Monday, June 17, 2019

សារព័ត៌មាន ខ្មែរតែមួយ (Khmer Unity) ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីក្នុងពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៣ព្រះវស្សា យាងចូល ៨៤ព្រះវស្សា

សូមថ្វាយព្រះពរ បវមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ
 ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ក្នុងព្រះរាជវរោកាស​ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ព្រះជន្មាយុ ៨៣ យាងចូល ៨៤ ព្រះវស្សា សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះបរមសុខគ្រប់ប្រការ និង ប្រកបដោយព្រះបញ្ញាញាណវាងវៃ
ព្រះសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជំ ដល់ប្រជានរាស្ត្រគ្រប់រូបតរៀងទៅ។
សូមក្រាបបង្គុំទូលថ្វាយ ថ្នាក់ដឹកនាំ និងសហការីគ្រប់លំដាប់ថ្នាក់ នៃសារព័ត៌មាន
ខ្មែរតែមួយ (Khmer Unity)


ប្រវត្តិនៃការជួសជុលតារាជ

«តារាជ» ជាចម្លាក់ទេពតំណាងឱ្យព្រះវិស្ណុនៃព្រហ្មមញ្ញសាសនាដែលមានព្រះហស្ថ៨រចនាបថបាយ័ន្ត កម្ពស់ជិត៤ម៉ែត្រ ឆ្លាក់ពីថ្មមួយដុំ តម្កល់ទុកនៅច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត។ ភាពល្បីល្បាញនៃឫទ្ធានុ​ភាពដ៏អស្ចារ្យនៃអាទិទេពនេះ ត្រូវបានព្រះមហាក្សត្រខ្មែរនិងប្រជាជនខ្មែរតាំងពីបុរាណ រហូតដល់បច្ចុប្បន្នគោរពបូជា មានជំនឿជាក់មុតមាំនឹងភាពស័ក្តិសិទ្ធិរបស់ព្រះអង្គ ហើយចាត់ទុកជាស្តេចទេពដ៏ខ្ពង់ខ្ពស់បំផុត ដែលថែរក្សាប្រាសាទអង្គរវត្តរហូតដល់សព្វថ្ងៃ។
បើទោះបីជាមានអាយុរាប់រយឆ្នាំ ឆ្លងកាត់ច្រើនសម័យកាលនៃប្រទេសជាតិ ក៏បដិមា «តារាជ» នៅតែបង្ហាញរាងមាំទាំនិងពេញដោយតេជៈបារមី។ ទេពអង្គនេះ ក៏ធ្លាប់បានទទួលការជួសជុលជាច្រើនដងពីអ្នកជំនាញជាតិ-អន្តរជាតិដែលរងគ្រោះដោយកត្តាធម្មជាតិនៃអាយុកាលរបស់ខ្លួន សង្គ្រាមស៊ីវិល និងការយារយីពីពួកឈ្មួញទុច្ចរិតប៉ងកាត់ព្រះកេសយកទៅជួញដូរដ៏គួរឱ្យខ្លោចផ្សារ។ ទាក់ទងនឹងការអភិរក្សឡើងវិញ លោក ឡុង ណារី អ្នកជំនាញអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ និងជាអ្នកធ្លាប់រួមចំណែកជួសជុលតារាជកន្លងមក បានឱ្យដឹងថា មកដល់ពេលនេះ លោកតារាជ បានឆ្លងកាត់ប្រវត្តិជួសជុលច្រើនជំនាន់មកហើយ យោងទៅលើភស្តុងតាងបច្ចេកទេសអភិរក្សនិងសម្ភារៈនៅក្នុងរាងកាយដែលធ្លាប់ជួសជុលពីសម័យមុនៗ។
លោក ណារី បញ្ជាក់ថា ការជួសជុលតារាជ គឺមានតាំងពីចុងស.វ.ទី១៦ នៅលើជើងដែលបាក់ជាពីរកំណាត់ទាំងពីរ ព្រោះតាមការពិសោធរបស់អ្នកជំនាញឃើញថា សាច់ថ្មនៅជើងនិងដងខ្លួនមានគុណភាពផ្សេងគ្នា។ បញ្ហាបែកបាក់នេះកើតឡើងប្រហែលដោយសារអន្តរកាលផ្លាស់ប្តូរសាសនាពីព្រហ្មមញ្ញមកព្រះពុទ្ធ។ បន្តមកទៀត នៅសម័យបារាំងដោយមើលឃើញហានិភ័យនៃបដិមាទ្រេតផ្ងារទៅក្រោយរកដួលរលំ អ្នកជំនាញសាលាបារាំងចុងបូព៌ា ក៏បានជួសជុលឡើងវិញ ដោយការជីកបង្ហាប់ដី ពង្រឹងគ្រឹះដើម្បីតម្កល់ព្រះវិស្ណុឬតារាជឱ្យមានលំនឹង កាន់តែរឹងមាំឡើងវិញ នាឆ្នាំ១៩៤៦។
ក្រោយមក នៅឆ្នាំ១៩៨៧-១៩៩៣ ដោយមានកិច្ចសហប្រតិបត្តិការរវាងអភិរក្សដ្ឋានអង្គរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាមួយឥណ្ឌា ក៏បានធ្វើការជួសជុលផ្នែកខ្លះនៃព្រះហស្ថទាំងសងខាងដែលបែកបាក់ បាត់បង់ ដោយប្រើស៊ីម៉ង់តិ៍ជំនួស។ បើរំឭកកាលពីឆ្នាំ១៩៨៥ ព្រះកេសរបស់លោកតារាជ ត្រូវបានជនទុច្ចរិតមួយក្រុមប៉ុនប៉ងអារផ្តាច់ក្នុងបំណងជួញដូរ តែមិនបានសម្រេច ទើបសមត្ថកិច្ចយកព្រះកេសទៅរក្សាទុកនៅអភិរក្សអង្គរ មុននឹងបញ្ជូនទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញដើម្បីរក្សាសុវត្ថិភាព។ ក្នុងភាពវឹកវរ ប្រទេសជាតិមិនទាន់មានសន្តិសុខពេញលេញ ក្រុមអភិរក្សអង្គរបានចម្លងព្រះកេសថ្មីពីស៊ីម៉ង់តិ៍ជំនួសព្រះកេសដើមវិញដើម្បីបំពេញលក្ខណៈរាងកាយនៃបដិមានិងជំនឿរបស់ប្រជាជនខ្មែរ។
លុះមកដល់ឆ្នាំ២០០២-២០០៣ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នអាល្លឺម៉ង់ (GACP) ក៏បានធ្វើការជួសជុលលើព្រះហស្ថឆ្វេង២ ស្តាំមួយ និងស្មាស្តាំដែលប្រេះបម្រុងធ្លាក់ អាចបណ្តាល ឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់រូបចម្លាក់ផ្ទាល់ និងទេសចរដែលឆ្លងកាត់ទីនេះមកគោរពបូជាផង ទើបក្រុមការងារក៏ បានប្តូរព្រះហស្ថទាំងបីនិងស្មាដែលធ្វើពីស៊ីម៉ង់តិ៍ជំនួសដោយថ្មភក់វិញ។ បន្ថែមពីនោះ ដោយមើលឃើញថាលោកតារាជ ជាទេពស័ក្តិសិទ្ធិក្នុងជំនឿខ្មែរ ហើយប្រទេសជាតិក៏មានសុខសន្តិភាពហើយ ក្រុមការងារអាជ្ញាធរជាតិអប្សរានិងអាល្លឺម៉ង់ ក៏បានស្នើទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសារមន្ទីរជាតិភ្នំពេញ ដើម្បីសុំព្រះកេសដើម ដើម្បីមកតភ្ជាប់នឹងព្រះកាយវិញ ទើបសមនឹងតម្លៃនៃការគោរពជំនឿដ៏មុតមាំនិងសមត្ថភាពនៃក្រុមការងាររបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរាក្នុងកិច្ចការអភិរក្សផង។
លោក ឡុង ណារី ក៏បានសំណូមពរដល់អ្នកមកគោរពបូជា សូមកុំស្រោចទឹកលើព្រះបាទ បដិមា ដែលបណ្តាលឱ្យទឹកហូរជ្រាបចូលតាមស្នាមប្រេះដល់បាយអរ នាំឱ្យសាច់ថ្មឆាប់សឹករិចរិល និងពុកផុយ។ រីឯផ្សែងធូប ច្រើន នឹងធ្វើឱ្យម្រ័ក្សណ៍និងទឹកមាសលើរូបបដិមា ប្រែទៅជាពណ៌ខ្មៅស្រអាប់។ ក្នុងនោះដែរ ការបំពាក់ ស្បង់ចីពរ ច្រើនជាន់ លើ គ្នា នឹង ធ្វើ ឱ្យធ្ងន់ នាំឱ្យរបេះដល់ជាតិម្រ័ក្សណ៍លើ ដងខ្លួនបដិមា ព្រោះម្រ័ក្ស ណ៍ខ្លះដែលទើប លាបជំនាន់ក្រោយមិន មាន គុណភាពល្អដូច ដើមទេ ងាយនឹងធ្វើឱ្យខូចខាតណាស់៕
អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ EFEO/ GACP/ លោក ហ៊ុ រិទ្ធី








សហភាពសហព័ន្ធយុវជនកម្ពុជា ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីក្នុងពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៣ព្រះវស្សា យាងចូល ៨៤ព្រះវស្សា

ក្នុងឱកាសដ៏នក្ខត្តឫក្សថ្លៃថ្លាមហាប្រសើរ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨៣ យាងចូល៨៤ ព្រះវស្សារបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ទូលព្រះបង្គំកូនចៅ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយ ថ្វាយព្រះសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ប្រកបដោយក្តីកតញ្ញុតាធម៌ ចំពោះសម្តេចមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ទូលបង្គំយើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សាទ្រង់ជានិច្ចនិរន្តរ៍តរៀងទៅ៕

ក្រសួងអប់រំ មិនអនុញ្ញាតឲ្យលក់អាហារ៦ប្រភេទក្នុងគ្រឹះស្ថានសិក្សាឡើយ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នេះ Facebook Page ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកយកនូវអាហារចំនួន៦ប្រភេទ ដែលត្រូវបានហាមឃាត់មិនឲ្យលក់នៅក្នុងគ្រឹះស្ថានសិក្សាឡើយ។
អាហារទាំង៦ប្រភេទនោះរួមមាន៖
១៖ ចំណីអាហារគ្រប់ប្រភេទ ដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់។
២៖ គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ។
៣៖ ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់។
៤៖ ភេសជ្ជៈប៉ូវកម្លាំង, ភេសជ្ជៈផ្អែម, កាហ្វេ, ការ៉េម និងទឹកសេរ៉ូគ្រប់ប្រភេទ។
៥៖ ស្ករសូកូឡា, ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ។
៦៖ ចាហួយគ្រប់ប្រភេទ, នំដូណាត់ និងនំផ្អែម៕

រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៣

ក្រចេះ៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ចំនួន២១ រូប ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ពេជ្រ ប៊ុនធិន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តក្រចេះ ដោយមានការចូលរួមពី លោក វ៉ា ថន អភិបាលខេត្តក្រចេះ ប្រតិភូអមរដ្ឋមន្ត្រី អភិបាលរងខេត្ត លោក លោកស្រីប្រធាន មន្ទីរ អង្គភាពជុំវិញ មេឃុំចៅសង្កាត់ យុវជន និងមន្ត្រីរាជការពាក់ព័ន្ធយ៉ាងច្រើនកុះករ។
លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលគណៈអភិបាលថ្នាក់ក្រោមជាតិឲ្យមានសមត្ថភាពថ្មីពាក់ព័ន្ធរៀបចំចាត់ចែងការងារខាងលើនេះប្រកបទៅដោយលក្ខណៈពិសេស ថ្នាក់ក្រុង ស្រុក រៀបចំចាត់បុគ្គលិកតាមលក្ខន្តិកៈនៅថ្នាក់ក្រោមជាតិហើយមិនត្រូវធ្វើការឲ្យហួសពីសមត្ថកិច្ចរបស់ខ្លួនដែលជាអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវកំណត់ពីតម្រូវការ មធ្យោបាយ សម្ភារៈនៅក្នុងក្រុង ស្រុកដែលផ្អែកទៅលើតម្រូវការរចនាសម្ព័ន្ធដែល បានរៀបចំនោះឡើយ ត្រូវសិក្សាពីទំនាក់ទំនងឡើងវិញ នូវការគាំទ្រពីក្រុង ស្រុកនិងឃុំ សង្កាត់ដើម្បីធានាឲ្យបាននូវការរៀបចំចាត់ចែងដំណើរការប្រកបដោយតម្លាភាព គណនេយ្យភាព។
លោកបានបន្តថា ក្រុមប្រឹក្សាអាណត្តិទី៣ ត្រូវយកចិត្តទុកដាក់បំផុតផ្អែកទៅលើសមិទ្ធផល ដែលគូរបញ្ជាក់ខាងលើក្រុមប្រឹក្សាអាណត្តិទី៣ ត្រូវខិតខំដឹកនាំរដ្ឋបាលរបស់ខ្លួនឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយកិច្ចការក្រុមប្រឹក្សាត្រូវយកចិត្តទុកដាក់ដោយមានកិច្ចការបន្ទាន់ចាំបាច់បន្ទាប់ពីសេចក្តីប្រកាសកាសមុខតំណែងនេះរួមមាន៖ មាត្រា ៤១០៦ ប្រ.ប .ក.ចុះថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃ ដើម្បីអធិបតីភាពនៅក្នុងការចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុង ស្រុក ដែលស្ថិតនៅក្នុងការងាររដ្ឋបាលរបស់ខ្លួន។
លោក ពេជ្រ ប៊ុនធិន បានបញ្ជាក់បន្តថា ការងារក្រុមប្រឹក្សាខេត្ត ជាអាទិភាពអាណត្តិទី៣គឺរៀបចំផែនការអភិវឌ្ឍន៍រយៈពេល៥ ឆ្នាំ តាមការរៀបចំវិស័យវិនិយោគបីឆ្នាំរំកិលហេតុនេះសូមឲ្យអភិបាលខេត្ត និងអភិបាលរងខេត្ត ត្រូវពិគ្រោះយោបល់បែងចែកតួនាទីភារកិច្ច ក្នុងកិច្ចប្រជុំនេះឲ្យបានទាន់ពេលវេលាស្របតាមសេចក្តីប្រកាសរបស់គ.ជ.ប តម្រូវមិនឲ្យលើសពី ១៤ថ្ងៃក្នុងការប្រកាសឲ្យចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ។ លោកបន្តថា ចំពោះអភិបាលខេត្ត ត្រូវចាត់ចែងទៅដល់នាយករដ្ឋបាលខេត្ត ឲ្យមានការិយាល័យជាប្រព័ន្ធ នៃសេនាធិការ ដើម្បីចាប់ផ្ដើមធ្វើកិច្ចការមួយចំនួន ដែលអនុវត្តការងារក្រុមប្រឹក្សារាជធានី ខេត្ត ដែលបានអនុវត្តក្នុងរយៈពេលកន្លងមកហើយសមាជិកក្រុមប្រឹក្សាថ្មីត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ រួចផ្ញើទៅអង្គភាពប្រឆាំងអំពើពុករលួយមិនឱ្យលើសពី ៣០ ថ្ងៃបន្ទាប់ពីប្រកាសចូលកាន់មុខតំណែងនេះ ហើយទ្រព្យសម្បត្តិ និងបំណុលនេះ និងប្រកាសឡើងវិញក្នុង ២ ឆ្នាំម្ដង៕







ពិធីសូត្រមន្តរាប់បាត្រ ប្រគេនសម្តេចសង្ឃ ព្រះសង្ឃ ៨៤អង្គ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៨៣ យាងចូល៨៤ព្រះវស្សាថ្វាយសម្ដេចព្រះមហាក្សត្រី

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកកាកបាទក្រហមកម្ពុជា ព្រមទាំងសប្បុរសជន យុវជនកាកបាទក្រហមកម្ពុជាជាច្រើននាក់ បានរៀបចំពិធីសូត្រមន្ត រាប់បាត្រ ប្រគេន សម្តេចសង្ឃ ព្រះសង្ឃ ៨៤អង្គ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មវស្សា គម្រប់ ៨៣ យាងចូល ៨៤ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់។
លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមលើកហត្ថប្រណម្យបួងសួង ព្រះរតនត្រ័យកែវទាំងបី គុណបុណ្យវត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោក ជាពិសេស សូមទេព្តារក្សាព្រះមហាស្វេត្រឆត្រ បារមីព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមឫទី្ធតេជៈបារមីខ្លាំងក្លាទាំងអស់ ជាពិសេសបារមី ព្រះវិញ្ញាណក្ខន្ធ អតីតព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមប្រោសព្រះរាជប្រទាន ប្រោះព្រំនូវទឹកអម្រិតប្រសិទ្ធពរជ័យ សិរីសួស្តី ថ្វាយ និងសូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គទូទាំងប្រទេសយូរអង្វែងរៀងដរាបតទៅ៕














ប្រធានកាកបាទក្រហមកម្ពុជាថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៤ព្រះវស្សា

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយសារលិខិតថ្វាយព្រះពរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ព្រះវស្សា។
សារលិខិតថ្វាយព្រះពរនោះ មានខ្លឹមសារថា « ក្នុងទិវាដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លា ពោរពេញដោយក្តីអភិរម្យមង្គលដ៏ប្រសើរ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៣ យាងចូល ៨៤ព្រះវស្សា ដែលនឹងប្រព្រឹត្ត្តទៅនៅ ថ្ងៃអង្គារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំម្ចាស់ផ្ទាល់ ខ្ញុំម្ចាស់សូមក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ប្រកបដោយមនោសញ្ចេតនាកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីរោគាព្យាធិនានា ជាអង្វែងតរៀងទៅ។
ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា មានសេចក្ដីសោមនស្សរីករាយឥតឧបមា ដែលបានរស់នៅ និងបំពេញបេសកកម្មមនុស្សធម៌ក្រោមម្លប់ដ៏ត្រជាក់ និងសូមដង្ហែតាមព្រះរាជគន្លងនៃព្រះរាជវីរៈគំរូមនុស្សធម៌ ប្រកបដោយព្រះរាជមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌វិសេសវិសាល នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងតែបានប្រោសព្រះរាជូបត្ថម្ភថវិកាទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជាចំណែកយ៉ាងធំធេងក្នុងការជួយដល់ប្រជារាស្រ្តកម្ពុជា ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ ម៉្យាងទៀត ព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ក្នុងព្រះរាជតួនាទីជាព្រះប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្នុងការលើកកម្ពស់តួនាទីស្ត្រីក្នុងសង្គមកម្ពុជា លើកតម្កើងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខុមាលភាព ដើម្បីជាឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំម្ចាស់ សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ឫទ្ធិព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សូមព្រះអង្គជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរ ដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្ត ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ដ្រកម្ពុជាទូទាំងប្រទេស ជាដរាបតរៀងទៅ។»