Tuesday, May 07, 2024

មីយ៉ាន់ម៉ា ចងចាំជានិច្ច និងថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានព្យាយាមចូលរួមដោះស្រាយបញ្ហាមីយ៉ាន់ម៉ា



នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា  តាមប្រព័ន្ធវីដេអូ។ 

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយដែលបានជួប ឯកឧត្តម  មីន អោងឡាំង សាជាថ្មី និង អរគុណចំពោះសារអបអរសាទររបស់ឯកឧត្តម នៅឱកាសដែលសម្តេច បានជាប់ឆ្នោតធ្វើជាប្រធានព្រឹទ្ធសភា។ សម្តេចបានលើកឡើងថា កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ដើម្បីសាកសួរសុខទុក្ខគ្នា និងដើម្បីទទួលបានការចែករំលែកពីបច្ចុប្បន្នភាពនៃការវិវឌ្ឍនៅមីយ៉ាន់ម៉ា។ 

ជាកិច្ចឆ្លើយតប ឯកឧត្តម មីន អោងឡាំង ក៏បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះ សម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា និង អរគុណ សម្តេចតេជោ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ សម្តេចតេជោ ដែលបានមកធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយព្យាយាមចូលរួមចំណែកដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្នុងខណៈពេលដែលសម្តេចធ្វើជាប្រធានអាស៊ាន។ 


ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានស្នើជាថ្មីម្តងទៀតឱ្យ ឯកឧត្តម មីន អោងឡាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូរវាង សម្តេចតេជោ និងលោកជំទាវ អោង សានស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ដោយសារ សម្តេចតេជោ និងលោកស្រីធ្លាប់ជាសហការីជាមួយគ្នាជាច្រើនឆ្នាំនៅក្នុងកិច្ចការអាស៊ាន ។ 

សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំនុច ហើយរំពឹងថាការរីកចម្រើននេះនឹងចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពដែលមានមីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់។


សម្តេចតេជោ ក៏បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានបញ្ជូនតំណាងមិនមែននយោបាយឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសកាលពីខែមករា និងលើកទឹកចិត្តឱ្យមីយ៉ាន់ម៉ាបន្តចាត់តំណាងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ាន។


ជាការឆ្លើយតប ឯកឧត្តម មីន អោងឡាំង បានឯកភាពក្នុងការបន្តបញ្ជូនតំណាងមិនមែននយោបាយរបស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំអាស៊ាន និងបានសន្យាថានឹងយកសំណើដទៃទៀតទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់បំផុត ហើយនឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួន មកកាន់កម្ពុជានាពេលដ៏ឆាប់ខាងមុខ ដើម្បីបន្តពិភាក្សាទៅលើសំណើទាំងនេះ និងដើម្បីទទួលយកនូវការចែករំលែកបទពិសោធន៍ល្អៗពីគណៈកម្មជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា ពាក់ព័ន្ធជាមួយនឹងការរៀបចំការបោះឆ្នោតមួយដោយ សេរី ត្រឹមត្រូវយុត្តិធម៍ និងតម្លាភាព ។ 

ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាផងដែរពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវប្បធម៌ និងកីឡា៕





ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា


នារសៀលថ្ងៃច័ន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ 

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យនិងពិភាក្សាអំពីការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះនាយកស្តីទី, សម្តេចព្រះវនរ័ត្ន កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២, សម្តេចព្រះឧត្តមវង្សា កិត្តិបណ្ឌិត ម៉ួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣, សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក, 

សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា អនុប្រធានថេរសភា, សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាល័យធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, ព្រះអរិយវង្ស ហង្ស សាវី ព្រះប្រធានលេខាធិការដ្ឋានសម្ដេចព្រះសង្ឃរាជ បួរ គ្រី, ឯកឧត្តម ឈិន កេតនា, ឯកឧត្តម ចាយ បូរិន 

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មការ និងអនុគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះប្រធាន និងប្រធានអនុគណៈកម្មការនីមួយៗ បានរាយការណ៍អំពីលទ្ធផលការងារដែលបាន អនុវត្តនាពេលកន្លងមក ដែលជារួម ការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះសព គិតចាប់តាំងពីថ្ងៃយាងចូលព្រះទិវង្គត នាថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃ៦ ខែឧសភា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមខ្ពង់ខ្ពស់ និងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ ព្រមទាំងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងនូវព្រះអំណរគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅថ្វាយប្រគេន និងជូនចំពោះសម្ដេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មការបុណ្យព្រះបរមសព ព្រមទាំងធ្វើការវាយតម្លៃខ្ពស់ចំពោះអនុគណៈកម្មការនីមួយៗដែលបានបំពេញការងារតាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ក្នុងរយៈពេលកន្លងមកនេះ។ 

អង្គប្រជុំបានបន្តធ្វើការពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពការងារ វឌ្ឍនភាពនៃដំណើរការរៀបចំពិធីបុណ្យ បញ្ហាប្រឈម និងកិច្ចការបច្ចេកទេសនានា ព្រមទាំងព្រះរាជកម្មវិធីដង្ហែនិងថ្វាយព្រះភ្លើងព្រះបរមសព ក្បួនថ្មើរជើងហែព្រះបរមសព និងកម្មវិធីបុណ្យចំនួន៥ថ្ងៃមុនថ្ងៃថ្វាយព្រះភ្លើងអំពីការរៀបចំបុណ្យទក្ខិណានុប្បទាន ដើម្បីត្រៀមរៀបចំផែនការសកម្មភាពសម្រាប់ពិធីថ្វាយព្រះភ្លើងឱ្យប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងជាទីសក្ការៈ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា និងតាមរាជប្បវេណី  ព្រមទាំងធានាបានសន្តិសុខនិងសណ្តាប់ធ្នាប់ល្អប្រសើរ ឱ្យស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។










សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនខ្ពស់នៅក្នុងរយៈពេលមធ្យមទៅវែង


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅមុនវិបត្តិនៃជំងឺកូវីដ-១៩ គឺកម្ពុជា សម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម ៧% ក្នុងមួយឆ្នាំ ដែលការណ៍នេះបានអនុញ្ញាតឱ្យកម្ពុជាប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។


សម្តេចធិបតីបានថ្លែងបន្តថា នៅក្នុងអំឡុងនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពោលបើទោះបីជាកម្ពុជាមានកំណើនអវិជ្ជមានក្នុងឆ្នាំ២០២០ ក្ដី ក៏សេដ្ឋកិច្ចកម្ពុជាបានស្ទុះឡើងវិញយ៉ាងឆាប់រហ័ស ដោយសម្រេចបានកំណើន ៥,១% ក្នុងឆ្នាំ២០២២ និង ៥% ក្នុងឆ្នាំ២០២៣ ហើយត្រូវបានព្យាករថា នឹងបន្តសម្រេច បានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយៈពេលមធ្យមទៅវែងនាពេលខាងមុខនេះ។


នាឱកាសនោះដែរ សម្តេចធិបតីបានថ្លែងបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាមានកំណើនជាមធ្យម ១៣,៣% ក្នុងចន្លោះឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៣ និងបានកើនឡើងដល់ទំហំ ២៣,៤៧ ប៊ីលានដុល្លារអាមេរិក ឬស្មើនឹង ៥៤,៧% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាក្នុងឆ្នាំ២០២៣។ បន្ថែមពីលើនេះ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ នេះ និន្នាការនៃការនាំចេញនៅបន្តមានភាពវិជ្ជមានដដែល ពោលគឺបានកើនឡើងប្រមាណ ១៧,២%។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅរាជធានីភ្នំពេញ។




សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រព័ន្ធបញ្ជរតែមួយជាតិជួយឱ្យចំណេញពេល កាត់បន្ថយចំណាយ និងមិនចាំបាច់ត្រូវរត់ការពីស្ថាប័នមួយទៅស្ថាប័នមួយទៀតទេ


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រព័ន្ធបញ្ជរតែមួយជាតិអាចចាត់ទុកបានថាជាជោគជ័យរួមគ្នា ឬជាសមិទ្ធផលរួមគ្នារបស់ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលក្នុងអនុវត្តន៍ការងារតាមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការធ្វើការរួមគ្នាប្រកបដោយជោគជ័យនេះក៏បានហុចផលដល់វិស័យឯកជន និងទទួលបានផលប្រយោជន៍ជាច្រើនពីប្រព័ន្ធបញ្ជរតែមួយជាតិមានដូចជា ចំណេញពេល កាត់បន្ថយចំណាយ ដោយមិនចាំបាច់ត្រូវរត់ការពីក្រសួងស្ថាប័នមួយទៅក្រសួងស្ថាប័នមួយទៀតនោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅសណ្ឋាគារសុខាភ្នំពេញ ព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៤៕





សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ជាការចូលរួមចំណែកមួយដ៏សំខាន់នៅក្នុងការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ជាការចូលរួមចំណែកមួយដ៏សំខាន់នៅក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងភាពជឿជាក់ពីសំណាក់វិនិយោគិន និងធុរជន បង្កើតការបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យា ការផ្តល់សេវាសាធារណៈដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេលវេលា និងចំណាយពាក់ព័ន្ធផ្សេងៗ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សមិទ្ធផលនេះក៏ជាការបន្តជំរុញការកែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងបង្កើតការប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើធុរកិច្ច និងការវិនិយោគ និងកាត់បន្ថយបន្ទុកចំណាយលើការបំពេញតាមកាតព្វកិច្ច និងនីតិវិធីសារពើពន្ធ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅសណ្ឋាគារសុខាភ្នំពេញ ព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤៕





តំណាងជាន់ខ្ពស់របស់កម្ពុជាចូលរួមកិច្ចប្រជុំលេីកទី១៤​ នៃក្រុមការងាររៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥

 


ឯកឧត្តម អ៊ឹង រចនា អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងជាន់ខ្ពស់ (High Level Representative -HLR) នៃក្រុមការងាររៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥  (High-Level Task Force on ASEAN Community's Post-2025 Vision – HLTF-ACV) បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៤ នៃ HLTF-ACV ពីថ្ងៃទី២៧-៣០​ ខែមេសា​ ឆ្នាំ២០២៤​ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ។


កិច្ចប្រជុំបានបញ្ចប់ការពិភាក្សាលើកទី១ នៃសេចក្តីព្រាងផែនការយុទ្ធសាស្ត្រសហគមន៍នយោបាយ និងសន្តិសុខអាស៊ាន សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ (ASEAN Political and Security Community (APSC) Strategic Plan for ASEAN Community Vision 2045) ដែលរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំនេះ ដើម្បីដាក់ជូនថ្នាក់ដឹកនាំអាស៊ានអនុម័តនៅឆមាសទី១ ឆ្នាំ ២០២៥។


នៅក្នុងឱកាសនោះដែរ ក្រុមការងារ HLTF-ACV ក៏បានជួបពិភាក្សាជាមួយប្រធានក្រុមការងារជាន់ខ្ពស់សម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (High-Level Task Force on ASEAN Economic Integration – HLTF-EI)  សហប្រធាននៃក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានក្រោយឆ្នាំ២០២៥ (Ad Hoc Working Group on Development of ASCC Post-2025 Strategic Plan) និងគណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន (ASEAN Connectivity Coordinating Committee - ACCC) ដើម្បីផ្លាស់ប្តូរយោបល់ លើការតាក់តែងរៀបចំផែនការយុទ្ធសាស្ត្រនៃចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ ២០៤៥  សម្រាប់សសរស្តម្ភទាំង៤នេះ ។


Cambodia's High-Level Representative takes part in the 14th Meeting of the High-Level Representative for ASEAN Community's Post-2025 Vision

---


His Excellency Ung Rachana, Under Secretary of State  of the Ministry of Foreign Affairs and International Cooperation and Member of the High-Level Representative for ASEAN Community's Post-2025 Vision (HLTF-ACV), attended the 14th Meeting of the HLTF-ACV From 27 to 30 April 2024 in Pattaya, Thailand.


The Meeting concluded the first reading of the Draft on ASEAN Political and Security Community (APSC) Strategic Plan for ASEAN Community Vision 2045 which is expected to be ready by the end of this year and to be summited to ASEAN Leaders for adoption during the first half of 2025.


While attending the 14th HLTF-AVC meeting, the HLTF-ACV also had a joint interface with the Chairs of the HLTF on ASEAN Economic Integration (HLTF-EI), Co-Chairs of Ad Hoc Working Group on the Development of ASEAN Socio-Cultural Community (ASCC) Post-2025 Strategic Plan, and the Chair of ASEAN Connectivity Coordinating Committee (ACCC) to share their views on matters arising during the course of crafting respective Strategic Plan and work progress.










Monday, May 06, 2024

ស្ថានបេសកកម្ម អចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា បដិសេដទាំងស្រុងចំពោះការអត្ថាធិប្បាយដោយបំភ័ន្ត និងមានភាពរើសអើង របស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស


ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នាទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍ព័ត៌មាន ក្រោមប្រធានបទ «ការចូលរួមប្រកបដោយបរិយាបន្នក្នុងសង្គមប្រជាធិបតេយ្យ សម្រេចទៅបានដរាបណាបុគ្គលគ្រប់រូបអនុវត្តសិទ្ធិរបស់ខ្លួនដោយការទទួលខុសត្រូវ» ក្រោយពីមានការអត្ថាធិប្បាយ ដោយបំភ័ន្ត ជ្រើសតែមួយជ្រុង និងមានភាពរើសអើង របស់អ្នកនាំពាក្យនៃការិយាល័យអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស លោក Jeremy Laurence កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធការ តម្កល់បទចោទប្រកាន់លើលោកស្រី ឈឹម ស៊ីថរ របស់តុលាការកម្ពុជា។


ពាន់ព័ន្ធជាមួយរឿងនេះ ស្ថានបេសកកម្ម អចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ចេញបំភ្លឺចំនួន៤ចំណុច៖

១, ការអំពាវនាវឱ្យដោះលែងលោកស្រី ឈឹម ស៊ីថរ “ជាបន្ទាន់” ឬ “អាជ្ញាធរឱ្យលុបចោលការ ផ្តន្ទាទោសទាំងអស់” គឺជាការមើលងាយដល់សមត្ថកិច្ច និងសុច្ចរិតភាពរបស់តុលាការ កម្ពុជា។ សេចក្តីសម្រេចរបស់តុលាការគឺផ្អែកលើភស្តុតាងរឹងមាំជាក់ស្តែង និងស្របតាម នីតិវិធីដ៏ត្រឹមត្រូវបំផុត។ ភាពចាំបាច់នៃគោលការណ៍បែងចែកអំណាចនៅក្នុងប្រព័ន្ធប្រជា ធិបតេយ្យគឺការធានាឯករាជ្យភាពរបស់តុលាការ ដោយគ្មានអាជ្ញាធរណាផ្សេងទៀតអាច ជ្រៀតជ្រែក ឬដាក់សម្ពាធលើតុលាការឱ្យទម្លាក់ការចោទប្រកាន់ ឬលុបចោលការផ្តន្ទាទោស នោះទេ។ ការសម្រេចបែបណានោះគឺស្ថិតនៅក្នុងអំណាចឆន្ទានុសិទ្ធិរបស់តុលាការទាំង ស្រុង។ លោកស្រី ឈឹម ស៊ីថរ និងអ្នកផ្សេងទៀតបានធ្វើកូដកម្មជាច្រើនខែ ដោយខុសច្បាប់ និងដោយមានការឧបត្ថម្ភគាំទ្រពីបរទេស កាលពីចុងឆ្នាំ២០២១ ហើយត្រូវបានកាត់ទោសពី បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបង្កភាពវឹកវរដល់សន្តិសុខសង្គម ដែលត្រូវបានផ្តន្ទាទោស ស្របតាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ លោកស្រីត្រូវបានដោះលែង ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ហើយត្រូវឃុំខ្លួនជាបន្តទៀតបន្ទាប់ពីបានបំពានកាតព្វកិច្ចរបស់ខ្លួន អនុលោមតាមបញ្ញត្តិ មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។


២, ផ្ទុយពីការចោទប្រកាន់របស់អ្នកនាំពាក្យខាងលើ សមាជិកសហជីពត្រូវបានផ្តន្ទាទោសពី បទល្មើសដែលពួកគេបានប្រព្រឹត្តកំហុស មិនមែន “ដោយសារការអនុវត្តសិទ្ធិសេរីភាព ប្រមូលផ្តុំដោយសន្តិវិធី និងបង្កើតសមាគម នោះទេ។ ការញុះញង់បង្កភាពវឹកវរដល់សន្តិសុខ សង្គម គឺមិនមែនជាការអនុវត្តសេរីភាពនៃការប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតសមាគម ស្របតាមច្បាប់រដ្ឋធម្មនុញ្ញនោះទេ ហើយក៏មិនស្របតាមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ ពលរដ្ឋ និងនយោបាយ ដែរ។


៣,  នៅក្នុងប្រទេសកម្ពុជា ក៏ដូចនៅក្នុងសង្គមប្រជាធិបតេយ្យផ្សេងទៀតដែរ បុគ្គលទាំងនោះ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ មិនមែនផ្អែកលើសម្ព័ន្ធនយោបាយ ឬតួនាទីជាសហជីព នោះទេ។ បទចោទប្រកាន់កើតចេញពីការប្រព្រឹត្តបទល្មើសនឹងច្បាប់តែប៉ុណ្ណោះ។ ប្រសិនបើ បុគ្គលណាម្នាក់ដឹកនាំ ឬរៀបចំកូដកម្មដោយខុសច្បាប់ ឬធ្វើបាតុកម្មដោយប្រើហិង្សា បង្ក គ្រោះថ្នាក់ដល់សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឬដល់សិទ្ធិនិងសេរីភាពរបស់អ្នក ដ៏ទៃ នោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ទាំងអនុសញ្ញាលេខ ៨៧ ស្តីពីសេរីភាព នៃសមាគម និងការការពារសិទ្ធិនៃការបង្កើតសមាគម ឬស្តង់ដារអន្តរជាតិស្តីពីការងារផ្សេង ទៀត ក៏ពុំមានផ្តល់សិទ្ធិដល់មេដឹកនាំសហជីព ឬសមាជិកសហជីពឱ្យប្រព្រឹត្តបទល្មើស ព្រហ្មទណ្ឌដោយនិទណ្ឌភាពនោះទេ ។


៤, កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះពហុនិយម បរិយាបន្ន និងនីតិរដ្ឋ ស្របជាមួយការប្តេជ្ញាចិត្ត ក្នុងការជំរុញសង្គមប្រជាធិបតេយ្យសេរី ដែលសំឡេង និងមតិចម្រុះត្រូវបានគោរព។ កម្ពុជា ជឿជាក់ថា ការចូលរួមប្រកបដោយអត្ថន័យ និងបរិយាបន្ន នៅក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ នឹងសម្រេចទៅបានដរាបណាបុគ្គលគ្រប់រូប ដោយមិនគិតពីឋានៈ និងនិន្នាការ រួមគ្នាអនុវត្តសិទ្ធិនិងសេរីភាព ប្រកបដោយការទទួលខុសត្រូវ ក្នុងព្រំដែននៃនីតិរដ្ឋ៕