរតែយកចិត្តទុកដាក់ដែរ លើតំបន់អាហ្វ្រិក អាមេរិកឡាទីន អាស៊ីអាគ្នេយ៍ និងកន្លែងផ្សេងទៀតដែលចិន និងរុស្ស៉ីកំពុងពង្រីកឥទ្ធិពល ស្របពេលបណ្ដាប្រទេសមិនមែនលោកខាងលិចបានសម្រេចចិត្ត ត្រឡប់ទៅរក «នយោបាយអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធ» ដូចកាលពីសម័យសង្រ្គាមត្រជាក់ ដោយចង់យកខ្លួននៅឱ្យឆ្ងាយពីការប្រជែងរវាងពួកកំពូលមហាអំណាច។


មកទល់នឹងពេលនេះ មានតែបណ្ដាប្រទេសលោកខាងលិចប៉ុណ្ណោះដែលបានថ្កោលទោស និងដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី ហើយគាំទ្រអ៊ុយក្រែន។ ចំណែកឯ បណ្ដាប្រទេសកំពុង អភិវឌ្ឍន៍ ឬមិនមែនលោកខាងលិច បានជ្រើសរើសនៅឱ្យឆ្ងាយពីសង្រ្គាម។ ជាឧទាហរណ៍ជាក់ស្ដែង ឥណ្ឌាដែលជាសម្ព័ន្ធមិត្តអាមេរិក និងសមាជិកក្រុមប្រទេសក្វាដ ផងនោះ មិនបានថ្កោលទោស ឬដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូ តាមការស្នើសុំពីសម្ព័ន្ធមិត្តលោកខាងលិចនោះទេ រីឯប្រទេសខ្លះទៀតបានចោទប្រកាន់សហរដ្ឋអាមេរិក និងអឺរ៉ុបមាន ស្ដង់ដារ ២ទៀតផង ដោយលើកយកសង្រ្គាមនៅអ៉ីរ៉ាក់ លីប៊ី និងអាហ្វហ្កានីស្ថាន មកធ្វើជាសំអាង។


រុស្ស៉ី និងចិន ត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ជារឿយៗថាកំពុងព្យាយាមកែប្រែសណ្ដាប់ធ្នាប់ពិភពលោករបស់លោកខាងលិច ហើយបើតាមក្រុមអ្នកជំនាញ ចិន និងរុស្ស៉ី ចង់បង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយដែលសហរដ្ឋអាមេរិក លែងជាអ្នកកំណត់របៀបវារៈនយោបាយបានតទៅទៀត៕ ដោយៈ Fresh News



សម្តេចតេជោ ហ៊ុន សែន ព្រមានបុគ្គលឈ្មោះ ហ៊ុន វិបុល ដែលបន្លំខ្លួនជាប្អូនជីដូនមួយសម្តេច ឲ្យបញ្ឈប់សកម្មភាពបោកប្រាស់ជាបន្ទាន់ បើមិនចង់មានរឿង


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានព្រមានបុគ្គលម្ចាស់ឈ្មោះ ហ៊ុន វិបុល ដែលបន្លំខ្លួនជាប្អូនជីដូនមួយសម្តេច ឲ្យបញ្ឈប់សកម្មភាព បោកប្រាស់ជាបន្ទាន់ បើមិនចង់មានរឿង។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពិតជាធ្លាប់មានប្អូនជីដូនមួយម្នាក់ឈ្មោះ ហ៊ុន វិបុល ពិតមែន តែត្រូវបានពួក ប៉ុល ពត សម្លាប់តាំងពី៤៤ឆ្នាំមុនមកម្ល៉េះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពជនបោកប្រាស់ និងសរសេរយ៉ាងដូច្នេះថា «ដើម្បីបញ្ចប់នៅសកម្មភាពបោកប្រាស់របស់ឈ្មោះ ហ៊ុន វិបុល ដែលបន្លំខ្លួនថា ជាប្អូនជីដូនមួយរបស់ខ្ញុំពេលនេះ ខ្ញុំសូមបញ្ជាក់ជូនថា ខ្ញុំពិតជាមានប្អូនជីដូនមួយម្នាក់ឈ្មោះ ហ៊ុន វិបុល ពិតមែនតែប្អូនប្រុសរបស់ខ្ញុំត្រូវបានពួក ប៉ុល ពត សម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ។


ក្មួយរបស់ខ្ញុំបានណែនាំ ហ៊ុន វិបុល តាមរយៈទូរស័ព្ទ ២លើកមកហើយតែមនុស្សនេះ នៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយ ខ្ញុំមិនព្រមឈប់ ដែលរឿងនេះអាចបង្កឱ្យមានការភ័នច្រឡំថា ខ្ញុំជាមនុស្សមិនរាប់អានបងប្អូន។


បងប្អូនជនរួមជាតិបានដឹងហើយថា ខ្ញុំបានក្រាញននៀលរួមរស់នៅជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ និងគ្រប់ស្រទាប់ ក្នុងសង្គមដោយគ្មានការរើសអើង។ និយាយមួយបែបខ្ញុំ គឺជាមនុស្សរាប់ញាតិហេតុអីខ្ញុំបែរ ជាបោះបង់ចោលប្អូនជីដូន មួយម្នាក់ ដែលខ្ញុំនឹកគេទាំងយប់ទាំងថ្ងៃទៅវិញ?។ សូមប្អូន ហ៊ុន វិបុល បញ្ឈប់សកម្មភាព បោកប្រាស់ត្រឹមនេះចុះបើមិនចង់មានរឿង»៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថៃ បញ្ចប់បេសកកម្មការងារនៅកម្ពុជា ចូលជួបជម្រាបលា



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup) ឯកអគ្គរាជទូតថៃ ចូលជួបជម្រាបលា នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានសន្តិភាព បន្ទាប់ពីឯកឧត្តម បញ្ចប់បេសកកម្មការងារ នៅក្នុងប្រទេសកម្ពុជា ។



 ឯកឧត្តម ពុលថាប់ បានគោរពសម្ដែង អំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងជូនឯកឧត្តម និងមន្ត្រីស្ថានទូតទាំងអស់ មិនត្រឹមតែស្ថានទូតថៃទេគឺស្ថានទូតទាំងអស់ ទូទាំងព្រះរាជាណាចក្រកម្ពុជា ។


ឯកឧត្តម ពុលថាប់ បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះ សម្ដេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលជំងឺ Covid 19 បានជោគជ័យ ហើយក្នុងនាមជាប្រធានអាស៊ាន បានបើកប្រទេសឡើងវិញ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលជោគជ័យ ដែលនោះឆ្លុះបញ្ចាំងពីតួនាទីដ៏រឹងមាំរបស់កម្ពុជា លើឆាកអន្តរជាតិ។ 


ឯកឧត្តម ពុលថាប់ បានជំរាបជូនសម្ដេចតេជោថា ពេលឯកឧត្តម ទើបមកបំពេញបេសកកម្មការទូតនៅកម្ពុជា កាលពីឆ្នាំ២០១៨ ឯកឧត្តម បានប្ដេជ្ញាជូនសម្ដេចថា និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង ដោយឈរលើមូលដ្ឋានដែលមានស្រាប់ ហើយនៅពេលនេះ ឯកឧត្តមសូមគោរពជម្រាបជូនសម្ដេចតេជោ ផងដែរថា ឯកឧត្តមបានសម្រេចតាមការប្ដេជ្ញាហើយ។ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានពង្រីក នឹងពង្រឹង ខណៈពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើង ១០% ទោះបីស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ក៏ដោយ, វិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងវិស័យដទៃទៀត ក៏មានការរីកចម្រើនផងដែរ។ 


ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ពុលថាប់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញបេសកកម្មការទូតនាំឲ្យប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ មានទំនាក់ទំនងនឹងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើង។ 


សម្ដេចតេជោ បានមានប្រសាសន៍ថា ទោះបីស្ថិតក្នុងកាលៈទេសៈកូវីដ-១៩ ក៏ដោយ យើងបានខិតខំរួមគ្នាធ្វើការបានល្អ ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀតបានយ៉ាងល្អជាទីមោទនៈ។


ជាទីបញ្ចប់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជាថ្មីម្ដងទៀតជូនចំពោះឯកឧត្តម ពុលថាប់ និងជូនពរ ឯកឧត្តម ទទួលបានជោគជ័យ ក្នុងបេសកកម្មនាពេលអនាគតបន្តទៅទៀត ៕


Monday, September 05, 2022

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជាង១ពាន់នាក់នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា


នៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុពិធីចែកសញ្ញាបត្របណ្ឌិតកិត្តិយស បណ្ឌិតស្រាវជ្រាវ បរិញ្ញាបត្រជាន់ខ្ពស់ (វគ្គរៀបរយ និងវគ្គឥស្សរជន) ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររងជាង ១០០០នាក់ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (University of Indrawichea-UI) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។




និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះ មានចំនួន ១៨២០អង្គ/នាក់ (ស្រីចំនួន ៣០៦នាក់) ក្នុងនោះមានៈ បណ្ឌិតកិត្តិយស ៨នាក់ (ស្រី១នាក់), បណ្ឌិតស្រាវជ្រាវ ២៧២អង្គ/នាក់ (ស្រី២៤នាក់), បរិញ្ញាបត្រជាន់ខ្ពស់ (រៀបរយ) ៩៥អង្គ/នាក់ (ស្រី២១នាក់), បរិញ្ញាបត្រជាន់ខ្ពស់ (ឥស្សរជន) ១២០៥អង្គ/នាក់ (ស្រីចំនួន២៣៧នាក់), បរិញ្ញាបត្រ ២៣១នាក់ (ស្រី ១៩នាក់) និងបញ្ញាបត្ររង ១១នាក់ (ស្រីចំនួន៤នាក់)។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងអបអរសាទរដល់និស្សិតទាំងអស់ដែលបានខិតខំប្រឹងប្រែង សិក្សារហូតទទួលបានជោគជ័យដ៏ត្រចេះត្រចង់ថ្ងៃនេះ។ នេះជាកិត្តិយសរបស់និស្សិតផ្ទាល់និងក្រុមគ្រួសារក៏ដូចជាមោទនភាពរបស់ប្រទេសជាតិយើងផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកទឹកចិត្តនិងជំរុញការកសាងធនធានមនុស្សចាប់ពីកម្រិតបឋមរហូតដល់ថ្នាក់ទី១២ ហើយត្រូវផ្សាភ្ជាប់នឹងគុណធម៍ សីលធម៍ និងមនុស្សធម៍ ដើម្បីយើងទទួលបានធនធានមនុស្សប្រកបដោយគុណភាព។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរដល់លោកសាស្រ្តាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ថ្នាក់ដឹកនាំ បុគ្គលិកសិក្សា និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ UI ដែលបានខិតខំអប់រំបណ្តុះបណ្តាលធនធានមនុស្សបានជាច្រើនដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។
សព្វថ្ងៃនេះ សាកលវិទ្យាល័យឥន្ទ្រវិជ្ជាមានចំនួន ៤សាខា ទូទាំងប្រទេសកម្ពុជាដើម្បីចូលរួមជួយអភិវឌ្ឍវិស័យអប់រំជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕