Friday, September 29, 2017

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណៈភាពរបស់ លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណៈភាពរបស់ លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ដែលជាបិតាស្ថាបត្យករខែ្មរដ៏ល្បីល្បាញ ។
នៅក្នុងសារលិខិតរំលែកទុក្ខរបស់ លោកស្រី ដែលបានផ្ញើជូនលោកស្រី វណ្ណ អំបែ្យហេ្សទ្រូដ ( Vann Amber Gertrude ) ដែលត្រូវជាភរិយារបស់ លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បានគូសបញ្ជាក់ថា មរណៈភាពរបស់ ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ គឺជាការបាត់បង់ស្ថាបត្យករខ្មែរជើងចាស់ដ៏ឆ្នើមល្បីល្បាញបំផុតរបស់កម្ពុជា ដែលបានបន្សល់ទុក្ខនូវស្នាដៃស្ថាបត្យកម្មដ៏ច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលយើងទាំងអស់ គ្នាចងចាំជានិច្ច ។

សារលិខិតរំលែកទុក្ខបានសរសេរបញ្ជាក់ទៀតថា ខ្ញុំ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមសម្ដែងនូវសមានទុក្ខសោកស្ដាយអាឡោះអាល័យយ៉ាងក្រៃលែង និងក្ដីសង្វេករកទីបំផុតគ្មានជាមួយ លោកស្រី បុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ ដែលបានបាត់បង់ លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ដែលជាស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ ជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់ ។ ខ្ញុំ និងសហការី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ចន្ធ លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ផ្ញើសាររំលែកមរណទុក្ខចំពោះភរិយារបស់លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ

ក្រោយពីទទួលដំណឹងយ៉ាងក្រៀមក្រំរួចមក លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកស្រី នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ បានផ្ញើសាររំលែកមរណទុក្ខជូនចំពោះលោកស្រី វណ្ណ អាមបឺរហ្គឺតត្រាដ ភរិយារបស់លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ក្រោយលោកតាបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍។
លោកព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ ត្រូវបានគេស្គាល់ជាទូទៅថា ជាធនធានមនុស្សដ៏សំខាន់មួយរូប លោកជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញទាំងចំណេះដឹង និងទេពកោសល្យ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវប្បធម៌របស់ជាតិកម្ពុជា។

ខាងក្រោមនេះ ជាសាររំលែកមរណទុក្ខរបស់ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ និងលោកស្រី ជូនចំពោះភរិយារបស់លោក វណ្ណ ម៉ូលីវណ្ណ ៖

លោក សុខ ឥសាន លើកឡើងពីមូលហេតុការលើកបដាទាមទារឲ្យដោះលែង កឹម សុខា

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា កន្លងទៅ ថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា បានណែនាំឲ្យបណ្តាញរបស់ខ្លួននៅតាម រាជធានី ខេត្ត ទូទាំងប្រទេស នាំគ្នាលើកបដា ដែលមានខ្លឹមសារទាមទារឲ្យមានការដោះលែង កឹម សុខា ដែលបានប្រព្រឹត្តបទល្មើសសន្និដ្ឋិភាពជាមួយបរទេសបង្ករការប្រទូសារ៉ាយដល់ប្រទេសជាតិធ្ងន់ធ្ងរ ហើយដែលត្រូវបានតុលាការចោទប្រកាន់ និងកំពុងស្ថិតនៅក្នុងនីតិវិធីរបស់តុលាការ។
លោក សុខ ឥសាន បានបន្តថា ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណសង្គម សមត្ថកិច្ចបានណែនាំឲ្យគណបក្សប្រឆាំង ទម្លាក់ផ្លាកបដាទាំងនោះចេញឲ្យអស់ ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រឆាំងបានរឹងទទឹងមិនព្រមរុះរើបដាទាំងនោះចេញ តាមការណែនាំរបស់អាជ្ញាធរទេ ដោយចោទសួរសមត្ថកិច្ចថា ឲ្យរុះរើបដាចេញនេះ តើផ្អែកលើច្បាប់អ្វី?

លោក សុខ ឥសាន បានសួរទៅមន្ត្រីគណបក្សប្រឆាំងវិញថា នៅពេលណែនាំឲ្យលើកបដាទាំងនោះ នៅទូទាំងប្រទេសនោះ តើអស់លោកផ្អែកលើច្បាប់ស្អីដែរ ? ច្បាប់អី មាត្រាណា ជំពូកប៉ុន្មាន ? បើគ្មានច្បាប់ណាមកសំអាងទេ និងបើធ្វើតាមឯកចិត្តទេ អាជ្ញាធរនឹងមានវិធានការណ៍ទម្លាក់ចោល ក្នុងក្របខ័ណ្ឌសិទ្ធិអំណាចរបស់ខ្លួន ពីព្រោះប្រទេសមានច្បាប់ មិនអាចបណ្តែតបណ្តោយឲ្យជនណា បក្សណាធ្វើអ្វីផ្តេសផ្តាស់បែបអនាធិបតេយ្យនោឡើយ៕

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនានា ប្រចាំថ្ងៃទី២៩ ខែកញ្ញានេះ


ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង
សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖

ព្រឹទ្ធសភា ប្រកាសសំរេចបើកសម័យប្រជុំលើកទី១១ នៅថ្ងៃទី៥ ខែតុលាខាងមុខ

បន្ទាប់ពីទទួលបានការពិនិត្យ និងពិភាក្សា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភា បានកំណត់យកព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ ដើម្បីបើកសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៣។

សម័យប្រជុំ នៅថ្ងៃទី៥ ខែតុលា ខាងមុខនេះ មានរបៀបវារៈតែ១គត់ គឺស្តាប់របាយកាណ៍គណៈកម្មាធិការ អចិន្រ្តៃយ៍ ព្រឹទ្ធសភា សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១០ និងលើកទី១១ នីតិកាលទី៣។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភា៖

ខេត្តក្រចេះ រៀបចំសិក្ខាសាលាផ្សព្វ​ផ្សាយអនុក្រឹត្យ ​និងលិខិត​បទដ្ឋានពាក់ព័ន្ធ​នឹងការបង្កើត​យន្តការ​ច្រកចេញចូល​តែមួយ​

ក្រចេះ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ នៅសាលមហោស្រពខេត្តក្រចេះ លោក សរ ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោក ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធ ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀត។

សិក្ខាសាលាផ្សព្វផ្សាយនេះ មានគោលបំណងក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងគោលដៅកំណត់អំពីយន្តការ គោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការគាំទ្រ និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃទៅលើការផ្តល់សេវារដ្ឋបាលផងដែរ៕




រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតបង់ក្លាដេស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

នៅទីស្តីការក្រសួងពាណិ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកស្រី Saida Muna Tasneem ឯកអគ្គរដ្ឋទូតបង់ក្លាដេសប្រចាំនៅកម្ពុជា និងថៃ ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ជំនួបពិភាក្សាការងារនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៧ ដោយផ្តោតសំខាន់ទៅលើលទ្ធភាពនៃការចុះហត្ថលេខាចំនួន០២ រវាងក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្នុងអំឡុងពេលដំណើរទស្សនៈកិច្ចផ្លូវការរបស់លោកស្រីSheikh Hasina នាយករដ្ឋមន្រ្តីបង់ក្លាដេស មកកាន់ប្រទេសកម្ពុជានាពេលខាងមុខនេះ ដែលរួមមាន៖
១-អនុស្សរណៈយោគយល់គ្នា ស្តីពីបែបបទសម្រាប់រៀបចំក្រុមប្រឹក្សាពាណិជ្ជកម្មរួម (MOU on the Modalities of the Joint Trade Council)
២-បន្តសុពលភាពលើកិច្ចព្រមព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០០៦ ដែលបានផុតកំណត់កាលពីឆ្នាំ២០១៦។
ទន្ទឹមនឹងនេះ លោកស្រីបានស្នើសុំឲ្យក្រសួងពាណិជ្ជកម្មជួយសម្របសម្រួលជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំវេទិកា Business Dialogue ជាមួយសហព័ន្ធនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដេស ដើម្បីចាប់ដៃគូពាណិជ្ជកម្ម និងស្វែងរកឱកាសវិនិយោគ។ លើសពីនេះទៀតសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ នៅចំពោះមុខនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ។

ឆ្លើយតបនឹងសំណើរបស់លោកស្រីឯកអគ្គរដ្ឋទូតបង់ក្លាដេស និងលោក ប៉ាន សូរស័ក្តិ បានសន្យាថា នឹងជួយសម្របសម្រួលជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំវេទិកា Business Dialogue ជាមួយសហព័ន្ធនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មបង់ក្លាដេស ដើម្បីចាប់ដៃគូពាណិជ្ជកម្ម និងស្វែងរកឱកាសវិនិយោគ។ ជាមួយគ្នានេះដែរ លោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់សាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ដែលយល់ព្រមទិញអង្ករកម្ពុជាចំនួន ០១លានតោន ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧-២០២២៕