Tuesday, February 28, 2017

ក្រសួងអភិវឌ្ឍន៍ជនបទ ជ្រើសរើសក្របខណ្ឌមន្រ្តីរាជការចំនួន៥១រូបសម្រាប់ឆ្នាំ២០១៧

(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា សិស្ស និស្សតិទាំងពីរភេទ ដែលបាន​បញ្ចប់​ការ​សិក្សា ពីសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនានា អាចដាក់​ពាក្យ​ប្រឡង​ចូល​ក្រប​ខណ្ឌមន្រ្តីរាជការ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៧។ នេះ​បើយោង តាមសេចក្តីជូនដំណឹងរបស់ក្រសួងអភិវឌ្ឍន៍ជនបទចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០១៧នេះ។

សេចក្តីជូនដំណឹង បានបញ្ជាក់ថា លក្ខខណ្ឌជ្រើសរើសបេក្ខជនទាំងពីរភេទត្រូវបំពេញល​ក្ខខណ្ឌ​ដូចជា៖ មានសញ្ជាតិខ្មែរ មានអាយុចន្លោះពី១៨ ដល់៣៥ឆ្នាំ (សម្រាប់បរិញ្ញាបត្រ) និង ៤០ឆ្នាំ (សម្រាប់បរិញ្ញាបត្រជាន់ខ្ពស់) និងត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសម​មូល​ឡើងទៅ។

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងជ្រើសរើសមន្រ្តីរាជការខាងក្រោម៖





អាជ្ញាធរជាតិអប្សរា ផ្សព្វផ្សាយពីបេតិកភណ្ឌដល់អ្នកភូមិថ្នល់បណ្តោយ

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមការងារសហគមន៍ទី៥ ប្រចាំស្រុកបន្ទាយស្រីដឹក នាំដោយដោយ ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមរួមនឹងមន្ត្រីបុគ្គលិកជាច្រើនរូបទៀតបានចុះ ផ្សព្វផ្សាយពីបេតិកភណ្ឌដល់ប្រជាពលរដ្ឋដែលរស់នៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
គោលបំណងនៃការចុះផ្សព្វផ្សាយនេះ គឺដើម្បីរួមគ្នាថែរក្សា ការពារ និងអភិរក្សបេតិកភណ្ឌ។
ក្នុងឱកាសនោះដែរ លោក ម៉ី ម៉ារ៉ាឌី បានលើកឡើងអំពីការដាក់តំបន់អង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ការបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរាសម្រាប់គ្រប់គ្រងតំបន់អង្គរ តួនាទីភារកិច្ច និងកិច្ចការងាររបស់អាជ្ញាធរជាតិអប្សរាក្នុងការគ្រប់គ្រង ថែរក្សាការពារ និងអភិរក្សបេតិកភណ្ឌ និងសមិទ្ធផលដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន។ បន្ថែមពីនោះទៀត លោក ក៏បានពន្យល់អំពីសិទ្ធិ និងរបៀបដាក់ពាក្យស្នើសុំសាងសង់សំណង់ផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បេតិកភណ្ឌផងដែរ។
លោកក្រុមប្រឹក្សាស្រុក លោកមេឃុំ និងមេភូមិ អនុភូមិ បានថ្លែងចំណាប់អារម្មណ៍ថា លោកពិតជាសប្បាយចិត្តណាស់ និងអរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលរយៈកាលកន្លងមកបានគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ហើយលោករីករាយនឹងសហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីអប់រំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ពីបេតិកភណ្ឌកាន់ទូលំទូលាយឡើងថែមទៀត។
លោក មួន មិត្ត ប្រជាពលរដ្ឋភូមិថ្នល់បណ្តោយបានគាំទ្រចំពោះសកម្មភាពរបស់អាជ្ញាធរជាតិអប្សរា ដោយលោកយល់ឃើញថា កម្មវិធីនេះល្អ ព្រោះវាបានផ្តល់នូវចំណេះដឹងច្រើនដល់ប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់បានយល់ច្បាស់ពីតម្លៃ និងអត្ថប្រយោជន៍បេតិកភណ្ឌ ព្រមទាំងដឹងពីតួនាទីភារកិច្ចរបស់ពួកគាត់ ត្រូវចូលរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរាដើម្បីថែរក្សាបេតិកភណ្ឌ ដែលជាសម្បត្តិដូនតាយើងទាំងអស់គ្នា៕


អាជ្ញាធរជាតិអប្សរា បន្តសហការជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រចិនដើម្បីជួយដល់ការងារគ្រប់គ្រងតំបន់សៀមរាបអង្គរ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងចុះកិច្ចព្រមព្រៀង ជាមួយមជ្ឈមណ្ឌល HIST (International Center on Space Technologies for Natural and Cultural Heritage under the auspices of UNESCO) និងវិទ្យាស្ថានRADI (Institute of Remote Sensing and Digital Earth) និង​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន​(Chinese Academy of Sciences)  ដើម្បីបន្តគម្រោងសហប្រតិបត្តិការស្តីពីការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់ការងារអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានបេតិ​កភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប នៅចុងខែមីនា ឆ្នាំ២០១៧ខាងមុខនេះ។
កិច្ចពិភាក្សាស្តីពីគម្រោងបន្តចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ រវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងប្រតិភូនៃបណ្ឌិតសភាវិទ្យាសាស្ត្រចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ Wang Enge អនុប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រចិន។
គោលបំណងចម្បង នៃគម្រោងសហប្រតិបត្តិការនេះគឺ បណ្តុះបណ្តាលដល់មន្រ្តីបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាអវកាស (Remote Sensing) សម្រាប់ការងារអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់អាងផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសៀមរាប ស្ទឹងពួក ស្ទឹងរលួស និងភ្នំគូលែន។ ចាប់តាំងពីឆ្នាំ២០១៣មក គម្រោងនេះបានចូលរួមបណ្តុះបណ្តាលមន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាបានចំនួន៦លើក ដោយក្នុងនោះ៥លើកនៅសាធារណរដ្ឋប្រជាមានិតចិន បណ្តុះបណ្តាលបានចំនួន១៣រូប និង១លើកទៀត រៀបចំនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាផ្ទាល់ ដោយសាស្ត្រាចារ្យ​មកពីវិទ្យាស្ថានRADI និងមជ្ឈមណ្ឌលHIST។
សូមបញ្ជាក់ថា តាមរយៈកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងបណ្ឌិតសភាវិទ្យាសាស្ត្រចិន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ កន្លងមក អាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយមជ្ឈមណ្ឌល HIST នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្កើតឱ្យមានគម្រោងសហប្រតិបត្តិការស្តីពីការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់ការងារអភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប ដែលហៅថា គម្រោងបច្ចេកវិទ្យាអវកាសសម្រាប់បរិស្ថាននៃឧទ្យានអង្គរ(REAS : Remote Sensing for Environmental of Angkor Site Project)។
គម្រោងដដែលនេះ ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយទៀត នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ រវាងអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានRADI នៃបណ្ឌិតសភាវិទ្យាសាស្រ្តចិន និងមជ្ឈមណ្ឌលHIST សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ទិន្នន័យពីផ្កាយរណបរបស់ប្រទេសចិន(China’s Satellite Quicklook Data Service)។ យោងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយទៀតនេះ វិទ្យាស្ថានRADI បានផ្តល់មកឱ្យអាជ្ញាធរជាតិអប្សរា នូវការបង្កើតស្ថានីយ៍ផ្កាយរណបសិប្បនិមិ្មតមួយ (Virtual Ground Station) ក្នុងទីស្នាក់ការអាជ្ញាធរជាតិអប្សរា និងផ្តល់ឱ្យទិន្នន័យពីផ្កាយរណបចំនួនពីររបស់ប្រទេសចិន និងបានបណ្តុះបណ្តាល​ដល់មន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរា អំពីការប្រើប្រាស់ឧបករណ៍ និងកម្មវិធីទាំងនោះ ដែលស្ថានីយ៍មួយនេះកំពុងដំណើរការមកដល់សព្វថ្ងៃ៕



ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ រាជរដ្ឋាភិបាល នឹងចំណាយថវិកាជាង៧លានដុល្លារសម្រាប់ឧបត្ថម្ភដល់មន្រ្តីរាជការ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល នឹងត្រូវចំណាយថវិកាជាង៧លានដុល្លារ សម្រាប់ឧបត្ថម្ភដល់មន្រ្តីរាជការនៅទូទាំងប្រទេស នាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅថ្ងៃទី ១៤-១៦ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ។ លោក ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការអគារសិក្សា០១ខ្នង ១៨​បន្ទប់ និងអគារទីចាត់ការ០១ខ្នង ស្មើ០៣បន្ទប់ នៅវិទ្យាល័យ​តេជោ ហ៊ុន សែន បឹង ស្ថិតនៅភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ការគិតមួយថ្ងៃៗ គឺមិនងាយស្រួលទេ ត្រូវដំណើរការទៅមុខជាជំហានៗទៅតាមស្ថានភាពជាក់ស្តែង ហើយ ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ គឺរាជរដ្ឋាភិបាល នឹងចំណាយថវិកាជាង ៧លានដុល្លារ ដើម្បីឧបត្ថម្ភដល់មន្រ្តីរាជការ ដែលនឹងទទួលបានម្នាក់ៗចំនួន៥ម៉ឺនរៀលផងដែរ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់ អំពីការផ្លាស់ប្តូររៀបចំប្រាក់ខែគ្រូបង្រៀន និងមន្រ្តីរាជការឱ្យបានសមរម្យដោយបានតម្លើងទៅមុខជាដំណាក់កាលៗ។ ប្រាក់ខែគ្រូបង្រៀន និងគ្រូពេទ្យទាបបំផុតគឺជាង ៩៥ម៉ឺនរៀល ហើយបើអ្នកដែលមានប្រាក់តំបន់ រួមបញ្ចូលបន្ថែមទៀត គឺនឹងទទួលបានជាង១លានរៀល។
ទន្ទឹមនឹង ការឧបត្ថម្ភ និងតម្លើងប្រាក់ខែមន្រ្តីរាជការនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើង ថា តម្លៃនៃការផ្គត់ផ្គង់អគ្គិសនី ក៏នឹងធ្លាក់ចុះផងដែរ ដូចជា៖ ការប្រើប្រាស់​ភ្លើង​ចំនួន ១០គីឡូវ៉ាត់ចុះ មានតម្លៃ ៤៨០រៀល ៥០គីឡូវ៉ាត់ចុះ តម្លៃ៦១០រៀល និង៥០​គីឡូ​វ៉ាត់​​ឡើង តម្លៃ៧៧០រៀល ក្នុងមួយគីឡូវ៉ាត់៕







លោក សុខ ឥសាន៖ រួមគ្នាថែរក្សា និងការពារសន្តិភាពឱ្យបានគង់វង្ស

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រ​ជា​ជនកម្ពុជា បញ្ជាក់ពីតម្លៃមហាសាលរបស់សុខសន្តិភាពដែលកំពុងកើតមាននៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ ដែលយើងត្រូវមានតួនាទីរួមគ្នាថែរក្សាការពារឱ្យបានគង់វង្ស។ លោក សុខ ឥសាន បានថ្លែងបញ្ជាក់ដូចខាងក្រោម៖
ប្រជាជនកម្ពុជា បានឆ្លងកាត់សោកនាដកម្ម និងទុក្ខវេទនារាប់មិនអស់ និងធ្ងន់ធ្ងរបំផុត រកអ្វីប្រៀបគ្មាន ហើយក៏គ្មានប្រទេសណាលើពិភពលោកបានឆ្លងកាត់ដូចកម្ពុជាទេ ដែលរងគ្រោះដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍។ ដូច្នេះ  សន្តិភាព មានអត្ថន័យ  និងសំណូមពរជ្រាលជ្រៅណាស់សម្រាប់ប្រជាជនកម្ពុជា ក៏ ដូច​ជាប្រជាជនបណ្តាប្រទេសលើពិភពលោក​។ ផ្អែកលើសំណូមពរនេះ ទើបអ្នកស្នេហាជាតិផុសចេញពីគណបក្សប្រជាជនកម្ពុជា បានងើប​ឡើង ដឹកនាំការតស៊ូដើម្បីបុព្វហេតុស្វែងរកសន្តិភាពមកជូនប្រជាជាតិឡើងវិញដោយហ៊ានបូ​ជា​សាច់ស្រស់ ឈាមស្រស់ អាយុជីវិតដោយគ្មានស្តាយស្រណោះ។
ដូច្នេះ សន្តិភាពដែលដណ្តើមបានមកវិញ ចាប់ពីឆ្នាំ ១៩៩៨ មក មានតម្លៃធំធេងលើសលប់ មានអត្ថន័យដ៏មហាសាលដែលចាំបាច់ ត្រូវរួមគ្នា ថែរក្សាការពារ ឱ្យបានដាច់ខាត មិនអាចឱ្យជនណា ឬក្រុមជនណា មកបំផ្លាញបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។ រាល់សកម្ម​ភាពល្មើសច្បាប់ និងវិទ្ធង្សនាទាំងទ្បាយដែលប៉ុនប៉ងឱ្យមានអំពើអនាធិបតេយ្យ សុទ្ធតែក្នុងចេតនាបំផ្លាញសន្តិភាពរបស់ប្រទេសជាតិប៉ុណ្ណោះ។
ដូចនេះ ជារួម មានតែប្រជាជនកម្ពុជា ត្រូវរួបរួមគ្នាសាមគ្គីជាធ្លុងមួយ ដើម្បីថែរក្សា និងការពារឱ្យបានសន្តិភាពយូរអង្វែងសម្រាប់ប្រទេសជាតិយើងដែលជាកត្តាកំណត់មិនអាចខ្វះបាន៕

ព្រឹទ្ធសភា បោះឆ្នោត​គាំទ្រទាំង​ស្រុងនូវ​សេចក្តី​ស្នើច្បាប់ស្តី​ពី គណប​ក្សនយោ​បាយ​

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ព្រឹទ្ធសភាបានបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។ ក្រោយបើកកិច្ចប្រជុំ ព្រឹទ្ធសភាបានបោះឆ្នោតគាំទ្រទាំងស្រុងនូវសេចក្តីស្នើច្បាប់នេះ ក្រោមសំឡេងសមាជិក៤៤រូប។
សូមអានលទ្ធផលផ្លូវការនៃកិច្ចប្រជុំព្រឹទ្ធសភាវិសាមញ្ញនៅខាងក្រោមនេះ៖



លោក ហ៊ុន សែន៖ កម្ពុជា នឹងបន្តការខិតខំដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាកម្ពុជា នឹងបន្តការខិតខំដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន ពោលគឺ​បាន​ផ្លាស់ប្តូរកម្ពុជាពីប្រទេសផេះផង់ដោយសារសង្រ្គាម ក្លាយទៅជាប្រទេសមានសន្តិភាព និងការអភិវឌ្ឍ ពីប្រទេសដែលមានប្រជាជន តែ៥លាននាក់ រហូតដល់ជាង១៥លាននាក់។
លោក ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា០១ខ្នង ១៨​បន្ទប់ និងអគារទីចាត់ការ០១ខ្នង ស្មើ០៣បន្ទប់ នៅវិទ្យាល័យតេជោ ហ៊ុន សែន បឹង ស្ថិតនៅភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា យើងត្រូវបន្តការអភិវឌ្ឍបន្ថែមទៀត ដែលតម្រូវការកាន់តែច្រើនឡើងៗ។ យើង បានដឹកនាំបានការផ្លាស់ប្តូរមួយ គឺការផ្លាស់ប្តូរប្រកប​ដោយវិជ្ជមាន តួយ៉ាងដូចដែលមាននៅទីនេះស្រាប់ ពីមុនមានអគារស្ទើរតែបាក់បែក ជំនួសមកវិញនូវការផ្លាស់ប្តូរអគារដ៏ថ្មីស្រឡាងដែលយើងឃើញស្រាប់នាពេលនេះ៕