Friday, December 23, 2016

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិ​ការបច្ចេក​ទេសលើកទី៣ ស្តីពីបញ្ហា​សុខ​ភាព និងសុវត្ថិភាពការងារ ឆ្នាំ២០១៦-២០១៩

នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦នេះ លោករដ្ឋមន្រ្តី អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេសលើកទី៣ ស្តីពីបញ្ហាសុខភាព និងសុវត្ថិភាពការងារ ឆ្នាំ២០១៦-២០១៩ ដែលចុះហត្ថលេខាដោយលោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក លី ហូស៊ុង (Lee Ho Sung) អនុប្រធានទី ភ្នាក់ងារសុខភាពនិងសុវត្ថិភាពការងារកូរ៉េ នៅទីស្តីការក្រសួង។

ក្នុងជំនួបមុនពិធីចុះហត្ថលេខា លោករដ្ឋមន្រ្តី អ៊ិត សំហេង បានថ្លែងនូវអំណរគុណចំពោះទីភ្នាក់ងារសុខភាព និងសុវត្តិភាពការងារកូរ៉េ ដែលក្នុងរយៈពេលនៃការអនុវត្តកិច្ចព្រមព្រៀងទាំង ២ លើកកន្លងមក ទទួលបានផ្តល់នូវជោគជ័យ រួមទាំងបទពិសោធន៍ ចំណេះដឹង ចំណេះធ្វើ ដែលបានធ្វើអោយសុខភាព និងសុវត្តិភាពការងារនៅកម្ពុជាមានភាពល្អប្រសើរ។

លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីវឌ្ឍនភាពការងារដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចបានទៅតាមអាទិភាពដែលក្រសួងបានដាក់ចេញ ក្នុងនោះការលើកកំពស់សុខភាព សុវត្តិភាពការងារ ជាអាទិភាពមួយក្នុងចំណោមអាទិភាពជាច្រើន ដែលក្រសួងបាននឹងកំពុងយកចិត្តទុកដាក់ ដើម្បីបញ្ចៀសបាននូវគ្រោះថ្នាក់ជាយថាហេតុណាមួយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះលោក ក៏បានអរគុណទីភ្នាក់ងារកូរ៉េ ដែលបានគាំទ្រដល់កម្មវិធីទប់ស្កាត់ការប្រើប្រាស់សារធាតុអាបេស្តូស ការផ្តល់រថយន្តចល័តសម្រាប់បណ្តុះបណ្តាល ព្រមទាំងសំណូមពរដល់ភាគីកូរ៉េ សូមបន្តជួយចែករំលែកនូវបទពិសោធន៍ថ្មីៗទៀត ក៏ដូចជាការបណ្តុះបណ្តាល ការផ្លាស់ប្តូរទស្សនកិច្ច ជាពិសេសជួយផ្តល់នូវបទពិសោធន៍ និងឧបករណ៍សុវត្តិភាពមួយចំនួននៅតាមវិស័យឧស្សាហកម្ម ដូចជាឧបករណ៍វាស់ពន្លឺ សំលេង និងសម្ភារៈផ្សេងៗសម្រាប់វិស័យសំណង់ និងរ៉ែ ផងដែរ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ក្រៅពីមានកិច្ចព្រមព្រៀងស្តីពីបញ្ហាសុខភាពនិងសុវត្ថិភាពការងារ ជាមួយប្រទេសកូរ៉េកន្លងមកកម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជាមួយអង្គការពលកម្មអន្តរជាតិខាងការងារ(ILO) ដែលជួយទៅលើបទដ្ឋានរៀបចំបទប្បញ្ញត្តិផ្សេងៗទាក់ទងទៅនឹងបញ្ហាអនាម័យ និងសុវត្ថិភាពការងារ ហើយអ្វីដែលយើងកំពុងធ្វើនាពេលនេះ គឺគម្រោងផ្នែកសំណង់។

ពិធីចុះហត្ថលេខានាពេលនេះជាលើកទី៣ ហើយដែលសាធារណៈរដ្ឋកូរ៉េ ធ្វើការចុះកិច្ចព្រមព្រៀងជាមួយព្រះរាជាណាចក្រកម្ពុជា ស្តីពីបញ្ហាសុខភាពនិងសុវត្ថិភាពការងារ ដែលលើកទី១ ឆ្នាំ២០១០-២០១៣ លើកទី២ ឆ្នាំ២០១៣-២០១៦ និងលើកទី៣ ឆ្នាំ២០១៦-២០១៩ ផ្តោតទៅលើការលើកកម្ពស់ផ្នែកសុខភាព និងសុវត្ថិភាពការងារ ដែលភាគីទាំងពីររៀបចំពិធីចុះហត្ថលេខានាពេលនេះ។

កិច្ចព្រមព្រៀងនេះ មានគោលបំណង៖

– លើកកម្ពស់វិស័យសុខភាព និងសុវត្ថិភាពការងារនៅក្នុងប្រទេសកម្ពុជា តាមរយៈការ បណ្តុះបណ្តាលមន្ត្រីអធិការពេទ្យការងារ និងមន្ត្រីជំនាញផ្សេងៗទៀត

– រួមចំណែកលើកកម្ពស់សុខភាព និងសុវត្ថិភាពរបស់កម្មករនិយោជិតនៅតាមកន្លែងធ្វើការតាមរយៈការរៀបចំបោះពុម្ពខិតប័ណ្ណ និងផ្សព្វផ្សាយផ្នែកសុខភាព និងសុវត្ថិភាពការងារ

– បញ្ជូនអ្នកជំនាញផ្នែកសុខភាព និងសុវត្ថិភាពការងារ ដើម្បីមកបណ្តុះបណ្តាលមន្ត្រីកម្ពុជា

– សហការក្នុងការសិក្សាស្រាវជ្រាវ ស្តីពីសុខភាព និងសុវត្ថិភាពការងារ

– ផ្លាស់ប្តូរព័ត៌មាន និងឯកសារបច្ចេកទេស ស្តីពីសុខភាព និងសុវត្ថិភាពការងារ៕


Thursday, December 22, 2016

កម្ពុជា ចិន​ធ្វើ​ជាសហ​ប្រធាន នៃ​កិច្ចសហ​ប្រតិបត្តិការ​មេគង្គ-ឡាន​ឆាង​លើក​ទី​២​

ព្រឹកថ្ងៃទី២២ ខែធ្នូ ២ឆ្នាំ២០១៦នេះ ក្រុមមន្ត្រីបច្ចេកទេសបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ នៅសណ្ឋាគារសុខាឡៃ ក្នុងខេត្តសៀមរាប ដោយមានមន្ត្រីមកពីក្រសួងការបរទេសនៃប្រទេសកម្ពុជា ចិន មីយ៉ាន់ម៉ា ឡាវ វៀតណាមនិងថៃ ដោយកម្ពុជានិងចិនធ្វើជាសហប្រធាន។
លោកស្រី ទូច សុផារត្ន ប្រធាននាយកដ្ឋានសហប្រតិបតិ្តការមេគង្គនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាសហប្រធានក្នុងកិច្ចប្រជុំបានមានប្រសាសន៍ថា កិច្ចប្រជុំនេះ មានមន្ត្រីការបរទេសមកបណ្តាប្រទេសតាមដងទន្លេមេគង្គមកជួបប្រជុំជាមួយក្រុមមន្ត្រីត្រូវអនុវត្តគម្រោងនានា ចាប់តាំងពីមានកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាង កាលពីខែមីនា ២០១៦។
កិច្ចប្រជុំនេះចែកចេញជាពីររួមមាន កិច្ចប្រជុំមន្ត្រីមកពីក្រសួងការបរទេសនៃប្រទេសទាំង៦ និងកិច្ចប្រជុំរវាងមន្ត្រីការបរទេសជាមួយមន្ត្រីមកពីក្រសួងពាក់ព័ន្ធទាំង៦ប្រទេស។ បន្ទាប់ពីកិច្ចប្រជុំនេះទៅ នឹងមានការកំណត់ឱ្យបណ្តាក្រសួងស្ថាប័នអនុវត្តនូវគម្រោងដែលត្រូវបានដាក់ចេញនានា ដែលត្រូវប្រកាសរួមដោយបណ្តាមេដឹកនាំមេគង្គ-ឡានឆាង។ ក្រៅពីនេះកិច្ចប្រជុំនេះក៏ធ្វើឡើង ដើម្បីត្រៀមកិច្ចសំរាប់ប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ផងដែរ។
លោកស្រី ទូច សុផារត្ន បានមានប្រសាសន៍បន្ថែមទៀតថា នៅរសៀលថ្ងៃទី ២២ ធ្នូនេះ នឹងមានកិច្ចប្រជុំថ្នាក់ឧត្តមន្ត្រីនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៤ នៅសណ្ឋាគារ សុខាឡៃដដែល។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមេគង្គ-ឡានឆាងលើកទី២ នឹងមានការឯកភាពលើឯកសារចំនួន៣រួមមាន សេចក្តីប្រកាសព័ត៌មានរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រី បញ្ជីតាមដានលទ្ធផលកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី១ និងគោលការទូទៅសម្រាបើការបង្កើតក្រុមការងាររួម ស្តីពីវិស័យអាទិភាពសំខាន់ៗនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៕




ពិធីជួបសំណេះសំណាលជាមួយសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា

ភ្នំពេញ៖ លោក កែប ជុតិមា អ្នកតំណាងរាស្រ្ត លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ បានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនសរុប ៧៣លានរៀល ដើម្បីទ្រទ្រង់សកម្មភាព និងដោះស្រាយរាល់បញ្ហារបស់អតីតយុទ្ធជនកម្ពុជា។
ទឹកប្រាក់នេះ ត្រូវបានប្រកាសឧបត្ថម្ភក្នុងឱកាសដែលលោក គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនជួបសំណេះ សំណាល និងសួរសុខទុក្ខអតីតយុទ្ធជនកម្ពុជាមកពីខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខសរុប ១,៣០៥នាក់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនរាជធានីភ្នំពេញ ក៏បានប្រកាសផ្តល់រថយន្តគិលានសង្រ្គោះ ដល់ប្រធានសមាគមអតីតយុទ្ធជនខណ្ឌទាំង១២ ក្នុងខណ្ឌនីមួយៗ ទទួលបានរថយន្ត ១គ្រឿង ដើម្បីបម្រើសេវាជូនអតីតយុទ្ធជន តាមខណ្ឌនានាទូទាំងរាជធានី។
លោក គន់ គីម តំណាងឱ្យអតីតយុទ្ធជនកម្ពុជាទាំងអស់ បានគោរពថ្លែងអំណរគុណលោក កែប ជុតិមា លោក ម៉ម ប៊ុនហេង និងលោក ប៉ា សុជាតិវង្ស ដែលបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយដោះស្រាយទុក្ខលំបាករបស់អតីតយុទ្ធជនកម្ពុជា។ លោក គន់ គីម បានចាត់ទុកការឧបត្ថម្ភនេះជាការរួមចំណែកមួយដ៏ធំ ជាមួយនឹងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដើម្បីជួយដោះស្រាយបញ្ហានានារបស់អតីតយុទ្ធជនកម្ពុជា។
ក្នុងកិច្ចសំណេះសំណាលនៅថ្ងៃម្សិលមិញនេះ លោក គន់ គីម ក៏បានជំរុញឱ្យប្រធានសាខា សមាគម សង្កាត់ទាំងអស់ ពង្រឹងការគ្រប់គ្រងវត្តមានរបស់អតីតយុទ្ធជន គ្រប់ប្រភេទ និងគ្រួសារ ជាសមាជិកសមាគម ដែលកំពុងរស់នៅក្នុងមូលដ្ឋានភូមិ សង្កាត់ ឱ្យបានច្បាស់លាស់ ដើម្បីសមាគមងាយស្រួលក្នុងការសុំអន្តរាគមន៍ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអាណាព្យាបាលបច្ចេកទេស បេឡាជាតិអតីតយុទ្ធជន អនុវត្តវិធានការ ចំពោះអតីតយុទ្ធជន ដែលអវត្តមាន ដោយការធ្វើចំណាកស្រុកជាដើមនោះ។
នាយឧត្តមសេនីយ៍អគ្គលេខាធិការសមាគម ក៏បានណែនាំឱ្យរៀបចំជាសៀវភៅ បញ្ជីឈ្មោះ សមាជិក សមាគម តាមភូមិ សង្កាត់ នីមួយៗ ដោយរៀបរាប់ពីបន្ទុក ស្ថានភាពគ្រួសារ ហើយភ្ជាប់ជាឧបសម្ព័ន្ធនូវរូបថតគ្រួសារ តាមលំដាប់ជីវភាពងាយស្រួលគ្រប់គ្រង និងដោះស្រាយបញ្ហាជូនអតីតយុទ្ធជនដោយតម្លាភាព។
លោក គន់ គីម ក៏បានណែនាំឱ្យមានការផ្តល់លេខទូរសព្ទគ្នាទៅវិញទៅមក រវាងប៉ុស្តិ៍រដ្ឋបាល និងអតីតយុទ្ធជន ក្នុងភូមិ សង្កាត់ ដើម្បីបង្កបានភាពស្និទ្ធស្នាលជាមួយគ្នា ហើយក៏បង្កលក្ខណៈងាយស្រួលដល់អតីតយុទ្ធជនក្នុងការផ្តល់ព័ត៌មានផ្សេងៗ ទៅប៉ុស្តិ៍រដ្ឋបាល និងអាចសុំការអន្តរាគមន៍ ពេលពួកគាត់ជួបគ្រោះថ្នាក់ ឈឺថ្កាត់ ឬមានធុរៈចាំបាច់ផ្សេងៗ។
លោក កែប ជុតិមា អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ បានសាទរ ចំពោះចំណាត់ការរបស់សមាគម ហើយសន្យាថា នឹងពិនិត្យលទ្ធភាព រួមជាមួយសមាគម ក្នុងការជួយដោះស្រាយសម្រាលទុក្ខលំបាកអតីតយុទ្ធជនទ័លក្រ។
លោក ងៀវ សំ និវត្តន៍ជននៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានថ្លែងអំណរគុណ ចំពោះលោក ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន ដែលបានចាត់លោក គន់ គីម ចុះជួបសួរសុខទុក្ខអតីតយុទ្ធជន។ លោកថា នេះជាលើកទី១ហើយ ដែលលោកបានជួបមុខ និងបានស្តាប់ថ្នាក់ដឹកនាំសមាគមនិយាយ។
លោក ងៀវ សំ បានប្រកាសថា រូបលោក និងអតីតយុទ្ធជនកម្ពុជាដទៃទៀត គោរពស្រឡាញ់លោក ហ៊ុន សែន ជារៀងរហូត៕







បែកធ្លាយការពិត៖ “ទីបំផុត គេបានដឹងថា កម្លាំងគ្រឹះរបស់បក្សសង្គ្រោះជាតិ គឺជាបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា!”

ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិមួយផ្ទាំងដែលដាច់រហែករយ៉ៃ បង្ហោះផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកថ្ងៃនេះ បានបង្ហាញឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងនូវការបែកធ្លាយការពិត នៅពីក្រោយឆាករបស់បក្សប្រឆាំង។
នៅពេលរហែកស្លាកសញ្ញាបក្ស ទើបគេដឹងថា ភស្តុតាងបង្ហាញថា គ្រឹះរបស់បក្សប្រឆាំងនៅតាមមូលដ្ឋានគឺជាកម្លាំងរបស់កូតាសិទ្ធិមនុស្សលោក កឹម សុខា សោះ។
ប្រជាពលរដ្ឋ និងសកម្មជនមួយចំនួនរបស់បក្សប្រឆាំងនឹងបាត់ចម្ងល់នូវមន្ទឹលសង្ស័យដែលគេធ្លាប់គិតថា បក្សសង្គ្រោះជាតិត្រូវបានក្តោបក្តាប់ដោយកម្លាំងរបស់លោក សម រង្ស៊ី តែធាតុពិត តាមរយៈស្លាកសញ្ញាដែលដាច់រហែកនេះ ទើបគេដឹងថា បក្សសិទ្ធិមនុស្សទៅវិញទេដែល មានឥទ្ធិពល ពីព្រោះពេលនេះ ស្រោមសង្គ្រោះជាតិរហែកហើយ ហើយការពិតក៏គ្មានអ្វីជាអាថ៌កំបាំងទៀតដែរ។
តើជាចេតនារបស់បក្សសិទ្ធិមនុស្ស ក្នុងគោលបំណងបង្ហាញដល់សកម្មជនរបស់ខ្លួនថា ដល់ពេលដែលអាប៉ោងបើកគ្របហើយមែនឬ?
វាជាការពិតដែលបក្សសិទ្ធិមនុស្ស បានផុសប្រាកដឡើងនឹងភ្នែក ហើយគេដឹងថា ស្លាកសង្គ្រោះជាតិបានយកទៅកឹបគ្របពីលើតែប៉ុណ្ណោះ។ ស្លាកបក្សសិទ្ធិមនុស្ស បានផុសឡើង ក្នុងខណៈពេលដែលលោក កឹម សុខា ដណ្តើមបានជោគជ័យ និងប្រមូលបានទាំងអស់ នូវតំណែងរបស់លោក សម រង្ស៊ី ហើយលោក កឹម សុខា ក៏ត្រូវបានគេដឹងថា បាននិងកំពុងពង្រីកឥទ្ធិពលរបស់ខ្លួន ដើម្បីក្តោបក្តាប់បក្សប្រឆាំងទាំងមូល ខណៈទណ្ឌិត សម រង្ស៊ី កំពុងបាត់អស់ទាំងស្រុងនូវសិទ្ធិនយោបាយ ហើយក៏កំពុងនីរទេសខ្លួនទៀតផង។
លោក កឹម សុខា ក៏បានក្លាយជាដៃគូសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង និងក៏បានចាត់ទុកលោក ហ៊ុន សែន ជាអ្នកមានគុណមិនអាចកាត់ថ្លៃបានទៀតផង។ ការបញ្ចេញនូវ រូបសញ្ញាបក្សសិទ្ធិមនុស្សនៅពេលនេះ ក៏អាចជាចេតនារបស់អ្នកគាំទ្រលោក កឹម សុខា ចង់បង្ហាញសកម្មជនទូទាំងប្រទេសថា បេក្ខជនដែលនឹងត្រូវឈរឈ្មោះសម្រាប់តំណែងក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ ប្រកួតជាមួយបក្សកាន់អំណាច គឺជាកម្លាំងខាងកូតាសិទ្ធិមនុស្សរបស់លោក កឹម សុខា ហើយកម្លាំងនេះមានចំនួនច្រើនលើសលុបនៅឃុំ សង្កាត់នានា នឹងត្រូវឈរឈ្មោះដោយការរៀបចំរបស់លោក កឹម សុខា និងបក្ខពួកគាត់។
បើទោះជាគេមិនអាចទស្សន៍ទាយដឹងថា បក្សសង្គ្រោះជាតិប្រឈមនឹងបញ្ហាឈ្លោះទាស់ទែងគ្នាកំរិតណាក្តីនៅពេលរៀបចំបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ប៉ុន្តែ ការដាច់រហែកស្លាកសញ្ញា បានបង្ហាញថា កម្លាំងរបស់លោក កឹម សុខា នឹងចាប់ផ្តើមបង្ហាញជាសាធារណៈថា ពីពេលនេះទៅអនាគត គឺដៃគូនយោបាយរបស់កម្ពុជា មានតែលោក ហ៊ុន សែន ជាមួយ កឹម សុខា គឺគ្មាន សម រង្ស៊ីទៀតនោះទេ៕


រដ្ឋសភាជូនដំណឹងអំពីកាលបរិច្ឆេតប្រជុំអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីវិសាធនកម្មច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ បានឱ្យដឹងថា រដ្ឋសភានឹងប្រជុំអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដីពីវិសាធនកម្មច្បាប់ស្តីពីចរាចរណ៏ផ្លូវគោកនៅថ្ងៃចន្ច ទី២៦ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៨:០០ព្រឹក។
សម័យប្រជុំរដ្ឋសភាលើកទី ៧ នីតិកាលទី៥នេះ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ ប្រធានរដ្ឋសភាលោក ហេង សំរិន ដើម្បីធ្វើការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីវិសាធនកម្មមាត្រា ៨ មាត្រា ៤០ មាត្រា ៤១ មាត្រា ៤៧ មាត្រា ៤៨ មាត្រា ៧៥ មាត្រា ៧៧ មាត្រា ៨២ និងមាត្រា ៩០ នៃច្បាប់ស្ដីចរាចរណ៍ផ្លូវគោក ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១១៥/០០១ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ ៕

លិខិតមិត្តអ្នកអាន៖ លោក កឹម សុខា ចាប់ផ្តើមវាយប្រហារទណ្ឌិត សម រង្ស៊ី

នាពេលថ្មីនេះ នៅក្នុងពិធីសំណេះសំណាលមួយជាមួយយុវជនបក្សខេត្ត លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់យុវជនបក្សប្រឆាំងពាក់អាវពណ៌លឿងទាំងនោះ ខុសពីសព្វមួយដង ដូចជាមានបំណងដៀមដាមទៅឱ្យទណ្ឌិត សម រង្ស៊ី ដែលកំពុងបាត់បង់សិទ្ធិធ្វើនយោបាយ ហើយកំពុងរត់គេចខ្លួននៅក្រៅប្រទេសចំៗ និងយ៉ាងពេញទំហឹង។ ខាងក្រោមនេះគឺជាសម្តីរបស់លោក កឹម សុខា៖
លោក កឹម សុខា បាននិយាយថា «នយោបាយខុសពីឆាកល្ខោន ពេលយកទៅលេងជាឆាកល្ខោន វាមិនមែនជានយោបាយពិតទេ គឺជានយោបាយសិប្បនិមិត្ត បើចូលប្រឡូកនយោបាយត្រូវតែប្រឡូកនយោបាយពិត មានន័យថា នយោបាយដែលអ្នកដឹកនាំហ្នឹងត្រូវមានចក្ខុវិស័យ មិនមែនធ្វើតាមខ្លួននឹកឃើញទេ មិនមែនធ្វើតាមអារម្មណ៍ទេ ត្រូវធ្វើតាមចក្ខុវិស័យ ធ្វើតាមគោលដៅកំណត់ ធ្វើតាមយុទ្ធសាស្ត្រ អាហ្នឹងបានគេហៅថា គេធ្វើនយោបាយពិត»។  ពាក្យខាងលើនេះគ្រប់គ្រាន់នឹងថាឱ្យលោក សម រង្ស៊ី ថាធ្វើនយោបាយសប្បនិម្មិតដូចលេងល្ខោន ព្រោះកន្លងមកទណ្ឌិត សម រង្ស៊ី ដឹកនាំបក្ស គ្មានចក្ខុវិស័យច្បាស់លាស់ គ្មានគោលដៅច្បាស់លាស់ និងគ្មានយុទ្ធសាស្ត្រវែងឆ្ងាយទាល់តែសោះ ដែលនាំឱ្យបក្សតូចតាចមួយ ដឹកនាំដោយមនុស្សឆ្លៀតឱកាសម្នាក់មកដណ្តើមយកបានដោយជោគជ័យ។ លោក សម រង្ស៊ី ចាប់ផ្តើមជីវិតនយោបាយតាំងពីមានបក្សខ្លួនឯង មានធនធានមនុស្សខ្លួនឯង ដោយសារមិនចេះគិតវែងឆ្ងាយបានដើរដល់ផ្លូវទាល់ ត្រូវប្រគល់បក្សនិងធនធានបក្សឱ្យអតីតគូសត្រូវកាន់កាប់ដោយស្វ័យប្រវត្តិ ហើយធនធានមនុស្ស និងមនុស្សជំនិតដែលធ្លាប់មាន ត្រូវបង្ខំចិត្តឱនក្បាលគោរពអតីតគូសត្រូវម្នាក់នោះទៀត។ ម៉្យាងទៀត សម រង្ស៊ី តែងតែដឹកនាំនយោបាយតាមអារម្មណ៍ឆេវឆាវ ដូចជាដឹកនាំធ្វើបាតុកម្មហិង្សាប្រឆាំងរដ្ឋាភិបាលឈ្នះឆ្នោតកាលពីឆ្នាំ២០១៣ជាដើម ដែលបណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់ដែលជឿតាមស្លាប់អស់ជាច្រើននាក់។
លោក កឹម សុខាបានបន្តថា «អ្នកនយោបាយពីមុនសុទ្ធតែដូចគ្នាទេ ប៉ុន្តែអ្នកខ្លះមានឱកាស អ្នកខ្លះអត់ឱកាស អ្នកមានឱកាស ចេះចាប់ឱកាសគេឡើងមកប្រឹបបាត់ តែអ្នកអត់ឱកាស មិនចេះចាប់ឱកាស នៅសូញសាញ អត់ចេញរួចទេនយោបាយ ធ្វើនយោបាយកុំសូញសាញពេក»។ មួយឃ្លានេះគឺចង់អួតខ្លួនឯងថា ចេះចាប់ឱកាស មិនដូចលោក សម រង្ស៊ី ជាមនុស្សមិនចេះចាប់ឱកាស ហើយសូញសាញដូចស្រីនោះទេ ព្រោះថ្មីៗនេះ លោក កឹម សុខា ដែលប្រព្រឹត្តបទល្មើសជាប់ទោសក្រោយ សម រង្ស៊ី ផងប៉ុន្តែចេះបន្ទន់ឥរិយាបទ បត់បែនតាមកលៈទេសៈ ហើយចេះទទួលយកឱកាស ទើបរួចខ្លួន ម្យ៉ាងទៀតថែមទាំងដណ្តើមបានសម្រេចតំណែងជាប្រធានក្រុមមតិភាគតិច ជាតំណែងចាស់របស់ សម រង្ស៊ី ដែលខិតខំយ៉ាងខ្លាំងទើបបានកាន់តំណែងនេះ។
លោក កឹម សុខា បានបន្តវាយប្រហារថា «ខ្ញុំប្រាប់បងប្អូនតាំងពីយូរហើយ ប៉ុន្មានខែមុន ខ្ញុំបានប្រាប់ថា កុំឈ្លោះ កុំឆ្លើយ កុំឆ្លង នាំគ្នាថា កឹម សុខា កំសាក, ការព្យាយាមអំណត់ជាកត្តាសំខាន់ នេះជាចំណុច ជារបៀប ជាទស្សនៈដែលខ្ញុំធ្វើ ក្រៅពីអហិង្សាមិនត្រូវគុំគួន សងសឹកគ្នា កុំមាននៅក្នុងចិត្ត ក្នុងបេះដូង ក្នុងការនិយាយស្តី កាត់បន្ថយឱ្យអស់ ឱ្យចេញឆ្ងាយ ឱ្យតិចបំផុត នូវកាគុំគួនសងសឹកគ្នា កាគុំគួនសងសឹកគឺរកទីបញ្ចប់នៃសេចក្តីទុក្ខមិនឃើញទេ»។ មូលហេតុដើមដែលទណ្ឌិត សម រង្ស៊ី មានទោសជាប់ខ្លួនជាច្រើនករណីគឺព្រោះតែគាត់ដឹកនាំបក្ស និងធ្វើសកម្មភាពដោយយក គំនុំ គំគួន និងការសងសឹក ជាត្រីមុខ ចង់សងគំនុំឈាមឪពុក សម សារី ដែលជាជនក្បត់ជាតិ ហ៊ានធ្វើគ្រប់បែបយ៉ាងបំពុលបរិយាកាសសង្គម ក្លែងបន្លំផែនទីក៏ហ៊ាន ក្លែងបន្លំសន្ធិសញ្ញាក៏ហ៊ាន។
ពាក្យសម្តីវាយប្រហារទណ្ឌិត សម រង្ស៊ី ពីសំណាក់លោក កឹម សុខា នេះត្រូវបានមើលឃើញថា កើតឡើងក្រោយពីលោក កឹម សុខា ដណ្តើមបាននូវសិទ្ធិអំណាចទាំងស្រុង និងមនុស្សសំខាន់ៗមួយចំនួនរបស់លោក សម រង្ស៊ី។ លោក សម រង្ស៊ី ដែលមានទោសជាប់ខ្លួនជាច្រើនករណី បាត់បង់សិទ្ធិធ្វើនយោបាយ ហើយមិនហ៊ានចូលស្រុកនោះ មិនអាចប្រៀបធៀបទៅលោក កឹម សុខា ដែលទទួលបានការលើកលែងទោសមានសិទ្ធិធ្វើនយោបាយឡើងវិញ ថែមទាំងក្តោបក្តាប់បក្សប្រឆាំងបានថែមទៀត ម្យ៉ាងទៀតតំណែងប្រធានក្រុមមតិភាគតិចក៏យកបាន។ ចាប់ពីពេលនេះតទៅទណ្ឌិត សម រង្ស៊ី មិនមែនជាដុំគ្រួសនៅក្នុងគ្រាប់ភ្នែកលោក កឹម សុខា ទៀតទេ ហើយមនុស្សកូតាបក្សសិទ្ធិមនុស្ស និងកូនចៅរបស់ សម រង្ស៊ី ដែលសុខចិត្តឱនក្បាលគោរព កឹម សុខា នឹងរីកចម្រើនឡើង ហើយទណ្ឌិត សម រង្ស៊ី និងកូនចៅដែលស្មោះត្រង់ នឹងរលាយដោយខ្លួនឯង និងដោយការដកក្រវាត់ចោល។ យោងលើឱកាសមាសដែលលោក កឹម សុខា កំពុងមានដូចជាទទួលបានអំណាចទាំងស្រុងរបស់ទណ្ឌិត សម រង្ស៊ី ជាដើម រួមផ្សំនឹងការហ៊ានចេញមុខមកវាយប្រហារចំៗទៅលើទណ្ឌិត សម រង្ស៊ី នាពេលនេះបង្ហាញយ៉ាងច្បាស់ថា ផ្ទៃក្នុងបក្សសង្គ្រោះជាតិទាំងស្រុងត្រូវបានគ្រប់គ្រងដោយលោក កឹម សុខា យ៉ាងពិតប្រាកដ៕

អត្ថបទដោយ៖ ជ័យ កម្ពុជា

រដ្ឋសភា ​និង​ក្រសួងសា​ធារណការ​បើកកិច្ច​ប្រជុំពិនិត្យ​ និង​ពិភាក្សា​សេចក្តីព្រាងច្បាប់នៅវិមានរដ្ឋសភា

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំលេខ២.៣ វិមានរដ្ឋសភា តំណាងរាជរដ្ឋាភិបាល ដឹកនាំដោយលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អមដោយមន្រ្តីថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប ជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា មានរៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សាសេចក្តីព្រាងច្បាប់មួយចំនួន។
សេចក្តីព្រាងច្បាប់ទាំងនោះ ស្តីពីវិសោធនកម្មមាត្រា៨, មាត្រា៤០, មាត្រា៤១, មាត្រា៤៧, មាត្រា៤៨, មាត្រា៧៥, មាត្រា៧៧, មាត្រា៨២ និងមាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០១១៥/០០១ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ ។
យោងតាមការស្នើសុំរបស់រាជរដ្ឋាភិបាល ច្បាប់នេះបានស្នើសុំប្រកាសជាកិច្ចការប្រញាប់ ដូចនេះ រដ្ឋសភា នឹងរៀបចំសម្រាប់ដាក់ជូនកិច្ចប្រជុំពេញអង្គរដ្ឋសភានៅដំណាច់ចុងឆ្នាំនេះ៕