Tuesday, April 29, 2014

បណ្តាំអ្នកម្តាយ

បទយកការណ៍ស្តីពី​ សេវា​ការ​ងារ​ដែល​ផ្តល់​ជូន​ជាសាធារណៈ​ដោយ​រដ្ឋា​ភិបាល​តាមរយៈ​ទីភ្នាក់ងារ​ជាតិ​ និងមុខរបរ និងការងារ (០៨៣)

សម្តេច​​តេជោ៖ គ្មាន​​បញ្ញត្តិ​ច្បាប់​​ណា​​តម្រូ​វ​ឲ្យ​​បញ្ជូន​​សេចក្តី​​ព្រាង​​ច្បាប់​​ទៅ​​អ្នក​​ណា​ផ្សេង ក្រៅ​ពី​រដ្ឋាភិបាល និង​​រដ្ឋ​​សភា​​នោះ​ទេ

ថ្លែង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​២៨​ ខែមេសា ឆ្នាំ​២០១៤​នេះ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រដល់​និស្សិតជ័យលាភីនៃ​សកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុបចំនួន ១.៨២៣​នាក់ ដែល​បាន​បញ្ចប់​ការ សិក្សា ក្នុង​ឆ្នាំ​សិក្សា​២០១១-២០១២ សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បង្ហាញ​ពី​ដំណើរការ​ជាធម្មតា​នៃ​ជីវភាព​ប្រជាពលរដ្ឋក្នុង​សង្គម​កម្ពុជា​ និងការ​ងារ​ដោយ​រលូន​របស់​​រាជរដ្ឋាភិបាល ទាំង​ការងារ​ នយោ​បាយ សេដ្ឋកិច្ច ជាពិសេស​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​កន្លងទៅថ្មីៗ​នេះ។

​សម្ដេច​តេជោនាយករដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍ថា “ដំណើរការធម្មតា​ទាំងអស់ ចូលឆ្នាំ​ចូល​អ៊ីចឹង!... អ្នកណា​ចង់​នៅ​ចូល ក្នុង​ស្រុក​ក៏​ចូលទៅ អ្នកណា​គេ​ចេញ​ទៅ​ក្រៅប្រទេស​ក៏​ទៅ!... អ្នកណា​ទៅ​លេង​សៀមរាប ក៏​ទៅៗ អ្នក ណា​ទៅ​លេង​ក្រុងព្រះសីហនុ​ក៏​ទៅៗ អ្នក ណា​ទៅ​រតនគិរី​ក៏​ទៅៗ រឿង​វា​តែ​ប៉ុន​ហ្នឹង!”​។​

​​បើទោះជា​យ៉ាងណា​ក៏ដោយ ដើម្បីធានាឲ្យ​ដំណើរការ​ជា​ធម្មតារបស់ជីវភាព​សង្គម ក៏ដូច​ជា​ការងារ​របស់​មន្ត្រី​រាជការ​ក្នុង​ស្ថាប័ន​​រដ្ឋ​​ សម្ដេច​តេជោបានក្រើន​រំលឹក​​ជា​ថ្មីម្ដងទៀត ឱ្យ​ថ្នាក់ដឹកនាំ​ស្ថាប័នរបស់​រាជរដ្ឋាភិបាលយកចិត្តទុកដាក់​ចំពោះ ការបើក​ប្រាក់ខែ របស់​មន្ត្រីរាជការ​ឱ្យ​បាន​នៅក្នុង​ខែ​នីមួយៗ ដោយ​មិន​ឱ្យ​ការបើកប្រាក់ខែ ហួស​ទៅ​ដល់ ៤០​ថ្ងៃ ៥០​ថ្ងៃ ឬ​៦០​ថ្ងៃ ដូច​មុន​ទៀតនោះទេ​។ ​​សម្ដេចតេជោ​មាន​ប្រសាសន៍​ថា​៖ “ប្រាក់ខែ​របស់​យើង​វា​មិនច្រើន​ទេ ប៉ុន្តែ​បើ​បើក​ទាន់​ពេល​វា​ក៏​សម្រួល​រឿង​ច្រើន​​ដែរ ​ហើយ​រឿង​ហ្នឹង​ក្រសួង​មុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​ឱ្យ​ជាប់! ខ្ញុំ​អត់ឱ្យ​រឿង​នេះ​មួយ​របូត​ទេ របូត​រឿង​ហ្នឹង ទទួលខុសត្រូវ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ​អត់ឱ្យ​របូត​បានទេ!...”។ សម្ដេចបន្តថា “​មួយ​ខែ​មាន តែ៣០​ថ្ងៃ ឬ ៣១​​ថ្ងៃ តែ​ប៉ុន​ហ្នឹង អត់​មាន ១​ខែ ៤០​ថ្ងៃ ៥០​ថ្ងៃ ៦០​ថ្ងៃ​ ដូច​កាលពី​ពេលមុន​ទេ សុំ​បញ្ជាក់! សូម​ឱ្យ​ដំណើរការ​​វា​ទៅ​ទាំងអស់។

ពាក់ព័ន្ធដល់​ការចរចា​ជាមួយ​ប​ក្ស​​ប្រឆាំង​សម្ដេចតេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​​ថា “និយាយម្ដ​ង​​អីចេះ ម្ដង​អីចុះ​ ខ្ញុំ​អត់​និយាយ​រឿងនយោបាយ​ទេ ខ្ជិល! ទុក​មួយ​កន្លែង​ទៅ! កុំ​ខ្វល់​ពេក!...”​។ ​“អីចឹង ទេ​ដំណើរការ​ធម្មតា វា​អត់​មានអី ព្រោះសង្គម​ប្រជាធិបតេយ្យ! ហើយ​នៅ​លើលោកិយ៍​នេះ វា​អត់​មាន​អ្វី​ដែល​ដូច​គ្នា​ទាំងអស់​ទេ វា​មាន​អ្នកខ្លះ គេ​សប្បាយ​ទៅ​អ្នក ខ្លះ​គេ​យំ​ទៅ ប៉ុន្តែ​ធ្វើ​ម៉េច​ឱ្យ​អ្នក​សប្បាយ នោះ វា​ច្រើនជាង​អ្នក​យំ នោះ​វា​ចប់​រឿងហើយ!... កុំ​ខ្វល់​ច្រើន​និយាយ​ត​ទៅ​វា​នាំបង្កើត​រឿង​​ត​ភាគ អីចឹង​ខ្ជិល​និយាយ!...”។ ​សម្ដេចតេជោ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងដែរ​ថា “១៨ ឧសភា បោះឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សា ខេត្ត ស្រុក ខ័ណ្ឌ ក្រុង​បោះ​ទៅ! អាហ្នឹង​ធម្មតា!​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោតគេ​ធ្វើការធម្មតា​របស់​គេ​ទៅ​បក្សនយោបាយនានា រហូតដល់៥ ចុះ​ឈ្មោះ​បោះឆ្នោតធម្មតា តើ​វា​មានអី​ខុសធម្មតា​ឥឡូវ​ហ្នឹង? វា​ខុស​តែ​អ្នក​ដែល​ធ្វើ​ខ្លួនឯង ឱ្យ​ខុស​នោះ តើ!, ឧទាហរណ៍ គេ​ចូល​សាលា ឯង​អត់ ចូល​សាលា អីចឹង​ចាប់បង្ខំ​ឱ្យ​អ្នក​ចូល​សាលា ធ្វើតាម​ខ្លួន​មិន​ចូល​សាលា​ដែរ?... តែ​គេ ចូល​សាលា, ចូល​សាលា​ហើយ​អ្នក​មិន ចូល​សាលា វា​នៅ​ក្រៅ​សាលា​ហើយ វា​ចប់ ត្រឹម​ប៉ុណ្ណឹង!, ឱ្យ​យើង​ចូល​សាលា ហើយ អត់​រៀន ដើម្បី​រង់ចាំ​អ្នក​នៅ​ក្រៅ​សាលា អ្នកណា​ធ្វើកើត ធ្វើ​វា​មិនកើត ហើយ​មក បន្ទោស​គេ!... ទៅហើយ!...”។​

ទាក់​ទង​ទៅនឹង​ដំណើរ​ទស្សនកិច្ច​ជាផ្លូវ​ការ និង​ជាប្រវត្តិសាស្រ្ត​ទៅ​កាន់អាស៊ែបៃ ហ្សង់ និងបេឡារុសកាល​ពីពេល​ថ្មីៗនេះ សម្តេចតេជោ​ថ្លែង​ថា ដំណើរទស្សន​កិច្ច​នេះគឺ មានគោល​ដៅ​លក់​ទំនិញ​កម្ពុជាឲ្យគេ ដែល​ជា​បញ្ហា​ធំ និង​មានគោលដៅ​ទិញ​ទំនិញ​ពីគេ មកវិញ​ដែល​មាន​តម្លៃថោក​ផងដែរ ។ សម្តេចតេជោ​មាន​ប្រសាសន៍​ថា រឿង​នយោបាយ​ជា រឿង​មួយ ប៉ុន្តែការយក​ការទូត​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍​ជាដើម ហើយ​ការទូត​បច្ចុប្បន្ន​គឺជាការទូត​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​ហើយ យក​បញ្ហា​សេដ្ឋកិច្ច​ទៅ​ពង្រឹង​លើ​បញ្ហា​នយោបាយ។

សម្ដេចតេ​ជោនាយករដ្ឋមន្ត្រី​ក៏​បានមាន​ប្រសាសន៍​​ផ្ដាំផ្ញើ​ខ្លះ​ទៅ​អ្នកច្បាប់ និង​អង្គការក្រៅរដ្ឋាភិបាល​សង្គមស៊ីវិល​មួយចំនួន ដែល​បាន​រិះគន់​ចំពោះរា​ជរដ្ឋា​ភិបាល ​ដែលបាន​​អនុម័ត​សេចក្ដីព្រាង​ច្បាប់​ចំនួន​បី ​​ដែល​រៀបចំ​ដោយ​ក្រសួងយុត្តិធម៌ ថា​មិន​បាន​បញ្ជូន​សេចក្ដីព្រាងច្បាប់​ទាំងនោះ ឱ្យ​សង្គម​ស៊ីវិល ដើម្បី​បាន​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​ពលរដ្ឋ​នោះ​ផងថា វា​គ្មាន​ច្បាប់​ណា​ដែល​ចែង​ថា​ឲ្យ​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​ទៅ​សង្គម​ស៊ីវិល​ត្រួតពិនិត្យ​នោះ​ទេ គឺ​មាន​តែ​បញ្ជូន​ឲ្យ​រដ្ឋ​សភា​អនុម័ត​។ 

​សម្ដេច​តេជោបាន​មាន​ប្រសាសន៍ថា “បញ្ញត្តិ​ច្បាប់​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​មិន​អនុញ្ញាត​ឱ្យ​យើង​ទៅ​ប្រគល់ឱ្យ​អ្នកណា​ក្រៅតែពី​៖ អ្នក​ធ្វើ​សេចក្ដីព្រាងច្បាប់ ហើយ​គេ​បញ្ជូន​មក​គណៈរដ្ឋមន្ត្រី, គណៈរដ្ឋមន្ត្រី មាន​កន្លែង​សម្រាប់​បញ្ជូន គឺ​សភា! គេ​អត់​ប្រាប់ថា ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល លោក​នេះ​ទេ, អត់​ប្រាប់​ទេ! សូម​កុំអាល ទារ​សិទ្ធិ​ហួស!...” “​សុំ​អស់លោក​ខ្លះ​មេត្តា ចេះ​ខ្មាសអៀន កុំ​ទាមទារ​យក​កិច្ចការ​របស់​គេ​ទៅ​ធ្វើ!... រួច​ច្បាប់​នោះ សួរ​ថា​អនុម័តបានទេ?  លើកលែង​តែ​អត់​មាន​កូរ៉ុម​ប្រជុំ តែ​មាន​កូរ៉ុម​ប្រជុំ​សំឡេង​អនុម័ត​គ្រប់គ្រាន់​គេ ធ្វើ​ហើយ កុំ​ឆ្ងល់​ពេក!”​។​

​សូមបញ្ជាក់​ថា និស្សិត​ជ័យលាភី ថ្នាក់ បរិញ្ញាបត្ររង, បរិញ្ញាបត្រ និង​បរិញ្ញាបត្រ ជាន់ខ្ពស់ នៃ​សាកលវិទ្យាល័យ​អាស៊ី អឺរ៉ុប ចំនួន ១.៨២៣​នាក់ ដែល​បាន​បញ្ចប់​ការ សិក្សា ក្នុង​ឆ្នាំ​សិក្សា​២០១១-២០១២ បាន​ទទួល​សញ្ញាបត្រ​ក្រោម​អធិបតីភាព សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ដល់​និស្សិត​​លោក ឌួង លាង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុបបានឱ្យដឹងថា ក្នុងចំណោម​និស្សិត​ជ័យលាភី ដែល​ត្រូវ​ទទួល​សញ្ញាបត្រ​នេះ​ក៏​មាន​និស្សិត អាហារូបករណ៍ របស់​សម្តេច​តេជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន ៥២​នាក់ ផងដែរ​។​

​ព្រមជាមួយ សេចក្ដី​រីករាយ​សាទរ និង សរសើរ​ចំពោះ​និស្សិត​ជា​ជ័យលាភី ក៏​ដូច ជា ការប្រឹងប្រែង​រួមគ្នា ដែល​ធ្វើឱ្យ​វិស័យ អប់រំ​កម្ពុជា បាន​រីកចម្រើន​នោះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ក៏​បាន​ផ្តាំផ្ញើ ដល់​គ្រប់​គ្រឹះស្ថាន អប់រំ​ទាំង​របស់​រដ្ឋ និង​ឯកជន​ឱ្យ​បន្ត ការយកចិត្តទុកដាក់​លើ​ការពង្រឹង​គុណភាព​អប់រំ ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​៕

សម្តេចតេជោ​នាយករដ្ឋ​មន្រ្តីមាន​ប្រសាស​ន៍ ថា ខ្ញុំសូមថ្លែង​នូវការ​អបអរ​សាទរចំពោះ​ជ័យលាភី ដែលទទួល​សញ្ញា​បត្រ នៅថ្ងៃ​នេះ ប៉ុន្តែសូ​មនិស្សិត​ទាំងអស់​ចាំថា ការសិក្សា​របស់​យើង​មិន​បញ្ចប់​ត្រឹម​ថ្ងៃដែល យើង​ទទួលសញ្ញាបត្រ​នាថ្ងៃ​នេះ​ទេ និស្សិត​ទាំង​អស់ត្រូវ​បន្ត​ទៅ ទៀត​នៅក្នុង​ការសិក្សា របស់យើង ។ សម្តេចតេជោ​មាន​ប្រសាសន៍​ថា គ្មានអ្នកណា​មួយសិក្សា​ដោយ​ចប់​ថ្នាក់ បណ្ឌិតហើយ រួចហើយ​និយាយថា ចប់​នោះ មិនមែនអញ្ចឹង​ទេ ហើយ​ក៏សូម កុំនិយា​យថា ខ្លួនធ្វើរដ្ឋ​មន្រ្តី ធ្វើនាយករដ្ឋមន្រ្តី ឬឧប​នាយ​ករ​ដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី​ ខ្លួ​នចេះ​អស់ហើ​យ មិន ចាំបា​ច់​អ្ន​កណាប្រា​ប់នោះ​ទេ ។

សម្តេចតេជោនាយករដ្ឋ​មន្រ្តីមានប្រសាសន៍ថា យើង​ទាំងអ​ស់គ្នាត្រូវ​រៀនមិ​នឈប់ ហើយ មនុស្សតែ​ចូល​ក្នុងកម្រិ​តអភិ​រក្សហើយ​គ្រោះថ្នាក់ខ្លាំង​ណាស់ ។ យើងកុំភ្លេចថា សភាព ការណ៍ចេះតែវិវត្តន៍ ដែលតម្រូវឲ្យយើងតា​មសភាពកា​រណ៍នោះឲ្យជា​ប់ ។ ឥឡូវនេះ សម្ភារ ទំ​នើប​ណាស់ ប៉ុន្តែបើមនុ​ស្សមិ​ន ទំនើប​ក៏មិន​ដឹងធ្វើដូច​ម្តេច​ដែរ ។

សម្តេចតេជោ​ក៏បានអបអរសាទរ​ការសរសើរ​ចំពោះ​ជ័យលាភី និងបានជំរុ​ញដល់​ គ្រប់គ្រឹះស្ថានអប់រំទាំងអស់ ទាំ​ងគ្រឹះស្ថាន​អប់រំរ​បស់រដ្ឋ និងឯ​កជនត្រូវ​បន្តការយកចិ​ត្តទុក ដាក់ពង្រឹងពី​បញ្ហាគុ​ណភាពអប់រំនេះឲ្យ​បាន​កាន់តែប្រសើ​រឡើង​ថែមទៀត​ផងដែរ។សម្តេច តេជោនាយ​ករដ្ឋ មន្ត្រីបាន​យកឱកាសនេះ លើកឡើ​ងពីកិ​ច្ចការនានា​ជាច្រើនដែ​លសម្តេច កំពុងប​ន្តយក​ចិត្តទុក​ដាក់គិត​គូនិង ចុះហត្ថលេខាលើ ​ឯកសា​រជាច្រើន ជាពិសេសកា​រ ប្រគល់ប័ណ្ណក​ម្មសិទ្ធិ ដែលកំពុង​វាស់វែ​ងដីធ្លីក្នុង​ក្រប​ខណ្ឌ​នៃគោលន​យោបាយ​ចាស់ សកម្មភាពថ្មី លើវិ​ស័យដីធ្លី ដែលមា​ននិស្សិ​តអាស៊ី អ៊ឺរ៉ុបក៏បា​នចូលរួមនោះ៕

ឯកឧត្តម យឹម ណុលឡា អញ្ជើញ​​ជា​អធិបតី​បើក​សន្និសីទ្ធ​​អន្តរជាតិ​ស្តីពី​ការ​​អភិវឌ្ឍន៍​វិស័យ​​អប់រំ​អ៊ីស្លាម និង​​សេដ្ឋកិច្ច

នៅ​សណ្ឋាគារ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤ ឯកឧត្តម យឹម ណុលឡា ទេស​រដ្ឋមន្ត្រី​ទទួល​​បន្ទុក​បេសកកម្ម​ពិសេស តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​អញ្ជើញ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​បើក​សន្និសីទ្ធ​អន្តរជាតិ​ស្តីពីការ​អភិវឌ្ឍន៍​វិស័យ​អប់រំអ៊ីស្លាម និង​សេដ្ឋកិច្ច និង​ពិធី​ចុះ​ហត្ថលេខា​សាង​សង់​មហាវិទ្យាល័យ​សិក្សា​​អ៊ីស្លាម​មួយ​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។

លោក មូហាំម៉ាត់ ហ្វារឹតហូសេន ប្រធាន​ប្រតិបត្តិ​ក្រុម​ប្រឹក្សា​អ៊ីស្លាម​អភិវឌ្ឍន៍​កម្ពុជា ដែល​ជា​អ្នក​រៀប​ចំ​សន្និសីទ្ធ​បាន​ឲ្យ​ដឹង​ថា សន្និសីទ្ធ​អន្តរជាតិ​ដែល​រៀបចំ​ឡើង​ក្រោម​ប្រធាន​បទ អភិវឌ្ឍន៍​វិស័យ​អប់រំអ៊ីស្លាម និង​សេដ្ឋកិច្ច ដែល​មាន​ភ្ញៀវ​ចំនួន ២០០នាក់​ចូល​រួម ក្នុងនោះ​ភ្ញៀវ​អន្តរជាតិចំនួន​៥០រូប រួម​មាន តំណាង​ទូត​គុយវែត និង​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា និង​​តំណាង​អង្គការ​អ៊ីស្លាមអន្តរជាតិ​ផ្សេងទៀតផងនោះ មានគោល​បំណង​សំខាន់​៣ចំណុច គឺ៖

ទី១, ធ្វើការ​សិក្សា​ពី​កត្តាដែល​នាំ​ឲ្យ​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​អភិវឌ្ឍន៍​សហគមន៍​ខ្មែរ​អ៊ីស្លាម ទាំង​ផ្នែក​អប់រំ​អ៊ីស្លាម និង​សេដ្ឋ​កិច្ច។

ទី២, ពិគ្រោះ​រក​យុទ្ធ​សាស្ត្រ​ដើម្បី​កំណត់​នូវ​ភាព​ខ្លាំង និង​ឱកាស​សម្រាប់​អភិវឌ្ឍន៍​សហគមន៍​ខ្មែរ​អ៊ីស្លាម​ប្រកប​ដោយ​ស្ថិរ​ភាព និង​និរន្តរភាព។

ទី៣, បង្កើត​នូវ​បណ្តាញ​ទំនាក់​ទំនង​ជាមួយ​អង្គការ​អន្តរជាតិ​ជាដៃគូ ក្នុង​ការ​ស្វែង​រក​យុត្តិសាស្ត្រ ដើម្បី​អភិវឌ្ឍន៍​សហគមន៍​អ៊ីស្លាម និង​ប្រទេស​ជាតិ​ទាំង​មូលដោយ​ ​ចាត់​ទុកសន្និសិទ្ធអន្តរជាតិ​ស្តីពីការ​អភិវឌ្ឍន៍​វិស័យ​អប់រំអ៊ីស្លាម និង​សេដ្ឋកិច្ច ជា​វេទិការសម្រាប់​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ការ​អនុវត្ត​ល្អៗដើម្បី​ធ្វើ​ឲ្យកាន់​តែ​ប្រសើរ​នូវ​ប្រសិទ្ធ​ភាព​នៃ​ការ​អប់រំ​ផ្នែក​សាសនា​អ៊ីស្លាម ក្នុង​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ​ធានាឲ្យ​មាន​សុខ​សន្តិភាព សុខដុមរមនា និង​វិបុល​ភាព ឯកឧត្តម យឹម ណុលឡា បាន​រំលឹក​ឡើង​វិញ​អំពី​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ និង​កំណើន​សេដ្ឋកិច្ច​គួរឲ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​​ទស្សវត្សរ៍ចុងក្រោយ​នេះ​។

ឯកឧត្តម យឹម ណុលឡា ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សាសេដ្ឋកិច្ច​ សង្គមកិច្ច និង​វប្បធម៌ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១២ កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច ៧,២ភាគរយ ហើយ​អត្រា​កំណើន​នេះ​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា ស្ថិត​នៅ​ក្នុង​រង្វង់ ៧ទៅ៨ ភាគ​រយ នៅ​ឆ្នាំ​បន្ត​បន្ទាប់​ជាមួយ​នឹង​អត្រា​អតិផរណា​ទាប។ ផ្នែក​លើ​កំណើន​ដ៏​ខ្ពស់​នេះ កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​១១ ក្នុង​ចំណោម​ប្រទេស​ដែល​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់លើ​ពិភព​លោក ក្នុង​រយៈ​ពេល​១០ឆ្នាំកន្លង​មក​នេះ​ និង​ជាប់​ចំណាត់​ថ្នាក់​ទី​៥ ក្នុង​ចំណោម​ប្រទេសកំពុង​អភិវឌ្ឍន៍​ដែល​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​សហសវត្សរ៍។

ឯកឧត្តម យឹម ណុលឡា​ បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​ថា កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កំរិត​ទាប​ក្នុង​ពេល​អនាគត​ដ៏ខ្លី​ខាង​មុខ ហើយ​នឹង​ឈាន​ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កំរិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០។

ទាក់​ទង​នឹង​វិស័យ​ជំនឿ​សាសនា ឯកឧត្តម​ យឹម ណុលឡា បាន​មាន​ប្រសាសន៍​ថា កម្ពុជាមានសេរី​ភាព​ខាង​សាសនា និង​គ្មាន​ជម្លោះខាងសាសនា​ទេ។ បង​ប្អូន​ខ្មែរ​អ៊ី​ស្លាម​ទាំង​អស់ សុទ្ធ​តែ​មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​គោរព​ប្រតិបត្តិ​តាម​ជំនឿ​សាសនា​របស់​ខ្លួន ដូច​ជា​សិទ្ធិហ៊ីចាប់ (កន្សែង​គ្របក្បាល) តាម​ប្រពៃណី​សាសនា​អ៊ីស្លាម នៅ​តាម​ទី​សាធារណៈ សិទ្ធិ​សំពះយ៉ាំង(ថ្វាយ​បង្គំ) សិទ្ធិ​ប្រារព្ធ​ពិធី​សូត្រ​គម្ពីរគូរអាន​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ និង​សិទ្ធិ​ប្រារព្ធ​ពិធី​បុណ្យ​ទាន​ផ្សេងៗ​តាម​ប្រពៃណី​សាសនា​អ៊ីស្លាម។

ក្នុងសន្និសីទ្ធ​អន្តរជាតិ​ស្តីពីការ​អភិវឌ្ឍន៍​វិស័យ​អប់រំអ៊ីស្លាម និង​សេដ្ឋកិច្ច ឯកឧត្តម យឹម ណុលឡា ក៏​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ ស្តីពីការ​ផ្តល់​ជំនួយ​កសាង​មហាវិទ្យាល័យ​អ៊ីស្លាម មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដែល​មាន​តម្លៃ​ជាង ២លាន​ដុល្លារ​អាមេរិក​រវាង​លោក មូហាម៉ាត់ ហ្វារឹតហូសេន ប្រធាន​ប្រតិបត្តិក្រុម​ប្រឹក្សាអ៊ីស្លាម​អភិវឌ្ឍន៍កម្ពុជា និង​លោក អ៊ីព្រឹហីម អាច់ឌុលឡោះ​ អាល់​ខូហ្សៃ​យឹម នាយក​ប្រតិបត្តិ​មូល​និធិ Islamic Solidarity, Fund (ISF-OIC) ដែល​ជា​ម្ចាស់​ជំនួយ​ផង​ដែរ។

បច្ចុប្បន្ននេះ​នៅកម្ពុជា មាន​វិហារ​អ៊ីស្លាម​ប្រមាណ​៤០០ ស៊ូរ៉ាវចំនួនជាង ៤០០ និង​សាលារៀន​មាន​ចំនួន ២០០ ហើយ​ចំនួន​ទួន (គ្រូបង្រៀន​សាសនា) ក៏បាន​កើន​ឡើង​ច្រើន​ផង​ដែរ។ លើ​ស​ពី​នេះ​ទៀត​និស្សិត​ខ្មែរ​អ៊ីស្លាម​ជា​ច្រើន​នាក់ បាន​បន្ត​ការ​សិក្សា​នៅ​កម្រិត​ឧត្តម​សិក្សា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ ឯកឧត្តម យឹម ណុលឡា។

លោក មូហាម៉ាត់ ហ្វារឹតហូសេន ប្រធាន​ប្រតិបត្តិក្រុម​ប្រឹក្សាអ៊ីស្លាម​អភិវឌ្ឍន៍កម្ពុជាបាន​ឲ្យ​ដឹង​ថា មុន​របប​ខ្មែរក្រហម​នៅ​កម្ពុជា មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ជាង ៧០០ពាន់នាក់។ ក្នុង​របប​ប៉ុលពត​អ្នក​កាន់​សាសនា​អ៊ីស្លាម​ប្រហែល ៥០០ពាន់​នាក់​ត្រូវ​បាន​សម្លាប់​ ដែល​ធ្វើ​ឲ្យ​សហគមន៍​ខ្មែរ​អ៊ីស្លាម​បាត់​បង់​ធន​ធាន​មនុស្ស​ជា​ច្រើន​។ លោក មូហាម៉ាត់ ហ្វារឹតហូសេន ​បាន​បញ្ជាក់​ថា ក្រោយ​ថ្ងៃ​ ៧មករា ឆ្នាំ​១៩៧៩ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​សម្តេច​ទាំង​បី និង​សហគមន៍​ខ្មែរ​អ៊ីស្លាម​បាន​បញ្ជូន​កូន​ចៅ​ទៅ​សិក្សា​នៅ​បរទេស​ ដើម្បី​យក​ចំណេះដឹង​ត្រឡប់​មក​ជួយ​កិច្ចការ​ក្នុង​សហគមន៍​វិញ៕

Monday, April 28, 2014

ពិធី​ប្រគល់​សញ្ញា​បត្រ ថ្នាក់​បរិញ្ញា​បត្រ​រង ថ្នាក់​បរិញ្ញា​បត្រ និង​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ជូន​ដល់​និស្សិត នៃ​សាកល​វិទ្យាល័យ អាស៊ី អឺរ៉ុប ក្រោម​អធិ​បតី​ភាព​ដ៏​ខ្ពង​ខ្ពស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា

រដ្ឋ​មន្ត្រី​​ក្រសួង​​សេដ្ឋកិច្ច ពាណិ​ជ្ជកម្ម និង​​ឧស្សា​ហកម្ម​​ជប៉ុន​​មក​​ជម្រុញ​​កិច្ច​​សហប្រតិ​បត្តិការ​​​សេដ្ឋកិច្ច​ជា​មួយ​​កម្ពុជា​

ឯកឧត្ដម តូស្សីមីស៊ុយ មូតេក (Toshimisu Motegp) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម នៃ​ប្រទេស​ជប៉ុន​ នារសៀលថ្ងៃទី២៧ ខែមេសា​ឆ្នាំ​២០១៤ បាន​ជម្រាប​ជូន​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃព្រះ​រាជាណា​ចក្រ​កម្ពុជា​អំពីកា​រ​រីកចម្រើន​ នៃកិច្ចពិភាក្សា​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ។
 
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេជោ​បាន​ឲ្យដឹងថា ក្នុងជំនួប​សម្តែង​ការគួរ​សម​នៅវិមាន​សន្តិភាព ឯកឧត្ដម តូស្សីមីស៊ុយ មូតេក (Toshimisu Motegp) បាន​ជម្រាប​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រីថា កាល​ពីព្រឹក​មិញ​នេះ (ថ្ងៃ​ទី​២៧ មេសា) ឯកឧត្ដម​​បាន​​ជួប​​ជាមួយ​​សមា​ភាគី​រដ្ឋមន្ត្រី​របស់​កម្ពុជា ដែលក្នុង​ជំនួប​នោះ មាន​ទិស​​ដៅ​​ដើម្បី​​ជំរុញ​ល្បឿន​​បន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិ​បត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ។ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ពាណិ​ជ្ជកម្ម​ជប៉ុន បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា នៅក្នុង​​ដំណើរ​​ទស្សន​​កិច្ច​​មក​កាន់​​កម្ពុជា​នេះ មាន​​វត្តមាន​​ថ្នាក់​​ដឹក​​នាំ​​របស់​ក្រុម​ហ៊ុន​ដែល​នាំមុខ​នៅក្នុង​ប្រទេស​ជប៉ុន ហើយការ​ចូល​រួម​របស់ប្រតិភូ​ក្នុង​ដំណើរ​ទស្សន​កិច្ចនេះ គឺដើម្បី​​ជំរុញ​​ធ្វើ​យ៉ាង​ណា​ឲ្យមាន​ទំនាក់​ទំនងកាន់​តែប្រសើរ​ឡើង​រវាងកម្ពុជា និងជប៉ុនផង និងជំរុញ​វិនិយោគ​ជប៉ុន​មកកាន់​កម្ពុជា​ផង ព្រោះថា កម្ពុជាមានសក្ដានុពលខ្ពស់ ជាពិសេស​នៅពេល​ដែល​កម្ពុជា​កំពុង​តែធ្វើ​សមាហ​រណកម្ម​តំបន់​ក្នុង​តំបន់​អាស៊ាន។​ ជាមួយ​គ្នានេះ​ដែរ ក្រុមហ៊ុន​ជប៉ុនមាន​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្លាំង​ចំពោះ​សក្ដានុពល​ទាំង​ឡាយ ដែលមាន​​នៅក្នុង​​​ព្រះ​រា​ជាណា​​ចក្រ​​កម្ពុជា ពិសេស​ប្រជាជន​ជប៉ុន​មាន​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​វិស័យ​ទេសចរណ៍ ដូចជា​អង្គរ​វត្ត អង្គរធំ​ក៏ដូច​ជាស្ថាន​ភាពរួម​ជាក់​ស្ដែង​នៅកម្ពុជា​ផង​ដែរ។ សូម​បញ្ជាក់​ថា តាមរយៈ​​ប្រធាន​​អង្គកា​រ​ចេត្រូ​​បាន​​ឲ្យដឹង​ថា ថ្មីៗ​នេះមាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ ១០០ ក្រុម​ហ៊ុន​​បា​ន​ចូល​​មក​​វិនិយោគ​​នៅ​ក្នុង​​ព្រះរា​​ជាណា​​ចក្រ​កម្ពុជា។
 
សម្ដេចតេជោនាយករដ្ឋមន្ត្រី​បានមា​​នប្រសាសន៍​ស្វាគមន៍ នូវរាល់កិច្ចពិភាក្សាលើគម្រោងនានា ក្នុង​ទិស​ដៅ​ពង្រឹង​ភាព​ជា​ដៃគូរវាងកម្ពុជា និងជប៉ុន។ សម្ដេចមានប្រសាសន៍ថា ជប៉ុន​គឺជា​ប្រទេស​ដែល​បាន​ផ្ដល់​ជំនួយ​ធំជាង​គេ​សម្រាប់​ការ​អភិវឌ្ឍកម្ពុជា ហើយ​ក៏ជា​ប្រទេស​ដែលបាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វែង​រក​សន្តិភាព​សម្រាប់​កម្ពុជា​ផងដែរ។ 
 
សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា កម្ពុជា​សព្វ​ថ្ងៃនេះ​មិនត្រឹមតែចង់​បាននូវ​ជំនួយ​ពីប្រទេស​ជប៉ុន​ប៉ុណ្ណោះទេ ប៉ុន្តែគឺចង់បានភាពជាដៃគូអ្នកវិនិ យោគ​ដែលមកវិនិយោគនៅកម្ពុជា ហើយ​នាំផលិត​ផល​ពីកម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​វិញ។ កម្ពុជា​ក៏មាន​មហិច្ឆតា​ចង់ឱ្យ​មានអ្នក វិនិយោគជប៉ុន មកកាន់កម្ពុជា ហើយ ផលិត​នូវ​ផលិត​ផលនាំ​ទៅកាន់​ទីផ្សា​រ ពិភពលោក ហើយក្នុងន័យនេះ សហគ្រាស ធុនតូច និងមធ្យម គឺជាគោលដៅ ដែល កម្ពុជាចង់បាន។ ជាង​នេះទៀត​កម្ពុជាក៏ ចង់បានឧស្សាហកម្មថ្មីៗ និង​រក្សា​ឧស្សាហ​កម្ម​ដែល​មាន​ស្រាប់ និងជំរុញការផលិត ឧស្សាហកម្ម បង្កើនតម្លៃបន្ថែម ដែលកម្ពុជាមានធនធានវត្ថុធាតុដើមស្រាប់ដូចជា អង្ករ ដំឡូង និងកៅស៊ូជាដើម៕

ប្រតិភូ​​ជាន់​ខ្ពស់ ​នៃ​​រាជ​​រដ្ឋា​ភិបាល​​កម្ពុជា​​​បញ្ចប់​​ទស្សន​កិច្ច​​ដោយ​​ជោគ​ជ័យ​​នៅ​​​អា​ស៊ែ​បៃ​ហ្ស​ង់ និង​​​បេឡា​រុស

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់ ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​​បាន​ធ្វើ​មាតុភូមិ ​និវត្តន៍​មកដល់​កម្ពុជា​ប្រកបដោយ​សុវត្ថិភាព នា​​រសៀល​ថ្ងៃ​ទី២៦ ​ខែមេសា​ឆ្នាំ​២០១៤ តាម​ជើង​យន្តហោះ​ពិសេសបន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ជា​ប្រវត្តិសាស្ត្រ​នៅ​ឯ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ និង​សាធារណរដ្ឋ​បេឡា​រុសអស់​រយៈ​ពេល​៥ថ្ងៃ ​ប្រកបដោយ​ជោគជ័យ​។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ​បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា នៅ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្សា​ន់ សម្ដេច​តេ​ជោ​បាន​ជួបពិភាក្សា​ផ្លូវការ​ជាមួយ​ឯកឧត្ដម​នាយករដ្ឋមន្ត្រី​ ឯកឧត្ដម​ប្រធានាធិបតី ​និង​ឯកឧត្ដម​ប្រធាន​សភាជាតិ​នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់។

ឯកឧត្ដម កៅ គឹមហួនមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ឆ្នាំនេះ​គឺ​ឆ្នាំ​ទី​២០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ហើយ​ក្នុង​ទស្សនកិច្ច​នេះ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​បង្កើត​គណៈកម្មការ​ចម្រុះ​ពាណិជ្ជ​កម្ម និង​សេដ្ឋកិច្ច និង​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​បាន​ក្នុង​ការ​ធ្វើ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ការពារ​វិនិយោគ​ កិច្ចព្រមព្រៀង​កុំ​ឲ្យ​មានការ​យកពន្ធ​ត្រួត​គ្នា​រវាង​ប្រទេស​ទាំងពីរ។ ​​សម្ដេច​តេ​ជោនាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ ដែល​បានផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ពី​ឆ្នាំ២០១៤ ដល់​ឆ្នាំ២០១៦ ហើយសម្តេច​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​អា​ស៊ែ​បៃ​ហ្ស​ង់​ផ្ដល់​អាហារូបករណ៍​បន្ថែមទៀត ពិសេស​ការសិក្សា​ទៅលើ​វិស័យ​ប្រេង និង​ឧស្ម័ន។ ឯកឧត្តម កៅ គឹមហួន បាន​ឲ្យ​ដឹង​ថា ​នា​ពេល​អនាគត​ខាងមុខនេះ​កម្ពុជា ក៏​មានគម្រោង​ដាក់​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​អា​ស៊ែ​របៃ​ហ្ស​ង់​ផង​ដែរ។

ដោយ​ឡែក​នៅ​ក្នុង​ដំណើរ​ទស្ស​នកិច្ច​រយៈពេល ២ថ្ងៃ​ គឺ​នៅ​ថ្ងៃទី២៣ និង២៤ ខែមេសា​ នៅ​ទីក្រុង​មីន​ស្ក នៃ​សាធារណរដ្ឋ​បេឡា​រុស ​ ​ឯកឧត្ដម​ កៅ គឹមហួន បាន​មាន​ប្រសាសន៍​ថា ​​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី ប្រធានាធិបតី ប្រធាន​ក្រុមប្រឹក្សា​រដ្ឋសភា​ជាតិ និង​អនុប្រ​ធាន​រដ្ឋសភា​ជាតិ នៃ​សាធារណរដ្ឋ​បេឡា​រុស ដែល​ទិសដៅនៃការ​ជួប​ពិភាក្សា​នោះ ​សំខាន់​គឺ​ដើម្បី​ពង្រឹង ​និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ (កម្ពុជា-បេឡារុស)។ នៅក្នុង​ដំណើរ​ទស្សនកិច្ចនៅ​ប្រទេស​បេឡារុស ​ភាគីប្រទេស​ទាំងពីរ ​(កម្ពុជា-បេឡារុស) បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​១០ ដែល​ក្នុង​នោះ​មាន​សេចក្ដីថ្លែងការណ៍​រួម​១ កិច្ចព្រមព្រៀង​ចំនួន៦ និង​អនុស្សរណៈ​ចំនួន៣។ ប្រទេស​ទាំងពីរ​ក៏បាន​ឯកភាព​គ្នា​ជំរុញ​បង្កើត​គណៈកម្មការ​រួម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ហើយ​ក៏បាន​ឯកភាព​គ្នា​ផង​ដែរ ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ប្រារព្ធ​ខួប​ទី​២០ នៃ​ទំនាក់ ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ​សម្រាប់​ឆ្នាំ២០១៥។ ភាគី​បេឡា​រុស​ក៏បាន​ស្នើ​ឲ្យ​មានការ ហោះហើរ​ពី​បេឡា​រុស​មក​កាន់​កម្ពុជា ក្នុង​ជំហាន​ទីមួយ​ក្នុង​មួយ​សប្ដាហ៍​ម្ដង​ ក្រៅ​ពី​នេះ​ប្រទេស​កម្ពុជា​ក៏បាន​ឯកភាព​ផង​ដែរ ចំពោះ​ការ​ស្នើ​ក្នុង​ការ​បង្កើតកុងស៊ុល​កិត្តិយស​ នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា​របស់​ប្រទេស​បេឡា​រុស។

អញ្ជើញ​ទទួល​ដំណើរ​មកដល់​របស់ ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំ​ពេញ​មាន​វត្តមាន​ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ​ព្រមទាំង​មន្ត្រី​សំខាន់ៗ​មួយ​ចំនួនទៀត៕