Monday, March 18, 2019

រដ្ឋបាលខេត្តស្វាយរៀង ចេញសេចក្ដីណែនាំស្ដីពី វិធានការបន្ទាប់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជម្ងឺប៉េសជ្រូកអាហ្វិ

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បានចេញសេចក្ដីណែនាំស្ដីពី ជម្ងឺប៉េសជ្រូកអាហ្វិកដែលជាជម្ងឺឆ្លងដ៏កាចសាហាវពិបាកលុបបំបាត់បំផុត និងបន្តឱ្យសត្វឈឺ និងងាប់ក្នុងអត្រាខ្ពស់ ហើយមេរោគ បង្កជម្ងឺជាវិរុសមិនទាន់មានវ៉ាត់សាំងការពារ កំពុងបន្តឆ្លងរាលដាលបណ្ដាប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោក។ ដោយឡែកនៅប្រទេសចិនបាននឹងកំពុងផ្ទុះរាលដាលចំនួន ២៥ខេត្ត និងដ្មីៗនេះតាមព័ត៌មានរ៉យទ័រ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រទេសវៀតណាមបានផ្ទុះជម្ងឺនេះផងដែរ។ នៅកសិដ្ឋានចិញ្ចឹមជ្រូកចំនួន ៣កន្លែង នៅក្នុងខេត្ត២ គឺខេត្តហ៊ុងយេន និងខេត្តបៃប៊ិញ ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងហាណូយ។

ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺខាងលើនេះ សូមអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងដូចខាងក្រោម ៖


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ជប៉ុនតែងលើកឡើងនូវកង្វល់ចំនួន៣ពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ប្រទេសជប៉ុនដែលបានមកជួបលោក ដើម្បីពិភាក្សាពីការវិនិយោគនៅកម្ពុជា តែងបានបង្ហាញនូវកង្វល់ចំនួន៣គឺរួមមាន៖ ទី១- បញ្ហាប្រាក់ឈ្នួលនៅតាមប្រទេសនានាមានតម្លៃខ្ពស់ ទី២- គឺតម្លៃអគ្គិសនី និងទី៣- គឺបញ្ហាធនធានមនុស្ស ជាពិសេសគឺអ្នកបច្ចេកទេស។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបចំនួនជិត ២ពាន់នាក់ ក្នុងនោះមាននារី ៦៧៦នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកក៏សូមចូលរួមអបអរសាទរចំពោះអ្នកដែលទទួលបានជ័យលាភី ទាំងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដែលទទួលបាននូវសញ្ញាបត្រថ្ងៃនេះផងដែរ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មជ្ឈដ្ឋានអគតិមួយចំនួនរិះគន់លើការបណ្តុះបណ្តាលចុងភៅ ប៉ុន្តែខ្លួនវិញរកតែម្ហូបឆ្ងាញ់ៗ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរិះគន់ថា មជ្ឈដ្ឋានជនអគតិមួយចំនួនបានលើកឡើងថាបណ្តុះបណ្តាលតែលើមុខជំនាញចុងភៅប៉ុន្តែពួកគេចូលហាងបរិភោគអាហារត្រូវការតែម្ហូបឆ្ងាញ់ៗ។ លោកក៏បានអំពាវនាវឱ្យគ្រឹះស្ថានអប់រំទាំងអស់ផ្តោតការយកចិត្តទុកដាក់បន្ថែមទៅលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផងដែរ។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបចំនួនជិត ២ពាន់នាក់ ក្នុងនោះមាននារី ៦៧៦នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅពេលដែលខ្ញុំនិយាយពីរឿងបណ្តុះបណ្តាលចុងភៅ ស្រាប់តែគេសើចខ្ញុំ ប៉ុន្តែយើងត្រូវមើលឱ្យជ្រៅជាងនេះ បើសិនជាអត់ចុងភៅតាមភោជនីយដ្ឋាន តាមសណ្ឋាគារ តើយើងបានអីស៊ី ពួកថៅកែទាំងអស់នោះ អត់ចេះធ្វើម្ហូបទេ អញ្ចឹងបានគេថ្នាក់ថ្នមណាស់ជាមួយនឹងចុងភៅនេះ។ និយាយចឹងពួកអ្នកអគតិមួយចំនួននោះ ថាលោកហ៊ុន សែន ផ្តោតទៅលើចុងភៅ ប៉ុន្តែវាចូលទៅច្រាសដែរ»








លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់តម្លៃខ្ពស់ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីបំពេញតម្រូវការទីផ្សារការងារ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់តម្លៃខ្ពស់ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈដែលលោកតែងតែផ្តល់ការឧបត្ថម្ភគាំទ្រកន្លងមកដល់អង្គការចំនួន៤ផងដែរដើម្បីសំដៅទៅដល់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់សិស្សទាំងអស់នោះ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញា បត្រដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបចំនួនជិត ២ពាន់នាក់ ក្នុងនោះមាននារី ៦៧៦នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការងារអ្វីក៏ដោយមិនមានអ្វីថោកទាបនោះទេ សំខាន់យើងចេះឱ្យវាប្រាកដ មានលុយហូរចូល មានការងារធ្វើហើយ។ ប៉ុន្តែពេលខ្លះយើងមានសញ្ញាបត្រព្យួរនៅជញ្ជាំងពេញ ក៏ប៉ុន្តែយើងដើររកការងារមិនបានព្រោះមិនត្រូវនឹងជំនាញនោះ។

ទោះបីជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា លោក ក៏នៅតែផ្តោតការយកចិត្តទុកដាក់ដល់ការបណ្តុះបណ្តាលកម្រិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផងដែរ។ លោកបានបន្តថា កម្ពុជាយើងបច្ចុប្បន្នមិនទាន់មានការផ្គត់ផ្គង់អ្នកបច្ចេកទេសគ្រប់គ្រាន់នោះទេដែលប្រការនេះហើយដែលជាចំណុចយើងត្រូវធ្វើការខិតខំបណ្តុះបណ្តាលអ្នកជំនាញរបស់យើងដើម្បីចូលរួមនៅពេលដែលមានការវិនិយោគចូលមកងាយដោះស្រាយការងារធ្វើ ហើយយើងអាចផ្តល់ធនធានមនុស្សដល់គេបានគ្រប់គ្រាន់៕




Saturday, March 16, 2019

ជិះកង់កម្សាន្ត ១០គីឡូម៉ែត្រ អបអរសាទរពិធីបុណ្យទន្លេខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ដែលជាថ្ងៃទី២ នៃពិធីបុណ្យទន្លេ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកម្មវិធីជិះកង់កម្សាន្ត ចំងាយ ១០គីឡូម៉ែត្រ ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមជិះកង់ប្រមាណជាង ៥០០នាក់។









លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ភរិយា អញ្ជើញដង្ហែរព្រះមហាក្សត្រក្នុងពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីសាធារណរដ្ឋកូរ៉េ

នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩​ ម្សិលមិញនេះ​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដង្ហែរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី យាងចូលរួមក្នុងពិធីលៀងសាយភោជន៍ជូនជាកិត្តិយសដ៏ខ្ពង់ខ្ពស់ដល់ លោក មូន ចេអ៊ិន (Moon Jae-in) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ និងលោកជំទាវ នៅព្រះបរមរាជវាំង។

លោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង ៣:១០នាទី កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូង រយៈពេល៣ថ្ងៃ (១៤-១៦ មីនា)។ ទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីសាធារណរដ្ឋកូរ៉េពេលនេះ គឺបានពង្រឹងនូវចំណងមិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការកាន់តែល្អរឹងមាំទូលំទូលាយថែមទៀតរវាង កម្ពុជា និងកូរ៉េខាងត្បូង ជាពិសេសគឺពង្រឹងនូវសន្តិភាព ស្ថិរភាព និងផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនថែមទៀត៕








ក្រសួងការបរទេសកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះជនរងគ្រោះក្នុងព្រឹត្តិការណ៍បាញ់សម្លាប់នៅវិហារអ៊ីស្លាម ក្នុងប្រទេសណូវែលហ្សេឡង់

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ក្រសួងការបរទេសកម្ពុជា បានចូលរួមសម្តែងនូវសមានចិត្តអាណិតអាសូរ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះជនរងគ្រោះ និងអ្នកជាទីស្រឡាញ់របស់ពួកគេ ក្នុងហេតុការណ៍បាញ់សម្លាប់នៅក្នុងវិហារឥស្លាម Al Noor និង Linwood នៅទីក្រុង Christchurch ប្រទេសណូវែលហ្សេឡង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ។

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖