Wednesday, May 08, 2024

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ រំលេចឡើងនូវចលនាជាតិដ៏ផុសផុលដែលកំពុងគាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ បង្កើតជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លា

 


នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ចេញផ្សាយវីដេអូមួយមានរយៈពេលប្រមាណ១៥នាទី ក្រោមចំណងថា «ចលនាជាតិដ៏ផុសផុល កំពុងគាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ បង្កើតជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លា»។

ខ្លឹមសារនៃវីដេអូបានបង្ហាញថា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយដើម្បីបម្រើឱ្យឧត្តមប្រយោជន៍ជាតិ និងប្រជាជន សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បានប្រកាសយ៉ាងកងរំពង បង្ហាញឆន្ទៈមោះមុតឥតងាករេ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្លូវទឹកដ៏ធំនិងមានសក្តានុពលរបស់កម្ពុជា។ ការប្រកាសរបស់សម្តេច បានបង្កើតជា ចលនាជាតិដ៏ខ្លាំងក្លា ចេញពីប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទីទាំងអស់ ដែលស្ម័គ្រស្មោះ រួបរួមគាំទ្រ នូវគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីជម្រុញឱ្យគម្រោងនេះលេចចេញជារូបរាងឡើងតាមការគ្រោងទុក។ ជាការំពឹងទុកក្រោយពេលសម្រេចបាននូវគម្រោងព្រែកជីកហ្វូណនតេជោ កម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនមហាសាល ដូចជា ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍និងចិញ្ចឹមសត្វជាដើម។ 

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមជានាយករដ្ឋមន្ត្រីបន្តវេន សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាកុលបុត្រកម្ពុជាដ៏ឆ្នើម ដែលពោរពេញដោយសមត្ថភាព ចំណេះដឹង និងមនសិការស្នេហាជាតិ ហើយសម្តេចធិបតីបាននិងកំពុងបន្តបេសកកម្មរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោនេះ ចេញជារូបរាងតាមផែនការ។ 

ដោយមើលឃើញពីតម្លៃដ៏ធំធេង និងគោលដៅដ៏ពិសិដ្ឋរបស់ប្រមុខដឹកនាំកម្ពុជា ក្នុងការសម្រេចឱ្យបាននូវគម្រោងនេះ ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង នូវគម្រោងដ៏ពិសិដ្ឋនេះ ដោយបានចេញសារ និងញាតិគាំទ្រយ៉ាងព្រោងព្រាត ដើម្បីសម្តែងមតិគាំទ្រលើគម្រោងដែលនឹងផ្តល់អត្ថប្រយោជន៍ដ៏ធំសម្រាប់ប្រទេសជាតិ និងជម្រុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត៕

សូមទស្សនាវីដេអូ៖

ឯកអគ្គរាជទូតកាតា បេ្តជ្ញាចិត្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកាតា-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត


នារសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Khalid Ali Abdullah Abel ឯកអគ្គរាជទូត នៃប្រទេសកាតាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


ក្នុងឱកាសនៃជំនួប ឯកឧត្តម Khalid Ali Abdullah Abel បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្តមនាយករដ្ឋមន្រ្តីកាតា ជូនចំពោះសម្តេចធិបតី និងប្រជាជនកម្ពុជាផងដែរ។ បន្ថែមលើនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតី ថា ក្នុងអាណត្តិការទូតនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមប្តេជ្ញា ជំរុញ និងលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូត បានគោរពជម្រាបជូនសម្តេចធិបតី អំពីបំណងក្នុងការសម្របសម្រួល និងជំរុញវិនិយោគិនរបស់ប្រទេសកាតាឱ្យមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងដៃគូអាជីវកម្ម។ 


ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម Khalid Ali Abdullah Abel និងគណៈប្រតិភូ ព្រមទាំងបានសម្តែងនូវការអបអរសាទរជូនចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ឯកឧត្តមឯកអគ្គរាជទូតក្នុងការជំរុញ ក៏ដូចជាពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កាតាឱ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត ដោយសម្តេចធិបតី បានគូសបញ្ជាក់ផងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែបើកចំហ ស្វាគមន៍ និងគាំទ្រក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។ 


សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សា និងឯកភាពគ្នាក្នុងការបន្តជំរុញ និងលើកកម្ពស់នូវទំនាក់ទំនងការទូត ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ វិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវ:។


មុននឹងបញ្ចប់ សម្តេចធិបតី បានលើកទឹកចិត្តឱ្យមានជំនួបធុរកិច្ចរវាងបណ្តាក្រុមហ៊ុននៃប្រទេសកាតា ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា និងលើកទឹកចិត្តឱ្យ ឯកឧត្តមឯកអគ្គរាជទូត ដើរតួនាទីជាអ្នកសម្របសម្រួល ដើម្បីជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងនេះឱ្យកាន់តែប្រសើរឡើង។ ជាទីបញ្ចប់ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណ និងជូនពរឯកឧត្តមឯកអគ្គរាជទូត ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ នៅក្នុងការបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា៕






នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត រួមជាមួយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកនៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន ក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។


សូមជម្រាបថា ការងារជីកស្តារស្រះទំហំ១២៥ គុណ ៤៥ ម៉ែត្រ ជម្រៅ៣ម៉ែត្រ ក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពតនេះ ជាផ្នែកមួយនៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន ដែលតាមរយៈគម្រោងនេះ ខេត្តកំពត បានទទួលគម្រោងជីកស្តារស្រះទឹក ទាំងស្រះសហគមន៍ និងស្រះឯកជនសរុបចំនួន ១៦០ស្រះ ដោយនៅជំហានទី១ គម្រោងអនុវត្តការងារជីកស្តារចំនួន ៨០ស្រះ នៅក្នុងស្រុកចំនួន៥ រួមមាន៖ ស្រុកដងទង់ ២៣ស្រះ ស្រុកបន្ទាយមាស ២២ស្រះ ស្រុកឈូក ១០ស្រះ ស្រុកជុំគិរី ២៤ស្រះ និងស្រុកទឹកឈូ ១ស្រះ។ 

រហូតមកដល់ពេលនេះ វឌ្ឍនភាពនៃការងារជីកស្តារស្រះទឹកនៅជំហានទី១ សម្រេចបានប្រមាណ ៦០%។


ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនប្រជាកសិកនៃសហគមន៍កសិកររុងរឿង ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋផងដែរ។


ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែយកចិត្តទុកដាក់នូវរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាប្រឈមខ្វះទឹក ដោយបានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយមចុះអន្តរាគមន៍តាមគ្រប់មធ្យោបាយ ដើម្បីដោះស្រាយបញ្ហាទឹក សម្រាប់បម្រើឱ្យការងារស្រោចស្រព និងប្រើប្រាស់ប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋ។


ជាមួយគ្នានោះដែរ បងប្អូនប្រជាកសិករនៃសហគមន៍កសិកររុងរឿងបានសម្តែងនូវក្តីរីករាយ និងសូមថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាតាមគ្រប់មធ្យោបាយដល់ពួកគាត់ និងបានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ថ្នាក់ដឹកនាំក្រសួង និងមន្ទីរ ព្រមទាំងអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលតែងចុះអន្តរាគមន៍ដោយផ្ទាល់។


គួរបញ្ជាក់ថា គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថានជាគម្រោងរួមរបស់ក្រសួងចំនួនបី ដើម្បីជួយដល់ប្រជាកសិករ ក្នុងនោះមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម ដោយអនុវត្តនៅលើខេត្តគោលដៅចំនួនបួន គឺខេត្តកំពត  ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលក្នុងគម្រោងមានការជីកស្ដារស្រះទឹកសរុប ចំនួន ៨០០ ស្រះ៕







Tuesday, May 07, 2024

មីយ៉ាន់ម៉ា ចងចាំជានិច្ច និងថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានព្យាយាមចូលរួមដោះស្រាយបញ្ហាមីយ៉ាន់ម៉ា



នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា  តាមប្រព័ន្ធវីដេអូ។ 

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយដែលបានជួប ឯកឧត្តម  មីន អោងឡាំង សាជាថ្មី និង អរគុណចំពោះសារអបអរសាទររបស់ឯកឧត្តម នៅឱកាសដែលសម្តេច បានជាប់ឆ្នោតធ្វើជាប្រធានព្រឹទ្ធសភា។ សម្តេចបានលើកឡើងថា កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ដើម្បីសាកសួរសុខទុក្ខគ្នា និងដើម្បីទទួលបានការចែករំលែកពីបច្ចុប្បន្នភាពនៃការវិវឌ្ឍនៅមីយ៉ាន់ម៉ា។ 

ជាកិច្ចឆ្លើយតប ឯកឧត្តម មីន អោងឡាំង ក៏បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះ សម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា និង អរគុណ សម្តេចតេជោ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ សម្តេចតេជោ ដែលបានមកធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយព្យាយាមចូលរួមចំណែកដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្នុងខណៈពេលដែលសម្តេចធ្វើជាប្រធានអាស៊ាន។ 


ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានស្នើជាថ្មីម្តងទៀតឱ្យ ឯកឧត្តម មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោ និងលោកជំទាវ អោង សានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារ សម្តេចតេជោ និងលោកស្រីធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំនៅក្នុងកិច្ចការអាស៊ាន ។ 

សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំនុច ហើយរំពឹងថាការរីកចម្រើននេះនឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពដែលមានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់។


សម្តេចតេជោ ក៏បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានបញ្ជូនតំណាងមិនមែននយោបាយឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសកាលពីខែមករា និងលើកទឹកចិត្តឱ្យមីយ៉ាន់ម៉ាបន្តចាត់តំណាងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ាន។


ជាការឆ្លើយតប ឯកឧត្តម មីន អោងឡាំង បានឯកភាពក្នុងការបន្តបញ្ជូនតំណាងមិនមែននយោបាយរបស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំអាស៊ាន និងបានសន្យាថានឹងយកសំណើដទៃទៀតទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់បំផុត ហើយនឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួន មកកាន់កម្ពុជានាពេលដ៏ឆាប់ខាងមុខ ដើម្បីបន្តពិភាក្សាទៅលើសំណើទាំងនេះ និងដើម្បីទទួលយកនូវការចែករំលែកបទពិសោធន៍ល្អៗពីគណៈកម្មជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា ពាក់ព័ន្ធជាមួយនឹងការរៀបចំការបោះឆ្នោតមួយដោយ សេរី ត្រឹមត្រូវយុត្តិធម៍ និងតម្លាភាព ។ 

ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាផងដែរពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវប្បធម៌ និងកីឡា៕





ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា


នារសៀលថ្ងៃច័ន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ 

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាអំពីការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះនាយកស្តីទី, សម្តេចព្រះវនរ័ត្ន កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២, សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត ម៉ួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក, 

សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា អនុប្រធានថេរសភា, សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាល័យធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, ព្រះអរិយវង្ស ហង្ស សាវី ព្រះប្រធានលេខាធិការដ្ឋានសម្ដេចព្រះសង្ឃរាជ បួរ គ្រី, ឯកឧត្តម ឈិន កេតនា, ឯកឧត្តម ចាយ បូរិន 

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះប្រធាន និងប្រធានអនុគណៈកម្មការនីមួយៗ បានរាយការណ៍អំពីលទ្ធផលការងារដែលបាន អនុវត្តនាពេលកន្លងមក ដែលជារួម ការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព គិតចាប់តាំងពីថ្ងៃយាងចូលព្រះទិវង្គត នាថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃ៦ ខែឧសភា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមខ្ពង់ខ្ពស់ និងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ ព្រមទាំងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងនូវព្រះអំណរគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅថ្វាយប្រគេន និងជូនចំពោះសម្ដេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មការបុណ្យព្រះបរមសព ព្រមទាំងធ្វើការវាយតម្លៃខ្ពស់ចំពោះអនុគណៈកម្មការនីមួយៗដែលបានបំពេញការងារតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ក្នុងរយៈពេលកន្លងមកនេះ។ 

អង្គប្រជុំបានបន្តធ្វើការពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពការងារ វឌ្ឍនភាពនៃដំណើរការរៀបចំពិធីបុណ្យ បញ្ហាប្រឈម និងកិច្ចការបច្ចេកទេសនានា ព្រមទាំងព្រះរាជកម្មវិធីដង្ហែនិងថ្វាយព្រះភ្លើងព្រះបរមសព ក្បួនថ្មើរជើងហែព្រះបរមសព និងកម្មវិធីបុណ្យចំនួន៥ថ្ងៃមុនថ្ងៃថ្វាយព្រះភ្លើងអំពីការរៀបចំបុណ្យទក្ខិណានុប្បទាន ដើម្បីត្រៀមរៀបចំផែនការសកម្មភាពសម្រាប់ពិធីថ្វាយព្រះភ្លើងឱ្យប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងជាទីសក្ការៈ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា និងតាមរាជប្បវេណី  ព្រមទាំងធានាបានសន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរ ឱ្យស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។










សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនខ្ពស់នៅក្នុងរយៈពេលមធ្យមទៅវែង


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅមុនវិបត្តិនៃជំងឺកូវីដ-១៩ គឺកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧% ក្នុងមួយឆ្នាំ ដែលការណ៍នេះបានអនុញ្ញាតឱ្យកម្ពុជាប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។


សម្តេចធិបតីបានថ្លែងបន្តថា នៅក្នុងអំឡុងនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពោលបើទោះបីជាកម្ពុជាមានកំណើនអវិជ្ជមានក្នុងឆ្នាំ២០២០ ក្ដី ក៏សេដ្ឋកិច្ចកម្ពុជាបានស្ទុះឡើងវិញយ៉ាងឆាប់រហ័ស ដោយសម្រេចបានកំណើន ៥,១% ក្នុងឆ្នាំ២០២២ និង ៥% ក្នុងឆ្នាំ២០២៣ ហើយត្រូវបានព្យាករថា នឹងបន្តសម្រេច បានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេលមធ្យមទៅវែងនាពេលខាងមុខនេះ។


នាឱកាសនោះដែរ សម្តេចធិបតីបានថ្លែងបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាមានកំណើនជាមធ្យម ១៣,៣% ក្នុងចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៣ និងបានកើនឡើងដល់ទំហំ ២៣,៤៧ ប៊ីលានដុល្លារអាមេរិក ឬស្មើនឹង ៥៤,៧% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក្នុងឆ្នាំ២០២៣។ បន្ថែមពីលើនេះ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ នេះ និន្នាការនៃការនាំចេញនៅបន្តមានភាពវិជ្ជមានដដែល ពោលគឺបានកើនឡើងប្រមាណ ១៧,២%។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅរាជធានីភ្នំពេញ។




សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រព័ន្ធបញ្ជរតែមួយជាតិជួយឱ្យចំណេញពេល កាត់បន្ថយចំណាយ និងមិនចាំបាច់ត្រូវរត់ការពីស្ថាប័នមួយទៅស្ថាប័នមួយទៀតទេ


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រព័ន្ធបញ្ជរតែមួយជាតិអាចចាត់ទុកបានថាជាជោគជ័យរួមគ្នា ឬជាសមិទ្ធផលរួមគ្នារបស់ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលក្នុងអនុវត្តន៍ការងារតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការធ្វើការរួមគ្នាប្រកបដោយជោគជ័យនេះក៏បានហុចផលដល់វិស័យឯកជន និងទទួលបានផលប្រយោជន៍ជាច្រើនពីប្រព័ន្ធបញ្ជរតែមួយជាតិមានដូចជា ចំណេញពេល កាត់បន្ថយចំណាយ ដោយមិនចាំបាច់ត្រូវរត់ការពីក្រសួងស្ថាប័នមួយទៅក្រសួងស្ថាប័នមួយទៀតនោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅសណ្ឋាគារសុខាភ្នំពេញ ព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៤៕