Thursday, January 04, 2024

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ផ្ញើសារលិខិតគោរពជូនពរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួប ៤៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍


(ភ្នំពេញ)៖ ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមផ្ញើសារលិខិត គោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ៤៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។


នៅក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមគោរពអនុញ្ញាតសម្តែងនូវអំណរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ប្រកបដោយមនោសញ្ចេតនា រំភើបរីករាយក្រៃលែង និងសូមបួងសួងដល់ទេវតាសូមប្រសិទ្ធពរជ័យ ដល់ចំណងអាពាហ៍ពិពាហ៍ ដែលបានកើតឡើងក្នុងគ្រាដ៏សែនកម្សត់នោះ ឱ្យកាន់តែផ្អែមល្ហែម ត្រជាក់ត្រជំដូចទឹកអម្រឹត និងសូមប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបន្តចូលរួមដឹកនាំប្រទេស ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ មានភាពរីកចម្រើនរុងរឿង ក្រោមដំបូលមហាសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តរៀងទៅ។


ជាថ្មីម្ដងទៀត ឆ្លៀតក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាលនេះ យើងខ្ញុំ សូមលើកហត្ថបូងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សា ប្រោះព្រំប្រទានសព្ទសាធុការវារជ័យ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់របស់សម្តេច សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បីពិភាក្សាអំពីតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ




ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារចំពោះកិច្ច ប្រជុំពិភាក្សាអំពីតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អភិបាលរងខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ត្រីពាក់ព័ន្ធផងដែរ។ 


ក្រោមការងារចង្អុលបង្ហាញដោយផ្ទាល់ពីសម្ដេចមហាបវរធិបតីក្នុងការបង្កើតក្រុមការងារចំពោះកិច្ចដោះស្រាយលើតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រជុំដោយផ្ទាល់ដើម្បីជជែកពិភាក្សាការងារ ដោយក្នុងនោះអង្គប្រជុំបានសម្រេចនឹងចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនាពេលខាងមុខ។ បន្ទាប់ពីការចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានរួចរាល់ ក្រុមការងារចំពោះកិច្ចនឹងជួបជជែកជាមួយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្រប ជូនប្រជាពលរដ្ឋ។






ប្រជាពលរដ្ឋ និងនិស្សិតខ្មែរ បន្តចេញសារស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំង


ប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅប្រទេសបារាំង និងតំបន់អ៊ឺរ៉ុប បានចេញវីដេអូគាំទ្រ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងដឹកនាំប្រតិភូកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤ នៅប្រទេសស្វីស នាថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។


តាមរយៈវីដេអូឃ្លីប ប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅប្រទេសបារាំង និងតំបន់អ៊ឺរ៉ុប បានលើកឡើងថា ពួកគេពិតជាមានភាពកក់ក្តៅ និងក្តីរំភើបយ៉ាងខ្លាំងបន្ទាប់ពីឮដំណឹងថា សម្តេចធិបតីនាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសបារាំង និងស្វីសនាពេលខាងមុខនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤ នៅប្រទេសស្វីស។


ប្រជាពលរដ្ឋ និងនិស្សិតខ្មែរ រំពឹងថា តាមរយៈដំណើរទស្សនកិច្ចជាលើកដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសបារាំង និងស្វីសនេះ នឹងទទួលបានផ្លែផ្កា និងផលប្រយោជន៍ជាច្រើនបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។


សូមជម្រាបថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចក្រៅផ្លូវការនៅប្រទេសបារាំងចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤នេះ ខាងមុខនេះហើយបន្ទាប់មកសម្តេច នឹងអញ្ជើញបន្តដំណើរទៅកាន់ប្រទេសស្វីសដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤។


តាមរយៈដំណើរទស្សនកិច្ចនេះ នឹងជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចជា វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី។ ដំណើរទស្សនកិច្ចនេះ ក៏នឹងបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដែលកំពុងប្រឈមមុខផងដែរ៕

Wednesday, January 03, 2024

លោក ឡុង គឹមឃន ឬ «សូ សមយុទ្ធ» គោរពស្នើសុំសម្ដេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា






បើតាមឆានែលតេឡេក្រាមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ នេះ លោក ឡុង គឹមឃន ឬហៅក្រៅថា «សូ សមយុទ្ធ» បានសរសេរលិខិតមួយច្បាប់គោរពស្នើសុំសម្ដេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។


ឆ្លើយតបទៅនឹងលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារនៅលើឆានែលតេឡេក្រាមដដែល ដោយស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោក ឡុង គឹមឃន ហៅ សូ សមយុទ្ធ នេះមកក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា។


«ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូម

ស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក

ឡុង គឹមឃន (ឈ្មោះហៅក្រៅ

សូ សមយុទ្ធ)ដែលសុំមកចូលរួមជីវភាព

នយោបាយជាមួយគណបក្សប្រជាជន

កម្ពុជា។»


គួរបញ្ជាក់ថា លោក ឡុង គឹមឃន តែងតែសរសេរអត្ថបទរិះគន់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច ហើយលើកសសើរគណបក្សប្រឆាំង ដោយប្រើគណនីហ្វេសប៊ុកឈ្មោះ សូ សមយុទ្ធ៕





សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បានបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យទឹកស្អាត


នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទឹកស្អាត គឺជាប្រភពនៃសុខុមាលភាព និងសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីជាផ្នែកមួយទ្រទ្រង់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ បានបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យទឹក ពិសេសទឹកស្អាត ជូនដល់ប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់បានគ្រប់គ្រាន់តាមតម្រូវការ។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានឈ្មោះថា Samdech Thipadei Hun Manet, Prime Minister of Cambodia។


សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទឹកគឺជាអាទិភាពគន្លឹះទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ មាន «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដោយនៅក្នុងបញ្ចកោណទី២ មានកិច្ចការអាទិភាពចំនួន ៥ ហើយការលើកកម្ពស់ការតភ្ជាប់ និងបង្កើនប្រសិទ្ធភាពវិស័យទឹកស្អាត គឺជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានគោលដៅផ្តោតលើការបន្តកសាង ពង្រឹងមូលដ្ឋានគ្រឹះ និងបុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។ 


គួររំលឹកដែរថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សមិទ្ធផលថ្មីសន្លាងមួយក្នុងទឹកដីខេត្តពោធិ៍សាត់ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ គឺរោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់ ដើម្បីដោះស្រាយកំណើននៃតម្រូវការទឹកស្អាត និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅក្នុងខេត្តពោធិ៍សាត់ ក្រោមគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA។ 


រោងចក្រនេះ មានសមត្ថភាពផលិតបានចំនួន ៦ ៦០០ម៉ែត្រគូប/ថ្ងៃ និងអាចជំរុញសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកពោធិ៍សាត់ដល់ ១៣ ៨៦០ម៉ែត្រគូប/ថ្ងៃ។ ការណ៍នេះ នឹងបន្តពង្រឹងការចែកចាយទឹកស្អាត ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យដល់ប្រជាពលរដ្ឋជាង ១៥ ០០០គ្រួសារ នៅក្នុងក្រុងពោធិ៍សាត់ និងផ្នែកខ្លះនៃស្រុកបាកាន និងស្រុកកណ្តៀង៕








ប្រធានាធិបតីបារាំង ម៉ាក្រុង ផ្ញើលិខិតអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅប្រទេសបារាំង នៅថ្ងៃទី១៨-១៩​ ខែមករា​ ២០២៤






(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ចាប់ពីថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​។ នេះបើយោងតាមលិខិតអញ្ជើញរបស់លោក

ប្រធានាធិបតី ម៉ាក្រុង ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ផ្ញើជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី​ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លិខិតផ្លូវការជាភាសាបារាំងរបស់ប្រធានាធិបតី ម៉ាក្រុង មានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖

ឯកឧត្តមនាយករដ្ឋមន្ត្រីជាទីស្រឡាញ់, មិត្តជាទីស្រឡាញ់

ខណៈដែលព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រនៅប៉ារីសកាលពីខែមុនបានរំឭកឡើងវិញនូវថាមពលនៃមិត្តភាពរវាងប្រទេសយើងទាំងពីរនិងរវាងប្រជាជនយើង ខ្ញុំមានកិត្តិយសអញ្ជើញ ឯកឧត្តម មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នៅថ្ងៃ១៨-១៩ មករា ខាងមុខ។

ទស្សនកិច្ចជាលើកទីមួយនេះនៅប្រទេសបារាំង តាំងពីឯកឧត្តមឡើងកាន់តំណែងនាយករដ្ឋមន្ត្រីនឹងអនុញ្ញាតឱ្យជំរុញទៅមុខ យ៉ាងជាក់ស្តែង នូវវិស័យសំខាន់ៗជាច្រើនដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភ័ណ្ឌ និងហ្រ្វង់កូហ្វូនី។

ខ្ញុំប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅនិងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដែលយើងកំពុងប្រឈមមុខ ជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។ ទស្សនកិច្ចនេះនឹងអនុញ្ញាតឱ្យយើងពិនិត្យមើលមធ្យោបាយនានាដែលយើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់។





ប្រធានាធិបតីបារាំង ម៉ាក្រុង ផ្ញើលិខិតអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅប្រទេសបារាំង នៅថ្ងៃទី១៨-១៩​ ខែមករា​ ២០២៤



(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ចាប់ពីថ្ងៃ១៨-១៩ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​។

លិខិតផ្លូវការជាភាសាបារាំងរបស់ប្រធានាធិបតី ម៉ាក្រុង មានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖

ឯកឧត្តមនាយករដ្ឋមន្ត្រីជាទីស្រឡាញ់, មិត្តជាទីស្រឡាញ់

ខណៈដែលព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រនៅប៉ារីសកាលពីខែមុនបានរំឭកឡើងវិញនូវថាមពលនៃមិត្តភាពរវាងប្រទេសយើងទាំងពីរនិងរវាងប្រជាជនយើង ខ្ញុំមានកិត្តិយសអញ្ជើញ ឯកឧត្តម មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង នៅថ្ងៃ១៨-១៩ មករា ខាងមុខ។

ទស្សនកិច្ចជាលើកទីមួយនេះនៅប្រទេសបារាំង តាំងពីឯកឧត្តមឡើងកាន់តំណែងនាយករដ្ឋមន្ត្រីនឹងអនុញ្ញាតឱ្យជំរុញទៅមុខ យ៉ាងជាក់ស្តែង នូវវិស័យសំខាន់ៗជាច្រើនដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភ័ណ្ឌ និងហ្រ្វង់កូហ្វូនី។

ខ្ញុំប្រាថ្នាចង់ឱ្យទស្សនកិច្ចនេះបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅនិងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដែលយើងកំពុងប្រឈមមុខ ជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។ ទស្សនកិច្ចនេះនឹងអនុញ្ញាតឱ្យយើងពិនិត្យមើលមធ្យោបាយនានាដែលយើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់។

សូម ឯកឧត្តម នាយករដ្ឋមន្ត្រី ទទួលនូវក្តីគោរពពីខ្ញុំ។

«សូមមេត្តាពាំនាំនូវក្តីគោរពនឹករលឹករបស់ខ្ញុំជូនចំពោះលោកឪពុករបស់ឯកឧត្តម, មិត្តសំឡាញ់របស់ខ្ញុំ»

អេម៉ានុយអែល ម៉ាក្រុង