Friday, September 29, 2017

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បញ្ជាក់ថា វឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីប្រទេសចិន

ក្នុងពិធីអបអរសាទរខួប ៦៨ឆ្នាំ (១៩៤៩-២០១៧) ថ្ងៃកំណើតសាធារណរដ្ឋប្រជាមានិតចិន ដែលប្រារព្ធ ធ្វើឡើង យ៉ាងមហោឡារិកនៅក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតប្រមុខការទូតកម្ពុជា បានលើកសរសើរយ៉ាងខ្លាំងពីតួនាទីរបស់ចិន សម្រាប់ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

នៅចំពោះមុខឯកអគ្គរដ្ឋទូត មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចិន ឯកអគ្គរដ្ឋទូតរបស់បណ្តាប្រទេស នានាដែលមានវត្ត មាននៅក្នុងប្រទេសកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបផ្សេងទៀតនោះ លោក ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានគូសបញ្ជាក់ថា ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់ វិស័យនាពេលបច្ចុប្បន្ន នេះ មិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនចិននោះឡើយ។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំអាចបញ្ជាក់បានថា ការអភិវឌ្ឍន៍កម្ពុជា សព្វថ្ងៃលើគ្រប់វិស័យ មិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនចិន»។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយឧបត្ថម្ភកម្ពុជាលើគ្រប់វិស័យ ដែលធ្វើឱ្យកម្ពុជាបានឆ្លងផុត ពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដែលសព្វថ្ងៃមានចំនួន ១៤០២ដុល្លារ ហើយនឹងឈានទៅមានចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៣០។

ក្នុងសុន្ទរកថាអបអរសាទរខួបលើកទី ៦៨ឆ្នាំថ្ងៃកំណើតសាធារណរដ្ឋប្រជាមានិតចិន លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានលើកបង្ហាញពីវឌ្ឍនភាពនៃចំណងទំនាក់ទំនងចាក់ទឹកមិនលិចរវាងកម្ពុជា-ចិនផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ក្នុងរយៈពេល ៦០ឆ្នាំកន្លងទៅទំនាក់ទំនងកម្ពុជា-ចិន លើគ្រប់ វិស័យ បានបោះជំហានទៅមុខជាវិជ្ជាមានគួរជាទីកត់សម្គាល់ ដែលនាំឱ្យថ្នាក់ដឹកនាំកំពូល និងប្រជាជន នៃ ប្រទេសទាំងពីរកាន់តែស្គាល់គ្នា កាន់តែជឿទុកចិត្តគ្នា ជួយគ្នាទៅវិញទៅមក និងកាន់តែរាប់អានគ្នាខ្លាំងឡើង។

លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានបង្ហាញពីសមិទ្ធផលមួយចំនួនកើតចេញ ពីទំនាក់ទំនង ដ៏ស្អិត ល្មួតនៃប្រទេសទាំងពីរផងដែរ។ សមិទ្ធផលទាំងនោះរួមមាន៖ ទំហំពាណិជ្ជទ្វេភាគី មានជាង ៤ពាន់លាន ដុល្លារអាមេរិកក្នុងឆ្នាំ២០១៦ ហើយរំពឹងថា នឹងកើនដល់ ៥ពាន់លានដុល្លារនៅឆ្នាំ២០១៧ និងឈានទៅ សម្រេចបាន ៦ពាន់លានដុល្លារនៅឆ្នាំ២០២០។

នៅឆ្នាំ២០១៧ ចិនជួយទិញអង្ករពីកម្ពុជា ២០ម៉ឺនតោន ហើយនៅឆ្នាំ២០១៨ ចិននឹងទិញ ៣០ម៉ឺនតោនទៀត ខណៈដែលកម្ពុជា កំពុងរកទីផ្សារសម្រាប់អង្ករកម្ពុជា ដែលមានចំនួនកាន់តែច្រើនឡើង។ វិនិយោគចិននៅកម្ពុជា ឈរលំដាប់លេខក្នុងឆ្នាំ២០១៦ មានប្រមាណ ១១ពាន់លានដុល្លារអាមេរិក លើវិស័យ កសិកម្ម ឧស្សាហកម្ម ឋាមពល សេវាកម្ម សំណង់ និងវិស័យផ្សេងៗទៀត ជាពិសេសក្នុងការកសាងផ្លូវថ្មី និងស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ព្រមទាំងវារីកអគ្គសិនីជាច្រើន ដែលនាំឱ្យតម្លៃ អគ្គិសនីនៅកម្ពុជាចុះថោក ៕
















ឧបនាយករដ្ឋមន្រ្តី ស ខេង ប្រកាសផ្អាកសកម្មភាពអង្គភាពសមធម៌កម្ពុជា ក្រោយរកឃើញធ្វើសកម្មភាពខុសច្បាប់

ឧបនាយករដ្ឋមន្រ្តី ស ខេង និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញលិខិតផ្អាកសកម្មភាពរបស់អង្គការ «សមធម៌កម្ពុជា»​ ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញថា អង្គការមួយនេះ បានធ្វើសកម្មភាពខុសច្បាប់។ នេះបើយោងតាមលិខិតរបស់ឧបនាយករដ្ឋមន្រ្តី ស ខេង ផ្ញើជូនលោក អៀង វុទ្ធី ប្រធានអង្គការ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ។

នៅក្នុងលិខិតនេះ ឧបនាយករដ្ឋមន្រ្តី ស ខេង បានគូសបញ្ជាក់ថា «ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា អង្គការសមធម៌កម្ពុជា បានធ្វើសកម្មភាពដោយអនុវត្តផ្ទុយនឹងប្រការ៥ នៃលក្ខន្តិកៈរបស់ខ្លួន ដែលតម្កល់នៅក្រសួងមហាផ្ទៃ ព្រមទាំងផ្ទុយនឹងបទប្បញ្ញត្តិ នៃមាត្រា១០ និងមាត្រា២៥ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល»។

ឧបនាយករដ្ឋមន្រ្តី បានបន្តទៀតថា «ផ្នែកតាមបទប្បញ្ញត្តិខាងលើនេះ ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាព អង្គការសមធម៌កម្ពុជា ជាបណ្តោះអាសន្ន ក្នុងរយៈពេលយ៉ាងយូរ៣០ថ្ងៃ នៃថ្ងៃធ្វើការ។ ទន្ទឹមនេះអង្គការត្រូវជូនដំណឹងជាលាយលក្ខណ៍ អក្សរអំពីលេខគណនីសម្រាប់ប្រតិបត្តិការ ត្រូវផ្តល់របាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងផ្តល់នូវរបាយការណ៍សកម្មភាពរបស់អង្គការពាក់ព័ន្ធ នឹងជម្លោះរវាងក្រុមហ៊ុនភ្នំពេញ PHNOM PENH SUGER ដែលជាក្រុមហ៊ុនទទួលបានដីសម្បទានពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅឃុំសង្កែសាទប ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជូនមកក្រសួងមហាផ្ទៃ ក្នុងរយៈពេលកំណត់ខាងលើ។ ក្នុងករណីមិនអនុវត្តតាមការជូនដំណឹងនេះ ក្រសួងមហាផ្ទៃ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន»។

សូមអានខ្លឹមសារលិខិតរបស់ឧបនាយករដ្ឋមន្រ្តី ស ខេង ខាងក្រោមនេះ ៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងអញ្ជើញសំ​ណេះសំណាល និងបំ ពាក់គ្រឿងឥស្សរិយយស ជូនព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ដែលនៅពេលថ្មីៗនេះ ព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវបានរដ្ឋាភិបាលជប៉ុនផ្តល់រង្វាន់ «សិល្បៈ និងវប្បធម៌ហ្វុគុអូកា» ឆ្នាំ២០១៧។

ពានរង្វាន់សិល្បៈ និងវប្បធម៌ហ្វឹគឹអូកា ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ នៅទីក្រុងហ្វឹគឹអុកាប្រទេស ជប៉ុន ដែលបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការលើកស្ទួយការផ្លាស់ប្តូរវប្បធម៌ជាមួយបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី រួមមានប្រទេសកម្ពុជាផងដែរ៕







លោក សុខ ឥសាន បញ្ជាក់ច្បាស់ពីមូលហេតុដែលបក្សប្រឆាំងនិងសង្គមស៊ីវិលមួយចំនួនតូចរងហានិភ័យ

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ពីមូលហេតុនានាដែលគណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួនតូចជួបប្រទះនឹងហានិភ័យជាបន្តបន្ទាប់ និងក៏ជាការឆ្លើយតបទៅនឹងលោកស្រី រ៉ូណា ស្មីត ផងដែរ។

លោក សុខ ឥសាន បានបញ្ជាក់ថាមូលហេតុមួយ គឺដោយសារការឈ្លក់វង្វេងនឹងប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពដាច់បង្ហៀរ ទើបមេបក្សប្រឆាំង និងមន្ត្រីជានខ្ពស់មួយចំនួននៃបក្សប្រឆាំង មិនញញើតច្បាប់ បានប្រព្រឹត្តល្មើសច្បាប់ រំលោភច្បាប់ និងបំពានច្បាប់។ បាតុភាពកើតឡើងនេះ គ្មានអ្នកណាគម្រាមកំហែង គាបសង្កត់ ឬបង្ខិតបង្ខំឡើយពោលគឺកើតឡើងពីទង្វើរបស់ខ្លួនម្នាក់ៗផ្ទាល់ហើយមានតែខ្លួនឯងទេដែលត្រូវតែទទូលខុសត្រូវដោយផ្ទាល់។

លោក សុខ ឥសាន ក៏បានបន្ថែមថា ចំណែកអង្គការសង្គមស៊ីវិលមួយចំនួនតូច ប្រមាណ ១ ភាគរយប៉ុណ្ណោះមានគោលជំហរនិងភារកិច្ចលំអៀងទៅរកបក្សប្រឆាំង និងស៊ីឈ្នួលបម្រើមហិច្ឆតាពីខាងក្រៅ ហ៊ានប្រព្រឹត្តល្មើសតួនាទីរបស់ខ្លួនយ៉ាងងងើលមិនខ្លាចក្រែងច្បាប់ហើយម៉្យាងទៀតអាចជាចារកម្មបរទេសផងទើបដាក់ចិត្តប្រឆាំងនឹងរាជរដ្ឋាភិបាល ហើយធ្វើខ្លួនដូចជាស្រឡាញ់ជាតិ លើសខ្មែរទៅទៀត តែធាតុពិតជាការធ្វើសកម្មភាពបម្រើឧបាយកលជនបរទេសសោះ ដែលត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

ដោយឡែកពាក់ព័ន្ធនឹងការចាប់ខ្លួនលោក កឹម សុខា វិញលោក សុខ ឥសាន បានបញ្ជាក់ថា ការចាប់ខ្លួននេះ គឺផ្អែកលើសាក្សីនិងភ័ស្តុតាងជាក់ស្តែង ដែលលោក កឹម សុខាបានលាតត្រដាងច្បាស់លាស់ពីសកម្មភាពរបស់ខ្លួនតាមផែនការរបស់ប្រទេសមហាអំណាចមួយ ដែលបានលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា រៀបចំផែនការ គម្រោង និងផែនការសកម្មភាពឱ្យលោក កឹម សុខា អនុវត្តតាំងពីឆ្នាំ១៩៩៣ ជាប់គ្នាហូរហែរហូតមកដល់បច្ចុប្បន្ន និងបន្តទៅមុខទៀតលុះត្រាតែផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាតាមផែនការបានស​ម្រេចទើបចប់។ នេះជាអំពើនិងបទល្មើសធ្ងន់ធ្ងរដល់ថ្នាក់ក្បត់ជាតិដែលមិនអាចអត់ឱនឱ្យបានជាដាច់ខាត  នៅប្រទេសណាដូចប្រទេសណាដែរមិនថាតែនៅកម្ពុជានោះទេ។ ការមានវិធានការណ៍ផ្លូវច្បាប់ចំពោះអ្នករំលោភច្បាប់គឺជាការធម្មតាសម្រាប់ប្រទេសនីតិរដ្ឋដើម្បីដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ ដែលជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកការបោះឆ្នោតមួយសេរី ត្រឹមត្រូវ និងយុត្តិធម៌ បើគ្មានបក្សប្រឆាំងចូលរួមការបោះឆ្នោត ក៏នៅមានគណបក្សច្រើនទៀតចូលរួម ដែលនោះហើយចាប្រជាធិបតេយ្យសេរីពហុបក្សនោះហើយប្រទេសកម្ពុជាមិនមែនជាចំណាប់ខ្មាំងរបស់បក្សប្រឆាំងមួយណានោះទេ។

លោក សុខ ឥសាន ក៏បានបន្ថែមថា ពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មានវិញកុំនិយាយថារាជរដ្ឋាភិបាលបិទសិទ្ធិកាសែត Cambodia Daily ពោលគឺគ្រាន់តែបង់ពន្ធចូលរដ្ឋគ្រប់ចំនួនទៅ នោះ​នឹងបានដំណើរការវិញហើយ។ តែបើនៅរឹងទទឹងនោះនឹងត្រូវរងការអនុវត្តច្បាប់ហើយកុំប្រើពាក្យសម្តីថាគេគាបសង្កត់ទៀត។ ការប្រើវោហារស័ព្ទខ្លាំងៗរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មិនបានស្មើនឹងពាក្យជេរប្រមាថរបស់មន្ត្រីបក្សប្រឆាំងផងម៉្តេចថាជាហឹង្សា? វាគ្រាន់តែជាពាក្យទប់ស្កាត់កុំឱ្យកើតអំពើហឹង្សាទេតើ ម្តេចថាខុស បើបក្សប្រឆាំងប្រព្រឹត្តរហូតបទល្មើសក្បត់ជាតិផងម្តេចមិនថាជាកំហុសផង? តើអង្គការសិទ្ធិមនុស្សលំអៀងឬអត់? តើសិទ្ធិមនុស្សដែលកាន់ជើងមនុស្សខូចជាសិទ្ធិមនុស្សបែបណាដែរ?


Thursday, September 28, 2017

រដ្ឋបាលខេត្តបាត់ដំបង រៀបចំសិក្ខាសាលាផ្សព្វផ្សាយ​ អនុក្រឹត្យ​ និងលិខិត​បទដ្ឋាន​ពាក់ព័ន្ធនឹង​ការបង្កើតយន្តការ​ច្រកចេញ​ចូលតែមួយ​

នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការបង្កើតការិយាល័យប្រជាពលរដ្ឋ នៅថ្នាក់ក្រោមជាតិ នៅសាលប្រជុំ សាលាខេត្តបាត់ដំបង។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាឃុំ សង្កាត់។

សិក្ខាសាលាផ្សព្វផ្សាយនេះមានគោលបំណងក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងគោលដៅកំណត់អំពីយន្តការ គោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការគាំទ្រ និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃទៅលើការផ្តល់សេវារដ្ឋបាលផងដែរ៕


ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រ ប្រចាំថ្ងៃទី២៨ ខែកញ្ញានេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ពលករខ្មែរនៅកូរ៉េកុំឱ្យមានការព្រួយបារម្ភរឿងសង្រ្គាម

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ស​ង្រ្គាមនៅឧបទ្វីបកូរ៉េនឹងមិនផ្ទុះឡើងនោះទេហើយសូមពលករខ្មែរទាំងអស់នៅប្រទេសកូរ៉េខាងត្បូងកុំមានការព្រួយបារម្ភ។​ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យចេនឡាចំនួន ២,៨៣៨ នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានត្រឹមតែគម្រាមកូរ៉េខាងជើងប៉ុណ្ណោះ ប៉ុន្តែប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនដែលនៅជិតនឹងកូរ៉េខាងជើងចង់ឱ្យមានដំណោះស្រាយដោយសន្តិវិធី ជាជាងបង្កើតសង្រ្គាមមួយដែលនឹងមិនមាននរណាឈ្នះ ហើយប្រទេសកូរ៉េ និងជប៉ុនដឹងយ៉ាងច្បាស់ថា បើមានសង្រ្គាមមែននោះគឺកូរ៉េ និងជប៉ុនតែប៉ុណ្ណោះជាអ្នករងគ្រោះធ្ងន់ធ្ងរចំណែកអាមេរិកមិនរងគ្រោះទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំសូមយកឱកាសនេះ ជម្រាបដល់ពលករខ្មែរដែលកំពុងធ្វើការនៅកូរ៉េខាងត្បូង និងមាតាបិតាអាណាព្យាបាលរបស់ពលករខ្មែរដែលកំពុងស្ថិតនៅប្រទេសកូរ៉េខាងត្បូង សូមមេត្តាកុំព្រួយបារម្ភ ខ្ញុំជឿថាសង្រ្គាមនេះវាមិនកើតឡើងទេ ការគម្រាមនេះវាស្ទើរតែរាប់រយដងទៅហើយ មិនមែនត្រឹមរាប់សិបដងនោះទេ ប៉ុន្តែសង្រ្គាមនេះ វានឹងមិនកើតឡើងទេ ព្រោះសង្រ្គាមនេះវាមិននាំឱ្យមាននរណាម្នាក់ឈ្នះទេ វាចាញ់ទាំងអស់គ្នាតែម្តង»។

សូមបញ្ជាក់ថា​ កម្តៅនយោបាយនៅឧបទ្វីបកូរ៉េ ចាប់ផ្តើមតានតឹងជាបន្តបន្ទាប់ក្រោយពេលប្រទេសកូរ៉េ ខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់រំលងប្រទេសជប៉ុន ខណៈដែលអាមេរិក ក៏នៅតែបន្តព្រមានកូរ៉េខាងជើងដោយថាការបាញ់ ឬធ្វើតេស្តមីស៊ីលនេះគឺជាការគម្រាមកំ​ហែងដល់សន្តិសុខពិភពលោក៕