Tuesday, July 24, 2018

គ.ជ.ប បញ្ជាក់ថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨នៅថ្ងៃទី១៧ នៃយុទ្ធនាការឃោសនានេះប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សា

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មានដោយបានបញ្ជាក់ថា នៅថ្ងៃទី១៧នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨នេះ មានបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានធានា ហើយការឃោសនានោះប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា នៅក្របខ័ណ្ឌទូទាំងប្រទេស។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខាងក្រោម៖







អភិបាលខេត្តត្បូងឃ្មុំស្នើឱ្យកងកំលាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធទាំងអស់ សហការគ្នាបង្ក្រាបរាល់បទល្មើសនៅតាមបន្ទាត់ព្រំដែន ក៏ដូចជានៅទូទាំងខេត្ត

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងច្រកព្រំដែន និងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នឹងសុវត្ថិភាពនៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ក្នុង នោះ មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត កងកំលាំងប្រដាប់ អាវុធ ទាំង៣ អភិបាលស្រុក និងមន្ត្រីច្រកទ្វារព្រំដែនទូទាំងខេត្តត្បូងឃ្មុំ និងអ្នកពាក់ព័ន្ធសរុបប្រមាណជាង៥០នាក់។
លោកអភិបាលខេត្ត បានលើកឡើងថា កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍តាមបណ្ដាយបន្ទាត់ព្រំដែនរវាងខេត្តត្បូងឃ្មុំ និងប្រទេសជិតខាង ដើម្បីទប់ស្កាត់រាល់បទល្មើសនៅតាមបន្ទាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាពនូវផលប៉ះពាល់នានាជាអវិជ្ជមាន។ លោកបានបន្តថា ខេត្តត្បូងឃ្មុំ កន្លងមកសភា​ពការណ៍មានលក្ខណៈល្អប្រសើរ បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ ម្យ៉ាងទៀត សភាពការណ៍ តាមតំបន់ព្រំដែន ក៏មានការភាពស្ងាប់ស្ងាត់ប្រកបដោយ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ផងដែរ។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ចំពោះរាល់បទល្មើសនៅតាមបន្ទាត់ព្រំដែនក៏ដូចជានៅក្នុងខេត្តត្បូងឃ្មុំទាំងមូល សូមអាជ្ញាធរពាក់ព័ន្ធទាំងអស់ សហការគ្នាបង្ក្រាបនិងទប់ស្កាត់ភ្លាមៗ រាល់សកម្មភាពដែលបង្កឱ្យមានភាពអសន្តិសុខ គ្មានសណ្ដាប់ធ្នាប់ ជាពិសេសបទល្មើសឆ្លងដែន និងរាល់ទំនិញចេញចូល ខុសច្បាប់នានាផងដែរ។ លោកក៏បានផ្ដាំផ្ញើដល់មន្រ្តីនិងកងកំលាំងនៅតាមបន្ទាត់ព្រំដែនទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងសភាពការណ៍ នៅតាមតំបន់ព្រំដែនឱ្យបន្តស្ថិតក្នុងស្ថានភាពល្អប្រសើរ ដោយរក្សាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់ តាមរយៈការបង្កើតវិធានការប្រមែប្រមូលព័ត៌មានជាប្រចាំ ដើម្បីមានវិធានការទាន់ពេលក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព៕



អធិការដ្ឋាននគរបាលស្រុករលាប្អៀរ រៀបចំពិធីផ្សព្វផ្សាយច្បាប់​ បទបញ្ជា​ នីតិវិធី​ និងក្រមសីលធម៌​ សម្រាប់ភ្នាក់ងារ​សន្តិសុខបោះឆ្នោត​

កំពង់ឆ្នាំង៖ នៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ បានប្រារព្ធពិធីផ្សព្វផ្សាយស្តីពីច្បាប់បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង។
សមាសភាពចូលរួមនាឱកាសនោះរួមមាន លោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរ អធិការរងទទួលជំនាញ នាយ-នាយរងផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៣ ព្រមទាំងមន្ត្រីនគរបាល ប្រជាការពារ អន្តរាគមន៍ ប្រចាំការនៅអធិការដ្ឋាន និងប្រការពារអន្តរាគមន៍ ប្រចាំការនៅតាមបណ្តាប៉ុស្តិ៍នគរបាលទាំង១៣ សមាសភាពចូលរួមសរុប២២៣នាក់ ស្រី០៨នាក់។

ក្នុងពិធីនោះដែរ លោកស្នងការរង និងក្រុមការងារ ក៏បានចែកសម្លៀកបំពាក់ជូនដល់ប្រជាការពារចំនួន ១៨៦នាក់ ស្មើនិង១៨៦កំប្លេរ (សម្លៀកបំពាក់ មួក និងប្រឡង់ដៃ)៕





ក្រសួងធនធានទឹក៖ ទឹកជំនន់ទន្លេសេសាន នៅផ្នែកខាងលើបានចាប់ផ្តើមស្រកចុះ តែផ្នែកខាងក្រោម នៅតែបន្តកើនឡើងលើសកម្រិតប្រកាសអាសន្ន


អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃ​គង់ចាំព្រះវស្សា​នៅវត្តទាំង៩​ មកពីក្រុង ​ស្រុក ទាំង៨​ នៃខេត្តកំពង់ឆ្នាំង​

កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ឈឹម ស្រីមុំ លោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីលោក ហ៊ី ណាត លោក អម សុភា លោក អៀង វុធ អភិបាលរងខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការអង្គភាពជុំវិញខេត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តអារញ្ញិការាមស្ថិតក្នុងក្រុងកំពង់ឆ្នាំង សរុបចំនួនជាង២០០នាក់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ បាននាំយកនូវទៀនព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគរួមនឹងសម្ភារៈបរិក្ខាព្រមទាំងបច្ច័យ មួយចំនួនទៅប្រគេនព្រះចៅអធិការវត្តដែលកំពុងគង់ចាំព្រះវស្សា អស់កាលត្រីមាស វត្តទាំង៩ មកពីក្រុងស្រុកទាំង៨ នៅក្នុងខេត្ត។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ឈួរ ច័ន្ទឌឿន បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ និងនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងសេ្ថរភាពគ្រប់ទីកន្លែង និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ និងបានលើកតម្កើងព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដែលប្រជាពលរដ្ឋភាគច្រើននៅទូទាំងប្រទេសគោរព។
លោកបានមានប្រសាសន៍បន្តថា ទីវត្តអារាមមិនត្រឹមតែបំរើវិស័យព្រះពុទ្ធសាសនាជាទីសក្ការៈបូជារបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលគោរពព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងប្រមូលផ្តុំនូវវប្បធម៌ប្រពៃណី និងជាថ្នាលសំរាប់បណ្តុះធនធានមនុស្សដែលជាកន្លែងបណ្ណាល័យផ្ទុកនូវអក្សរសាស្រ្តជាតិ អរិយធម៌ វប្បធម៌ខ្មែរតាំងពីដូនតាមក។ ដូចនេះយើងទាំងអស់គ្នាត្រូវតែថែរក្សាទុកអោយកូនចៅជំនាន់ក្រោយទៅបន្តវេនទៅអនាគត។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋ ហើយត្រៀមឯកសារតាមការកំណត់របស់គ.ជ.ប និងអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះអោយបានគ្រប់ៗគ្នា។

ទៀនព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគបរិភោគសំភារៈបរិក្ខា និងបច្ច័យដែលលោកអភិបាលខេត្ត និងលោកស្រី ព្រមទាំងមន្រ្តីរាជការបាននាំយកប្រគេនព្រះចៅអធិការចំនួន៩វត្ត ក្នុងមួយវត្តៗទទួលបានទៀនព្រះវស្សាចំនួនមួយគូរ, សាដក១កញ្ចប់, អង្ករ៥០គីឡូក្រាម, បច្ច័យក្នុងមួយអង្គៗ៣ម៉ឺនរៀល, បច្ច័យកសាងក្នុងមួយៗវត្ត២០ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសំភារៈបរិក្ខាជាច្រើនទៀត។ ដោយឡែក វត្តអារញ្ញលោកអភិបាលខេត្ត បានប្រគេនបច្ច័យកសាងបន្ថែមចំនួន២.៨៥៣.០០០រៀល និងវត្តក្តីត្នោតប្រគេនបច្ច័យកសាង៣០០ដុល្លាផងដែរ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេស

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកថា ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលុប​បំផុតបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹក​នាំប្រទេស ព្រោះប្រជាពលរដ្ឋចង់រស់នៅក្រោមម្លប់សន្តិភាពយូរអង្វែង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនៅក្នុងហ្វេសប៊ុកថា «នៅសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបោះឆ្នោតជាតិជាប្រវត្តិសាស្រ្តនឹងមកដល់! ជាការពិត គឺប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលុប​បំផុតបោះឆ្នោតគាំទ្រគណបក្សប្រជាជនអោយដឹក​នាំប្រទេស ព្រោះពលរដ្ឋចង់រស់នៅក្រោមម្លប់សន្តិភាពយូរអង្វែង។ គណបក្សប្រជាជន គឺជារបស់ពលរដ្ឋខ្មែរ​គ្រប់ៗ​រូប​។ គណបក្សប្រជាជនកម្ពុជាយើងឈ្នះ គឺកម្ពុជាឈ្នះទាំងអស់គ្នា!»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីកម្ពុជាយើងឈ្នះទាំងអស់គ្នា គឺសូមបងប្អូនកូនក្មួយទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា លេខរៀងទី​ ២០​ នៅថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខនេះ! លោក និងភរិយា ក៏សូមអរគុណ និងជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នាផងដែរ៕

(សូមទស្សនាវីដេអូ) ទស្សនៈមិត្តអ្នកអាន៖ ការទាមទាររបស់លោកស្រី រ៉ូណា ស្មីត ឲ្យកម្ពុជាអនុញ្ញាតដល់ការអំពាវនាវឱ្យធ្វើពហិកាបោះឆ្នោត ជាការបំពានទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ