Friday, January 25, 2019

កិច្ចប្រជុំបូកសរុបការងារប្រចាំខែស្ដីពីវឌ្ឍនភាពសម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាព អនុសាខាស្រុកកំពង់លែង

កំពង់ឆ្នាំង៖ លោក ឡុង ហេងលាភ អនុប្រធានប្រតិបត្តិសម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាព នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងារ ប្រចាំខែស្ដីពីវឌ្ឍនភាព សម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាព អនុសាខាស្រុក កំពង់លែង នៅសាលប្រជុំសាលា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ នៅក្នុងកិច្ចប្រជុំក៏មានការអញ្ជើញ ចូលរួមពីលោក ឡុង សុខា ប្រធាន ប្រតិបត្តិអនុសាខាស្រុកកំពង់លែង និងថ្នាក់ដឹកនាំ សមាជិកសម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាពស្រុកកំពង់លែង សរុប ២៦នាក់។
លោក ឡុង ហេងលាភ បានបញ្ជាក់ទៅដល់សមាជិកសម្ព័ន្ធយុវជន ស្រឡាញ់សន្តិភាព ត្រូវយកចិត្តទុកដាក់ បន្ថែមទៀតទៅលើការងារ នៅតាមមូលដ្ឋាន ដោយត្រូវចូលរួមជួយបំរើការងារ ជូនថ្នាក់ដឹកនាំ ឃុំ/ភូមិ ជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

លោក ក៏បានផ្តាំផ្ញើដល់ សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពទាំងអស់ ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ជួយដោះស្រាយសំណូមពរតាមតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋ នឹងត្រូវពង្រឹងពង្រីក សមាជិករបស់ ខ្លួនបន្ថែមទៀត ហើយគ្រប់យុវជនទាំងអស់ត្រូវគោរពបទបញ្ជាថ្នាក់ កណ្តាល ថ្នាក់ខេត្ត គោរពបទបញ្ជាផ្ទៃក្នុង ជាដាច់ខាតត្រូវតែមាន សាមគ្គី ភាពផ្ទៃក្នុងដើម្បីសម្រេចកិច្ចការងារដែលជាគោលដៅរបស់សម្ព័ន្ធយុវជន ស្រលាញ់សន្តិភាព ព្រមទាំងលើកទិសដៅសំរាប់ការអនុវត្តន៍ការងារខែកុម្ភៈបន្តទៀត ៕


អភិបាលខេត្តស្វាយរៀង ដឹកនាំប្រតិភូសាលាខេត្តចូលរួមគោរព វិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ឥន្ទ គូរ

ស្វាយរៀង៖ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩នេះ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង បានដឹកនាំ ប្រតិភូសាលាខេត្តរួមមាន លោក លោកស្រី ក្រុមប្រឹក្សាខេត្ត អភិបាលរង ខេត្ត លោកនាយក នាយករងរដ្ឋបាល សាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត លោកអភិបាល ស្រុកស្វាយទាប លោក លោកស្រីនាយកទីចាត់ការ /ប្រធានអង្គភាពចំណុះ សាលាខេត្តបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធពិធីបុណ្យសព ឧត្តមសេនីយ៍ឯក ឥន្ទ គូរ (ត្រូវជាស្វាមីលោកស្រី យក់ ណារ៉េត) សមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្រ្តយោធា នៃក្រសួងការពារជាតិ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី ២៣ ខែ មករា ឆ្នាំ២០១៩ នៅវេលាម៉ោង ៩:១០ ព្រឹក នៅគេហដ្ឋាន ខេត្តស្វាយរៀង ។ សពត្រូវបាន តម្កល់ធ្វើបុណ្យតាមបែបប្រពៃណីព្រះពុទ្ធសាសនានៅភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ឆ្លៀតក្នុងឱកាសនោះលោកអភិបាលខេត្តបានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់នូវស្វាមីជាទីស្រឡាញ់ និងបានចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសារសព និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ឥន្ទ គូរ ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕



(សូមទស្សនាវីដេអូ)៖ ឧបនាយករដ្ឋមន្រ្ដី ស ខេង បញ្ជាក់ជាថ្មីថា សមត្ថកិច្ចបានទទួលដីកាតុលាការ ដើម្បីចាប់ខ្លួន ទណ្ឌិត សម រង្ស៊ី រួចហើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា នឹងមានការកែសម្រួលរចនាសម្ព័ន្ធថ្នាក់ស្រុកដើម្បីបង្កើនប្រសិទ្ធភាពការងារ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងពេលឆាប់ៗខាងមុខនេះ លោកនឹងរៀបចំឱ្យមានការកែ សម្រួលរចនាសម្ព័ន្ធថ្នាក់ស្រុកដោយលុបចោលនូវការិយាល័យដែលចំណុះឱ្យមន្ទីរនៅថ្នាក់ស្រុកដោយធ្វើឱ្យមានរដ្ឋបាលឯកភាពមួយដែលនឹងអាចបង្កើនប្រសិទ្ធភាពការងារទៀតផង។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជាង ១ពាន់នាក់ មកពីរោងចក្រ សហគ្រាសទាំង១២ ក្រុងកំពត, ស្រុកទឹកឈូ, ស្រុកកំពង់ត្រាច, ស្រុកបន្ទាយមាស, ស្រុកដងទង់, កសិដ្ឋានចំការចេកស្រុកឈូក និងមកពីកសិដ្ឋានចំការម្រេចខេត្តកែបចំនួន១។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកនឹងរក្សាទុកនូវការិយាល័យនៃមន្ទីរមួយចំនួនប៉ុណ្ណោះរួមមាន អប់រំ សុខាភិបាល ដែនដី នគរបាល និងយោធា។ ដោយឡែកការិយាល័យនៃមន្ទីរដទៃទៀត នឹងត្រូវដាក់បញ្ចូលគ្នាមួយកញ្ចប់ដើម្បីងាយស្រួលក្នុងការបម្រើសេវាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងកាត់បន្ថយការចំណាយផ្សេងៗដែលនឹងអាចធ្វើឱ្យសេដ្ឋកិច្ចជាតិយើងមានការរីកចម្រើនមួយកម្រិតទៀត៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះហត្ថលេខាទៅលើអនុក្រឹត្យបញ្ចប់វត្តមានកាំកុងត្រូលនៅគ្រប់មាត់ច្រកទ្វារអន្តរជាតិទាំងអស់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កាលពីពេលថ្មីៗនេះ លោកបានចុះហត្ថលេខាទៅលើអនុក្រឹត្យបញ្ចប់វត្តមានកាំកុងត្រូលនៅគ្រប់មាត់ច្រកទ្វារអន្តរជាតិទាំងអស់ដើម្បីជួយសម្រួលដល់ការចំណាយ​ និងបញ្ហាស្មុគស្មាញនានា​ របស់ធុរជនជាពិសេសគឺវិស័យឯកជនដែលនឹងបង្កភាពងាយស្រួលនៅក្នុងការប្រកួតប្រជែងទីផ្សារ។
លោកបានថ្លែងដូចនេះ​ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជាង ១ពាន់នាក់ មកពីរោងចក្រ សហគ្រាសទាំង១២ ក្រុងកំពត, ស្រុកទឹកឈូ, ស្រុកកំពង់ត្រាច, ស្រុកបន្ទាយមាស, ស្រុកដងទង់, កសិដ្ឋានចំការចេកស្រុកឈូក និងមកពីកសិដ្ឋានចំការម្រេចខេត្តកែបចំនួន១។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកមានគោលដៅទុកតែស្ថាប័នពីរតែប៉ុណ្ណោះនៅតាមមាត់ទ្វារព្រំដែនគឺស្ថាប័នអន្តោប្រវេសន៍ និងស្ថាប័នគយ។ លោកបានបន្តថា ទោះបីរដ្ឋនឹងត្រូវបាត់បង់ចំណូលប្រមាណជាង៣០លានដុល្លារ​ពីកាំកុងត្រូលក៏ដោយ ប៉ុន្តែវិស័យឯកជន នឹងបានផលចំណេញជាង៤០លានដុល្លារ ដោយសារតែមានការចំណាយទៅលើសេវាក្រៅផ្លូវការផ្សេងៗទៀត៕






ឧបនាយករដ្ឋមន្រ្ដី ស ខេង បញ្ជាក់ជាថ្មីថា សមត្ថកិច្ចបានទទួលដីកាតុលាការ ដើម្បីចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី រួចហើយ

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ជាថ្មីនៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ថា សមត្ថកិច្ច បានទទួលដីការតុលាការដើម្បីចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី មេចលនាសង្រ្គោះជាតិរួចហើយ។
ការអះអាងជាថ្មីរបស់ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៉ី បានលើកឡើងជា​បន្តបន្ទាប់តាមរយៈវិទ្យុបរទេសអាស៊ីសេរី (RFA) ដែលគាំទ្រដល់សកម្មភាពក្រុមប្រឆាំង​រដ្ឋាភិបាល ដោយចោទប្រកាន់ ញុះញង់ មួលបង្កាច់ទៅលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចក្រឡាហោម អំពីដំណើរការដោះស្រាយបញ្ហានយោបាយកម្ពុជា នាពេលកន្លងមក ព្រមទាំងចោទថា សម្តេចជាអ្នកហាមមិនឱ្យទណ្ឌិតរូបនេះ ឱ្យត្រឡប់មកកម្ពុជាជាដើម។
លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានបញ្ជាក់ម្តងទៀតយ៉ាងដូច្នេះថា៖ «ការលើកឡើងរបស់លោក សម រង្ស៉ី ដែលនិយាយថា ខ្ញុំបានហាមឃាត់គាត់មិនឲ្យវិលត្រឡប់មកប្រទេសវិញ នោះគឺជាពាក្យសម្តីមួលបង្កាច់ ដើម្បីបិទបាំងភាពកំសាក រត់គេចចេញពីសំណាញ់ច្បាប់របស់ខ្លួនតែប៉ុណ្ណោះ។ ក្នុងនាមជាអ្នកដែលចូលរួមក្នុងឆាកនយោបាយ ខ្ញុំដូចជាមិនដល់ថ្នាក់ឆោតល្ងង់ប្រាប់ សម រង្ស៉ី មិនឲ្យវិលចូល​ស្រុកនោះទេ។ ប្រការនេះខុសទាំងស្រុងពីច្បាប់រដ្ឋធម្មនុញ្ញ និងអាចផ្តល់ឱកាសគ្រប់ពេលវេលាឲ្យ សម រង្ស៉ី មានលេសវាយប្រហារមកលើរូបខ្ញុំវិញ នៅពេលដែលសមត្ថកិច្ចបានទទួលដីកាដើម្បីចាប់ខ្លួន សម រង្ស៉ី រួចហើយ»។
លោកបានបញ្ជាក់ថា លោក សម រង្ស៉ី បានប្រព្រឹត្តបទល្មើសជាច្រើន និងត្រូវបានតុលាការផ្តន្ទាទោសរួចហើយ ហើយថាទណ្ឌិតរូបនេះ សម្រេចរត់គេចខ្លួនមិនចូលប្រទេសដោយខ្លួនឯង ហើយការត្រឡប់ចូលប្រទេសវិញឬ​យ៉ាងណានោះវាស្ថិតនៅលើបុគ្គល សម រង្ស៉ី ខ្លួនឯងតែប៉ុណ្ណោះ គ្មានអ្នកណាហាមឃាត់ឡើយ។ ការចេញដីកាចាប់ខ្លួនទណ្ឌិត សម រង្ស៊ី គឺត្រូវបានប្រកាសជាសាធារណៈ ហើយការបញ្ជាក់របស់សម្តេច​ចំពោះសារព័ត៌មាន និងសាធារណៈមតិជាតិ និងអន្តរជាតិ អំពីដីកាចាប់ខ្លួននេះ គឺធ្វើឡើងជាសាធារណៈ ដែលមិនមានអ្វីជាអាថ៌កំបាំងឡើយ។
លោកបានពន្យល់ទៀតថា «ការណ៍ដែល សម រង្ស៉ី និយាយថា ខ្ញុំមានការលំបាកធ្វើការជាមួយនឹងសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នោះគឺជារឿងភូតកុហកបោកប្រាស់សុទ្ធសាធ ប្រការនេះ សម រង្ស៉ី ចង់ឲ្យសាធារណៈមតិ មានការភាន់ច្រលំមកលើរូបខ្ញុំ និងជាល្បិចកលនយោបាយរបស់ លោក សម រង្ស៊ី ខ្លួនឯងតែប៉ុណ្ណោះ។ ធាតុពិតគឺ សម រង្ស៊ី ទេ ដែលខ្ញុំពិបាកធ្វើការជាមួយ។ ជាក់ស្តែងនៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ខ្ញុំដែលតំណាងឲ្យគណបក្សប្រជាជនកម្ពុជា រីឯលោក សម រង្សី តំណាងឲ្យគណបក្សសង្គ្រោះជាតិ។ ខ្ញុំនិងសម រង្ស៉ី បានជជែកគ្នាតាមទូរស័ព្ទ អំពីសេចក្តីព្រាងកិច្ចព្រមព្រៀងមួយ រវាងគណបក្សទាំងពីរ។ ខ្ញុំបានសុំយោបល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ខ្ញុំ និង សម រង្ស៉ី បានឯកភាពទាំងស្រុង ហើយសង្ឃឹមថា នៅព្រឹកថ្ងែទី១៧ ខែកញ្ញា ឆ្នាំ២០១៣ នឹងបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រាងនោះ នៅក្នុងកិច្ចប្រជុំនៅមន្ទីររដ្ឋសភា។ ប៉ុន្តែផ្ទុយពីការរំពឹងទុក ពេលចាប់ផ្តើមភ្លាម កឹម សុខា បានជំទាស់នឹងសេចក្តីព្រាង នោះទាំងស្រុង ដែលនាំឲ្យកិច្ចចរចាត្រូវបរាជ័យ ហើយពួកគេងាកទៅរកប្រមូលកម្លាំងប្រជាជនធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត និងធ្វើបដិវត្តន៍​ពណ៌ជាបន្តទៀត។ បញ្ហានេះទេ ដែលបញ្ជាក់ថា សម រង្សី ជាមនុស្សពិបាកធ្វើការ និយាយបាតដៃជាខ្នងដៃ មិនទៀងត្រង់ ក្រឡិចក្រឡុច មិនទទួលខុសត្រូវ និងអាចនិយាយបានថាគឺ សម រង្ស៊ី ទេជាអ្នកបោកខ្ញុំ»។
សូមបញ្ជាក់ថា ការផ្សព្វផ្សាយញុះញង់បំបែកបំបាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពីសំណាក់លោក សម រង្ស៉ី និងវិទ្យុអាស៊ីសេរី បានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពេលដែល លោក សម រង្ស៉ី បានយកជីវិតនយោបាយ និងសិទ្ធិសេរីភាពរបស់ លោក កឹម សុខា ធ្វើជាកម្មវត្ថុភ្នាល់ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្នុងការភ្នាល់នេះ លោក សម រង្ស៉ី បានកំណត់ថា សម្ពាធអន្តរជាតិនឹងធ្វើឱ្យ រដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា នៅមុនខែមីនា ខាងមុខនេះ តែបើមិនដោះលែងទេនោះ លោកសុខចិត្តចូលប្រទេសកម្ពុជាដើម្បីអនុវត្តទោស។

អ្នកវិភាគជាច្រើន បានលើកឡើងថា លោក សម រង្ស៉ី នឹងចាញ់នៅក្នុងការភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន ហើយទណ្ឌិតរូបនេះ នឹងមិនចូលខ្លួនឱ្យចាប់យកទៅអនុវត្តទោស ដូចអ្វីដែលលោកបានអះអាង និងប្រកាសនោះឡើយ ដោយសារតែតាមបទពិសោធកន្លងមកទណ្ឌិតនេះ មិនហ៊ានជាប់ពន្ធនាគារ ដូចលោក កឹម សុខានោះឡើយ។ ម្តងជាពីរដង លោក សម រង្ស៉ី តែងគេចវេសនូវអ្វីដែលលោកសន្យាថាត្រឡប់​មក​អនុវត្តទោសនៅកម្ពុជា តាមរយៈការចោទប្រកាន់ថា រដ្ឋាភិបាលបានហាមយន្តហោះមិនឱ្យដឹក​រូបលោកមក​កម្ពុជា ឬហាមមិនឱ្យលោកចូលកម្ពុជាជាដើម ៕

ផ្សាយបន្តផ្ទាល់ (Live) សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅខេត្តកំពត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជាង ១១៥០នាក់ មកពីរោងចក្រ សហគ្រាសទាំង១២ ក្រុងកំពត, ស្រុកទឹកឈូ, ស្រុកកំពង់ត្រាច, ស្រុកបន្ទាយមាស, ស្រុកដងទង់, កសិដ្ឋានចំការចេកស្រុកឈូក និងមកពីកសិដ្ឋានចំការម្រេចខេត្តកែបចំនួន១។ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩