Friday, March 30, 2018

សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ រៀបចំពិធីបើកប្រាក់បេឡាមរណៈសង្គ្រោះ របស់សមាគមជូនដល់គ្រួសារសពសមាជិក នៅស្រុកក្រគរ

ពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការរងយោធភូមិភាគទី៥, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់, ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ បានអញ្ញើញជាអធិបតីក្នុងពិធីបើកប្រាក់បេឡាមរណៈសង្គ្រោះ ស.អ.ក ជូនដល់គ្រួសារសពសមាជិក ស.អ.ក ខេត្តពោធិ៍សាត់។ ក្រុមគ្រួសារសពអតីតយុទ្ធជនមានឈ្មោះ ផេង ភឺន ដែលជានិវត្តជនយោធា ភេទប្រុស ដែលបានទទួលមរណៈភាព នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដោយជរាពាធ នៅភូមិអូរអញ្ចាញ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីនេះមានការចូលរួមពី លោកវរៈសេនីយ៍ទោ ជាង ឈន នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ប្រធានលេខា ស.អ.ក ខេត្តពោធិ៍សាត់, លោក វរៈសេនីយ៍ឯក ប៊ុត អេង មេបញ្ជាការផ្នែកសឹករងស្រុកក្រគរ អនុប្រធាន ស.អ.ក ស្រុកក្រគរ ក្រុមការងារថ្នាក់ខេត្ត សាខាឃុំ និងអាជ្ញាធរមូលដ្ឋាន ចំនួន១៥នាក់។ ក្នុងឪកាសនោះលោកប្រធាន ស.អ.ក ខេត្ត បានសំណេះសំណាល និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព និងក្រុមការងារ និងបានអានលិខិតចូលរួមមរណៈទុក្ខរបស់ ស.អ.ក ខេត្តពោធិ៍សាត់ផងដែរ។

ថវិកាមរណៈសង្គ្រោះរបស់ ស.អ.ក និងអំណោយដែលបាននាំយកមកចែកជូន ក្នុងនោះមាន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះអគ្គបញ្ជាការ ខ.ភ.ម មេបញ្ជាការរងកងទ័ពជើងគោក, អគ្គលេខាធិការរងគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល ស.អ.ក ចំនួន ៤.០០០.០០០រៀល, ថវិការបស់លោកស្រី ពេជ ចន្ទមុន្នី ចំនួន ២០០.០០០រៀល និងអង្ករចំនួន ១០០គីឡូក្រាម និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ប្រធានកិត្តិយស ស.អ.ក ខេត្តពោធិ៍សាត់ ថវិកា ៥០.០០០រៀល អង្ករចំនួន ៣០គីឡូក្រាម៕









ជនសង្ស័យកាប់បំផ្លាញសិវលិង្គចំនួន៦នៅភ្នំគូលែនត្រូវបានចាប់មកផ្តន្ទាទោសហើយ!

ជនសង្ស័យចំនួនពីររូបក្នុងចំណោមគ្នាបីនាក់ ត្រូវបានមន្ត្រីប៉ូលិសជំនាញព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ស៊ើបអង្កេតដឹងតាមចម្លើយសារភាពថាជាអ្នកបានវាយបំផ្លាញចម្លាក់សិវលិង្គនៅបាតស្ទឹងលិង្គមួយពាន់នៃរមណីយដ្ឋានភ្នំគូលែនកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។

ជនសង្ស័យទាំងពីររូបនេះត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតីវិធីច្បាប់កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។ ជនសង្ស័យទី១មានឈ្មោះ សារឿន យ៉ុត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ជនសង្ស័យទី២ឈ្មោះ ព្រីង ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរព្រីនរូបថត រស់នៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ រីឯជនសង្ស័យទី៣ឈ្មោះ រុន រស់នៅស្រុកជាមួយគ្នា បានរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីនឹងចាប់យកមកផ្តន្ទាទោសដូចគ្នាចំពោះទង្វើបំផ្លាញបេតិកភណ្ឌឥតស្គាល់ពីតម្លៃនៃសម្បត្តិវប្បធម៌ដូនតា។ បើតាមចម្លើយសារភាពពីជនសង្ស័យឥតស្រឡាញ់សម្បត្តិជាតិទាំងនេះ ពួកគេបានប្រើដាវសាម៉ូរ៉ៃដាប់បំផ្លាញសិវលង្គទាំង៦ពិតប្រាកដមែន។ ក្នុងនោះដែរ សមត្ថកិច្ចដកហូតដាវបានចំនួន៣ដើមដើម្បីរក្សាទុកធ្វើជាភស្តុតាង។

តាមការបញ្ជាក់ពីលោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នារសៀលថ្ងៃទី២៩ មីនា ឆ្នាំ២០១៨បានឱ្យដឹងថា ក្រុមការងារបានឃើញភាពខុសប្រក្រតីនៃសិវលិង្គពេលដើរល្បាតនៅព្រឹកថ្ងៃទី១៨ មីនា ឆ្នាំ២០១៨ ហើយក៏បានរៀបចំដាក់ពាក្យបណ្តឹងទៅតាមនីតិវិធី ដើម្បីស្វែងរកអ្នកប្រព្រឹត្តយកមកផ្តន្ទាទោសទៅតាមច្បាប់។ ពេលនេះជនសង្ស័យទាំងនោះត្រូវបានចាប់ខ្លួនបាន២នាក់ហើយ រង់ចាំការសាកសួរទៅតាមនីតិវិធីច្បាប់បន្តទៀត ហើយម្នាក់ទៀតសមត្ថកិច្ចកំពុងតាមចាប់ខ្លួន។

លោកបញ្ជាក់ទៀតថា សិវលិង្គដែលជនសង្ស័យបានលួចដាប់បំផ្លាញនៅបាតស្ទឹងលិង្គមួយពាន់លើភ្នំគូលែន មានចំនួន៦។ ក្នុងនោះសិវលិង្គចំនួន៣ត្រូវបានជនល្មើសដាប់យកចេញ និងបានកាប់សិវលិង្គចំនួន៣ទៀត តែមិនទាន់ដាច់ចេញពីជើងទម្រនៅឡើយ។

អាជ្ញាធរជាតិអប្សរានឹងពង្រឹងសមត្ថកិច្ចការពាររបស់ខ្លួនដោយសហការជាមួយស្ថាប័នពាក់ព័ន្ធផ្សេងៗឱ្យបានល្អជាងមុន ព្រមទាំងបញ្ជ្រាបចំណេះដឹងស្តីពីតម្លៃនៃបេតិកភណ្ឌដល់ប្រជាជនក្នុងតំបន់ ពិសេសគឺយុវជនជំនាន់ក្រោយដែលជាសរសរទ្រូងដ៏សំខាន់សម្រាប់ការពារថែរក្សា អភិរក្សមរតកវប្បធម៌បន្តពីអ្នកជំនាន់មុន។ ប្រជាជនទាំងអស់ក៏ជ្រួតជ្រាប ហើយសន្យាចូលរួម និងអប់រំកូនចៅខ្លួនឱ្យយកចិត្តទុកដាក់ ថែរក្សាសម្បត្តិដូនតាឱ្យបានគង់វង្ស។

អាជ្ញាធរជាតិអប្សរាសូមម្តែងនូវការសោកស្តាយជាខ្លាំងចំពោះការបាត់បង់នូវសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃនៅលើភ្នំគូលែន។ មិនតែប៉ុណ្ណោះ ទីតាំងសិវលិង្គនេះ ក៏ជាទីសក្ការៈដ៏សក្តិសិទ្ធិក្នុងជំនឿសុំទឹកមន្តរបស់ប្រជាជនខ្មែរផងដែរ។ យើងសូមថ្កោលទោសយ៉ាងដាច់ខាត ចំពោះជនឥតស្គាល់អត្តសញ្ញាណជាតិដែលដាច់ចិត្តលើកដៃបំផ្លាញសម្បត្តិពាន់ឆ្នាំទាំងនេះឱ្យខូចខាតនិងបាត់បងរូបភាពដើម។

នេះជាការសោកស្តាយណាស់ ក្នុងនាមជាកូនខ្មែរគ្រប់រូប ត្រូវចូលរួមលើកតម្លៃ សិក្សាស្រាវជ្រាវ និងថែរក្សាសម្បត្តិជាតិទាំងអស់ឱ្យបានល្អប្រសើរ ជាជាងការបំផ្លាញ រហូតបាត់បង់ ទើបស្តាយក្រោយ៕




ចៅ ចាក់ស្មុក ៖ អាកប្បកិរិយាយូកូងបាតផ្សាររបស់ ហុង លីម កំពុងធ្វើឱ្យបុព្វបុរសខ្មែរបាក់មុខ !




នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ហេ្វសប៊ុក ចៅ ចាក់ស្មុក បានបង្ហោះផ្សាយអត្ថបទមួយក្រោមចំណងជើងថា អាកប្បកិរិយាយូកូងបាតផ្សារ របស់ ហុង លីម កំពុងធ្វើឱ្យបុព្វបុរសខ្មែរបាក់មុខ ដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖
ពិតជាគួរឱ្យអាម៉ាស់បំផុតដែលបុគ្គល ហុង លីម មានតួនាទីដល់ទៅតំណាងរាស្ត្រ ប៉ុន្តែបានបង្ហាញនូវអាកប្បកិរិយាដ៏ព្រហើន និងអសីលធម៌បំផុត តាមរយៈការលើកដៃ កណ្តាលរបស់ធ្វើសញ្ញាមានន័យស្មើនឹងជេរម្តាយអ្នកដទៃ នៅក្នុងកិច្ចប្រជុំពិភាក្សារបស់ សភានៃរដ្ឋវិចតូរីយ៉ាកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ។ អាកប្បកិរិយាបែបយូកូងបាត ផ្សារដែល ហុង លីម បានធ្វើនៅក្នុងសភា និងក្រោយមកស្រែកគំហក ដាក់តំណាង រាស្ត្រស្ត្រីមកពីបក្សប្រឆាំងរបស់អូស្ត្រាលីនៅក្នុងជណ្តើរយន្ត បង្ហាញពីកម្រិតទាបបំផុត នៃសីលធម៌រស់នៅនិងចំណេះដឹងដែល ហុង លីម មាន។ ទង្វើមិនអាចទទួលយកបាន នេះ ត្រូវបានគេចាប់ឱ្យបុគ្គល ហុង លីម ថ្លែងសុំទោស និងបានក្លាយជាប្រធានបទដ៏ក្តៅ គគុកនៅក្នុងសារព័ត៌មាននានានៅអូស្ត្រាលី។ នេះពិតជាមេរៀនមួយ សម្រាប់បុគ្គលដែលព្រហើនកោងកាចដូច ហុង លីម។
ហុង លីមដែលគេស្គាល់ថាជាមនុស្សកម្រោលចូល ងុបងុលនឹងបក្សសង្គ្រោះជាតិ ចេញមុខប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា គណបក្សប្រជាជនកម្ពុជានិងជាពិសេសប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន ទាំងទទឹងទិសដើម្បីបំផ្លាញកិត្តិយសជាតិ និងផលប្រយោជន៍ខ្មែរ និងបម្រើផលប្រយោជន៍បរទេស។ ភាពក្រអឺតក្រទមរបស់ ហុង លីម ប្រមាថមេដឹកនាំកម្ពុជានិងប្រជាជនកម្ពុជា ពិតជាមិនអាចអត់ឱនឱ្យបានឡើយ ប៉ុន្តែ ហុង លីម បាន ត្រឹមតែខ្លាំងមាក់ងាយខ្មែរគ្នាឯង ភ្លេចកំណើតរបស់ខ្លួនមានប្រភពមកពីណា ប៉ុន្តែមិនហ៊ានក្អកនោះ ទេជាមួយជាតិសាសន៍បរទេស។ គេចាំបានថាហុង លីម ប្រកាសធ្វើមហា
បាតុកម្ម ប៉ុន្តែប្រមូលគ្នាមិនបាន ១០០ នាក់ផង ក្នុងការធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំកម្ពុជា ខណៈអ្នកគាំទ្រមានរហូតដល់ជាង ១០០០នាក់។ ឃើញដូច្នេះ ហុង លីម បានដឹកនាំកម្លាំងបាតុករដ៏តិចតួចទៅចូលរួម ជាមួយបាតុកម្មនៃពលរដ្ឋដទៃទៀតដែលដឹកនាំ ដោយបាតុករវៀតណាម។ ពេលនោះ ហុង លីម គ្មានហ៊ានក្អកអ្វីបន្តិច។
តាមរយៈទង្វើដ៏អសីលធម៌ក្នុងនាមខ្លួនជាតំណាងរាស្ត្រ បង្ហាញថា បុគ្គល ហុង លីម ជាមនុស្សឆេវឆាវ និងពោរពេញដោយគំនុំគុំគួន។ ហេតុដូចនេះហើយបានជាបុគ្គលនេះព្យាយាមធ្វើអ្វីៗដើម្បីតែខ្លួនឈ្នះ ដោយមិនគិតអ្វីខុសត្រូវឡើយ សូម្បីតែធ្វើ
កាយវិការ ជេរប្រមាថតំណាងរាស្ត្រគ្នាឯង ក៏ហុង លីម ធ្វើទៅរួចដែរ។ នេះឬតំណាង រាស្ត្រដ៏មានតម្លៃនៃប្រទេសស៊ីវិល័យនោះ ? បុគ្គលអសីលធម៌ និងព្រហើនកោងកាច ដូច ហុង លីម នេះដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចចាត់ថាជាបុគ្គលដែលមិន ត្រូវបានទទួលស្វាគមន៍នៅកម្ពុជា គឺពិតជាត្រឹមត្រូវណាស់។ ជនជាតិខ្មែរមិនមានចរិតលក្ខណៈច្រលើសបើសដូច ហុង លីម ឡើយ។ អ្វីដែល ហុង លីម បានធ្វើនៅក្នុងសភានៃ រដ្ឋវិចតូរីយ៉ាគឺជាការបំបាក់របស់បក្សនយោបាយរបស់ខ្លួន ប៉ុន្តែជាប្រយោលគេអាចចោទសួរថាតើ ហុង លីម មានដើមកំណើតអ្វី ? បើគេដឹងថា ហុង លីម មានដើមកំណើតខ្មែរ នោះគេនឹងអាចប្រៀបប្រដូចបុគ្គលិកលក្ខណៈ និងអាកប្បករិយារបស់ ហុង លីម ទៅនឹងខ្មែរក្រហមដ៏កាចសាហាវ និងមិនមែនជាបុគ្គលដែលគួរឱ្យរាប់រក។ ចង់ឬមិនចង់ ហុង លីមជាកូនអកត្តញ្ញូ រមើលគុណ កំពុងតែធ្វើឱ្យបុព្វបុរសខ្មែរបាក់មុខ !

ដោយ ចៅ ចាក់ស្មុក
ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៨

ខេត្តបាត់ដំបង ទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំសិក្សា២០១៧-២០១៨

បាត់​ដំបង​៖​ លោក ស៊ាង បូរ៉ាត់ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំសិក្សា២០១៧-២០១៨ នៅបរិវេណទីលានបាល់ទាត់សាកលវិទ្យាល័យបាត់ដំបង ។

កម្មវិធី​នេះ​មានការអញ្ជើញចូលរួមពី អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសនៃក្រសួងអប់រំ យុវជន និងកីឡា សមាជិក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត ប្រធាន អនុប្រធានមន្ទីរអប់ រំយុវជន និងកីឡា ទាំង២៥ រាជធានី ខេត្ត លោកគ្រូ អ្នកគ្រូ ក្រុមគ្រូបច្ចេកទេស គ្រូបង្វឹក ព្រមទាំងសិស្សានុសិស្សបឋមសិក្សា មកពី២៥ រាជធានី ខេត្ត សរុបជាង២០០០នាក់ ។

សូមបញ្ជាក់ថា ខេត្តបាត់ដំបង ត្រូវទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាសិស្ស បឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំសិក្សា២០១៧-២០១៨ ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៨ ដែលមានកីឡាករ កីឡាការិនី និងអ្នកចូលរួមប្រហែលជាង២០០០នាក់ ។ វិញ្ញាសាដែលប្រកួតមាន កីឡាបាល់ទាត់ បាល់ទះ បាល់បោះ និងហត្ថពលកម្ម ៕



លោក ហុង លីម ត្រូវបានសភារដ្ឋ​វិចតូរៀអូស្ត្រាលី បង្ខំឱ្យសុំទោសចំពោះកាយ​វិការដ៏​ឈ្លើយរបស់លោក នៅពេលប្រជុំសភា

សមាជិក​សភាមួយរូប នៃគណបក្សពលករ ប្រចាំនៅ​រដ្ឋវិចតូរៀ ប្រទេស​អូស្ត្រាលី គឺលោក ហុង លីម ត្រូវបានកាមេរ៉ា​នៅក្នុងសភារដ្ឋនេះ ចាប់បានសកម្មភាព​លោកលើកមម្រាមដៃកណ្តាល ដែលជា​កាយវិការមួយ មិនសមគួរ ឬឈ្លើយ​តែម្តង​សម្រាប់ជនជាតិលោក​ខាងលិច។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន ABC អូស្ត្រាលី ដែលត្រូវបាន​ដកស្រង់នៅល្ងាច​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨។

ជុំវិញការចាប់បាន​កាយវិការ មិនសមជាសមាជិក នៃអង្គនីតិបញ្ញតិរូបនេះបង្ខំឲ្យលោក ហុង លីម ថ្លែងសារសុំទោស​ដើម្បីបញ្ចប់រឿងតែម្តង។ ការបញ្ចេញ​កាយវិការ​ខាងលើនេះគឺត្រូវបានចាប់​ដោយកាមេរ៉ា អំឡុងពេល​ដែលលោក និងសមាជិក​សភាឯទៀត ប្រជុំពិភាក្សាគ្នា​នៅថ្ងៃចុងក្រោយ អំពីថវិកាជាតិ​សម្រាប់ខែឧសភា ដែលត្រូវ​​បានគេ​មើល​ឃើញថា ភាពតានតឹង​ត្រូវបានបង្កឡើងដោយ​សមាជិកសភាបក្ស​​ប្រឆាំង ទៅលើលោក Daniel Andrews ប្រធាន​រដ្ឋបាល នៃរដ្ឋវិចតូរៀ ស្ថិតភាគអាគ្នេយ៍​ប្រទេសអូស្ត្រាលីមួយនេះ ជុំវិញការចូលរួម​របស់លោក ក្នុងរឿងអាស្រូវ​នៃការ​បោះឆ្នោត។

បញ្ហាធ្ងន់ គឺបានផ្ទុះឡើង​នៅអំឡុងពាក់​កណ្តាលទី នៃកិច្ចប្រជុំ​ខាងលើនេះ ដោយក្រុមតំណាងរាស្ត្រ​បក្សប្រឆាំង បានខឹងសម្បារ និងចោទ​លោក ហុង លីម ថាបាន​លើម្រាមដៃ​កណ្តាលដាក់ពួកគេ ហើយ​លោកស្រី Roma Britnell ដែលជា​សមាជិក​សភាម្នាក់ដែរនោះ គឺជាអ្នកដែល​បានមើលឃើញ​សកម្មភាព ដែលមិនសមគួរ​បំផុតនេះ។
សមាជិកសភាមួយរូប​ទៀតនៃបក្សប្រឆាំង គឺលោក Dee Ryall បានលើកឡើង​បញ្ហានេះ ជម្រាប​ទៅកាន់លោក Colin Brooks ដែលជាប្រធានសភា ដោយបានអះអាងថា «ទង្វើលោក ហុង លីម គឺពិតជា​មិនសមរម្យ (ឈ្លើយ) និង​គួរឲ្យអាម៉ាស់បំផុត»។ បន្ទាប់មកលោក Brooks ក៏បានពិនិត្យ​មើលវីដេអូឡើង​វិញ ហើយក៏បាន​ឃើញថា លោក ហុង​ លីម ពិតជាបាន​​លើកម្រាមដៃ​កណ្តាលពិតមែន ប៉ុន្តែដោយសារ​តែគាត់ងោកក្បាលចុះ ដូច្នេះគេមិន​អាច​ដឹងថា លោកចង្អុល​ទៅនរណាម្នាក់នោះ​ឡើយ។

គួរបញ្ជាក់ថា ដើម្បីបញ្ចប់​បញ្ហានេះ លោក ហុង លីម បានសម្រេចចិត្ត​ធ្វើការសុំទោស​យ៉ាងខ្លី​ទៅអង្គសភា នៅល្ងាច​ថ្ងៃដដែល ចំពោះការដែលលោកបានព្រលែង​កាយវិការមិន​សមគួរនេះចេញមក៕


គណៈប្រតិភូយុវជនរាជធានីភ្នំពេញ បំពេញទស្សនកិច្ចសិក្សាតំបន់អភិវឌ្ឍន៍លោក ហេង សំរិន អន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ គណៈប្រតិភូយុវជនរាជធានីភ្នំពេញ បំពេញទស្សនកិច្ចសិក្សាតំបន់អភិវឌ្ឍន៍លោក ហេង សំរិន អន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ។ ទស្សនកិច្ចសិក្សានេះ បានទទួលការស្វាគមន៍ពី លោក ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ ដោយលោកបានជួបសំណេះសំណាលជាមួយប្រតិភូយុវជនរាជធានីភ្នំពេញ។
ក្នុង​ឱកាសនោះ លោកអភិបាលរងខេត្ត បាន​ធ្វើបទបង្ហាញដល់ក្រុមយុវជន អំពីទីតាំងនៃការតស៊ូរំដោះប្រទេសជាតិរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ និងបង្ហាញពីការអភិវឌ្ឍនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដើម្បីបានជាខឿនការពារបូរណភាពទឹកដី ព្រមទាំងជំរុញការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន(មានវត្តអារាម សាលារៀន មណ្ឌលសុខភាព និងរមណីយដ្ឋាន)។
លោកអភិបាលរងខេត្ត ក៏បានបង្ហាញបន្តទៀតថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងក្នុងការកសាងផ្លូវខ្សែក្រវាត់ព្រំដែនដែលកសាងដោយកងកម្លាំងវិស្វកម្ម ក្នុងន័យការពារជាតិ ការពារទឹកដី និងមាតុភូមិជាទីស្នេហានៃយើង។ ជាមួយគ្នានេះលោកអភិបាលរងខេត្ត បានបញ្ជាក់ ពីគោលបំណងនៃការបំបែកខេត្តត្បូងឃ្មុំចេញពីខេត្តកំពង់ចាម គឺដើម្បីបង្ខិតសេវាឲ្យកាន់តែគៀកជិតប្រជាពលរដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍន៍ខេត្តឲ្យកាន់តែរីកចម្រើន។

ជាចុងក្រោយ លោកអភិបាលរងខេត្ត បានផ្តាំផ្ញើដល់យុវជនថា សមិទ្ធផលទាំងអស់នេះ គឺកើតឡើងដោយសារប្រទេសជាតិមានសុខសន្តិភាព ហើយសន្តិភាពគឺកើតឡើងដោយសារគណបក្សប្រជាជនកម្ពុជា ដូច្នេះសូមធ្វើការពិចារណា មុននឹងធ្វើការសម្រេចចិត្តធ្វើអ្វីមួយ និងសូមចូលរួមការពារសន្តិភាពទាំងអស់គ្នា៕



លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អំពាវនាវប្រជាពលរដ្ឋត្រូវការពារសុខសន្តិភាពមិនឱ្យនរណាឬគណបក្សណាបំផ្លាញបានជាដាច់ខាត

លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានគូសបញ្ជាក់ថា មានសុខសន្តិភាព ទើបមានការអភិ​វឌ្ឍ​ន៍ មានសុខសន្តិភាព ទើបមានវិនិយោគទុន គេមិនដែលទៅវិនិយោកនៅប្រទេសណា ដែ​លមានសង្រ្គាមនោះទេ ដូចជាប្រទេសអីរ៉ាក់ លីប៊ី សីរីជាដើម គេមកវិនិយោគនៅប្រទេសណា ដែលសុខសន្តិភាព ដូច្នេះហើយក្រុមហ៊ុន សុវណ្ណ រីសត បានមកវិនិយោគនៅទីនេះ។ លោកបានថ្លែងដូចនេះក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់ក្រុមហ៊ុន សុវណ្ណ រីសត ព្រះនិម្មិតអាសី នៅ​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ នៅខេត្តព្រះវិហារ។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានលើកឡើងថា ពេលមានសង្រ្គាមគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្ស​បានខិតខំរកគ្រប់វិធីដើម្បីរកសន្តិភាព តាមរយៈនយោបាយឈ្នះ-ឈ្នះផង និងតាមរយៈនៃការចរចាការទូតផង ទើប​បានសុខសន្តិភាពដូចសុខសព្វថ្ងៃនេះ។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបញ្ជាក់ទៀតថា កម្ពុជាបច្ចុប្បន្ននេះស្ថិតក្នុងបរិ​យាកាសនយោបាយមួយ គ្របដណ្តប់នូវសន្តិភាពពេញបរិបូរណ៌ ឯកភាពជាតិ ឯកភាពទឹកដី ទាំងអស់ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយឆ្នាំនេះផងដែរ គឺជាឆ្នាំទី៣៩ ដែលកម្ពុជា​កំពុងតែទទួ​លបាននូវសុខសន្តិភាពយ៉ាងពេញលេញ ហើយការពារបាននូវអធិបតេយ្យភាព ឯកភាពទឹកដីតាមព្រំដែនវៀតណាម តាមព្រំដែនឡាវ និងតាមព្រំដែនថៃ គឺរក្សាបាននូស្ថេរភាពទាំងអស់។

សូមបញ្ជាក់ថា ក្រុមហ៊ុន សុវណ្ណ រីសត ព្រះនិម្មិតអាស៊ី ដែលបានធ្វើពិធីសម្ពោធនោះរួមមាន៖ វត្តល្បាក់ខោនព្រះនិម្មិត ព្រះអង្គធំ និងរមណីយដ្ឋានសុវណ្ណរីសត ដែលមានទីតាំងនៅរម​ណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។  ​រីសតដែលបានដាក់ឱ្យដំណើរការនេះ គឺមាន៥៤បន្ទប់ សម្រាប់ភ្ញៀវទេសចរ​អន្តរជាតិ មកស្នាក់នៅលេងកំសាន្ត ក្រៅពីនេះមានកន្លែងកំសាន្តផ្សេងៗ ទៀតដូចជាបា​ ខារ៉ាអូ​ខេផងដែរ៕​