Friday, March 15, 2019

ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង កើនឡើងជាលំដាប់ នៅរយៈពេល១០ឆ្នាំចុងក្រោយនេះ

លោក មូន ចេអ៊ិន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង៣:១០នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។
ក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យនានាបន្ថែមទៀត ក្នុងនោះការជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺជាការងារដ៏សំខាន់ ខណៈរយៈពេល១០ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានកើតឡើងជាលំដាប់។
យោងតាមទិន្នន័យផ្លូវការ ដែលទទួលបានពីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង បានកើតឡើងគួរឲ្យគត់សំគាល់។
នៅឆ្នាំ២០០៩ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ មានចំនួនទឹកប្រាក់ជាង ២១៨លានដុល្លារ ក្នុងកម្ពុជានាំចេញទៅកូរ៉េជាង ៩៣លានដុល្លារ និងកូរ៉េនាំចូលមកម្ពុជាវិញជាង ២០៩លានដុល្លារ។
ឆ្នាំ២០១០ ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូងមានជាង ២៧២លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅកូរ៉េចំនួនធ្លាក់ចុះ សល់ត្រឹមតែជាង ២៤លានដុល្លារប៉ុណ្ណោះ ខណៈកូរ៉េនាំចូលមកកម្ពុជាជាង ២៤៤លានដុល្លារ។
ឆ្នាំ២០១១ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានចំនួនជាង ៣៤៦លានដុល្លារ ក្នុងកម្ពុជានាំចេញទៅកូរ៉េចំនួនជាង ៤៦លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន ៣០០លានដុល្លារអាមេរិក។
ឆ្នាំ២០១២ ទំហំពាណិជ្ជកម្មនៃប្រទេសកម្ពុជា-កូរ៉េខាងត្បូង មានចំនួនជាង ៤៩៣លានដុល្លារ ក្នុងកម្ពុជានាំចេញទៅកូរ៉េចំនួនជាង ៧០លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន ៤២២លានដុល្លារអាមេរិក។
ឆ្នាំ២០១៣ ទំហំពាណិជ្ជកម្មនៃប្រទេសកម្ពុជា-កូរ៉េខាងត្បូង មានចំនួនជាង ៤៦៤លានដុល្លារ ក្នុងកម្ពុជានាំចេញទៅកូរ៉េចំនួនជាង ៩៤លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន ៣៦៩លានដុល្លារអាមេរិក។
ឆ្នាំ២០១៤ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានចំនួនជាង ៥១៣លានដុល្លារ ក្នុងកម្ពុជានាំចេញទៅកូរ៉េចំនួនជាង ១២៣លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន ៣៩០លានដុល្លារអាមេរិក។
ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មនៃប្រទេសកម្ពុជា-កូរ៉េខាងត្បូង មានចំនួនជាង ៥៩៦លានដុល្លារ ក្នុងកម្ពុជានាំចេញទៅកូរ៉េចំនួនជាង ១៣៧លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន ៤៥៩លានដុល្លារអាមេរិក។
ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានចំនួនជាង ៦០២លានដុល្លារ ក្នុងកម្ពុជានាំចេញទៅកូរ៉េចំនួនជាង ១៦៤លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន ៤៣៨លានដុល្លារអាមេរិក។
ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មនៃប្រទេសកម្ពុជា-កូរ៉េខាងត្បូង មានចំនួនជាង ៦២៥លានដុល្លារ ក្នុងកម្ពុជានាំចេញទៅកូរ៉េចំនួនជាង ១៦៩លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាចំនួន ៤៥៥លានដុល្លារអាមេរិក។
ឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មនៃប្រទេសទាំង២ មានចំនួនជាង ៧៤៦លានដុល្លារ ក្នុងកម្ពុជានាំចេញទៅកូរ៉េចំនួនជាង ២០២លានដុល្លារ ខណៈកូរ៉េនាំចូលមកកម្ពុជាវិញមានចំនួនជាង ៥៤៣លានដុល្លារ។

ទំនិញដែលកម្ពុជានាំចេញទៅកូរ៉េខាងត្បូងមានសំលៀកបំពាក់ គ្រឿងអេឡិកត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និងក្រដាសកាតុង។ ខណៈទំនិញដែលកម្ពុជា នាំចូលពីកូរ៉េច្រើនបំផុតមាន ក្រណាត់ត្បាញ រថយន្តដឹកទំនិញ ភេសជ្ជៈ គ្រឿងអេឡិកត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិក ៕






Thursday, March 14, 2019

ទិសដៅដ៏សំខាន់មួយសម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ ក្រោយចូលរួមលើកកំពស់តម្លៃសិល្បៈវប្បធម៌ជាតិឱ្យបានស្ថិតស្ថេរគង់វង្ស

ប៉ៃលិន៖ មានប្រសាសន៍ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ (យុវជនដើម្បីវប្បធម៌) នៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តប៉ៃលិន ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ លោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើដល់គ្រប់​ស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដី អង្គការជាតិ អន្តរជាតិ និងវិស័យឯកជននានាក្នុងខេត្តប៉ៃលិនទាំងអស់ ត្រូវរួមគ្នារិះរកវិធីជំរុញលើកទឹកចិត្តដល់យុវជនដែលជាអ្នកបន្តវេន ឱ្យមានការចូលរួមដោយស្មារតីស្រឡាញ់​សិល្បៈវប្បធម៌ជាតិខ្លួន ទាំងវ័យកុមាររហូតដល់យុវវ័យ ដើម្បីធ្វើអោយសិល្បៈវប្បធម៌យើង មាននិរន្តភាពក្នុងផ្នត់គំនិតយុវជន និងមហាជនគ្រប់លំដាប់ថ្នាក់ក្នុងន័យ (អប់រំដើម្បីវប្បធម៌ និងវប្បធម៌ដើម្បីអប់រំ)។
នៅក្នុងនោះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី នេត្រ ភូមារី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន ព្រមទាំងលោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អភិបាលរងក្រុង-ស្រុក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ផងដែរ។
លោក ប្រាក់ សុណ្ណារ៉ា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល កម្ពុជានិតិកាលទី៦ នៃរដ្ឋសភា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់លើកស្ទួយវិស័យវប្បធម៌ជាតិ ដោយសម្រេចកំណត់យកប្រធានបទ (យុវជន ដើម្បីវប្បធម៌ជាតិ) ក្នុងគោលបំណងធ្វើឱ្យប្រជាជន មហាជន ពិសេសយុវជនទាំងអស់ ត្រូវបង្កើននូវការដឹងគុណចំពោះបុព្វការីជន ដែលបានខិតខំប្រឹង ប្រែងកសាងសម្បត្តិវប្បធម៌ដ៏សប្បូរបែប ប្រកបដោយសក្តានុពលភាព ក្នុងការរួមចំណែកអភិវឌ្ឍន៏សង្គម និងភាពសុខសាន្តរបស់ប្រជាជន។
លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងថា ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ឆ្នាំ ២០១៩នេះ គឺជាទិសដៅដ៏សំខាន់មួយសម្រាប់យើងគ្រប់គ្នា ជាកូនចៅជំនាន់ក្រោយ ចូលរួមលើកកំពស់តម្លៃសីលធម៌ ក្នុងន័យបណ្តុះបណ្តាល ស្មារតីអោយសកម្ម ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិ ទាំងបេតិកភណ្ឌ វប្បធម៌រូបីយ៍ និងអរូបីយ៍ ឱ្យបានស្ថិតស្ថេរគង់វង្ស រុងរឿង ថ្កើនថ្កាន ជាឧត្តមប្រយោជន៍នៃជនជាតិរបស់យើង។
លោកស្រីអភិបាលរងខេត្ត ក៍បានជំរុញដល់មន្ទីរអង្គភាព និងអាជ្ញាធរ ពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមថែក្សា ការពារនូវសម្បត្តិវប្បធម៌ជាតិ និងចូលរួមលើកកំពស់វប្បធម៌ សីលធម៌សង្គម តាមរយៈការលើកទឹក ចិត្តដល់អ្នកដែលមានស្នាដៃវប្បធម៌ ជាពិសេសត្រូវចូលរួមទប់ស្កាត់ វប្បធម៌ពាលាអាវ៉ាសែ ដែលសង្គមស្អប់ខ្ពើបជាដាច់ខាត។

បើតាមការបញ្ជាក់របស់លោក ព្រហ្ម រដ្ឋា ប្រធានមន្ទីរវប្បធម៌និងវិចិត្រ សិល្បៈខេត្ត បានឱ្យដឹងថា កន្លងមកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានរៀបចំការប្រលងចម្រៀងបុរាណ-សម័យ ការសម្តែងសិល្បៈរឿងខ្លី ក្នុងន័យអប់រំ ដើម្បីជ្រើសរើសជ័យលាភីថ្នាក់ខេត្ត និងទៅប្រឡងនៅជាតិ ទទួលបានជ័យលាភីជាបន្តបន្ទាប់ ហើយរៀងរាល់ថ្ងៃចុងសប្តាហ៍ ក៍បានរៀបចំក្រុមសិល្បៈ របាំក្ងោកប៉ៃលិន សម្តែងនៅមុខអាស្រម លោកយាយយ៉ាត ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានស្គាល់ ពីសិល្បៈវប្បធម៌ដ៏មានតម្លៃរបស់ដូនតាយើងផងដែរ ៕




កិច្ចប្រជុំពិនិត្យ និងពិភាក្សាការងាររៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឱ្យមានកម្មវិធីកម្សាន្តច្រើនជាងឆ្នាំមុន

ស្វាយរៀង៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៍មាន និងអនុប្រធានក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សាការងាររៀបចំកម្មវិធីសង្ក្រាន្តស្វាយរៀង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកសាកលវិទ្យាធិការ សាកលវិទ្យាធិការរង សាកលវិទ្យាល័យស្វាយរៀង លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារ ស.ស.យ.ក.ខេត្ត និងគណៈកម្មាធិការ ស.ស.យ.ក ក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធដែលជាសមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការដែលជាក្រុមការងារ សង្ក្រាន្តស្វាយរៀងជាច្រើនរូបទៀត។
មានប្រសាសន៍ក្នុងឱកាសនេះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ ក្រុមការ អនុគណៈកម្មការ សង្ក្រាន្តស្វាយរៀង ត្រូវសហការអនុវត្តតួនាទីភារកិច្ចដូចមានកំណត់ក្នុងសេចក្ដីសម្រេចឲ្យបានល្អប្រសើរ ចាត់ចែងរៀបចំកិច្ចប្រជុំធ្វើ ផែនការលម្អិត និងឡើងគម្រោងចំណាយនៅក្នុងផែនអនុគណៈកម្មការ និងក្រុមការងារនីមួយៗឲ្យបានច្បាស់លាស់ ដើម្បីសម្រេចអោយ រួចរាល់តាមផែន ការមុនថ្ងៃសង្ក្រាន្តស្វាយរៀងចូលមកដល់។

សូមជម្រាបជូនថា សង្ក្រាន្តស្វាយរៀងឆ្នាំនេះមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅនៅបរិវេណរង្វង់ មូលខាងមុខសណ្ឋាវ៉ៃគោ និងតាមបណ្តោយផ្លូវមួយចំនួនទៀត ក្នុងក្រុងស្វាយរៀង ហើយការរៀបចំឆ្នាំនេះក៏មានលក្ខណៈធំជាងឆ្នាំមុន ក្នុងនោះមានកម្មវិធីកម្សាន្ត ជាច្រើនដើម្បីបង្កភាព សប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកអបអរសាទរ និងទទួលទេវតាឆ្នាំថ្មីនៅទីនេះ៕




សួនដើមឈើអនុស្សាវរីយ៍ទេសចរណ៍ម្នាក់ដើមឈើ១ដើម ត្រូវបានដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅសួនច្បារខាងមុខមជ្ឈ មណ្ឌលហ្វឹកហ្វឺនស៊ីម៉ាក់ក្នុងខេត្តកំពង់ឆ្នាំង មានរៀបចំពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ សួនដើមឈើអនុស្សាវរីយ៍ទេសចរណ៍ម្នាក់ ដើមឈើ១ដើមដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៥ ក្រោមប្រធានបទ «ទន្លេផ្សាភ្ជាប់សន្តិភាពប្រជាជន និងទេសចរណ៍»។ ពិធីនេះធ្វើឡើងក្រោម អធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរម រាជវាំង អមដំណើរដោយលោក គុយ សុផល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង។

ពិធីនេះក៏មានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រីប្រធានមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ និងគូស្រកថ្មីៗ ដែលទើបរៀបការផងដែរ៕







លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ ដំណោះស្រាយក្នុងការប្រកួតប្រជែងទីផ្សារអង្ករ គឺត្រូវបញ្ចុះថ្លៃដើមផលិតអង្ករ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កម្ពុជាមានការពិបាកក្នុងការប្រកួតប្រជែងអង្ករនៅលើទីផ្សារអន្តរជាតិ ជាមួយប្រទេសផ្សេងៗ ដោយសារតែអង្ករកម្ពុជាមានថ្លៃដើមថ្លៃ។ ម៉្យាងវិញទៀត ការនាំចេញអង្ករនៅមានកម្រិត ជាហេតុនាំឲ្យកម្ពុជាមិនអាចសម្រេចគោលដៅនាំចេញអង្ករមួយលានតោនក្នុងមួយឆ្នាំ។
ថ្លែងក្នុងពិធីបិទសន្និបាតបូក សរុបការងារកសិកម្មទូទាំងប្រទេស និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩-២០២០ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ដំណោះស្រាយក្នុងការប្រកួតប្រជែងទីផ្សារអង្ករ គឺត្រូវរកវិធីកាត់បន្ថយថ្លៃដើមផលិត រួមមានជីកសិកម្មជាដើម ដើម្បីចុះតម្លៃអង្ករ ដោយមិនអាចឲ្យរាជរដ្ឋាភិបាលយកថវិកាណាមួយមកជួយ ដើម្បីបញ្ចុះតំលៃអង្ករក្នុងគោលបំណងប្រកួតប្រជែងជាមួយប្រទេសផ្សេងឡើយ ព្រោះធ្វើឲ្យខុសក្រឹតក្រំទីផ្សារ។

ទាក់ទងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរិះរកគ្រប់វិធីក្នុងការបន្ថយតម្លៃដើមក្នុងការផលិត ដើម្បីបង្កើនលទ្ធភាពក្នុងការប្រកួតប្រជែង៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រិះគន់ក្រុមប្រឆាំងដែលតែងទម្លាក់កំហុសលើការដឹកនាំរបស់លោក ប៉ុន្តែពេលរីកចម្រើនមិនដែលទទួលស្គាល់ឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរិះគន់ក្រុមប្រឆាំងមួយចំនួន ដែលតែងតែទម្លាក់កំហុសឱ្យលោក នៅពេលដែលមានបញ្ហាកើតឡើង ប៉ុន្តែនៅពេលដែលប្រទេសរីកចម្រើន ក្រោមការដឹកនាំរបស់លោកពួកគេមិនដែលទទួលយកនោះទេ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងពីធីបិទ​សន្និ​បាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងអំពីការប្រែប្រួលរបស់កម្ពុជាពីប្រទេសក្រខ្សត់ មកជាប្រទេសដែលកំពុងអភិវឌ្ឍ។ លោកបានបន្តថា បើគិតពីមហាសេដ្ឋីវិញ បច្ចុប្បន្ននេះ មហាសេដ្ឋីពាន់លាន សេដ្ឋីប្រាក់លាន ក៏មានច្រើនដែរ ហើយបើនិយាយអំពីអ្នកមានទ្រព្យសម្បត្តិខ្ទង់លានវិញមិនតិចនោះទេ ដោយគ្រាន់តែផ្ទះ១កន្លែងនៅទីក្រុងភ្នំពេញនោះ ក៏មានតម្លៃដល់ ១លានដុល្លារដែរ។
លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ «អាហ្នឹង ប្រហែលជាកំហុសខ្ញុំទេ ស្អីក៏គេទម្លាក់មកឱ្យខ្ញុំដែរ ពេលណាដែលរឿងល្អ វាមិនដែលឱ្យខ្ញុំទេ ណែ ! វារកស៊ីបាន វាជិះឡាន ដែលពីដើមវារកតែស្បែកជើងពាក់មិនបានផង ឥឡូវវាជិះឡាន ហើយ Live វីដេអូនៅលើ Facebook ទៀត រួចហើយនិយាយថា កាន់តែក្រទៅៗ។ រឿងអ្វីៗវាទម្លាក់មកឱ្យឯង តែរឿងធ្វើមានធ្វើបាន វាអត់ទម្លាក់មកឱ្យឯងសោះ ពួកនេះខូចពេក»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ទោះជាស្ថានភាពប្រទេសកម្ពុជា បានប្រែប្រួលទៅជាប្រទេសកំពុងអភិវឌ្ឍ តែបញ្ហាប្រឈមរបស់កម្ពុជា ក៏នៅតែមាននៅឡើយ ជាពិសេសលើវិស័យពាណិជ្ជកម្ម នៅក្រៅប្រទេស ដែលត្រូវប្រកួតប្រជែងជាមួយដៃគូខ្លាំងៗ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់សេចក្តីណែនាំ ៩ចំណុចសំខាន់ៗ ដើម្បីបន្តអភិវឌ្ឍវិស័យកសិកម្ម

នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបិទ​សន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តបន្តទៀតនូវកាតព្វកិច្ចជាមូលដ្ឋាន ដូចខាងក្រោម៖
១- ត្រូវធ្វើទំនើបកម្មកសិកម្មដែលមានលក្ខណៈប្រកួតប្រជែង តាមរយៈការលើកកម្ពស់ ការស្រាវជ្រាវ ដើម្បី អភិវឌ្ឍបច្ចេកវិទ្យា និងបច្ចេកទេសកសិកម្មទំនើប ក្នុងទិសដៅបង្កើនបរិមាណ គុណភាព និងឤហារូបត្ថម្ភ ជំរុញការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មីៗ ជាលក្ខណៈ ឌីជីថល ពង្រឹងការគ្រប់គ្រងដំណាំកសិកម្ម និងធាតុចូលកសិកម្ម ឱ្យបានល្អប្រសើរ ។
២- ត្រូវបន្តលើកកម្ពស់ការវិនិយោគក្នុងវិស័យកសិកម្ម តាមអភិក្រមភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងការបង្កើតតំបន់ កសិ-ឧស្សាហកម្មកែច្នៃសម្រាប់នាំចេញ ដែលនឹងឤចជួយដោះស្រាយ បញ្ហាទីផ្សារកសិករ និងការបើកច្រកពង្រីកយន្តការអនុវត្ត «ផលិតកម្មកសិកម្ម តាមកិច្ចសន្យា» ឱ្យកាន់តែទូលំទូលាយថែមទៀត។ ជាមួយនេះត្រូវជំរុញឱ្យមានការវិនិយោគ សាងសង់ផ្សារបោះដុំកសិផល និងផ្សព្វផ្សាយទីផ្សារ កសិផលជូនដល់ប្រជាកសិករ ។
៣- ត្រូវបន្តលើកកម្ពស់គុណភាពផលិតកម្មដំណាំ ការចិញ្ចឹម សត្វ វារីវប្បកម្ម និងសុវត្ថិភាពផលិតផលកសិកម្ម ។ ត្រូវប្រើប្រាស់ យន្តការចរចាជាមួយបណ្តាប្រទេស ដែលទិញ ផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ។ ត្រូវចូលរួមពង្រឹងសុវត្ថិភាពចំណី- ឤហារ ក្នុងទិសដៅធានា និងលើកកម្ពស់សុវត្ថិភាពចំពោះអ្នក ប្រើប្រាស់ឱ្យបានល្អប្រសើរ។
៤- ត្រូវបន្តបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកវិទ្យាដំណាំ កៅស៊ូដល់កសិករដាំកៅស៊ូ ឱ្យបានច្រើនថែមទៀត ត្រូវបន្តពង្រីក សហគមន៍កៅស៊ូគ្រួសារ ដើម្បីការញរផលប្រយោជន៍ កសិករនៅ ពេលលក់ផលិតផលកៅស៊ូទាំងនោះ។ បន្តជំរុញការវិនិយោគលើ ការកែច្នៃ ផលិតផលកៅស៊ូ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ។
៥- ត្រូវបន្តជំរុញការចិញ្ចឹមសត្វរបស់កសិករឱ្យទៅជាការ ចិញ្ចឹមបែបពាណិជ្ជកម្ម ដើម្បីបង្កើនប្រាក់ចំណូលធ្វើការស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ កែលម្អពូជសត្វឱ្យមាន ទិន្នផលខ្ពស់ គ្រប់គ្រងការធ្វើឤជីវកម្មសត្វរស់ ផលិតផលសត្វ ចំណសីត្វ បសុឱសថ ហាមមិនឱ្យមានការធ្វើឤជីវកម្មផ្តាច់មុខដែលប៉ះញល់ ដល់ថ្លៃទីផ្សារ។ ទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺប៉េស្តជ្រូកនៅទូទាំងប្រទេស និងអនាម័យសាច់។ ជំរុញការផលិតចំណីសត្វ ដោយប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងស្រុកដើម្បីកាត់បន្ថយការនាំចូលវត្ថុធាតុដើមពីបរទេស ។
៦- ត្រូវរួមគ្នាបង្ក្រាបបទល្មើសព្រៃឈើ និងជលផលតាមគ្រប់រូបភាព។ បន្តជំរុញការបោះបង្គោលព្រំដែនព្រៃឈើ និងព្រៃលិចទឹកឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ ការរំលោភបំពានដីព្រៃឈើ និងដីព្រៃលិចទឹក ។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិ ដឹកនាំដោយលោក សៅ សុខា សូមបន្តពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិ ជាពិសេសទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផល កែច្នៃឈើគ្រប់ប្រភេទ ទៅក្រៅប្រទេស តាមច្រកព្រំដែន និងច្រករបៀងដែលគ្មាន ការអនុញ្ញាត ឱ្យមានប្រសិទ្ធភាព និងតម្លាភាព។
៧- ត្រូវបន្តពង្រឹងសមត្ថភាពសហគមន៍នេសាទឱ្យបានរឹងមាំ គ្មានបទល្មើសជលផល ទាំងទឹកសាប និងសមុទ្រ។ ជំរុញការអភិវឌ្ឍ វារីវប្បកម្មគ្រប់ប្រភេទ រួមទាំងការចិញ្ចឹមត្រី តាមស្រែ ត្រូវធ្វើឱ្យកើន យ៉ាងតិច ២០% ក្នុងមួយឆ្នាំ ស្របតាមផែនការយុទ្ធសស្ត្រាជាតិ អភិវឌ្ឍវារីវប្បកម្ម ឆ្នាំ ២០១៦-២០៣០។ បន្តពង្រឹងការគ្រប់គ្រង ការញរកន្លែងអភិរក្សជលផល ព្រៃលិចទឹក ព្រៃកោងកាង ដែលជា ជម្រកដ៏សំខាន់របស់មច្ឆជាតិ។ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្ត និងអនុវត្តអនុសញ្ញាអន្តរជាតិពាក់ព័ន្ធការនេសាទ ល្មើសច្បាប់តាមរយៈយន្តការថ្នាក់ជាតិ និងអន្តរស្ថាប័នស្របតាមនីតិវិធីជាធរមាន ។
៨- ត្រូវបន្តរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីជលផល តាមបរិការណ៍ កែទម្រង់បច្ចុប្បន្ន ពង្រីកសហគមន៍ ព្រៃឈើតាមរយៈប្រព័ន្ធកសិ-រុក្ខកម្ម និងការចិញ្ចឹមសត្វ។ ជំរុញការដាំដុះព្រៃឈើឡើងវិញ នៅលើដីព្រៃរេចរិល ដីព្រៃរងការធ្វើ ឤជីវកម្ម និងដីទំនេរ របស់រដ្ឋ ដោយសហការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍ ព្រមទាំងបង្កើនការបណ្តុះកូនឈើ គ្រប់ប្រភេទនៅ តាមស្ថានីយសម្រាប់ចែកចាយជូនប្រជាជន។

៩- ត្រូវរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជិតខាង និងបណ្តាប្រទេស ដៃគូអភិវឌ្ឍនានា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងថ្នាក់តំបន់ និងអនុតំបន់ ដើម្បីកៀរគរជំនួយហិរញ្ញវត្ថុ និងជំនួយ បច្ចេកទេសថ្មីៗទៀតដើម្បីធ្វើទំនើបភាវូបនីយកម្ម កសិកម្ម កម្ពុជា ឱ្យរួមចំណែកកាន់តែច្រើនក្នុងសេដ្ឋកិច្ចជាតិ៕