Tuesday, February 28, 2017

លោក ហ៊ុន សែន បានរំលឹកដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋ ត្រូវទទួលយកអ្វីដែលកំពុងមាន កុំជ្រើសយកការសន្យា

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋ ត្រូវទទួលយកអ្វី ដែលកំពុងមាន កុំជ្រើសយកការសន្យា។ លោក ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ​ប្រាស់​ជាផ្លូវការអគារសិក្សា០១ខ្នង ១៨​បន្ទប់ និងអគារទីចាត់ការ០១ខ្នង ស្មើ០៣បន្ទប់ នៅវិទ្យាល័យ​តេជោ ហ៊ុន សែន បឹង ស្ថិតនៅភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវការពារសន្តិភាពដែលកំពុងមាននៅកម្ពុជាឱ្យខានតែបានពីព្រោះសន្តិភាព​មាន​តម្លៃមហាសាលមិនអាចកាត់ថ្លៃបានឡើយ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេស​ជាតិយើងទៅមុខ​ទៀត​។​ លោក ក៏បានរំលឹកផងដែរថា ព្រោះតែការផ្លាស់ប្តូររបបពីសម័យសង្គមរាស្រ្តនិយម​របស់សម្តេច នរោត្តម សីហនុ មករបបសាធារណរដ្ឋ របស់លោក លន់ នល់ បានធ្វើឱ្យប្រជាពលពល​រដ្ឋខ្មែរកន្លះលានអ្នកស្លាប់ និងរបបប៉ុលពត ប្រមាណ៣លាននាក់ស្លាប់។
លោក ហ៊ុន សែន ក៏បានថ្លែងគូសបញ្ជាក់ដែរថា ព្រោះតែការចង់ផ្តួលរំលំរបប សាដាម ហូសេន និង លោក អាសាដ បានធ្វើឱ្យមនុស្សជាច្រើននាក់ស្លាប់ ប្រជាជនរងទុក្ខ​វេទនាខ្លោច​ផ្សារ ប្រទេសខ្ទេចខ្ទីស្ទើរទាំងស្រុង ដែលមិនទទួលបានអ្វីតាមការសន្យានោះឡើយ ដូច្នេះការប៉ុនប៉ងផ្តួលរំលំរូបលោក មិនដឹងថា នឹងត្រូវធ្វើឱ្យមនុស្សនិងប្រទេសខ្ទេចខ្ទីប៉ុន្មាននោះទេ៕








សភា​ពាណិជ្ជកម្មខេ​ត្ត ចិនចា​ប់អារ​ម្មណ៍បង្កើតវិ​ទ្យាស្ថានបណ្តុះ​បណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ នៅ​កម្ពុជា

ភ្នំពេញ៖ លោក Zhang Hailong ប្រធានសភាពាណិជ្ជកម្មខេត្តតៃស៊ូថ (Taizhour) របស់ចិនប្រចាំនៅកម្ពុជាបានជំរាបប្រាប់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបនៅទីស្តីការក្រសួង នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ថា លោកពិតជាចង់បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ នៅក្នុងប្រទេសកម្ពុជា។
លោក Zhang Hailong បានសំដែងនូវចំណាប់អារម្មណ៍ជាខ្លាំងក្នុងការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ស្របទៅតាមគោលនយោបាយនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជាពិសេសភាគីចិនផ្អែកលើគោលនយោបាយវិថីមួយ ខ្សែក្រវ៉ាត់មួយរបស់រដ្ឋាភិបាលចិន។
នៅឱកាសនោះលោករដ្ឋមន្រ្តី អ៊ិត សំហេង បានសំដែងនូវការសារទចំពោះគម្រោងនេះ ព្រមទាំងបានសំដែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះភាគីចិន ដោយបានចាត់ទុកដាក់ថា គម្រោងនេះមានសារៈសំខាន់ណាស់សម្រាប់ជួយបង្កើនធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែមានចំណេះជំនាញខ្ពស់ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោលនយោបានអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ២០១៥-២០២៥៕



លោក ហ៊ុន សែន បានរិះគន់ជាថ្មីម្តងទៀតចំពោះអ្នកដែលបានលើកឡើងសញ្ញាបត្រស្រុកខ្មែរ គ្មានតម្លៃ

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរិះគន់ជាថ្មីម្តងទៀតចំពោះអ្នកដែលបានលើកឡើងសញ្ញាបត្រស្រុកខ្មែរ គ្មាន​តម្លៃនោះ។ លោក ហ៊ុន សែន បានលើកឡើងដូចនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការអគារសិក្សា០១ខ្នង ១៨​បន្ទប់ និងអគារទីចាត់ការ០១ខ្នង ស្មើ០៣បន្ទប់ នៅវិទ្យាល័យ​តេជោ ហ៊ុន សែន បឹង ស្ថិតនៅភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ថ្លែងរំលឹកដល់លោកគ្រូ អ្នកគ្រូ សា​ស្រ្តា​ចារ្យថា មិនត្រូវភ្លេចទេ គេធ្លាប់លើកឡើងថា សញ្ញាបត្រស្រុកខ្មែរគ្មានតម្លៃ។ ប៉ុន្តែ​ទោះ​បីជាគេបង្អាប់យ៉ាងណាក៏ដោយ យើងមានកូនសិស្សរៀននៅសាលារបស់យើងត្រឹម​ត្រូវ ហើយ​​ឥឡូវនេះ យើងមានស្តង់ដារនៃសិស្សតទៅទៀត ខាងមុខប្រហែលជានៅ​ខេ​ត្តកំ​ពង់​ចាម​នេះ គរុសិស្សមិនមែន ១២ + ២ ទៀតទេ អាចឈានដល់ ១២ + ៤ ដើម្បីឱ្យ​គុណភាព​របស់​គ្រូ​កាន់តែខ្ពស់ទៅៗ នេះជាចំណុចសំខាន់។
លោក ហ៊ុន សែន ក៏បានថ្លែងកោតសរសើរផងដែរពីការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលកម្ពុជា យើង បានដើរឆ្លងនូវចំងាយមួយដ៏វែង ពីស្ថានភាពលំបាកលំបិនមកកាន់ស្ថានភាពល្អប្រសើរ ជាងមុន៕

កម្ពុជា​ទទួល​ចំណូល​ពីវិស័យ​ទេសចរណ៍ ៣៤០០លាន​ដុល្លា នៅឆ្នាំ​២០១៦​

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា នៅឆ្នាំ២០១៦ កម្ពុជាសម្រេចបានកំណើនក្នុងអត្រា ៥ភាគរយ ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង៥លាននាក់និងបានស្រូបយកចំណូលចំនួន៣៤០០លានដុល្លាសហរដ្ឋអាមេរិកចាក់ចូលក្នុងសេដ្ឋកិច្ចជាតិ ។
ក្នុងពិធីបើកវេទិកាជាតិធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី១ សណ្ឋាគារភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានមានប្រសាសន៍ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍នេះ ដោយសារតែកម្ពុជាមានគោលនយោបាយច្បាស់លាស់សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកកម្ពុជាម្តងហើយម្តងទៀត។
ជាមួយគ្នានេះ កក្តាសន្តិភាពគឺជាផ្នែកមួយសំខាន់ក្នុងការផ្តល់ភាពកក់ក្តៅ ដល់អ្នកវិនិយោគនិងភ្ញៀវទេសចរណ៍មិនអាចខ្វះបានឡើយ។
លោកបន្តថា តាមការព្យាករណ៍នៅឆ្នាំ២០១៧នេះ ការមកដល់នៃភ្ញៀវទេសចរអន្តរជាតិនឹងមានប្រមាណ ៥លាន ៤សែននាក់ ហើយរំពឹងថា នៅឆ្នាំ២០២០ ការមកដល់នៃទេសចរអន្តរជាតិអាចកើនឡើងដល់ ៧លាននាក់ ដោយនាំមកនូវចំណូលសរុបប្រមាណ ៥០០០លានដុល្លារ និងបង្កើតនូវឱកាសការងារបានប្រមាណ ១លាននាក់ ដោយផ្ទាល់៕

ទំព័រហេ្វសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា ត្រូវបានបើកឱ្យដំណើរការឡើងវិញ

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ទំព័រហេ្វសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា ត្រូវបានបើកឱ្យដំណើរការឡើងវិញចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ នេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាចុះថ្ងៃទី២៨ ខែកុម្ភ ឆ្នាំ២០១៧។
សេចក្តីជូនដំណឹងនោះ បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ ក្រុមអនាមិកបានលួចចូលគ្រប់គ្រងទំព័រហ្វេសប៊ុកផ្លូវការ និងគណនីហេ្វសប៊ុកពាក់ព័ន្ធមួយចំនួនរបស់អាជ្ញាធរជាតិអប្សរា បណ្ដាលឱ្យការផ្សព្វផ្សាយពីសកម្មភាពនានារបស់អាជ្ញាធរជាតិអប្សរាតាមរយៈទំព័រហ្វេសប៊ុកផ្លូវការនេះត្រូវបានខកខានមួយរយៈ។
សូមអានសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាដូចខាងក្រោម៖

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថា គណបក្សប្រឆាំងបង្ករឿងទៀតហើយ!

នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់អំពីទង្វើអសីលធម៌ វាយប្រហារមកលើគណបក្សប្រជាជន​កម្ពុជាពីសំណាក់​គណ​បក្សប្រឆាំងនៅទីក្រុងលីយ៉ុង ប្រទេសបារាំង។ លោក សុខ ឥសាន បានបញ្ជាក់ដោយមាន​ខ្លឹម​សារដូចខាងក្រោម៖
ប៉ុន្មានថ្ងៃកន្លងទៅនេះ គណបក្សប្រឆាំងនៅទីក្រុង លីយ៉ុង ប្រទេសបារាំង បានបើកការវាយប្រហារយ៉ាងធ្ងន់ធ្ងរមកលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមាន លោក ទួត ឃឿត តំណាងរាស្ត្រក្នុងតំណែង ជាប្រធានគណៈអធិបតី នៅក្នុងអង្គមីទ្ទិញ ដែលមានឈ្មោះលី ពឿង ជាអ្នកអានសុន្ទរកថា។ ការជេរប្រមាថបែបអសុរស និងធ្ងន់ធ្ងរមកលើគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាបែបនេះ គឺជាភស្តុតាងយ៉ាងប្រត្យក្សថា តំណាងរាស្ត្រ ទួត ឃឿត កំពុងធ្វើសកម្មភាពឱ្យបែកបាក់ជាតិ  ប្រព្រឹត្តល្មើសច្បាប់និងសីលធម៌នយោបាយ ដែលត្រូវទទួលខុសត្រូវចំពោះទង្វើខុសឆ្គងនេះ។
គណបក្សប្រជាជនកម្ពុជា នឹងពិនិត្យលទ្ធភាពផ្លូវច្បាប់ ដើម្បីចាប់បង្ខំឱ្យអ្នកប្រព្រឹត្តល្មើសទទួល​ខុសត្រូវ និងស្នើបញ្ឈប់ធ្វើសកម្មភាពបង្ករឿង ហើយដល់មានរឿងកុំបន្ទោសអ្នកដទៃឱ្យសោះ៕

ព្រឹទ្ធសភា បើកកិច្ចប្រជុំវិសាមញ្ញ​ពិនិត្យលើ សេច​ក្តី​ស្នើវិសោធនកម្មច្បាប់ ស្តីពី​គណបក្ស​នយោបាយ

ភ្នំពេញ៖ នៅវេលាម៉ោង៨៖០០ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ព្រឹទ្ធសភាបានចាប់ ផ្តើមបើកកិច្ច ប្រជុំវិសាមញ ដើម្បីពិនិត្យ និងឱ្យយោបល់ លើសេចក្តីស្នើច្បាប់ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។
សូមបញ្ជាក់ថា សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលស្នើដោយតំណាងរាស្រ្ត៦០រូប ត្រូវបានរដ្ឋសភា អនុម័ត​ទាំងស្រុង ដោយសំឡេងសមាជិករដ្ឋសភា៦៦រូប នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីបើកកិច្ចប្រជុំ​វិសាមញ្ញ​អស់រយៈពេលជិត ២ម៉ោង។
ការរៀបចំសំណើសុំធ្វើវិសោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពីមានការលើកឡើង ដោយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
មាត្រា១៨ថ្មី នៃសេចក្តីស្នើវិសោធនកម្មច្បាប់នេះ បានកំណត់ដោយសង្កត់ធ្ងន់ថា៖ ប្រធាននិងអនុប្រធាន និងសមាសភាព​នៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍ ឬអង្គការសមមូលនិងគណៈកម្មការទាំងពីរនេះ មិនត្រូវជា​បុគ្គល​ដែលជាទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈឹម ដោយគ្មានការព្យួរទោសឡើយ៕