Monday, August 25, 2014

សេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៣ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤



អនុ​ប្រធាន​​ព្រឹទ្ធសភា​​ជប៉ុន​ពេញ​​ចិត្ត​កិច្ច​​សហប្រតិ​បត្តិការ​​រវាង​​ប្រទេស​​ទាំងពីរ​​កម្ពុជា​-ជប៉ុន​

ឯក​ឧត្ដម អាហ្សូម៉ា​ កូស្ស៊ីអ៊ិស្ស៊ី (​Azuma Koshiishi) ​អនុប្រធាន​ព្រឹទ្ធសភា ​ប្រទេស​ជប៉ុន​នា​រសៀល​ថ្ងៃទី២២ ​ខែសីហា​ ឆ្នាំ២០១៤​ ​ក្នុងឱកាសជួប​សម្ដែង​ការគួរសម​ចំពោះ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុជានៅ​វិមាន​សន្តិភាព​ក្នុង​គោល​បំណង​ស្វែង​យល់​ការ​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស និង​ការកែ​ទម្រង់​របស់​កម្ពុជា​បាន​បង្ហាញ​នូវមនោសញ្ចេតនា​សប្បាយ​រីក​រាយ ពេល​បាន​ឃើញ​កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព និង​កំពុង​តែមាន​ការអភិវឌ្ឍន៍ ជាពិសេស​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​លើក​កំពស់​ដោយ​រាជរដ្ឋាភិបាល​ទាំពីរ​ ឱ្យ​ក្លាយ​ទៅជាទំនាក់​ទំនង​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​ ដែល​នឹង​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ជប៉ុន នឹង​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការ​សម្ដេចតេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​ឲ្យដឹង​ថា ក្នុង​ជំនួប​នោះ​ឯកឧត្ដម អាហ្សូម៉ា ​កូស្ស៊ីអ៊ិស្ស៊ី អនុប្រធាន​ព្រឹទ្ធសភា​ជប៉ុន​បាន​ជម្រាប​សម្ដេចតេជោ​អំពី​ការសប្បាយ​រីករាយ ចំពោះ​ទស្សនកិច្ច​របស់​ឯកឧត្ដម​មក​កាន់​ព្រះ​រា​ជាណា​ចក្រ​កម្ពុជា។ ឯកឧត្ដម អាហ្សូម៉ា​ កូស្ស៊ីអ៊ិស្ស៊ី​ ​មាន​ប្រសាសន៍​ថា ប្រ​ជាជន និង​រាជរដ្ឋាភិបាល​ជប៉ុន​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម ក្នុង​ការ​ជួយ​ស្វែងរក​សន្តិភាព​ជូន​ប្រជាជន​កម្ពុជា ហើយ​ពេល​នេះ​បាន​ឃើញ​កម្ពុជា​ទទួល​បាន​នូវ​សុខសន្តិភាព និង​កំពុង​តែ​មាន​ការអភិវឌ្ឍន៍។ រាជ​រដ្ឋាភិ​បាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ជប៉ុន​បាន​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ​ឱ្យ​ក្លាយ​ទៅ​ជាទំនាក់​ទំនងភាព​ជាដៃគូ​យុទ្ធសាស្ត្រ ហើយ​តាមរយៈ​ទំនាក់​ទំនង​ដែល​មាន​ស្រាប់​នេះ កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរ​កម្ពុជា-ជប៉ុន នឹង​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត។

ឯកឧត្ដម​អនុប្រធាន​ព្រឹទ្ធសភា​ជប៉ុន​បាន​មាន​ប្រសាសន៍​ថា អាស៊ាន​នឹង​ក្លាយ​ជា​សហគមន៍ សេដ្ឋ​កិច្ច​មួយ​នៅ​ឆ្នាំ​២០១៥ ក្នុងនោះ​សមាជិក​អាស៊ាន​ទាំងអស់​រួមទាំង​កម្ពុជា​ផងដែរ មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ ហើយ​ជប៉ុន​នឹង​ត្រៀមខ្លួន​ជួយ​ដល់​កម្ពុជា តាមរយៈ​ការឈាន​ចូល​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥ ឱ្យ​មាន​ការកើន​ឡើង​ផង​ដែរ។ ឯកឧត្តម​ក៏បាន​ផ្ដោត​ក្ដី​សង្ឃឹម​ថា ទំនាក់​ទំនង​រវាង​កម្ពុជា និង​ជប៉ុន​នឹងត្រូវបាន​ពង្រឹង​តាមរយៈ​ការផ្លាស់​ប្ដូរ​ទស្សនកិច្ច និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច វប្បធម៌ ជា​ពិសេស​តាមរយៈ​និស្សិត ដែល​បាន​ទៅ​បន្ត​ការ​សិក្សា ឬ​ក៏​បាន​ទៅសិក្សា​នៅ​ប្រទេស​ជប៉ុន។

សម្ដេចតេជោ​នាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​ជប៉ុន ​ដែល​បាន​ដើរ​តួយ៉ាង​សំខាន់​ ក្នុងការ​ជួយ​ស្វែង​រកសន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ពុំសូវ​បាន​ចេញ​មុខ​នោះ​ទេ ហើយ​ជប៉ុន​ក៏ផ្ដល់​ជំនួយ​យ៉ាង​ច្រើន​ដល់​កម្ពុជា​សម្រាប់​ការអភិវឌ្ឍន៍ ហើយ​ឥឡូវ​នេះ ការវិនិយោគ​ក៏មាន​ការ​កើន​ឡើង​ជាច្រើន​ផងដែរ។ សម្តេចតេជោ​មាន​ប្រសាសន៍​បញ្ជាក់​ថា ២​ភាគ​៣នៃ​ទឹកស្អាត​នៅ​កម្ពុជា គឺ​ត្រូវ​បាន​ជួយ​ដោយ​ប្រទេស​ជប៉ុន ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ក៏​ដោយ កម្ពុជា​ចង់​ឱ្យ​ជប៉ុន​ជួយ​ជាបន្ត​ទៀត​ទៅលើ​បញ្ហា​ហេដ្ឋា​រចនា​សម្ព័ន្ធ ក៏ដូចជា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ផងដែរ តាមរយៈ​ការជំរុញ​ការវិនិយោគ​របស់​ជប៉ុន និង​ទេសចរ​ជប៉ុន​មក​កាន់​កម្ពុជា ជាពិសេស​តាមរយៈ​ការហោះ​ហើរដោយ​ផ្ទាល់​ពី​ជប៉ុន​មក​កាន់​កម្ពុជា​តែម្ដង។

សម្ដេចតេជោ​នាយករដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា អ្វី​ដែល​កម្ពុជា​ត្រូវ​ការ​ជាង​គេ​បំផុត​នៅ​ពេល​នេះ គឺ​ជា​ធនធាន​មនុស្ស។ ការ​កសាង​ធនធាន​មនុស្ស គឺ​ជា​អាទិភាព​ទី១ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា បើ​គ្មាន​ធនធាន​មនុស្ស​ទេ​យើង​មិន​អាច​ធ្វើអ្វី​បាន​ទេ។ អាទិភាព​ទី​២ គឺការ​យក​ចិត្តទុក​ដាក់​ទៅ​លើ​ប្រព័ន្ធ​ស្រោច​ស្រព​សម្រាប់​វិស័យ​កសិកម្ម។ អាទិភាព​ទី​៣ គឺ​បញ្ហា ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន គមនាគមន៍ និង​ទូរគមនាគមន៍ និង​អាទិភាពទី​៤ គឺ​ការ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​អគ្គិសនី​សម្រាប់​ប្រជាជន និង​ការអភិវឌ្ឍន៍។ សម្តេចតេជោ​ឲ្យ​ដឹង​ថា ពីមុន​អាទិភាព​របស់​កម្ពុជា គឺ​ទឹក ផ្លូវ ភ្លើង មនុស្ស ប៉ុន្តែ​ឥឡូវនេះ គឺ​មនុស្ស ទឹក ផ្លូវ និង ភ្លើង។

ពាក់ព័ន្ធ​នឹង​កម្មវិធី​កំណែ​ទម្រង់​សម្ដេចតេ​ជោបាន​មាន​ប្រសាសន៍​ថា កម្ពុជា​បាន​ធ្វើការ​កែ​ទម្រង់​ទទួល​បាន​ជោគជ័យ​ចំពោះ​កំណែ​ទម្រង់​ឡូត៍​នេសាទ និង​កំពុង​តែ​ធ្វើ​ការ​កំណែ​ទម្រង់​ដីធ្លី ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាជន​មាន​ដីធ្លីប្រើ​ប្រាស់ និង​កាត់​បន្ថយ​ជម្លោះ​ផងដែរ។ កំណែ​ទម្រង់​ដទៃ​ទៀត​រួមមាន កំណែ​ទម្រង់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ កំណែ​ទម្រង់​កងទ័ព រួម​ទាំង​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ដែល​កិច្ចការ​ទាំងនេះ​កំពុង​តែ​អនុវត្តន៍។ ដោយ​ឡែក​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ និង​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ គឺកំពុង​តែ​មាន​ល្បឿន​លឿន​ជាង​គេ៕

Friday, August 22, 2014

អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​​តាកែវ​ ប្រកាស​បញ្ចប់​កិច្ច​សន្យា ក្រុម​​ហ៊ុន លោកស្រី សុខ សារឿន​ ដែល​​រំ​លោភ​លើ​កិច្ច​​សន្យា

នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៤នេះ នៅរមណី​យដ្ឋាន​ទន្លេបាទី ឯកឧត្តម ឡាយ វណ្ណៈ អភិ​បាល​​នៃ​គណៈអភិបាល​ខេត្ត​តាកែវ បាន​ប្រកាស​ដីកា​បញ្ចប់​កិច្ច​សន្យា ស្តីពី​ការ​បន្ត​ជួលដី និងទី​តាំង​ដើម្បី​អភិវឌ្ឍន៍​រមរណី​ដ្ឋាន​ទន្លេ​បា​ទី របស់​ក្រុម​ហ៊ុន លោក​ស្រី​ សុខ សារឿន និង​បាន​ប្រគល់​ឱ្យ​ប្រជា​ពល​រដ្ឋ​សហគមន៍​ជា​អ្នក​លក់​ដូរ​នៅ​ទី​នោះ​កាន់​កាប់​ដោយ​ផ្ទាល់​វិញ។

យោងតាម​ដីកានេះ បាន​សម្រេច បញ្ចប់​កិច្ចសន្យា​ជួលដី និង​ទីតាំង​ដើម្បី អភិវឌ្ឍន៍​រមណី​ដ្ឋាន​ទន្លេបាទី ចុះថ្ងៃទី ២១ ខែ​ឧសភា ឆ្នាំ២០០៤ រវាង​ភាគី (ក) តំណាង​ឲ្យ លោក​អភិបាល​ស្រុក និងភាគី (ខ ) តំណាង​ដោយ​លោក​ស្រី សុខ សារឿន​ប្រធាន​ក្រុមហ៊ុន បាទី​ធួរី​សឹម ឌីវីឡុបម៉ិន​ថ៍ និង​ផ្ទេរមក​ឱ្យស្ថិត​ក្រោមកា​រគ្រប់​គ្រង​ដោយ​រដ្ឋបាល​ស្រុកបាទី សហការ​ជា​មួយ​មន្ទីរ អង្គភាព​ដែល​ពាក់ព័ន្ធ អាជ្ញាធរ​មូល​ដ្ឋាន ក្រុមការ​ងារថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​បាទី និង​ប្រជា​ពលរដ្ឋ ដើម្បី​បន្តគ្រប់​គ្រង​រដ្ឋណីយ​ដ្ឋាន​បាទី​ដោយ​ផ្ទាល់ រហូត​ដល់មានការ​រៀប​ចំជាថ្មី។

មូលហេតុ​ដែល​ធ្វើឲ្យមាន​ការ​បញ្ចប់​កិច្ចសន្យា ពី​ក្រុម​ហ៊ុន លោកស្រី​ សុខ សារឿន​ គឺដោយ​សារតែ​ភាគីខាង​ក្រុមហ៊ុន​មិនបាន​អនុវត្តន៍ តាម​កិច្ច​សន្យា​ជួល និង​បាន​រំលោភ​ទៅ​លើ​ប្រជា​ពលរដ្ឋ ដែល​ជា​អាជីវករ និង​មិន​បាន​ធ្វើការ​អភិវឌ្ឍន៍​ដូចការ​សន្យា​ក្នុង​ពេល​ដែល​ក្រុម​ហ៊ុន គ្រប់​គ្រងតំ​បន់​នោះ​កន្លង​មក។
ឯកឧត្តម ឡាយ វណ្ណៈ អភិបាល​នៃគណៈ​អភិបាល​ខេត្តតាកែវ បានមា​ន​ប្រសាសន៍​ថា ​បន្ទាប់​ពី​បញ្ចប់​កិច្ច​សន្យានេះ​ហើយ នៅពេលខាងមុខ នឹង​មាន​ការ​រៀបចំ សាងសង់តូប​លក់​ដូរថ្មី ឲ្យមាន​សណ្តាប់​ធ្នាប់, ការ​ស្តារ​កាក​សំណល់​ដែល​មាន​នៅ​ទឹក​ទន្លេបាទី (សំរាម, សារាយ, ស្លែរ និង​កាក​សំណល់​ផ្សេងៗ) ក្នុងនោះ​ក៏មាន​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ចូល​ទៅ​កាន់​រមណីយ​ដ្ឋាន និង​ការ​បង្តើត​ឲ្យ​មាន​កន្លែង​កំសាន្ត​ផ្សេង​ទៀត​ក្នុង​តំបន់ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក កំសាន្ត​កាន់​តែច្រើន។

ឯកឧត្តមក៏​បានក្រើន​រំលឹក​ក៏ដូចជា​សំណូមពរ​ដល់​អាជីវករ និង​ប្រពល​រដ្ឋ ធ្វើ​យ៉ាង​ណា ជួយ​រក្សា​បរិស្ថាន​ជុំវិញ​នោះ និង​ធ្វើការ​បង្កើត​ជាសហគមន៍​កំណត់​នូវតំលៃ ម្ហួប​អាហារ​ឲ្យបាន សមរម្យ និងឲ្យ​មាន​អនាម័យ។

គួរ​បញ្ជាក់​ថា បញ្ហា​ជម្លោះ​នេះត្រូវ​បាន​អួស​បន្លាយ​ពេល​ជាង​១០ឆ្នាំ​មកហើយ ទើបតែ មានការ​ណែ​នាំ ផ្តល់​គំនិត​ ដោះ​ស្រាយ​ ចង្អុល​បង្ហាញ ពីសំណាក់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តតាកែវ និងការ​ចុះផ្ទាល់ ពីសំណាក់​ក្រុមការងារ​ថ្នាក់ជាតិ ចុះមូល​ដ្ឋាន​ស្រុកបាទី ដែលមាន​ការដឹក​នាំដោយ សហ​ប្រធាន ក្នុង​នោះ​មាន​ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋ​លេខា​ធិការ​ក្រសួង​ទេសចរ បាន​សហការ​ផ្ទាល់​ជា​មួយ​គណៈអភិបាល​ខេត្តតាកែវ រហូត​ឈាន​ដល់​សម្រេច​បាន​នូវ​ការ​លុបកិច្ចសន្យាក្នុង​ថ្ងៃនេះ​។

ក្រោយពី​បាន​ស្តាប់​ការ​ប្រកាស​ដីកា​សម្រេច​ខាង​លើនេះ​រួចមក អាជីវករ និង​ប្រជា​ពលរដ្ឋ​មូលដ្ឋាន បាន​សំដែង​នូវការ​សាទរ ចំពោះ​ដំណោះ​ស្រាយដ៏​មាន​ប្រសិទ្ធិ​ភាពនេះ​ និង​បាន​បង្ហាញ​នូវភាព​រីក​រាយ រួមទាំង​សេចក្តី​សង្ឃឹម ក្នុង​ការទទួល​បាន​នូវការ​អភិវឌ្ឍន៍ថ្មី នៅនឹង​កន្លែង ជាមួយ​នឹង​សុទិដ្ឋិនិយម​ថា អនាគតគ្រួសាររបស់​ពួក​គាត់​នឹង​មាន​ជីវភាព​កាន់​តែប្រសើរ​ឡើង។

ការ​បញ្ចប់​កិច្ច​សន្យាក្រុម​ ហ៊ុនលោកស្រី​ សុខ សារឿននេះ គឺជាគំរូនៃ​ការដោះ​ស្រាយ​ដ៏ល្អ​ និង​អាច​ធ្វើ​ជា​បទ​ពិសោធន៍​សម្រាប់​ដំ​ណោះ​ស្រាយនៅ​ទី​កន្លែង​ផ្សេង​ៗទៀត។ ការប្តូរ​ពីការ​កាន់កាប់​របស់​ក្រុម​ហ៊ុន ទៅឱ្យ​ប្រជាពល​រដ្ឋនេះ​ គឺស្រប​តាមការ​សន្យា​របស់ក្រុម​ការងារ​ថ្នាក់ជាតិ ចុះមូលដ្ឋាន​ស្រុក​បាទី កន្លង​មក គឺបាន​ធ្វើទៅ​តាម​ការសន្យា​យ៉ាងពិត​ប្រាកដ​មែន។

 ម្យ៉ាង​វិញ​ទៀត រាល់​អភិវឌ្ឍន៍​ទាំង ឡាយ​ណា ដែលមិន​ស្ថិតនៅ​ក្រោម​ច្បាប់ ហើយ​គាប​សង្កត់​លើប្រជា​ពលរដ្ឋ វប្បធម៌នេះ នឹងត្រូវ​បញ្ចប់ ជា​ជំ​នួស គឺ​ការប្រែក្លាយ​ទុក្ខ​លំបាក របស់​ប្រជា​ពលរដ្ឋ​ទៅ​ជាស្នាម​ញញឹមវិញ៕

អត្ថបទ៖ ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​បាទី​