Monday, October 10, 2022

គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសភានៃបណ្ដាប្រទេស G20 (P20) នៅប្រទេសឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសភានៃបណ្ដាប្រទេស G20» (P20) ចាប់ពីថ្ងៃទី ៥-៧ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមប្រធានបទ «ការពង្រឹងតួនាទីសភាដើម្បីការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព»។

កិច្ចប្រជុំនេះត្រូវបានប្រកាសបើកក្រោមអធិបតីភាពរបស់ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី លោកស្រីបណ្ឌិត Puan Maharani ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី និង លោក Duarte Pacheco ប្រធានសហភាពអន្តរសភា (IPU) ដោយមានការចូលរួមពីថ្នាក់ដឹកនាំសភានៃប្រទេសជាសមាជិក G20 ភ្ញៀវម្ចាស់ផ្ទះ និងអង្គការអន្តរជាតិចំនួនប្រមាណ ២០០នាក់ មកពីប្រមាណ ៣០ ប្រទេស។

កិច្ចប្រជុំបានពិភាក្សា និងចែករំលែកបទពិសោធន៍លើប្រធានបទសំខាន់ៗចំនួន ០៤ រួមមាន៖ ១-ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនិងសេដ្ឋកិច្ចបៃតង ២-បញ្ហាប្រឈមកំពុងលេចឡើង ស្តីពីសន្តិសុខស្បៀងអាហារ ថាមពល និងសេដ្ឋកិច្ច ៣-ប្រសិទ្ធភាពកិច្ចការសភានិងប្រជាធិបតេយ្យ រឹងមាំ និង ៤-បរិយាប័ន្នសង្គម សមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិស្រ្តី។

ឆ្លៀតក្នុងឱកាសនេះ គណៈប្រតិភូកម្ពុជាបានជួបសម្តែងការគួរសមជាមួយប្រធាន និងអនុប្រធានសភាមកពីប្រទេសអារ៉ាប់រួមអេមីរ៉េត ឥណ្ឌា អង់គ្លេស អាហ្សែបាយហ្សង់ សិង្ហបុរី ហ្វីជី ចិន កាហ្សាក់ស្ថាន និងប្រធាន IPU។ ក្នុងជំនួបនោះដែរ គណៈប្រតិភូអារ៉ាប់រួមអេមីរ៉េតបានឯកភាពជាគោលការណ៍ទទួលការអញ្ជើញរបស់រដ្ឋសភាកម្ពុជា ដើម្បីចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នាពេលខាងមុខ។

ដោយឡែក គណៈប្រតិភូកម្ពុជាក៏ជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការកិច្ចសហប្រតិបត្ដិការអន្ដរសភានៃរដ្ឋសភាឥណ្ឌូនេស៊ី ក្នុងនោះគណៈប្រតិភូឥណ្ឌូនេស៊ីក៏បានបញ្ជាក់អំពីការចូលរួមរបស់ប្រធានសភាឥណ្ឌូនេស៊ីនៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ នៅកម្ពុជា ផងដែរ។

កិច្ចប្រជុំបានបញ្ចប់ដោយសម្រេចចេញនូវ «សេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ» ដែលផ្តោតសំខាន់លើការពង្រឹងតួនាទីសភាក្នុងការជំរុញវប្បធម៌សន្តិភាព សមភាពយេនឌ័រ ភាពអត់ឱន និងសាមគ្គីភាពនៅក្នុងតំបន់និងពិភពលោក ដើម្បីការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព ព្រមទាំងបានប្រកាសអំពីការរៀបចំកិច្ចប្រជុំ P20 លើកទី៩ ដែលរដ្ឋសភាឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ៕





ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បិទសន្និបាតកាយឫទ្ធិជាតិកម្ពុជា

នៅរសៀល ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតកាយឫទ្ធិជាតិកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សមាគមន៍កាយឫទ្ធិគឺជាចលនាអប់រំក្រៅប្រព័ន្ធយ៉ាងសកម្មមួយដែលបានចូលរួមគាំទ្រដល់ប្រព័ន្ធអប់រំនៅកម្ពុជា និងបានចូលរួមយ៉ាងជោគជ័យក្នុងសកម្មភាពស្ម័គ្រចិត្តក៏ដូចអនុវត្តគម្រោងសហគមន៍ផ្សេងៗ តាមរយៈការផ្សារភ្ជាប់កុមារ និងយុវជនទៅក្នុងសហគមន៍នានា។ កម្ពុជាបានបង្កើតក្រុមកាយឫទ្ធិកាលពីឆ្នាំ ១៩៤៣ តែមិនទាន់ចូលជាកាយឫទ្ធិពិភពលោកនោះទេ។ ដោយសារសង្គ្រាម ក្រុមកាយឫទ្ធិនេះក៏ត្រូវបានរំសាយ ហើយក្រោយចប់សង្គ្រាមគឺនៅឆ្នាំ ១៩៩៩ ទើបកម្ពុជា បានបង្កើតក្រុមនេះជាថ្មី និងនៅក្នុងឆ្នាំ ២០០៦ ក៏មានការប្រជុំធំមួយរហូតដល់ឆ្នាំ ២០០៨ កម្ពុជាក៏បានចូលរួមសកម្មភាពកាយឫទ្ធិពិភពលោក។ កាយឫទ្ធិជាតិកម្ពុជា គឺជាធនធានដ៏មានសារៈសំខាន់ដែលត្រូវតែអភិវឌ្ឍធនធានទាំងនេះឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ដើម្បីឱ្យពួកគេក្លាយទៅជាពលរដ្ឋមានការទទួលខុសត្រូវក្នុងសង្គម និងជាសមាជិកសកម្មក្នុងសហគមន៍នៅតាមមូលដ្ឋានរស់នៅដោយផ្អែកលើមូលដ្ឋានរៀនដោយអនុវត្តជាក់ស្តែង និងវិធីកាយឫទ្ធិធកម្ម។

អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទខ្នារផ្ទោលស្ថិតនៅក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប

 ប្រាសាទខ្នារផ្ទោល ជាប្រាសាទសង់អំពីឥដ្ឋ និងថ្មបាយក្រៀមដែលមានចំនួន២ប៉ម ដោយប៉មនីមួយៗមានទំហំទទឹង៤ម៉ែត្រ បណ្តោយ៦ម៉ែត្រ និងកម្ពស់៦ម៉ែត្រ ឈរទន្ទឹមគ្នា ជើង ត្បូងនៅលើរចនាសម្ពន្ធបុរាណមានកសិន្ធុទឹកពទ្ធ័ជុំវិញ។ ប្រាសាទនេះ បច្ចុប្បន្នស្ថិតនៅដាច់ស្រយាលចម្ងាយប្រមាណ៧០គីឡូម៉ែត្រ ភាគខាងជើងឈៀងខាងលិច ពីទីរួមខេត្តសៀមរាប និងឆ្ងាយពីទីប្រជុំជននៃស្រុកវ៉ារិន ហើយកន្លងមក ការថែទាំ និងអភិរក្សពុំទាន់បានអនុវត្តគ្រប់ជ្រុងជ្រោយនៅឡើយ។ ហេតុដូច្នេះហើយ បច្ចុប្បន្នគេសង្កេតឃើញថា រចនាសម្ពន្ធរបស់ប៉មថ្ម និងប៉មឥដ្ឋទាំងមូលរងការខូចខាតធ្ងន់ធ្ងរ ដោយសាររុក្ខជាតិតូចធំជាច្រើនដុះលើប៉មប្រាសាទ និងមានបញ្ហា ទទួលនូវជម្រាបទឹកជាប្រចាំបណ្តាលឱ្យរចនាសម្ពន្ធប្រាសាទរងនូវការខូចទ្រង់ទ្រាយដោយផ្នែកៗ។


អ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណមួយនេះ ដើម្បីឱ្យគេចផុតពីការបាត់បង់ទៅថ្ងៃមុខ តាមរយៈមធ្យោបាយជួយសង្រ្គោះបន្ទាន់ដោយប្រើប្រាស់បច្ចេកទេសទល់ទ្រ និងជួសជុលពង្រឹងរចនាសម្ពន្ធឥដ្ឋដោយផ្នែកៗ។ 


លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា សំណង់ប្រាសាទខ្នារផ្ទោលនេះ ជាមរតកបេតិកភណ្ឌជាតិមានតម្លៃខ្លាំង ដែលត្រូវយកចិត្តទុកដាក់ថែរក្សា និងការពារកម្រិតខ្ពស់ ព្រោះវាកំពុងស្ថិតនៅរូបរាងច្បាស់លាស់ដែលអាចឱ្យភ្ញៀវទេសចរទស្សនា និងស្វែងយល់បានច្បាស់អំពីសំណង់ស្ថាបត្យកម្មខ្មែរ និងប្រវត្តិនានាទាក់ទងទៅនឹងសិល្បៈនៃការសាងសង់ប្រាសាទនេះឡើងនាសម័យអតីតកាល។


 កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ គឺមួយផ្នែកត្រង់រចនាសម្ពន្ធរបស់ខ្លោងទ្វារខាងកើតនៃប៉មខាងត្បូង រួមមាន ផ្តែរ សសរពេជ្របានរលុះចេញពីទីតាំងដើមដោយសារកត្តាធម្មជាតិ។ ចំណែក ស្រទាប់ឥដ្ឋដែលសេសសល់ស្ថិតនៅខាងលើផ្តែរ ក៏កំពុងប្រឈមនឹងបន្តការលុះនាពេលបន្ទាប់ខាងមុខ។  ដូចនេះ អាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងរកវិធីទប់ស្កាត់ និងជួយសង្គ្រោះបន្ទាន់ដោយប្រើប្រាស់បច្ចេកទេសទល់ទ្របណ្តោះអាសន្ននៅត្រង់ខ្លោងទ្វារខាងកើតគឺក្នុងបំណងកាត់បន្ថយរាល់ហានិភ័យទាំងនោះ និងអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់សិក្សាលម្អិតអំពីកម្រិតខូចខាតទាំងមូល រួមទាំងរៀបចំកម្មវិធីអភិរក្ស និងជួសជុលសម្រាប់រយៈពេលវែងក្នុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤។


លោក តាន់ សុផល បានឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមអ្នកបច្ចេកទេសខ្មែរនៃអាជ្ញាធរជាតិអប្សរា កំពុងប្រតិបត្តិផ្នែកអភិរក្សប្រាសាទនេះឡើងវិញ ក្នុងដំណាក់កាលទី២បន្ទាប់ពីធ្វើការទល់ទ្របឋមរួចរាល់កន្លងមក ក្នុងនោះកិច្ចការសង្គ្រោះបន្ទាន់ គឺនឹងរៀបចំជួសជុលសសរពេជ្រដែលបាក់បែកទាំងសងខាង ដើម្បីមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ដំឡើងថ្មផ្តែរដាក់នៅត្រង់ទីតាំងដើមវិញក្នុងស្ថានភាពមានសុវត្ថិភាពគ្រប់គ្រាន់ រួមទាំងជួសជុលជញ្ជាំងឥដ្ឋ និងសសរផ្អោបទាំងពីរនៅខ្លោងទ្វារខាងកើតនៃប៉មខាងត្បូង។


ការសិក្សាលម្អិតអំពីប្រវត្តិសាស្រ្តនៃសំណង់ប្រាសាទខ្នារផ្ទោល នឹងបន្តអនុវត្តដោយបង្កើតឱ្យមានកម្មវិធីកំណាយស្រាវជ្រាវ ផ្នែកបុរាណវិទ្យា ពិនិត្យរាល់ស្លាកស្នាមនានាទាំងចម្លាក់វត្ថុសិល្បៈ និងភស្តុតាងដទៃទៀតសម្រាប់ជាអំណះអំណាងបញ្ជាក់អំពី ប្រវត្តិនៃសំណង់ពិតប្រាកដ៕


អត្ថបទ៖ ឆាយ ផាន់នី

រូបភាព៖ លោក យី សុថា





គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានពីការបិទផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត

(ភ្នំពេញ)៖ យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ (បញ្ជីបោះឆ្នោតចុងក្រោយ) និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ត្រូវបានបិទផ្សាយជាសាធារណៈ នៅតាមបណ្ដាឃុំ សង្កាត់ទូទាំងប្រទេស នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ។


ក្នុងដំណើរការនេះ លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត សហការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ទាំង ១,៦៥២។ ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានបង្ហោះបញ្ជីបោះឆ្នោតចុងក្រោយ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត នៅលើគេហទំព័រ www.nec.gov.kh ព្រមទាំងនៅក្នុងកម្មវិធីទូរស័ព្ទដៃ (App) NEC KH ផងដែរ។


សូមបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត មានគោលបំណងឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត និងដឹងពីទីតាំងការិយាល័យដែលត្រូវចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត។


ប្រសិនបើទិន្នន័យក្នុងបញ្ជីបោះឆ្នោតចុងក្រោយកត់ត្រាមិនបានត្រឹមត្រូវតាមទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានប្រើប្រាស់នៅពេលចុះឈ្មោះបោះឆ្នោតកន្លងមកទេ សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២៕











Sunday, October 09, 2022

ក្រសួងសុខាភិបាល ក្រើនរំលឹកពីការការពារសុខភាពបណ្តាលមកពីផលប៉ះពាល់ដោយទឹកជំនន់ និងការឆ្លើយតបក្នុងអំឡុងពេលមានគ្រោះទឹកជំនន់


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីក្រើនរំលឹក ស្តីពីការការពារសុខភាពបណ្តាលមកពីផលប៉ះពាល់ដោយទឹកជំនន់ និងការឆ្លើយតបក្នុងអំឡុងពេលមានគ្រោះទឹកជំនន់។


សេចក្ដីក្រើនរំលឹក បានឲ្យដឹងថា ក្រសួងសុខាភិបាលកម្ពុជា សូមក្រើនរំលឹកនឹងជម្រាបជូនដល់បងប្អូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា ដោយសារបច្ចុប្បន្ននេះ មានបញ្ហាទឹកជំនន់ដែលកំពុងជន់លិច នៅតំបន់មួយចំនួន ក្នុងបណ្តាខេត្តមួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចនេះ ដើម្បីកាត់បន្ថយឲ្យបានជាអតិបរិមានូវផលប៉ះពាល់សុខភាព អាយុជីវិតជនរងគ្រោះ និងមូលដ្ឋានសុខាភិបាល គ្រោះទឹកជំនន់ ដែលអាចកើតមាននេះក្រសួងសុខាភិបាលសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួម អនុវត្តតាមការណែនាំដូចខាងក្រោមនេះ៖


* សម្រាប់ទីតាំងដលទឹកជំនន់មិនទាន់មកដល់៖


ត្រូវតាមដានស្ថានភាពទឹកជំនន់ ត្រៀមទីទួលសុវត្ថិភាព និងស្បៀងអាហារ សម្រាប់ទីកន្លែងដែលមិនទាន់មានទឹកជំនន់ទៅដល់។ ធ្វើរបងព័ទ្ធជុំវិញស្រះ ឬកន្លែង ដែលមានទឹកជ្រៅ ត្រូវថែរក្សាបរិស្ថានឲ្យបានស្អាត និងសាងសង់បង្គន់ព្រមទាំងត្រូវធ្វើឱ្យប្រសើរ បើបង្គន់ទាប ត្រូវធ្វើឲ្យខ្ពស់ដើម្បីការពារទឹកជំនន់។


* សម្រាប់ទីកន្លែងកំពុងទទួលរងនូវទឹកជំនន់៖


ទី១៖ មិនត្រូវចូលទៅក្នុងផ្ទះចាស់ ឬអាគារទ្រុឌទ្រោមព្រោះអាចស្រូតបាក់បែកបង្កឲ្យគ្រោះថ្នាក់។ មិនត្រូវប៉ះពាល់ គ្រឿងប្រើប្រាស់ អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹក នៅពេលធ្វើដំណើរដោយជិះទូក ឬកាណូត នៅពេលយប់ត្រូវមានភ្លើងបំភ្លឺ។


ទី២៖ ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈីកនិងជំងឺផ្សេងនានាៗ។


ទី៣៖ ចំពោះស្ត្រីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើស្រ្តីគ្រប់ ខែជិតដល់ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោក អ្នកបំផុត។


ទី៤៖ ត្រូវនាំកូនៗរបស់លោកអ្នកទៅចាក់ថ្នាំបង្ការតាមការកំណត់របស់គ្រូពេទ្យ និងផ្តល់អាហារដល់ពួកគេឲ្យបានត្រឹមត្រូវ


ទី៥៖ ត្រូវប្រុងប្រយ័ត្នចំពោះកុមារី និងក្មេងស្រីនៅទីទួលសុវត្ថិភាពក្រែងមានអំពើហិង្សាផ្លូវភេទ។


ទី៦៖ ត្រូវជួយមនុស្សចាស់ក្នុងក្រុមគ្រួសារលោកអ្នក ឬមនុស្សចាស់នៅជិតខាង និងផ្ដល់ការគាំទ្រដល់សមាជិក គ្រួសារ ឬកុមារពិការ ដូចជាឈើច្រត់ រទេះរុញ ឬថ្នាំពេទ្យដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំមួយចំនួន ដែលជាតម្រូវការ ចាំបាច់របស់ពួកគាត់។


ទី៧៖ ត្រូវប្រុងប្រយ័ត្នជៀសវាងនូវគ្រោះថ្នាក់លង់ទឹក ត្រូវការពារកុមារតូចៗមិនឱ្យចុះទឹក ពន្យល់កុមារពីគ្រោះថ្នាក់ នៃការលង់ទឹក នាំកុមារទៅកន្លែងខ្ពស់ និងមានអ្នកថែទាំ ប្រើអាវពោង ឬប៊ីដុងជ័រគ្រប់ពេលកុមារចេញពីផ្ទះ។ ពេលធ្វើដំណើរតាមទូក ឬ កាណូតមិនត្រូវដាក់មនុស្សហួសកំរិត បើមានអ្នកណាម្នាក់លង់ទឹកត្រូវហៅជំនួយ ជាបន្ទាន់ ។


ទី៨៖ ត្រូវធ្វើអនាម័យខ្លួនប្រាណឱ្យបានស្អាតដោយងូតទឹកដុះសាប៊ូកក់សក់ និងបោកសម្លៀកបំពាក់ឱ្យបានស្អាត ជៀសវាងនូវជំងឺសើរស្បែក ពងទឹក កមរមាស់ជាដើម។


ទី៩៖ ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសផ្សេងៗ ដោយពិនិត្យឱ្យបានត្រឹមត្រូវមុនទៅ កាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរអុស និងគំនរឈើ។ ធ្វើដំណើរពេលយប់ ឬពេលធ្វើការងារត្រូវ ស្លៀកខោជើងវែង ស្បែកជើងកវែង ជៀសវាងកន្លែងដែលមានស្មៅស៊ុបទ្រប់ និងដាច់ខាតមិនត្រូវយកដៃទៅ ចាប់ពស់ ឬសត្វអសិរពិស។ ក្នុងករណីមានសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសទិច ឬខាំត្រូវបញ្ជូនជា ប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល។


ទី១០៖ ដើម្បីជៀសវាងនូវបញ្ហា រាករូស រាកមូល ពុលចំណីអាហារ ឬជំងឺផ្សេងៗដ៏ទៃទៀតដែលបង្កឡើងដោយទឹក ត្រូវបរិភោគទឹកស្អាត ដោយប្រើធុងចម្រះ ដាំទឹកឱ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរីន ឬក្លរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីនពីរគ្រាប់អាចលាយទឹក ២០លីត្រ។ ត្រូវលាងសម្អាតបន្លែ និងផ្លែឈើជាមួយចម្អិនឱ្យបានត្រឹមត្រូវ និងឆ្អិនល្អ គ្របអាហារ ឲ្យបានជិតល្អ ដើម្បីការពាររុយរោម និងធូលីទាំងសម្អាតកន្លែងធ្វើម្ហូប និង សម្ភារៈផ្ទះបាយដូចជា ចាន ឆ្នាំង ស្លាបព្រាខ្ទះ កាំបិត ជ្រុញឲ្យសម្អាតដៃជាមួយសាប៊ូ ឲ្យបានញឹកញាប់ មុន និងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។

ទី១១៖ ដើម្បីជៀសវាងការចម្លងជំងឺរលាកផ្លូវដង្ហើម និងជំងឺឆ្លងកូវីដ -១៩ ជាចាំបាច់ត្រូវពាក់ម៉ាស់ ក្រមាខ្ទប់មាត់ពេលក្អក ឬកណ្ដាស់ និងត្រូវនៅឲ្យបានឆ្ងាយអ្នកជំងឺដែលក្អក ឬកណ្ដាស់ឱ្យលើសពី ១ម៉ែតត្រកន្លះ ហើយនិងមិនត្រូវនៅក្បែរកន្លែងមានធូលីហុយបើចាំបាច់ត្រូវតែពាក់ម៉ាស់។ នៅពេលអាកាសប្រែប្រួលភ្លាមៗ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពដូចជា ការស្លៀកពាក់ឲ្យបានត្រឹមត្រូវ ជៀសវាងចេញក្រៅផ្ទះក្នុងរយៈពេលយូរ។


* ក្រោយពេលទឹកស្រកទៅវិញ៖


ទី១៖ បន្តបរិភោគចំណីអាហារស្អាត ទឹកស្អាត និងអនាម័យខ្លួនប្រាណឱ្យបានស្អាត ដើម្បីជៀសវាងដែលកើតមានឡើង ដោយសារមូសខាំ។


ទី២៖ ត្រូវបន្តសម្រាន្តក្នុងមុងគ្រប់ពេលដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈីក និងជំងឺផ្សេងៗទៀត។


ទី៣៖ ត្រូវពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុតនាំឱ្យមានគ្រោះថ្នាក់ ប្រុងប្រយ័ត្នក្រែងមានសត្វពស់ ឬសត្វផ្សេងៗ។,


ទី៤៖ អនាម័យបរិស្ថានជុំវិញផ្ទះ និងខ្នងផ្ទះ ព្រោះក្រោយពេលទឹកស្រុកទៅបានបន្សល់នូវភាពកខ្វក់ និងមេរោគជា ច្រើនរស់ នៅក្នុងទឹក ជៀសវាងនូវការដក់ទឹកជុំវិញផ្ទះ និងក្នុងផ្ទះ នាំឱ្យមានដង្កូវទឹកកើតមូសខ្លា និងមូសដែកគោល ដែលអាចបង្កឲ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់។


ទី៥៖ ត្រូវស្តារ និងសំររាតអណ្តូងទឹកឡើងវិញមុននឹងប្រើប្រាស់។


ទី៦៖ ព្រមទាំងជួសជុល និងសង់បង្គន់ឡើងវិញ ដោយជានិច្ចជាកាលត្រូវបន្ទោរបង់ក្នុងបង្គន់គ្រប់ពេល។


ក្រសួងសុខាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ និងឆ្លើយ តបចំពោះផលប៉ះពាល់ដោយទឹកជំនន់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានខិតខំផ្តល់អន្តរាគមន៍នានានាពេលកន្លងមកនិងជាបន្តទៅមុខទៀត ផ្ដល់ក្រុមគ្រូពេទ្យចល័ត ដើម្បីជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពឱ្យបានល្អប្រសើរ និង ទាន់ពេលវេលាទៅតាមនិយាមប្រតិបត្តិពេទ្យត្រឹមត្រូវ ជាពិសេសនៅពេលដែលមានពស់ចឹក ជម្លៀសប្រជាជនរកទីទួលសុវត្ថិភាព បញ្ហាសុខភាពនានាផ្សេងទៀត ដូចរៀបរាប់ពីខាងដើម និងបងប្អូនប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធររាជធានី-ខេត្ត ស្រុក ក្រុងខណ្ឌរដ្ឋ បាលឃុំ/សង្កាត់ទាំងអស់ ហើយក្រសួងក៏សូមអំពាវនាវដល់ សាធារណជនទាំងអស់សូមចូលរួមអនុវត្តតាមការណែនាំខាងលើនេះ មានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកទប់ស្កាត់ជាអតិបអតិបរិមានូវផលប៉ះពាល់សុខភាព អាយុជីវិត និងមូលដ្ឋានសុខាភិបាលដោយសារគ្រោះទឹកជំនន់នេះ។


ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមានបញ្ហាសុខភាពណាមួយ សូមស្វែងរកការពិគ្រោះពិនិត្យ និង ព្យាបាលជំងឺជាបន្ទាន់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាព ឬមណ្ឌលសុខភាព ឬមន្ទីរពទ្យ ដែល នៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមលេខផ្ដល់ជូនខាងក្រោមនេះ។


ក្រសួងសុខាភិបាល និងបន្ដធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាលតាមលេខទូរស័ព្ទ៖ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕


 




ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញសេចក្តីណែនាំ ស្តីពីការបំពេញការងារនៅក្រសួងកសិកម្ម


(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមជារដ្ឋមន្ត្រីស្តីទីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីណែនាំស្តីពីការបំពេញការងារផ្សេងៗ ដើម្បីធានាដល់និរន្តរភាពការងាររបស់ក្រសួង។


លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានណែនាំនូវរបៀបរបបការងារចំនួន៤រួមមាន៖


១៖ គ្រប់អង្គភាពទាំងអស់ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តអនុវត្តតាមមុខងារ និងភារកិច្ច ដែលត្រូវបានកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវថែរក្សា និងការពាររាល់ឯកសារការងារទាំងអស់ដែលស្ថិតនៅក្រោមសមត្ថកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន ឱ្យបានត្រឹមត្រូវប្រកបដោយសុវត្ថិភាព តាមការកំណត់នបទប្បញ្ញត្តិជាធរមាន។


២៖ ខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវថែរក្សា និងការពារឯកសារទាំងអស់ ឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមផ្ទេរប្រគល់ជូនខុទ្ទកាល័យរដ្ឋមន្ត្រីថ្មី ដែលនឹងត្រូវបានតែងតាំង និងចូលកាន់តំណែងនាពេលខាងមុខ។ ចំពោះមុខ ខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវប្រគល់ត្រារបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជូនមកខុទ្ទកាល័យរដ្ឋមន្ត្រីស្តីទី ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងជាបណ្តោះអាសន្ន ចាប់ពីពេលនេះ រហូតដល់រដ្ឋមន្ត្រីថ្មី ត្រូវបានតែងតាំងចូលកាន់តំណែងជាផ្លូវការ។


៣៖ ចំពោះរាល់ឯកសារ ឬលិខិតបទដ្ឋានគតិយុត្ត ដែលត្រូវការនូវការពិនិត្យ និងការសម្រេចរបស់រដ្ឋមន្ត្រីស្តីទី, ខុទ្ទកាល័យ និងថ្នាក់ដឹកនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវបញ្ជូនមកខុទ្ទកាល័យរដ្ឋមន្ត្រីស្តីទី ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។


៤៖ រាល់ទំនាក់ទំនងការងារ ដើម្បីសុំការពិនិត្យសម្រេចរបស់រដ្ឋមន្ត្រីស្តីទី, សូមទាក់ទងថ្នាក់ដឹកនាំខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមាន៖ លោក គីម សុភៈ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យទូរសព្ទលេខ ០៧៧ ៨៨១ ១៦៨, លោក នុប សុធនវិចិត្រ អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យទូរសព្ទលេខ ០១៧ ៧១១ ៧៨៨, លោក បៀន សាំង ជំនួយការឧបនាយករដ្ឋមន្តីទូរសព្ទលេខ ០១២ ៨១៩ ៩៧៧។


សូមបញ្ជាក់ថា នៅថ្ងៃទី០៨ ខែតុលា ម្សិលមិញនេះ ព្រះមហាក្សត្រខ្មែរ បានចេញព្រះរាជក្រឹត្យបញ្ចប់តំណែងរបស់លោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ។


ជាមួយគ្នានោះ រាជរដ្ឋាភិបាល ក៏បានចេញអនុក្រឹត្យចាត់តាំងលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រីស្តីទី៕

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យប្រញាប់ចេញបណ្ណប្រភេទក្រីក្រីទី១ និងផ្តល់ប្រាក់ឧបត្ថម្ភអត្រាអ្នកប្រជុំជន សម្រាប់ពលរដ្ឋស្ម័គ្រចិត្តរើចេញ ពីរមណីយដ្ឋានអង្គរ


(ភ្នំពេញ)៖ វេលាម៉ោងជិតរំលងអាធ្រាត្រថ្ងៃទី០៨ ឈានចូលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចារលើរបាយការណ៍របស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយណែនាំឱ្យប្រញាប់រៀបចំផ្តល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា។


ក្នុងចំណារប៊ិចពណ៌ក្រហមបង្ហាញចរិតនៃបទបញ្ជាដែលមានភាពម៉ឺងម៉ាត់ និងត្រូវប្រញាប់ប្រញាល់នោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់ប្រជាពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាននេះ គឺត្រូវផ្តល់បណ្ណក្រីក្រប្រភេទទី១ទាំងអស់ ហើយផ្តល់ប្រាក់ឧបត្ថម្ភតាមអត្រាអ្នករស់នៅទីប្រជុំជន។


របាយការណ៍របស់លោក វង សូត បានគូសបញ្ជាក់ថា អត្រាផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់អ្នករស់នៅទីប្រជុំជននេះ ក្នុងមួយគ្រួសារទទួលបានប្រាក់ ១២ម៉ឺនរៀល, សមាជិកក្នុងគ្រួសារម្នាក់ ទទួលបាន ៤ម៉ឺនរៀល, សមាជិកជាកុមារអាយុពី​ ០ទៅ៥ឆ្នាំក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀល, សមាជិកជាជនមានពិការភាពក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀល, សមាជិកជាមនុស្សចាស់ចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀល និងគ្រួសារមានអ្នកផ្ទុកមេរោគអេដស៍ក្នុងម្នាក់ ទទួលបាន ៤ម៉ឺនរៀលផងដែរ។


ក្នុងរបាយការណ៍របស់លោក វង សូត ក៏បានជម្រាបសម្តេចតេជោ អំពីការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនលើបណ្តាញសង្គមពាក់ព័ន្ធការផ្តល់ថវិកាឧបត្ថម្ភ ៦០ម៉ឺនរៀលក្នុងមួយខែផងដែរ។ លោក វង សូត បានបញ្ជាក់ថា ការលើកឡើងនោះជាការយល់ច្រឡំរបស់ប្រជាពលរដ្ឋមួយចំនួន។ ថវិកា ៦០ម៉ឺន គឺជាថវិកាឧបត្ថម្ភកម្រិតមធ្យមធៀបនឹងចំនួនអ្នកទទួលផលសរុបទូទាំងប្រទេសប្រចាំខែ។


ក្នុងរបាយការណ៍នេះលោក វង សូត បានជម្រាបសម្តេចតេជោផងដែរ អំពីលទ្ធផលនៃការបើកប្រាក់ឧបត្ថម្ភជូនប្រជាពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯកទើបទទួលបណ្ណថ្មី រយៈពេលពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែតុលា។ របាយការណ៍ បង្ហាញថា រយៈពេល៣ថ្ងៃនេះ បើកជូនប្រជាពលរដ្ឋបានចំនួន ៣,១៥៧គ្រួសារ ចំណាយអស់ទឹកប្រាក់សរុប ៦០២,៥៤៤,០០០រៀល។ ដោយឡែកគ្រួសារកំពុងទទួលផល ហើយប្តូរបណ្ណថ្មីមានចំនួន ១,០២១បណ្ណ។


សូមបញ្ជាក់ថា ដើម្បីការពារឱ្យបាននូវតំបន់រមណីយដ្ឋានអង្គរស្ថិតក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំសណ្តាប់ធ្នាប់តំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរអប្សរា ដោយតម្រូវឱ្យប្រជាពលរដ្ឋនៅតំបន់រុះរើសំណង់ និងលំនៅឋានចាកចេញ។ រាជរដ្ឋាភិបាល បានផ្តល់សំណងជាដីទំហំប្រមាណ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ នៅភូមិធម្មជាតិរុនតាឯកចម្ងាយជាង ២០គីឡូម៉ែត្រពីក្រុងសៀមរាប ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញទាំងអស់នោះ។


សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយជូនប្រជាពលរដ្ឋស្ម័គ្រចិត្តចាកចេញទៅរស់នៅភូមិរុនតាឯកចំនួនពីរលើកមកហើយ ដោយមានប្រជាពលរដ្ឋចូលរួមជិត ៤ពាន់នាក់។


នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់បណ្ណក្រីក្រប្រភេទទី១ ជូនប្រជាពលរដ្ឋទាំងអស់ក្នុងរយៈពេល ១០ឆ្នាំ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់បណ្ណសមធម៌សម្រាប់ស្រ្តីមានផ្ទៃពោះ ដើម្បីទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។


ក្រៅពីនោះសម្តេចតេជោ បានចេញបទបញ្ជាឱ្យឈូសឆាយ ពង្រាប ឬចាក់ដីសម្រាប់ពលរដ្ឋធ្វើលំនៅឋាន និងចាត់ចែងឱ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធនានាគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ រួមមានការសាងសង់ផ្លូវ ធ្វើសាលារៀន មន្ទីរពេទ្យ ផ្សារ ទីអារាម តបណ្តាញអគ្គិសនី តបណ្តាញទឹកស្អាត និងបណ្តាញអ៉ីនធើណេតជាដើម៕