Wednesday, May 18, 2016

សម្តេច​តេជោនា​យករដ្ឋមន្រ្តីអ​ញ្ជើញជួបសំ​ណេះសំណាល​ជាមួយនិ​ស្សិត ជិត៤០០នា​ក់ ដែលកំពុង​សិក្សានៅស​ហព័ន្ធរុស្ស៊ី

ក្នុងឱកាសនៃការស្នាក់ ​នៅបំពេញទស្សនកិច្ចការ​ងារនៅទីក្រុងម៉ូស្កូ ស​ហព័ន្ធរុស្ស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃព្រះរាជាណា​ចក្រកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយតំណា​ងនិស្សិតជិត៤០០នាក់ ដែលកំ​ពុងសិក្សានៅសហព័ន្ធរុស្ស៊ី។ ឯកឧត្តម ថៃ វណ្ណា ឯកអគ្គ​រាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំ​សហព័ន្ធរុស្ស៊ី មានប្រសាសន៍ថា ថ្ងៃនេះតំណាងនិស្សិតជិត៤០០នាក់ ដែលកំពុងសិក្សានៅ​សហព័ន្ធរុស្ស៊ី មានភ័ព្វសំណាងដ៏ធំធេងដោយបានសម្តេចតេជោ​នាយករដ្ឋមន្រ្តី ទទួលជួប​សំណេះ​សំណាល សំដែងកា​រគួរសម ពិសេសបានស្តាប់នូវអនុសាសន៍​ណែនាំមួយចំនួន ដើម្បីជាប្រទីប បង្ហាញផ្លូវដល់ការសិក្សារបស់ខ្លួនឲ្យកាន់តែទទួលបាននូវភាពជោគជ័យខ្ពង់ខ្ពស់ថែមទៀត។ ឯកឧត្តមឯកអគ្គរាជទូតមានប្រសាសន៍បន្តថា បើទោះបីជានិស្សិតទាំងជិត៤០០នាក់ មិនបានអញ្ជើញមកជួបប្រាស្រ័យ ដោយជិតស្និតជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ពិតមែន ប៉ុន្តែប្អូនៗនិងកម្មួយៗនិស្សិតទាំងអស់ បានផ្ញើរនូវការនឹករលឹកយ៉ាងខ្លាំងជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិសេសថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយឧបត្ថម្ភនូវ ថវិកាចំនួន១២០ដុល្លាអាមេរិក ក្នុង១ឆ្នាំសម្រាប់និស្សិតទាំងអស់ ដែលកំពុងស្នាក់នៅសិក្សារៀនសូត្រនៅ សហព័ន្ធរុស្សី។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ជំរាបជូននិស្សិត ពីអតីតកាលពោលគឺកាលពី៣៧ឆ្នាំមុន សម្តេចបានអញ្ជើញមកបំពេញទស្សនកិច្ចជាលើកដំបូង ក្នុងទីក្រុងម៉ូស្កូ អតីតសហភាពសូវៀត។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា ដោយសារតែព្រឹត្តិការណ៍​​​ពីអតីតកាលនោះហើយ ដែលរូបសម្តេចមិនអាចបំភ្លេចរហូតមកដល់ពេលនេះ ដែលរូបសម្តេចបានជួបនិងមេដឹកនាំអតីតសហភាពសូវៀតពោលនោះ និងបច្ចុប្បន្នសហព័ន្ធរុស្សីនៅពេលនេះ បានស្នើសុំហើយសុំទៀត ក្នុងការទទួលយកនូវនិស្សិតអាហារូបករណ៍របស់ប្រទេសកម្ពុជា មកបំពេញកម្មសិក្សានៅអតីតសហភាពសូវៀត និងសហព័ន្ធ រុស្សីនៅពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា ដោយសារយើងមានកិច្ចសហប្រតិបត្តិការ​​ល្អនេះហើយ បាននាំឲ្យកម្ពុជាទទួលបាននូវធនធានមនុស្សជាច្រើន ដែលបានធ្វើការបណ្តុះបណ្តាលនៅសហភាពសូវៀត និងសហព័ន្ធរុស្សីនៅពេលនេះ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍ ប្រទេសជាតិឲ្យមានការរីកចំរើនយ៉ាងធំធាត់ មកដល់បច្ចុប្បន្ននិងទៅអនាគត។ ជាមួយនិងពិធីសំណេះ សំណាលគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់​​​ពីសភាពការណ៍​​នយោបាយ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពិសេសសម្តេចបានធ្វើការផ្តាំផ្ញើរ​​ដល់និស្សិតទាំងអស់ ត្រូវធ្វើការតាមដានពីសកម្មភាពរបស់រាជរដ្ឋាភិបាល និងពីសភាពការណ៍ពិតរបស់ប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវិទ្យានៃសម័យសកលភាវូបនីយកម្មដ៏ទំនើបរបស់យើង ពិសេសទៅទៀតនោះត្រូវចេះពិចារណានូវរាល់ចំណុច វិជ្ជមានដែលរាជរដ្ឋាភិបាលបាននិងកំពុងដឹកនាំថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ពិសេសការអភិវឌ្ឍប្រទេសជាតិដែលកំពុងមានការរីកចំរើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សំដែងនូវការវាយតំលៃខ្ពស់ និងកោតសរសើរដល់និស្សិត អាហារូបករណ៍កម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការស្នាក់នៅសិក្សារៀនសូត្រ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ ក្នុងរយៈពេលកន្លងមក ពិសេសការធ្វើទំនាក់ទំនងល្អក្នុងជួរនិស្សិត ដែលស្នាក់នៅសិក្សារៀនសូត្រជាមួយគ្នា ក៏ដូចជាធ្វើទំនាក់ទំនងល្អជាមួយសាស្រ្តាចារ្យ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមទាំងជាមួយនិងបងប្អូនប្រជាពលរដ្ឋរស្ស៊ីផ្ទាល់តែម្តង។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានផ្តល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ជូនដល់និស្សិតអាហារូបករណ៍ទាំងអស់ បន្តនូវស្មារតីគោរពស្រឡាញ់ និងចេះជួយយកអាសារ​ពីគ្នាទៅវិញទៅមក ការធ្វើទំនាក់ទំនងល្អ​​ជាមួយ​និង​និស្សិត ដែលស្នាក់​នៅសិក្សា​រៀនសូត្រជា​មួយគ្នា ពិសេសការ​បន្តនូវប្រពៃ​ណីមិត្ត​ភាព កិច្ច​សហ​ប្រតិបត្តិ​ការល្អ ទាំងក្នុង​ការសិក្សា​នាពេលបច្ចុ​ប្បន្ន​និងទៅអ​នាគត។ សម្តេចតេ​ជោក៏បានធ្វើការ​ដាស់តឿន ដល់និស្សិ​តអាហារូបករណ៍ទាំងអស់ ត្រូវគោរពវិន័​យនិងសេចក្តីថ្លែ​ថ្នូរ ក្នុងការសិក្សា​​រៀនសូត្រ ត្រូវរស់​នៅស្អាត ហូបស្អា​ត និងមិន​ត្រូវបង្កបញ្ហាអ្វី​ដល់ការសិ​ក្សានិង​ការស្នាក់​នៅ និងមួយផ្នែក​ទៀត ត្រូវចូលរួ​មនៅក្នុងការ​ងារសង្គមឲ្យបា​នច្រើន និងទូលំទូ​លាយ។ ជាមួយ​គ្នានោះ ត្រូវ​មានមន​សិកាសាមគ្គីគ្នាក្នុង​ការសិក្សា​ស្រាវជ្រាវពីរ​បកគម្ហើញថ្មីៗ ដែល​ទាក់ទិន​ទៅនិងកម្មវិធីសិក្សា ពិសេសកា​ររីកចំរើនក្នុងអាស៊ាន ក៏ដូចជាការវិវ​ត្តន៍នៃសភាពការ​ពិភពលោក។ នៅក្នុ​ងពិធីសំណេះ​សំណាលគ្នានោះដែរ សម្តេចតេ​ជោនាយករដ្ឋមន្រ្តី  បានឧបត្ថម្ភ​ថវិកាមួយចំនួនជូន​ដល់និស្សិត​អាហារូបករណ៍ទាំងជិត ៤០០នា​ក់ ដែលកំពុងស្នា​ក់នៅសិក្សារៀនសូត្រ នៅសហព័ន្ធរុស្ស៊ីផងដែរ៕






សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយសមភាគីរុស្ស៊ី ឯកឧត្តម ឌីមីទ្រី មេដវេដេវ នាយករដ្ឋមន្រ្តីរុស្ស៊ី

សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា និងសម​ភាគីរុស្ស៊ី ឯកឧត្តម ឌីមីទ្រី មេដវេដេវ បានដែង​នូវការ​រីករាយ​និង​ស្វាគមន៍​យ៉ាងកក់​ក្តៅបំផុតចំពោះ​ខួប​៦០​ឆ្នាំ នៃ​ទំនាក់​ទំនងការ​ទូតរបស់​ប្រទេស​ទាំងពីរកម្ពុជា-រុស្ស៊ី ដែលបាន​និងកំពុងបោះ​ជំហានទៅមុខ​គួរជាទី​មោទន​ភាពបំផុត។ នៅក្នុងជំនួប​ពិភាក្សាទ្វេភាគីដែល​ធ្វើឡើង​នៅនិវេសន​ដ្ឋាន របស់ឯកឧត្តម​នាយករដ្ឋ​មន្រ្តីរុស្ស៊ី ដែលធ្វើឡើ​ងក្នុង​ទីក្រុង​ម៉ូស្កូ សហព័ន្ធរុស្ស៊ី ឯកឧត្តម ឌីមីទ្រី មេដវេដេវ មានប្រសាសន៍​ថ្លែងនូវ​​អំ ណរ​គុណយ៉ាងជ្រាល​ជ្រៅបំផុត ដោយបានជួប​ធ្វើការពិភាក្សា​សារជាថ្មី​ម្តងទៀត ជាមួយ​សម្តេច​តេជោ នា​យករដ្ឋមន្រ្តី បន្ទាប់ពីដំណើរទ​ស្សនកិច្ចផ្លូវការ​របស់ឯកឧត្តមទៅកាន់​ប្រទេសកម្ពុជា កាលពីខែវិច្ឆិកាឆ្នាំ​២០១៥កន្លងទៅ។
ជាការឆ្លើយត​បសម្តេច​តេជោនាយក​រដ្ឋមន្រ្តីមាន​ប្រសាសន៍ថា សម្តេចបា​នជួបពិភាក្សា ជាមួយ​ថ្នាក់ដឹកនាំរុស្ស៊ី ជាច្រើនលើក​កាល​ពីពេល​កន្លងមក ហើយថ្ងៃ​នេះប្រមុខ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ទាំងពីរ បានជួប​ពិភាក្សា​ សាជា​ថ្មីម្តង​ទៀត ដែលទាក់​ទិនទៅនិង​ការជំរុញកិ​ច្ចសហ​ប្រតិបត្តិការ​នៃប្រទេស​ទាំងពីរ។ សម្តេច​តេជោនាយ​ករដ្ឋមន្រ្តីមាន​ប្រសាសន៍បន្តថា ជាង៣៧​ឆ្នាំហើយដែល​រូបសម្តេច​មិនបាន​អញ្ជើញមក បំពេញទស្សន​កិច្ចផ្លូវការនៅ​សហព័ន្ធរុស្សី។ សម្រាប់ដំណើ​រទស្សនកិច្ច​នៅពេលនេះ សម្តេចបាន​ធ្វើការកត់​សំគាល់ថា សហព័ន្ធរុស្ស៊ី មានការអភិវឌ្ឍរីក​ចំរើនយ៉ាងឆាប់​រហ័សបំផុត។ នៅក្នុងជំនួប​ពិភាក្សាចង្អៀត និង​ការទទួលទានអាហារ​ការងារថ្ងៃត្រង់​នោះដែរ សម្តេចតេជោនា​យករដ្ឋមន្រ្តី និងឯកឧត្តមនាយករដ្ឋ​មន្រ្តីរុស្ស៊ី បានធ្វើការពិភាក្សា​គ្នាយ៉ាងយ​កចិត្ត​ទុកដាក់ ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ឲ្យកាន់​តែមាន​ទំហំ​ធំ ​ទ្វេឡើងថែមទៀត បើទោះបីទំហំពាណិជ្ជកម្ម​នៃប្រទេសទាំងពីរ​នៅមាន​តិចតួចនៅ​ឡើយក៏ពិត​មែន។ មេដឹកនាំនៃទាំងពីរ​ក៏បានធ្វើការ​ពិនិត្យពិភាក្សារា​ល់ទិដ្ឋភាពទាំ​ងអស់ ដែលប្រទេសទាំ​ងពីរមាន ពិសេសការ​សម្លឹងមើល​ទៅអនាគត​សម្រាប់ប្រទេសទាំង​ពីរ។
សម្តេចតេជោ​នាយក​រដ្ឋមន្រ្តីមាន​ប្រសាសន៍ចាត់​ទុក​ ដំណើរទស្សនកិច្ចរបស់​ឯកឧត្តមនាយក​រដ្ឋមន្រ្តីរុស្ស៊ី ទៅកាន់ប្រទេសក​ម្ពុជាកាល​ពីខែវិច្ឆិកា ឆ្នាំ២០១៥ គឺជា​ដំណើរទស្សន​កិច្ចជាប្រវត្តិសាស្រ្ត​លើកទី១ ដែលមិនធ្លាប់មាន​មេដឹកនាំរុស្ស៊ី អញ្ជើញទៅបំពេញ​ទស្សនកិច្ច ក្នុងប្រទេស​កម្ពុជា និងជា​ដំណើរ​ទស្សន​កិច្ចមួយដែលធ្វើ​ឡើងមុនការ​ ប្រារព្វខួបលើកទី៦០ឆ្នាំ នៃទំនាក់​ទំនងការទូត​របស់ប្រទេស​ទាំងពីរ។ ពាក់ព័ន្ធទៅនិង​កិច្ចព្រមព្រៀង​ក្នុងការគាំពារ​អ្នកវិនិយោគ នៃប្រទេស​ទាំងពីរ ឯកឧត្តម​នាយករដ្ឋ​មន្រ្តីរុស្ស៊ី​ ស្នើដល់​សម្តេច​តេជោ​​នាយករដ្ឋមន្រ្តី ត្រូវពិនិត្យមើល​លើទិដ្ឋភាព​​រួម​ទាំងអស់ ក្នុងនោះ​រួមទាំងកិច្ចព្រម​ព្រៀង​ដែលប្រទេស​ទាំងពីរមាន ក្នុងចន្លោះ​ពីឆ្នាំ១៩៥៦ រហូតមក​ដល់ឆ្នាំ ១៩៩១ ធ្វើយ៉ាងណា​ឲ្យឯកសារ​ទាំងអស់នោះបាន​ឆ្លើយតបទៅនឹ​ងបច្ចុប្បន្នភាព សម្រាប់ប្រ​ទេសទាំ​ងពីរ។ ឯកឧត្តម​នាយករដ្ឋ​មន្រ្តីរុស្ស៊ី ក៏បានគូសបញ្ជាក់​ពីការប្តេជ្ញាចិត្ត ក្នុងការជំរុញ​ទំហំពាណិជ្ជកម្ម នៃប្រទេសទាំង​ពីរ តាមរយៈការ​ជំរុញឲ្យ​មានការផ្លាស់​ប្តូរមុខ​ទំនិញ​ពីគ្នាទៅវិញ​ទៅមក រួមទាំង​ការគិតគូ​រជំរុញ​អ្នកវិនិយោគ រុស្ស៊ីមក​បណ្តាក់​ទុន​នៅកម្ពុជាលើការ​កសាង​ហេដ្ឋារ​ចនាសម្ព័ន្ធ ក្នុងនោះរួម​ទាំងផ្លូវ​ដែកផ​ងដែរ។   ក្នុងជំនួប​​ពិភាក្សា​ទ្វេភាគីនោះ​ដែរ សម្តេច​តេជោនា​យក​រដ្ឋមន្រ្តី មានប្រ​សាសន៍​ទៅកាន់​សមភាគី នាយករដ្ឋមន្រ្តីរុស្ស៊ី ខិតខំជំរុញ​ទំហំ​ពាណិជ្ជកម្ម​នៃប្រទេសទាំងពីរ​តាមរយៈ
ទី១-ត្រូវអនុវត្តនូ​វកិច្ចព្រម​ព្រៀង ដែ​លមាន​សម្រាប់ប្រ​ទេសទាំងពីរ លើវិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និងការ​វិនិយោគ​សម្រាប់ប្រទេសទាំង​ពីររហូត​ដល់ឆ្នាំ​២០២០
ទី២-ស្នើដល់​ភាគីរុស្ស៊ី​ផ្តល់ដល់​កម្ពុជា ក្នុងការនាំ​ចេញពីកម្ពុជា​ដោយមិនចាំ​បាច់ក្នុងការ​បង់ព័ន្ធ និង​គ្មាន​កូតា 
ទី៣-ស្នើដល់​ភាគីរុស្ស៊ី​ជួយទិញ​កសិផល និងផលិត​ផល​កសិកម្ម​ពីកម្ពុជា
និងទី៤-ស្នើបង្កើតឲ្យមាន​នូវក្រុម​ប្រឹក្សា​ធុរកិច្ចកម្ពុជា រុស្ស៊ី។
ឯកឧត្តម​នាយក​រដ្ឋមន្រ្តីរុស្ស៊ី បានឯកភាព​ចំពោះសំណើរ​របស់​ភាគី​កម្ពុជា តាម​រយៈកិច្ច​ពិភាក្សា​គ្នានោះដែរ ឯកឧត្តម​បានសន្យាថា និងជួយដល់គ្រូ​បង្វឹក​ដល់ក្រុម​កីឡា​របស់កម្ពុជា​ក្នុងការ ធ្វើជាម្ចាស់​ផ្ទះកីឡាស៊ីហ្កេ​មនៅឆ្នាំ​២០២៣​ខាងមុខ។
ក្នុងជំនួបពិភាក្សាគ្នា​នោះដែរ​ប្រមុខរដ្ឋាភិបាល​នៃប្រ​ទេសទាំងពី​រកម្ពុជា-រុស្ស៊ី ក៏បានពិភាក្សា​គ្នាយ៉ាង​យកចិត្ត​ទុកដាក់ទៅ​លើបញ្ហា​ទ្វេភាគី បញ្ហា​តំបន់ និងអន្តរ​ជាតិដែល​មានការ​យកចិត្តទុក​ដាក់​ដូចគ្នា។ បន្ទាប់ពីបាន​បញ្ចប់កិច្ច​ពិភាក្សាប្រកបដោ​យលទ្ធផល​ដ៏ត្រចះត្រ​ចង់រួចមក សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី និងឯកឧត្តម​នាយក​រដ្ឋមន្រ្តីរុស្សី បានអញ្ជើញ​ធ្វើជាសាក្សី​ ក្នុងពិធី​ចុះហត្ថលេខា​លើឯកសារ​កិច្ចព្រមព្រៀង និងអនុស្សារណៈ​សំខាន់ៗ​ចំនួន៨ ក្នុងនោះរួមមាន
ទី១- សន្ធិ​សញ្ញាស្តីពី​បត្យាប័ន​រវាង​ព្រះរាជាណាច​ក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។
ទី២-អនុស្សារណៈនៃការយោគយល់​គ្នាស្តីពីកិច្ច​ស​ហប្រតិ​បត្តិការ​រវាង​ក្រសួង​យុត្តិធម៌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងការិយាល័យអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្សី។
ទី៣-អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ច​សហប្រតិបត្តិ​ការលើវិស័យ​ទូរគមនា​គមន៍ និង​បច្ចេកវិទ្យាព័ត៌មាន រវាងក្រសួង​ប្រៃសណី​និងទូរគ​មនាគមន៍ នៃព្រះ​រាជាណា​ចក្រកម្ពុជា​ជាមួយ និងក្រសួងទូរគមនាគមន៍ និងប្រព័ន្ធ​ផ្សព្វផ្សាយ នៃសហព័ន្ធរុស្ស៊ី។
ទី៤-អនុស្សារណៈ​ស្តីពីកិច្ច​សហប្រតិបត្តិ​ការ រវាងគណៈ​កម្មាធិការ​ជាតិអូឡាំ​ពិកកម្ពុជា និងគណៈ​កម្មាធិការអូ​ឡាំពិក​រុស្ស៊ី។
ទី៥-សេចក្តីប្រកាស​រួម​ស្តី​ពី​បញ្ជីសំណើរ​គម្រោងសម្រាប់​កិច្ចសហប្រតិ​បត្តិការ​កម្ពុជា-រុស្ស៊ី លើវិស័យពាណិ​ជ្ជកម្ម សេដ្ឋកិច្ច និងវិនិ​យោគដល់​ឆ្នាំ២០២០។
ទី៦-អនុស្សារណៈ​នៃការយោគ​យល់គ្នា រវាងក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចិរភាព នៃព្រះរាជា​ណាចក្រកម្ពុជា និងសាជីវកម្ម​ថាមពល​បរមា​ណូ រដ្ឋ ROSATOM (សហព័ន្ធរុស្ស៊ី) ស្តីពីការ​បង្កើតមជ្ឈម​ណ្ឌលព័ត៌មាន​ថាមពលនុយ​ក្លេអ៊ែរ៊។
ទី៧-អនុស្សារណៈ​នៃការយោគ​យល់គ្នា រវាងក្រុម​ប្រឹក្សា​​ជាតិ​​អភិវឌ្ឍ​ដោយចិរភាព នៃព្រះរាជា​ណាចក្រកម្ពុជា និងសាជីវកម្ម​ថាមពល​បរមាណូ រដ្ឋ ROSATOM (សហព័ន្ធរុស្ស៊ី) ស្តីពីការបង្កើតក្រុ​មការងារ​រួមកម្ពុជា-រុស្ស៊ី លើកិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រើប្រាស់​ថាម​ពល​បរមាណូ ក្នុងគោល​បំណង​សន្តិភាព
និងទី៨-កិច្ចព្រមព្រៀងស្តី​ពីកិច្ច​សហប្រតិបត្តិការ រវាង​ក្រសួងមហា​ផ្ទៃនៃព្រះរា​ជាណាចក្រកម្ពុជា និងក្រសួង​មហាផ្ទៃ​នៃសហព័ន្ធរុស្ស៊ី។

សូមបញ្ជាក់ផង​ដែរថា ក្នុងដំណើរ​ទស្សនកិ​ច្ចជាប្រវត្តិសាស្រ្តរបស់ ឯកឧត្តមនាយក​រដ្ឋមន្រ្តីរុស្ស៊ី ឌីម៉េទ្រីមេវេដេវ ទៅមកកាន់​ប្រទេសកម្ពុជា កាលពីខែវិ​ច្ឆិកា ឆ្នាំ២០១៥កន្លងទៅ ប្រមុខរដ្ឋាភិបាល​នៃប្រទេស​ទាំងពីរបានឯ​កភាពគ្នា ចុះហត្ថលេខា​លើ ឯកសារ កិច្ចព្រមព្រៀង និងអនុស្សារណៈ នៃការយោគយល់គ្នាលើឯកសារសំ​ខាន់ៗ ចំនួន១០ ដើម្បីពង្រឹង កិច្ច​សហប្រតិបត្តិការ នៃប្រទេសទាំងពីរ​ឲ្យកាន់តែរឹងមាំ​ទ្វេឡើងថែមទៀត៕


Tuesday, May 17, 2016

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ថវិកា មួយលានដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផា

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងផ្តល់ថវិកា $,000,000.00 (មួយលានដុល្លារអាមេរិក) ជូនមូលនិធិគន្ធបុប្ផា ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត បេអាត រិចនឺ (Beat Richner) ប្រធានមូលនិធិ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ក្រោយពីបានប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា បានការគាំទ្រថវិកាពីសទ្ធាជ្រះថ្លារបស់សប្បុរសជនជាតិ-អន្តរជាតិ ហើយបានបែងចែកផ្តល់ថវិកា មួយលានដុល្លារជូនមូលនិធិគន្ធបុប្ផានៅពេលនេះ។
ក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងក្តីសោមនស្សរីករាយ និងកោតសរសើរ ចំពោះ ឯកឧត្តមវេជ្ជបណ្ឌិត បេអាត រិចនឺ ក្រុមគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងព្យាបាលជំងឺជូនស្ត្រីមានផ្ទៃពោះឆ្លងទន្លេ និងកុមារ  កម្ពុជារាប់ពាន់ រាប់ម៉ឺននាក់ ឱ្យរួចផុតពីសេចក្តីស្លាប់ និងពិការភាព។

លោក បេអាត រិចនឺ បានថ្លែងអំណរគុណដល់សណ្តានចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនៅតែបន្តជួយឧបត្ថម្ភគាំទ្រថវិកា មួយលានដុល្លារ បាន ប្រាំឆ្នាំជាបន្តបន្ទាប់តាំងពីឆ្នាំ ២០១២រៀងមក ដើម្បីលើកទឹកចិត្តដល់បុគ្គលិកទាំងអស់បន្តនូវការបំពេញភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានគាំទ្រកាន់តែច្រើនពីសំណាក់ជាតិ និងអន្តរជាតិ ជាពិសេសចំពោះប្រជាជនកម្ពុជាឱ្យមានទំនុកចិត្តក្នុងការនាំកូនៗរបស់ខ្លួនមកព្យាបាល។ ទន្ទឹមនិងនោះដែរ លោក បេអាត រិចនឺ ក៏បានថ្លែងអំណរគុណចំពោះ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ដែលតែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕





លោក អ៊ុំ សំអាន ត្រូវបានសាលាឧទ្ធរណ៍ សម្រេចបដិសេធសំណើសុំនៅក្រៅឃុំ

នៅព្រឹក​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ សាលាឧ​ទ្ធរណ៍ បានសម្រេច​បដិសេធលើសំណើសុំនៅ​ក្រៅ​ឃុំរបស់ លោក អ៊ុំ សំអាន សមាជិក​គណបក្ស​សង្រ្គោះជាតិ បន្ទាប់​ពីបាន​បើកសវនាការ​ជំនុំ​ជម្រះរួចមក ។
សវនាការ សម្រេចប​ដិសេធសំណើ​សុំនៅ​ក្រៅឃុំ​របស់ លោក អ៊ុំ សំអាន នេះ ដឹក​នាំ​ដោយ លោក ភូ ពៅ ស៊ុន ជាប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ, លោក សួស សំអាត និង ងួន អ៊ីម ជាសមាជិក ព្រមទាំង លោក ង៉ែត សារ៉ាត ជាតំណាងអយ្យការ។ សាលាឧទ្ធរណ៍បានសម្រេចតម្កល់តាម​សាលក្រម​​របស់សាលា​ដំបូងរាជធា​នីភ្នំពេញ ចំពោះ​សំណុំរឿង​នៅក្រៅឃុំនេះ។
សូមរំលឹកផ​ងដែរថា លោក អ៊ុំ សំអាន អតីតអ្នក​តំណាងរាស្រ្តគ​ណបក្សសង្រ្គោះ​ជាតិ មណ្ឌលសៀមរាប ត្រូវបានសមត្ថកិច្ចចា​ប់ខ្លួន នៅខេត្តសៀម​រាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រ​ឡប់ពីអាមេរិក មកដល់ប្រ​ទេសកម្ពុជា។ សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនដោយ​សារតែប្រព្រឹ​ត្តិបទល្មើសជាក់ស្តែង នៅតា​មបណ្តាញសង្គម Facebook។ លោកត្រូវបាន​សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃ​ស កាលពីថ្ងៃទី១២​ ខែមេសា ឆ្នាំ២០១៦ ដោយចោ​ទប្រកាន់ក្រោម​បទចោទញុះញង់ នាំឲ្យមាន​ការរើសអើង និងប្រព្រឹត្តិប​ទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រ​ហ្មទណ្ឌ ស្របពេលដែលរដ្ឋសភាបា​នបោះឆ្នោត គាំទ្រ​ឱ្យតុលាការ និងសមត្ថកិច្ចអ​នុវត្តនីតិវិធីបន្ត ចំពោះ​តំណាងរាស្រ្ត គណបក្សប្រឆាំងរូបនេះ។

ក្រោយ​មានការសម្រេចឃុំខ្លួ​ន លោក អ៊ុំ សំអាន បានដាក់​ពាក្យប្តឹងដើ​ម្បីទាមទា​រនៅក្រៅឃុំ ប៉ុន្តែត្រូវចៅក្រ​មស៊ើបសួរសា​លាដំបូងរាជធានីភ្នំ​ពេញ លោក តុប ឈុន​ហេង កាលពីល្ងាចថ្ងៃ​ទី២២ ខែមេសា ឆ្នាំ២០១៦ សម្រេច បដិ​សេធ បណ្តឹងសុំនៅក្រៅឃុំនេះ៕


កម្ពុជាសម្រេចបែងចែកឆ្នេរសមុទ្រ ជា៣ប្រភេទដើម្បីសណ្តាប់ធ្នាប់និងការគ្រប់គ្រង

គណៈកម្មាធិការជាតិគ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា នៅថ្ងៃចន្ទទី១៦ ខែឧសភា ឆ្នាំ​២០១៦កន្លងទៅនេះ បានសម្រេច​បែង​​ចែកតំបន់ឆ្នេរសមុទ្រកម្ពុជាជា៣ប្រភេទ ដើម្បីងាយ​ស្រួល​​​នៅក្នុងការរៀបចំ​សណ្តាប់​ធ្នាប់ និងការគ្រប់គ្រង។ នេះបើតាមសេចក្តីសម្រេច​នៅក្នុង​កិច្ច​​ប្រជុំ ដើម្បីគ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆេ្នរសមុទ្រខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០១៦​កន្លងទៅនេះ ដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ដែលជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍ​តំបន់ឆ្នេរសមុទ្រកម្ពុជា និង ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិគ្រប់គ្រង និងអភិវឌ្ឍ​តំបន់ឆ្នេរសមុទ្រកម្ពុជា។
តាមសេចក្តីសម្រេចរបស់អង្គប្រជុំ បានបែងចែកឆ្នេរសមុទ្រកម្ពុជា ជា៣រួមមាន៖ ទី១- ឆ្នេរ​សមុទ្រ​​​​​សាធារណៈរបស់រដ្ឋ ទី២-ឆ្នេរសាធារណៈរបស់រដ្ឋ ដោយមានការចូលរួម​ពីវិស័យ​ឯកជន និងទី៣- ឆ្នេរកំសាន្តសាធារណៈរបស់រដ្ឋបែបប្រណិត។
លោក នី ផល្លី អគ្គលេខាធិការរងគណៈកម្មាធិការជាតិ គ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា បានឲ្យដឹងថា ក្រៅពីការពិភាក្សានិងកំណត់តំបន់ឆ្នេរសមុទ្រគណៈកម្មាធិការ ក៏បាន​ពិភា​ក្សា​អំពីការរៀបចំកែលម្អរតំបន់ឆ្នេរ ឲ្យស្របតាមស្តង់ដាបទដ្ឋានគតិយុត្តិ និងការវាយ​តម្លៃ​ឆ្នេររបស់កម្ពុជាយើង ដើម្បីឲ្យក្លាយទៅជាឆ្នេរស្អាតមានសូចនាករ រួមទាំងការកំណត់យន្តការ​នៃ​ការ​គ្រប់គ្រង ។ លោក នី ផល្លា ក៏បានបញ្ជាក់បន្ថែមឲ្យដឹងដែរថា កិច្ចពិភាក្សានោះក៏​បាន​កំណត់​​នូវការរៀបចំខ្លោង​ទ្វារសម្រាប់ចូលកំសាន្តនៅឆ្នេរនីមួយៗ ដោយមានដាក់ឈ្មោះ ដើម្បី​​​​ឲ្យសាធារណជន​ក៏ដូច​ជាទេសចរណ៍ស្គាល់ឈ្មោះរបស់ឆ្នេរកំសាន្តនីមួយៗ ។
ទន្ទឹមនោះ កិច្ចប្រជុំក៏បានពិភាក្សានូវការរៀបចំសំណង់តូប នៅតាមតំបន់ឆ្នេរផងដែរ។ សូម​ បញ្ជាក់​ថា កិច្ចប្រជុំនោះបានពិភាក្សាលើបញ្ហាចំនួន៥ រួមមាន៖ ១-បើករបងបាំង​ខឿន​ខណ្ឌ​​ព្រំដីតូបដែលលយចូលឆេ្នរសមុទ្រខុសពីការកំណត់ ២-បើកច្រកធើ្វខ្លោងច្រកចូលដោយ​ដាក់​​​ឈោ្មះ (ឆេ្នរឯករាជ្យ ឆេ្នរអូរឈើទាល ឆេ្នរអូតេ្រះ...) ដើម្បីឲ្យកូនខែ្មរសា្គល់ និងទេសចរណ៍ ព្រោះ​​កន្លងមកចេះតែហៅឈ្មោះក្រុមហ៊ុនបរទេស, ដើរត្រង់មិនបាន ព្រោះទើសតូប និង​មើល​មិន​​ឃើញ​សម្រស់ និងលំហសមុទ្រ ៣-សម្រាប់ខ្លោងច្រកចូល សូមអំពាវនាវ​សប្បុរសជន​ចូល​រួម ដោយអនុញាតឲ្យដាក់ឈោ្មះ តែមិនទទួលក្រុមហ៊ុនផ្សាយបារី ឬគ្រឿងស្រវឹង ៤-អភិវឌ្ឍន៍​តំបន់​បៃតង និងបម្រែបម្រួលអាកាសធាតុ និង៥/.លើកកម្ពស់ជីវភាពប្រជាជន និងបង្កើត​ការ​ងារ​​ជូនយុវជន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​​ថ្លែងថា សម្រាប់ការសាងសង់តូបកំសាន្ត និងខ្លោងទ្វារឆ្នេរទាំងអស់ នឹងមិន​ប្រើប្រាស់​ថវិកា​របស់រដ្ឋនោះទេ គឺធ្វើឡើងតាមរយៈការអំពាវនាវសប្បុរសជន​ជួយ​សាងសង់ជំនួសវិញ៕




សម្ដេចក្រឡាហោម ស ខេង សុំឲ្យប្រជាពលរដ្ឋសហការជាមួយកងកម្លាំងនគរបាលជាតិផ្នែកសន្តិសុខ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យប្រជា​ពលរដ្ឋ​​គ្រប់​មជ្ឈដ្ឋាននិងអង្គការ​សមាគមជាតិអន្តរជាតិ​ចូលរួមសហការ​​ជាមួយកងកម្លាំង​នគរបាលជាតិ គ្រប់លំដាប់ថ្នាក់ ដើម្បីធ្វើឲ្យសន្តិសុខ សណ្តាប់ធ្នាប់សង្គម​ឲ្យមានភាព​ល្អ​ប្រសើរ​​ថែមទៀត។ សម្តេចក្រឡា​ហោម ស ខេង ថ្លែងអំពា​វ​នាវដូច្នេះក្នុង​ឱកាស​ប្រារព្វ​ពិធី​អបអរសាទរ ខួបអនុស្សាវ​រីយ៍លើកទី៧១ (១៦ ឧសភា១៩៤៥-១៦ ឧសភា ២០១៦) ថ្ងៃ​​កំណើត​​នគរ​បាលជាតិម្ពុជា។

ក្នុងឱកាស​ប្រារព្ធខួប​ថ្ងៃកំណើត​នគរបាលជាតិ​នាព្រឹកថ្ងៃទី១៦ ខែឧសភាឆ្នាំ​២០១៦នេះ សម្តេច​​ក្រឡា​ហោម ស ខេង បាន​ថ្លែង ថា កន្លង​មក កង​កម្លាំងនគរ​បាលជាតិ ដែលបាន​​ប្រសូត​ចេញ​ពីកូន​ចៅពលដ្ឋ​ខែ្មរ​គ្រប់ជំនាន់​បានឆ្លង​កាត់ឧបសគ្គជាច្រើន ហ៊ាន​ពលី​​ជីវិត​​គ្រប់​​បែប​យ៉ាង និងបាន​​ប្រកៀក​ស្មា​ជាមួយកងយោធ​ពលខេម​រភូមិន្ទ​ការពា​រជាតិ សាសនា ព្រះ​​មហា​ក្សត្រ​ ការពារ​រដ្ឋធម្ម​នុញ្ញ និង​រាជរដ្ឋា​ភិបាល ស្របច្បាប់​កើត​ចេញ​ពីការ​បោះឆ្នោត។


សម្តេច​ក្រឡា​ហោម បានបន្ដថា កម្លាំង​នគរបាលជាតិ ក៏បាន​បំពេញតួនា​ទី ភារកិច្ច​របស់​​ខ្លួន​រាប់​​មិន​អស់ ក្នុង​ស្មារតី​ទទួលខុសត្រូវខ្ពស់ ការពារឯករាជ្យ អាធិបតេយ្យភាពជាតិ បូរណភាព​ទឹកដី រក្សាស្ថិរភាពនយោបាយ ប្រឆាំងទប់ស្កាត់រាល់ឧបាយកលប៉ុនប៉ងធ្វើវិទ្ធង្សនា អំពើភេរ​វ​កម្ម បង្កា និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងការពារ​អាយុ​ជីវិត ទ្រព្យសម្បត្តិប្រជាពលរដ្ឋ រក្សាសុខសុវត្ថិភាពនៅមូលដ្ឋាន និងរបៀបរៀបរយ​សណ្តាប់​ធ្នាប់​សាធារណៈក្នុងសង្គម ក្រៅពីនេះកងកម្លាំងនគរបាលក៏បានចូលរួមលេណដ្ឋានសមរភូមិ ជា​មួយកងទ័ពនៃកងយោពលខេមរភូមិន្ទការពារខែ្សបន្ទាត់បង្គោលខណ្ឌសីមាព្រំដែនផងដែរ។


សម្តេចក្រឡាហោម ស ខេង បន្ថែមថា តាមរយៈកិច្ចខិតខំថែរក្សាការពារសន្តិសុខសណ្តាប់​ធ្នាប់​នោះ បានជំរុញឲ្យកម្ពុជា មានស្ថេរភាពនយោបាយ បន្តសម្រេចបានកំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​៧ភាគ​រយនិងចំណូលប្រជាពលរដ្ឋជាមធ្យមម្នាក់ៗ កើនដល់​១៣២៥ដុលា្លរអាមេរិក​ក្នុង​មួយ​ឆ្នាំ។

នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរ​បាលជាតិបានថ្លែងបញ្ជាក់​ថាក្នុងឆ្នាំ​២០១៥កន្លងមក នគរបាលជាតិ​បានប្រមូលផ្តុំ​អនុវត្តភារកិច្ចស្នូល​របស់ខ្លូន ក្នុងការថែ​រក្សា​សន្តិ​សុខ​​សង្គម​ធ្វើឲ្យបទល្មើសប​ន្តថយចុះ៤% បន្ថែមទៀត បើ​ធៀបឆ្នាំ២០១៤ ដែ​លមានត្រឹ​ម ២៧០៨ករណី លើ២៨១៤ករ​ណីនិងបានចាត់វិ​ធានការបង្ក្រាប បណ្តាករ​ណីបទ​ល្មើស​​កើន​ឡើង​​រហូតដល់៧៩% ​ឃាត់ខ្លួន​ជនល្មើស​បានជាង​៣០០០នាក់៕





សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅសហព័ន្ធរុស្ស៊ី

តបតាមការ​អញ្ជើញ​របស់ឯ​កឧត្ដម ឌីមីទ្រី មេដវេដេវ នាយករដ្ឋ​មន្រ្ដី នៃសហ​ព័​ន្ធ​រុស្ស៊ី​ និង​តបតាម​​ការ​​អញ្ជើញ​របស់ឯកឧត្ដម វ្លាឌឺមៀរ ពូទីន ប្រធា​នា​​​ធិបតី​នៃ​សហព័ន្ធ​រុស្ស៊ីនោះ សម្ដេច​អគ្គ​មហា​សេនា​​ប​តី​តេ​​​​ជោ​ ​​ហ៊ុន សែន នាយក ​រដ្ឋមន្រ្ដី និង​មន្រ្ដី​ជាន់ខ្ពស់​ នៃរាជរដ្ឋាភិ​បាល​​កម្ពុ​ជាមួយ​ចំនួនទៀត កាលពី​​ម៉ោង​​ប្រមាណ​ជា៩ និង​៣០យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ បាន​អញ្ជើញ​​ទៅ​​​បំពេញ​ទ​ស្ស​​​​ន​កិ​ច្ច​ការ​ងារ​ និងអញ្ជើញចូលរួមក្នុង "កិច្ចប្រជុំកំពូលរំ​លឹកខួប​អាស៊ាន-រុស្ស៊ី" នៅទីក្រុង​​ម៉ូ​ស្គូ និង​ទីក្រុង​​សូ​ឈី នៃ​សហ​ព័ន្ធរុស្ស៊ី។
ឯកឧត្ដម ស្រ៊ី ថាមរ៉ុង រដ្ឋមន្រ្ដីប្រតិភូ​អមនាយក​រដ្ឋមន្រ្ដី បានឲ្យ​ដឹ​ង​ថា គណៈប្រតិភូអម​ដំណើររួម​​មា​នៈ​​​​​​​​​ឯកឧត្ដម ប្រាក់ សុខុនទេសរដ្ឋ​មន្រ្ដី និងជា​រដ្ឋមន្រ្ដី​ក្រសួ​ងការ​ប​​រ​ទេស និង​សហប្រ​តិបត្ដិការ​​អន្ដរជាតិ​, ឯកឧត្ដម អូន ព័ន្ធ​មុនីរ័ត្ន​ ទេសរដ្ឋមន្រ្ដី និង​ជា​រដ្ឋ​មន្រ្ដី​ក្រ​សួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ, ឯកឧត្ដម ហង់ ជួន​ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡា, ឯកឧត្ដម អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌, ​ឯក​ឧត្ដ​ម ​ថោង ខុន រដ្ឋ​មន្រ្ដី​ក្រសួង​ទេសចរណ៍, ឯកឧត្ដម ប៉ាន់ សូរសក្តិ រដ្ឋមន្រ្ដីក្រសួង​ពាណិជ្ជកម្ម,​ ឯកឧត្ដម​ សា​យ សំអាល់ រដ្ឋមន្រ្ដី ​ក្រសួង​បរិស្ថាន, និងរដ្ឋមន្រ្ដី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្ដី​ រួមមានៈ ឯកឧត្ដម សុខ ចិន្ដា​សោភា, ឯកឧត្ដម ស្រ៊ី ថាមរ៉ុង, និងឯកឧត្ដមបណ្ឌិ កៅ គឹមហួន។ ឯកឧត្ដម ស្រ៊ី ថាមរ៉ុង បានឲ្យដឹងបន្ដ​ថា សម្ដេច​អគ្គមហា​សេនាបតី​តេជោនាយក​រដ្ឋមន្រ្ដី និងគណៈ​​ប្រ​តិ​​ភូ​នឹងអញ្ជើញ​ទៅដល់​នាពេល​ព្រឹក​ហើយ​នៅពេល​ថ្ងៃត្រង់​ សម្ដេច​តេជោនាយក​រដ្ឋមន្រ្ដី នឹងជួបពិភា​ក្សា​​​ទ្វេភាគី ជាមួយ​ឯកឧត្ដមឌីមីទ្រី មេដវេដេវ នាយករដ្ឋមន្រ្ដី នៃសហព័ន្ធរុស្ស៊ី បន្ទាប់មក​​គឺការ​​ពិសា​រ​​អា​ហា​​រ​ថ្ងៃត្រង់រួមគ្នា។
ក្រោយមក​ទៀត​សម្ដេច​តេជោ ហ៊ុន សែន និងឯកឧត្ដម ឌីមីទ្រី មេដវេដេវ នឹងធ្វើជា​សាក្សី​ធ្វើចុះហត្ថ​​លេ​ខា​លើ​ឯកសារ​សំខាន់ៗ​មួយចំនួន ​រួម​មានៈ
ទី១- សន្ធិសញ្ញាស្ដីពី​​បច្ចាប័ណ្ណ,
ទី​២-​អនុស្សារណៈនៃ​​ការ​​យោគ​យល់​គ្នាស្ដីពី​កិច្ចសហប្រតិបត្ដិការរ​ វាងក្រសួងយុត្ដិធម៌ និង​ការិយាល័​យ​​​អគ្គ​​​​រដ្ឋអាជ្ញា នៃ​សហ​ព័ន្ធ​រុស្ស៊ី,
ទី៣-អនុស្សារណៈ នៃការយោ​គយល់គ្នាស្ដីពី កិច្ចសហប្រតិ​បត្ដិការលើ​វិស័​យ​ទូរ​គម​នាគមន៍ និង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន,
ទី៤-អនុស្សារណៈ នៃការយោគយល់​គ្នា​ស្ដីពី សហប្រតិ​បត្ដិការ​រវាង​គណៈ​​កម្មា​ធិ​ការ​អំឡាំ​ពិក នៃព្រះរាជា​ណាចក្រ​កម្ពុជា និង​សហព័ន្ធរុស្ស៊ី,
ទី៥-​សេចក្ដីប្រ​កា​ស​​រួ​ម​​ស្ដីពី បញ្ជីចលនា​គ​ម្រោ​ង​សម្រាប់​សហប្រតិ​បត្ដិការ​លើវិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ,
ទី៦-អនុស្សារណៈ​ នៃកា​រ​យោ​គយល់គ្នាស្ដីពីការ​បង្កើតមជ្ឈមណ្ឌល​ព័ត៌មាន ថាម​ពល​នុយ​ក្លេអ៊ែរ,
ទី៧អនុស្សារណៈ នៃ​ការយោ​គ​យ​ល់​​គ្នាស្ដីពីការ​បង្កើតក្រុមការ​ងារួម​កម្ពុជា-រុស្ស៊ី លើ​កិច្ច​សហប្រតិបត្ដិការ ក្នុងការប្រើ​ប្រាស់ថាមពល​​បរ​មា​​ណូ ក្នុងគោល​បំណង​សន្ដិភាព,​
ទី៨-កិច្ចព្រម​ព្រៀងស្ដីពី កិច្ចសហប្រតិបត្ដិ​ការរ​វាងក្រសួង​មហា​ផ្ទៃ នៃ​​ប្រទេ​ស​ទាំងពីរ។
ឯកឧត្ដម ស្រ៊ី ថាមរ៉ុង បានឲ្យដឹងទៀត ថា​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៅថ្ងៃទី១៨ ខែឧ​ស​ភា​ខាងមុខនេះ ក៏នឹង​ជួបសំណេះ​សំណាល​ជាមួយ​និស្សិត ដែល​កំពុង​សិក្សា​នៅប្រទេសរុស្ស៊ី ដើម្បី​បាន​​​​​សម្ដែងការគួរ​សមជាមួយសម្ដេច​ផងដែរ។ ចំណែក​នៅថ្ងៃទី១៨ ខែឧសភា សម្ដេចតេជោ និងជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម​ វ្លាឌឺមៀរ ពូទីន ប្រធា​នា​​​ធិបតី នៃសហព័ន្ធរុស្ស៊ី បន្ទាប់មក​នឹង​​អនុញ្ញាត​ឲ្យ​ឯកឧត្ដម​ង្វៀន សួន ហ្វ៊ុក នាយករដ្ឋមន្រ្ដីនៃ​​សា​ធារណរដ្ឋសង្គ​ម​និយមវៀតណាម​ថ្មី ចូល​ជួប​សម្ដែង​​ការគួរសម និងពិភាក្សា​ការងារ ក្នុងគោលដៅ​ពង្រឹងពង្រីក ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្ដិការ ក្នុងនាម​ជាមួយ​ប្រទេស​ជិតខាង និងជាមួយ​ប្រទេស​នៅក្នុងតំបន់​អាស៊ាន​ជាមួយគ្នា ដើម្បីធ្វើឲ្យមាន​ការរីក​​ចំរើ​ន​​ នៃ​ប្រទេស​ទាំងពីរ។ ចំណែក​នៅថ្ងៃទី​២០ ខែឧសភា គឺចាប់ផ្ដើម​កិច្ចប្រជុំ​កំពូល​អាស៊ាន-រុស្ស៊ី ដោយ​​មេ​ដឹកនាំ​អាស៊ាន​ទាំង​អស់ នឹងជួប​ជាមួយ​តំណាង​វេទិកាធុរកិ​ច្ច, ​បន្ទាប់មក​ចូលរួម​កិច្ចប្រជុំពេញ​​អង្គ​អា​ស៊ា​ន-រុស្ស៊ី, និងចុងក្រោយកិច្ច​ប្រជុំពិភាក្សាកា​រងារបណ្ដើរ ពិសារអាហារ​ថ្ងៃត្រង់​បណ្ដើរ។

សូមជម្រាប​ថា សម្ដេចអគ្គមហាសេនា​ប​តី​តេ​​​ជោ​ ​​ហ៊ុន សែន នាយករដ្ឋមន្រ្ដី និង​មន្រ្ដី​ជាន់ខ្ពស់នៃរាជ​រដ្ឋា​​ភិ​បាល​​កម្ពុ​ជា នឹងធ្វើ​ដំណើរមក​កាន់ប្រទេស​កម្ពុជាវិញ នៅ​ថ្ងៃទី​២១ ខែឧសភា ហើយគ្រោង​នឹ​ង​មកដល់​​ប្រទេស​កម្ពុជាវិញ​នៅព្រឹកថ្ងៃទី​២២ ខែ​ឧសភា​ ឆ្នាំ២០១៦៕