Friday, June 21, 2019

លិខិតមិត្តអ្នកអាន៖ «កងកម្លាំងប្រដាប់អាវុធកំពុងត្រៀមជាស្រេចដើម្បីចាត់ការធម៍ក្តៅចំពោះសម រង្ស៊ី ? »

ភ្នំពេញ៖ ជាថ្មីម្តងទៀត កាលពីយប់មិញ ខ្ញុំបានលឺការអំពាវនាវ បែបវង្វេងស្មារតីរបស់ លោក សម រង្ស៊ី ទៅកាន់កងកម្លាំងប្រដាប់អាវុធឲ្យងើបឡើងបះបោរប្រឆាំងរដ្ឋាភិបាលដើម្បីទម្លាក់មេដឹកនាំដែលកើតចេញពីការបោះឆ្នោតតាមរយៈការប្រើកម្លាំងក្រៅច្បាប់។ ជាច្រើនលើកមកហើយដែលលោក សម រង្ស៊ី តែងតែបានខ្ជាក់ពាក្យសម្តីមិនចេះអៀនខ្មាស ជាសម្តីរបស់មេដឹកនាំចលនាឧទ្ទាមហើយ ដែលស្តាប់ទៅគឺពិតជាសម្តីរបស់មនុស្សទាល់ច្រក អស់ក្រឡាដើរ និងវង្វេងស្មារតីគិតអ្វីមិនចេញ។ ហេតុអ្វីបានជាខ្ញុំហ៊ានអះអាង និយាយបែបនេះ?
ទី១៖ ក្នុងដំណើរជីវិតនយោបាយកម្ពុជា គឺ លោក សម រង្ស៊ី នេះហើយគឺជាអ្នកនយោបាយដែលបានប្រមាថមាក់ងាយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយ៉ាងខ្លាំងបំផុត។ ខ្ញុំចាំច្បាស់ណាស់គឺមិនដឹងជាប៉ុន្មានសិបដងទេដែលសម រង្ស៊ីបានចាត់ទុកកងកម្លាំងប្រដាប់អាវុធរបស់ជាតិ (ទាំងនគរបាល អាវុធហត្ថ យោធា និងកងអង្គរក្ស) ថាជាកម្លាំងស៊ីឈ្នួល។ គឺសម រង្ស៊ី នេះហើយដែលបាន បន្ថោកបន្ទាបតម្លៃកម្លាំងប្រដាប់អាវុធដែលធ្វើឲ្យពួកគេឈឺចាប់បំផុត។ លុះឥឡូវ ដល់ពេលទាល់ច្រកអស់ក្រឡាដើរ ស្រាប់តែ សម រង្ស៊ី បែរជាមកធ្វើការ សម្តែងតួជាអ្នកស្រឡាញ់យកចិត្តទុកដាក់ចំពោះកម្លាំង ប្រដាប់អាវុធនិងអំពាវនាវឲ្យពួកគេឈរ នៅខាងខ្លួនដែលកំពុងមានចេតនាបង្កចលាចលសង្គម បំផ្លាញសណ្តាប់ធ្នាប់សាធារណៈ និងបំផ្លាញសន្តិសុខជាតិ ទាំងមូល។
ប៉ុន្តែ សម រង្ស៊ី ដូចជាភ្លេចគិតថា កងកម្លាំងប្រដាប់អាវុធត្រូវបាន បង្កើតឡើងដើម្បីការពារជាតិ  ការពាររដ្ឋាភិបាលស្របច្បាប់ រក្សាសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសគឺការពារសន្តិសុខជាតិ។ ដូច្នេះ តាមខ្ញុំយល់គឺអ្នក ដែលកងកម្លាំងប្រដាប់អាវុធតាម រកមុខបំផុតគឺអ្នកបំផ្លាញសន្តិសុខជាតិ បំផ្លាញភាពសុខសាន្តរបស់ប្រជាជន ហើយនោះគឺគ្មានអ្នកណាក្រៅពី សម រង្ស៊ី ខ្លួនឯង  នេះហើយដែលកម្លាំងប្រដាប់ អាវុធរកមុខបំផុត និងកំពុងត្រៀមខ្លួនជាស្រេចដើម្បីចាត់ការតាម បទបញ្ជារបស់រដ្ឋាភិបាល។
ទី២៖ សម រង្ស៊ី ពិតជាអស់សង្ឃឹមលើអ្នកគាំទ្ររបស់ខ្លួនដែលកំពុងបែកបាក់យ៉ាងខ្លាំងនិងក៍លែងរវីរវល់ក្នុងរឿងគាំទ្រនយោបាយបំបែកបំបាក់ជាតិរបស់ខ្លួនតទៅ ទៀតហើយដែរ។ កាលពីមុននេះ លោកសម រង្ស៊ី អួតអាងថា ខ្លួនមានអ្នកគាំទ្ររាប់លាននាក់រង់ចាំទទួលស្វាគមន៍ រាប់ទាំងពលករនៅកូរ៉េ នៅថៃផង។ ប៉ុន្តែ ក្រោយពីការស្ទង់កម្លាំងជាច្រើនលើកមក សម រង្ស៊ី ពិតជាយល់និងដឹងច្បាស់ណាស់ថា ពេលនេះ នៅមានមនុស្សតិចតួចបំផុតដែលនៅដើរតាមនយោបាយបោកប្រាស់រកស្រោមសំបុត្ររបស់ខ្លួនទៀត។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ងាកមកលួងលោមកងកម្លាំងប្រដាបអាវុធវីញម្តងដោយប្រើភាសាចាស់គំរឹលដែលខ្លួនធ្លាប់ប្រើរយៈពេលជាងពីរទសវត្សរ៍មកហើយរហូតធ្វើឲ្យពលរដ្ឋខ្មែរជ្រិញ ស្រគៀរ ត្រចៀកលែងចង់ស្តាប់តទៅទៀតព្រោះបើស្តាប់ទៅ គឺសេចក្តីអំពាវនាវរបស់ សម រង្ស៊ី មិនខុសពីសំឡេងភ្លេងខ្លងខែក ដែលកំពុងជូនដំណើរ អ្នក នយោបាយរូបនេះដែលមានអាយុ៧០ឆ្នាំហើយនោះទៅកាន់ទីអវសាននោះឡើយ។
ទី៣៖ ខ្ញុំយល់ថាលោកសម រង្ស៊ី កំពុងតែលួចកម្មសិទ្ធបញ្ញារបស់លោកហ៊ុន សែន ហើយ ~ Sam Rainsy is stealing the Intellectual Property Rights of Mr. Hun Sen ព្រោះគាត់កំពុងតែលួចចម្លងគោលគំនិតនយោបាយឈ្នះៗ របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន យកមកប្រើដោយសន្យារក្សាតួនាទី បុណ្យស័ក្តិ ទ្រព្យសម្បត្តិ ជាដើម។ សម រង្ស៊ី ក៍ថែមទាំងបានលួងលោមកង កម្លាំងប្រដាប់អាវុធដោយសន្យាតម្លើងស័ក្តិ និងប្រាក់ខែដល់ពួកគេថែមទៀត។ ប៉ុន្តែ សម រង្ស៊ី ដូចជាភ្លេចគិតថា នយោបាយឈ្នះៗដែលលោកហ៊ុន សែន បានប្រើដោយជោគជ័យដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជានោះគឺជានយោបាយដែលកើតចេញពីបញ្ញាញាណផ្ទាល់របស់លោកហ៊ុន សែន និងវាបានកើតឡើងក្នុងកាលៈទេសៈដែល ប្រទេសជាតិកំពុងតែមានសង្គ្រាមដែលសូម្បីតែអ៊ុនតាក់ក៍ បរាជ័យដែរ។ ហើយក៍មានតែ លោក ហ៊ុន សែន ម្នាក់គត់ដែល មានគំនិតផ្តួចផ្តើមនិងបញ្ញាវាងវៃក្នុងការបញ្ចប់សង្គ្រាមដោយមិនធ្វើសង្គ្រាមតាមរយៈនយោបាយឈ្នះៗ។
ប៉ុន្តែបច្ចុប្បន្ន ប្រទេសជាតិកំពុងស្ថិតក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍ដែលពលរដ្ឋខ្មែរគ្រប់គ្នា ទាំងស៊ីវិលនិងកម្លាំងប្រដាប់ អាវុធកំពុងសប្បាយរីករាយនឹងសមិទ្ធផលដែលពួកគេទទួល បាន។ ដូច្នេះ តើខ្មែរណាទៅស្តាប់និងធ្វើតាមការអំពាវនាវដែលនាំ ប្រទេសជាតិទៅរកភាពវឹកវរតាម សម រង្ស៊ី ចង់បាននោះ? សម រង្ស៊ី កំពុងលួចកម្មសិទ្ធបញ្ញា ~ Intellectual Property Rights ~ របស់លោក ហ៊ុន សែនទៅប្រើដោយខុសកាលៈទេសៈទាំងស្រុងហើយ។ ខ្ញុំហ៊ានថាខុសត្រង់លោកហ៊ុន សែន បានប្រើនយោបាយឈ្នះៗ ដើម្បីបញ្ចប់សង្គ្រាម រីឯសម រង្ស៊ី កំពុងលួចគំនិតនយោបាយឈ្នះៗ ទៅប្រើដើម្បីបង្កសង្គ្រាម ទៅវិញ។
ទី៤៖ ដោយហេតុថា សម រង្ស៊ី មានខួរក្បាលដឹតដាមដោយចលនាបដិវត្តន៍ពណ៌ និងបានប៉ុនប៉ងចម្លងបដិវត្តន៍ពណ៌មកអនុវត្តន៍នៅកម្ពុជាជាច្រើនលើកតែត្រូវទទួលបរាជ័យគ្រប់ពេល។ ទោះយ៉ាងណា គំនិត បដិវត្តន៍ពណ៌នេះនៅមិនទាន់ចប់នៅឡើយទេ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី បានលើក ឧទាហរណ៍ចំៗដែលខ្លួនបាន ចម្លងមកធ្វើជាគំរូ ដូចជានៅប្រទេសទុយនេស៊ី លីប៊ី អេហ្ស៊ីប ជាដើម។ នេះសបញ្ជាក់ច្បាស់ណាស់ថា សម រង្ស៊ី គឺជា មេចលនាបដិវត្តន៍ពណ៌ចំតួ ទោះកន្លងទៅខ្លួនបានបដិសេធក៏ដោយ តែពេលនេះបានធ្លោយចេញមកសារភាពដោយចំហរ តែម្តង។
ទី៥៖ សម រង្ស៊ី សន្យាផ្តល់បុណ្យ ស័ក្តិ ប្រាក់ខែ ដល់កម្លាំងប្រដាប់ អាវុធ តែ សម រង្ស៊ី ភ្លេចគិតថា បុណ្យស័ក្តិ និងប្រាក់ខែដែលគាត់និយាយជាបុណ្យស័ក្តិ និងប្រាក់ខែខ្យល់។ ដូច្នេះ គ្មានអ្នកណាគេឆោតល្ងង់ទៅចាក់អង្ករចោលដូរយកអង្កាមនោះឡើយ។ ម្យ៉ាងទៀត បើសម រង្ស៊ី ចង់ផ្តល់បុណ្យស័ក្តិ និងលុយកាក់ គួរតែផ្តល់ជូនមន្ត្រីសកម្មជនរបស់ខ្លួនទៅ។ ប៉ុន្តែ មួយជីវិតនយោបាយរបស់ខ្លួន ខ្ញុំមិនដែលឃើញនិងលឺ សម រង្ស៊ី ធ្លាប់បានផ្តល់ប្រយោជន៍ដល់អ្នកណាម្តងនោះទេ? គឺគ្មានទាល់តែសោះក្រៅតែពីខ្លួនឯង ក្រុមគ្រួសាររបស់ខ្លួន និងមនុស្សជិតស្និទ្ធប៉ុន្មាននាក់។ ផ្ទុយទៅវិញ អ្វីដែលយើងបានលឺនិងឃើញច្បាស់នោះគឺអ្នកនយោបាយរូបនេះមានតែដើរបោកប្រាស់កេងចំណេញ ពីប្រជាពលរដ្ឋនិងសកម្មជន របស់ខ្លួនដោយយកពួកគេធ្វើជាឈ្នាន់នយោបាយតែប៉ុណ្ណោះ។ មើលចុះ លទ្ធផលសម្រាប់អ្នក ស្មោះស្ម័គ្រដង្ហែតាមសម រង្ស៊ី គឺទីបំផុត អ្នកខ្លះធ្លាក់ខ្លួនកាន់តែក្រ អ្នកខ្លះរត់ចោលស្រុក ចោលប្រពន្ធកូន និងអ្នកខ្លះទៀតជាប់ គុកដោយសារតែជឿលើការអុជអាល ញុះញង់របស់ សម រង្ស៊ី ហើយប្រព្រឹត្តអំពើខុសច្បាប់។
ដូច្នេះ តើសម រង្ស៊ី មានបុណ្យស័ក្តិ លុយកាក់ឯណាមកសន្យាផ្តល់ឲ្យគេ បើខ្លួនគាត់កំពុងរត់គេចពីសំណាញ់ច្បាប់ផង ហើយក៍រស់ដោយសារតែ នយោបាយបោកយកស្រោមសំបុត្រពីខ្មែរនៅក្រៅស្រុកបែបនេះ?
ផ្ទុយទៅវិញ បើយើងក្រឡេក មើលថយក្រោយ គឺលោក ហ៊ុន សែន នេះហើយដែលជាអ្នក បង្កើតកម្លាំងប្រដាប់អាវុធសព្វថ្ងៃនេះឡើងនិងបានថែទាំពួកគេជារៀងរហូតមកក្នុងគ្រប់កាលៈ ទេសៈ។ នេះហើយជាហេតុផលដែលធ្វើឲ្យកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទគោរព ស្រឡាញ់ និងស្មោះស្ម័គ្របំផុតជាមួយលោក ហ៊ុន សែន។ ហើយនេះជាចំណុចខ្លាំងរបស់លោក ហ៊ុន សែន ជាមួយកម្លាំងប្រដាប់អាវុធដែលសម រង្ស៊ី មិនគួរដេកស្រមៃទាំងកណ្តាលថ្ងៃថាអាច បំបែកកម្លាំងប្រដាប់អាវុធបានឲ្យសោះ។
សរុបទៅ ខ្ញុំយល់ថាសំឡេងអំពាវនាវរបស់ សម រង្ស៊ី គឺជាសំឡេងខ្លងខែកហែកលោក ដែលត្រៀមដង្ហែជីវិត នយោបាយ សម រង្ស៊ី ទៅរកទីបញ្ចប់ជាស្ថាពរតែប៉ុណ្ណោះហើយក៍ជាជាសំឡេងអំពាវនាវក្នុងគ្រាអស់សង្ឃឹម ទាល់ច្រក និងវង្វេងស្មារតីដោយសារតែជាប់កុននឹងពាក្យសន្យាខ្សល់ របស់ខ្លួនដ៍ច្រើនលើសលប់ពេក។ នេះហើយជាប្រភេទមនុស្ស «ភូតច្រើនចាញ់អាត្មា»ហើយពេលនេះ ដោយសារតែពាក្យភូរភររបស់ខ្លួនតាមលង សម រង្ស៊ី កំពុងតប់ប្រមល់មិនដឹងថាត្រូវដោះស្រាយយ៉ាងណា? បើហ៊ានអើតក្បាលមកកម្ពុជាច្បាស់ជាត្រូវគេចាប់ញាត់គុក។ បើមិនមកច្បាស់ជាត្រូវអ្នកគាំទ្រជេរប្រទិចថាកំសាក។ ដូច្នេះ មានតែការអំពាវនាវផ្សងព្រេងតែប៉ុណ្ណោះដើម្បីអូសក្រឡាហើយពេលនេះ អ្វីដែលច្បាស់លាស់
បំផុតគឺ កងកម្លាំងប្រដាបអាវុធគ្រប់ប្រភេទកំពុងត្រៀមរង់ចាំអនុវត្តយ៉ាងហ្មឺម៉ាត់បំផុតនូវធម៍ក្តៅចំពោះសម រង្ស៊ី គឺរង់ចាំនាំខ្លួនទៅញាត់គុកតាមសាលដីការ តុលាការដើម្បីការពារសណ្តាប់ធ្នាប់សង្គម ការពារសន្តិសុខជាតិ និងភាពសុខសាន្តរបស់ប្រជាជន៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ






Thursday, June 20, 2019

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ប្រារព្ធខួប៤២ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ «ប៉ុល ពត» នៅតំបន់កោះថ្ម ឃុំទន្លុង

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការជាតិ តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ប្រារព្ធខួប៤២ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ «ប៉ុល ពត» (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩) នៅតំបន់កោះថ្ម ឃុំ​ទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឥស្សរ:ជនជាន់ខ្ពស់តាមបណ្តាក្រសួង ស្ថាប័ន​នានា លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកលោកស្រី ថ្នាក់ដឹកនាំតាមបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ កងកម្លាំងទាំង៣ប្រភេទ លោកគ្រូអ្នកគ្រូ សិស្សានុសិ​ស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ គឺជាចំណុចចាប់ផ្តើមដំបូងបង្អស់ នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រ​ល័យពូជសាសន៍ ប៉ុល ពត ដែល៤២ឆ្នាំមុននោះ សមមិត្ត ហ៊ុន សែន (សម្តេចតេជោ ហ៊ុន សែ​ន) និងកម្មាភិបាលដ៏ទុកចិត្ត៤រូប គឺលោក នុច ថន, ញឹក ហួន, ស៊ូ គីមស្រ៊ាង និង វ៉ា ប៉ោអ៊ាន បានភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកជំនួយឧបត្ថម្ភក្នុងការរំដោះជាតិកម្ពុជា ចេញពីរបបប្រល័យពូជសាន៍ ប៉ុល ពត។ ការប្រារព្ធខួប៤២ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ «ប៉ុល ព​ត» គឺចង់បញ្ជាក់ និងរម្លឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ក្នុងការបូជាសាច់ស្រស់ឈាមស្រស់របស់សមមិត្ត ហ៊ុន សែន និងសមមិត្តផ្សេងទៀត ប្រាប់ដល់យុវជនជំនាន់ក្រោយឱ្យដឹង និងចងចាំបន្ថែមទៀត។
នៅក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ នឹងរៀបចំពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផ្លូវប្រវត្តិសាស្ត្រសម្តេចតេជោ» ដែលជាផ្លូវក្រាលគ្រួសក្រហមមានប្រវែង៩,៩០០ម៉ែត្រ, ធ្វើពិធីរំឮកគុណ គោរពព្រះភូមិ ទេពបង្ហាញផ្លូវ ទេវតាថែរក្សាទឹកដី, ពិធីដាំដើមជ្រៃ ជានិមិត្តរូប។ បន្ទាប់មកលោក នឹងគណៈប្រតិភូធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនចេ​ញពីសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែនកោះថ្ម ទៅកាន់ព្រំប្រទល់កម្ពុជា-វៀតណាម ចំណុ​ចអាងដាច់ X16 «ដើមត្រយឹង» និងធ្វើពិធីទាញស្បៃសម្ពោធដាក់តាំងផ្ទាំងសិលាចារឹក នៅចំ​ណុចអាងដាច់X16 «ដើមត្រយឹង»។

«ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» ធ្វើឡើងជារៀងរាល់ឆ្នាំ ហើយរាល់ឯកសារនានារបស់សមមិត្ត ហ៊ុន សែន ពាក់ព័ន្ធនឹងដំណើរការតស៊ូលះបង់ជីវិត ដើម្បីជាតិមាតុភូមិត្រូវបានឆ្លាក់នៅវិមានឈ្នះ-ឈ្នះ ដើម្បីទុកឱ្យកូនចៅ ជំនាន់ក្រោយបានសិក្សារៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍មួយនេះ៕






លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន៖ ការលើកកម្ពស់គោលការណ៍គ្រឹះនៃតម្លៃមនុស្សធម៌ នាំមកនូវការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំមន្ត្រី បុគ្គលិកកាកបាទក្រហមកម្ពុជា ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដល់ស្ត្រីរងគ្រោះ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈ និងស្តារនីតិសម្បទា យុវនារី អាហ្វេស៊ីប ទុំឌី ដែលមានទីតាំងស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជំរុញគ្រប់សកម្មភាពការងារ នៃវិស័យស្នូល ដើម្បីប្រតិបត្តិការទៅដោយរលូន និងមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ។
លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្ដទុក្ខដាក់ខ្ពស់ និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ជាពិសេសលោកស្រី បានស្វែងយល់យ៉ាងច្បាស់ ពីទុក្ខវេទនារបស់កុមារី និងយុវនារីរងគ្រោះ នៅក្នុងមជ្ឈមណ្ឌល ព្រមទាំងបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ព្រៃផ្សៃរបស់ឪពុក ជីតា និងជនល្មោភកាមទាំងឡាយណា ដែលបានធ្វើទៅលើកុមារី និងយុវនារីទាំងអស់នោះ។
អំណោយដែលផ្តល់ជូនសម្រាប់១១១នាក់ ក្នុងនោះមានក្មួយៗជាសិស្សានុសិស្សចំនួន ៧៧នាក់ បុគ្គលិកចំនួន ៣១នាក់ បុគ្គលកបរទេសចំនួន ៣នាក់ដែលរួមមានគ្រឿងឧបភោគ-បរិភោគ និងថវិកា៥លានរៀល ជូនមជ្ឈមណ្ឌលអាហ្វេស៊ីប ទុំឌី។ ក្មួយៗសិស្សានុសិស្ស ៧៧នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល បុគ្គលិក គ្រូ ៣១នាក់ក្នុងម្នាក់ៗ ចំនួន ១០ម៉ឺនរៀល បុគ្គលិកបរទេស ៣នាក់ក្នុងម្នាក់ៗទទួលបាន ក្រមា១ កន្លះខ្ទាស់អាវស្លឹកមាសសញ្ញាកាកបាទក្រហមកម្ពុជា១គ្រឿង និងរៀបចំម្ហូបអាហារ ១៥តុ ដែលសរុបការចំណាយលើស្បៀង សម្ភារ និងថវិកាទាំងអស់មានចំនួន ៧,៧៦៥ដុល្លារអាមេរិក(ប្រាំពីពាន់ប្រាំពីរយហុកសិបប្រាំដុល្លារ)

គួររំលឹកថា លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ធ្លាប់បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ ផ្តល់អំណោយ និងអាហារសាមគ្គីដល់កុមារ និងបុគ្គលិកនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ៣លើករួចមកហើយផងដែរ៕








លោក ហ៊ុន ម៉ានិត កំពុងពិចារណាក្នុងការប្រើនីតិវិធីច្បាប់ចំពោះអ្នកដែលបានបង្ខូចលាបពណ៌ចំពោះរូបលោក

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ានិត បានបង្ហោះផ្សាយដោយបានបំភ្លឺ និងបដិសេធចំពោះព័ត៌មានមួលបង្កាច់អំពីករណីថាលោកនិងប្អូនស្រីមានទឹកប្រាក់នៅក្នុងធនាគារអាមេរិកដល់ទៅ១០០លានដុល្លារអាមេរិកក្នុងម្នាក់ៗ។ លោកក៏កំពុងពិរចារណាគួរប្រើនីតិវិធីផ្លូវច្បាប់ចំពោះអ្នកដែលបានបង្ខូចកេរ្តិ៍ឈ្មោះ លាបពណ៌ បង្កើ​តការសង្ស័យចំពោះរូបលោក។

លោក ហ៊ុន ម៉ានិត បានបញ្ជាក់នៅក្នុងហ្វេសប៊ុករបស់លោកថា៖ «ថ្មីៗនេះ ខ្ញុំបានឃើញព័ត៌​មានក្លែងក្លាយពាក់ព័ន្ធនឹងគណនីធនាគារមួយ របស់អាមេរិកដែលប្រើទាំងឈ្មោះខ្ញុំ ទាំងឈ្មោះប្អូនស្រីខ្ញុំ ថាមានទឹកប្រាក់នៅក្នុងនោះទៅដល់ ១០០ លានដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ។ ព័ត៌មានមិនពិតនេះ គឺបានបង្កើតឡើងដោយក្រុមប្រឆាំងក្នុងគោលបំណងបង្ខូចឈ្មោះ លាបពណ៌ បង្កើតជាការសង្ស័យ ពីសារធារណជន។ អ្នកដែលចេញព័ត៌មានមិនពិតនេះមុនគេ គឺមកពីអតីតគណបក្សព្រះអាទិត្យលិចនិងតំណាង«ខ្ញុំខ្មែរ» ឈ្មោះ Tor Nimol។ ខ្ញុំកំពុងតែពិចារណាថាតើ គួរប្រើនីតិវិធីច្បាប់ជាមួយអង្គការ ខ្ញុំខ្មែរ នេះ ឬក៏ទុកចោល? ដោយសារករណីបែបនេះមិនមែនជាលើកទី១ ទេ ដែលកន្លងមកក្រុមប្រឆាំងប្រើព័ត៌មានក្លែងក្លាយមកលើក្រុមគ្រួសារខ្ញុំជាបន្តបន្ទាប់ អស់ពីរឿងមួយទៅរឿងមួយទៀត ដែលខ្ញុំក៏មានការកោតសរសើរចំពោះក្រុមនេះថាពីមួយថ្ងៃទៅមួយថ្ងៃ ប្រហែលជាគិតថាចំ​ណុចអ្វីខ្លះ គួរតែចាក់រុក»៕

ខួប៤២ឆ្នាំ ថ្ងៃយកជីវិតធ្វើដើមទុនតស៊ូរំដោះកម្ពុជាពីរបប ប៉ុល ពត, លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បង្ហោះចម្រៀង «សំបុត្រដែលពិបាកសរសេរបំផុត» ដើម្បីរំលឹកដល់ការឈឺចាប់

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ជាថ្ងៃខួបលើកទី៤២ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩) ថ្ងៃសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន តាមរយៈ Facebook បានបង្ហោះបទចម្រៀងមួយបទដែលមានចំណងជើងថា «សំបុត្រដែលពិបាកសរសេរបំផុត» ដើម្បីរំលឹកដល់ការឈឺចាប់នៅពេលនោះ។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ទោះបីបច្ចុប្បន្ននេះ លោក និងប្រជាជនកម្ពុជា កំពុងទទួលបាននូវសេចក្តីសុខ តែលោកមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺនរាប់សែនដំណក់ នៅពេលដែលលោកឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះ ពិសេសចាកចេញចោលភរិយាដ៏កំសត់ ដែលកំពុងមានផ្ទៃពោះ។ នៅពេលនោះ លោកអត់មានជម្រើសឲ្យល្អជាងការយកជីវិតធ្វើដើមទុននោះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ថ្ងៃ២០ មិថុនា ២០១៩នេះ ជាខួបលើកទី៤២ឆ្នាំ នៃថ្ងៃដែលខ្ញុំសម្រេចចិត្តដោយការឈឺចាប់ យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩)។
ទោះបីពេលនេះ ខ្លួនខ្ញុំ និងប្រជាជនកម្ពុជា កំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺនរាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិ ចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោលភរិយាដ៏កំសត់ ដែលកំពុងមានផ្ទៃពោះ។ ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយ ដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតដល់សព្វថ្ងៃនេះ។

ដើម្បីរំលឹកដល់ការឈឺចាប់នាពេលនោះ ខ្ញុំបានរៀបចំចម្រៀងមួយបទមានចំណងជើងថា «សំបុត្រដែលពិបាកសរសេរបំផុត» ទុកសម្រាប់ការស្តាប់ និងស្វែងយល់របស់បងប្អូនជនរួមជាតិ» ៕

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញទៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ផ្តល់អំណោយមនុស្សធម៌ និងរៀបចំអាហារមួយពេលដល់កុមារី យុវនារី បុគ្គលិក អ្នកស្ម័គ្រចិត្តបរទេសសរុបចំនួន១១១នាក់ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ដែលស្ថិតនៅផ្លូវបេតុងព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នេះជាលើកទី៣ហើយ ដែលលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសំណេះសំណាលជាមួយគ្រូៗ យុវនារី និងកុមារី រងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ទុំឌី ស្ថិតនៅភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មជ្ឈមណ្ឌលនេះ គឺជាកន្លែងជួយសង្គ្រោះ ជួយព្យាបាលផ្លូវចិត្ត និងផ្តល់ជំនាញវិជ្ជាជីវៈផ្សេងៗដល់កុមារី និងយុវនារី ដែលរងគ្រោះដោយការរំលោភសេពសន្ថវៈ។ មជ្ឈមណ្ឌលនេះ មានគ្រូ បុគ្គលិក អ្នកស្ម័គ្រចិត្តចំនួន៤៤នាក់ និងមានកុមារី យុវនារីរងគ្រោះកំពុងស្នាក់នៅ និងទទួលការបណ្តុះបណ្តាលផ្សេងៗ៨៩នាក់។
លោកស្រី បានស្វែងយល់យ៉ាងច្បាស់ ពីទុក្ខវេទនារបស់កុមារី និងយុវនារីរងគ្រោះ នៅក្នុងមជ្ឈមណ្ឌល ព្រមទាំងបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ព្រៃផ្សៃរបស់ឪពុក ជីតា និងជនល្មោភកាមទាំងឡាយ ដែលបានធ្វើទៅលើកុមារី និងយុវនារីទាំងអស់នោះ។

លោកស្រី ថែមទាំងបានអំពាវនាវឲ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ត្រូវតែស្វះស្វែងរកចាប់ក្រុមជនល្មោភកាមទាំងអស់នោះឲ្យខាងតែបាន ដើម្បីយកមកផ្តន្ទាទោស ៕





កម្ពុជានៅតែបន្ត ភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៦ ខែមិថុនា


ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា៖
១- បណ្តាខេត្ត ក្រុងនៅតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ។ ទន្ទឹមនោះ ក៏អាចមានផ្នែកខ្លះខ្លាំង។
២- បណ្តាខេត្តនៅតំបន់ខ្ពស់រាបភាគខាងជើង និងឦសាន្ត ក៏នឹងអាចមានភ្លៀងផងដែរ តែក្នុងកម្រិតពីខ្សោយទៅមធ្យម។
៣- បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមាន ពិសេសតំបន់ទំនាបកណ្តាល ៕