Wednesday, May 01, 2024

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ផ្តល់អនុសាសន៍៩ចំណុចសំខាន់ៗ ដើម្បីរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ



 

ភ្នំពេញ៖ នាសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប» នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍៩ចំណុចសំខាន់ៗ ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ជាវិជ្ជមាន ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និង វប្បធម៌ (ECOSOCC) និងធនាគារពិភពលោក(WB) ដោយមានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រួមទាំង ថ្នាក់ដឹកនាំ



នៃក្រសួង ស្ថាប័នពាក់ព័ន្ធ, នាយិកាគ្រប់គ្រងធនាគារពិភពលោក (WB) ប្រចាំកម្ពុជា, ឯកអគ្គរាជទូតរដ្ឋទូតនៃបណ្តាប្រទេសជាមិត្តមួយចំនួន, ដៃគូអភិវឌ្ឍ និងវិស័យឯកជន ព្រមទាំងស្ថាប័នស្រាវជ្រាវ អ្នកសារព័ត៌មាន និងនិស្សិតមកពីសាកលវិទ្យាល័យនានាសរុបប្រមាណជិត ៥០០នាក់។

ក្នុងឱកាសនេះ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថាប្រទេសកម្ពុជា ដូចជាប្រទេសកំពុងអភិវឌ្ឍភាគច្រើន ដែលពឹងផ្អែកលើវិស័យកសិកម្ម កំពុងទទួលរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែង បាតុភាព El Nino កន្លងទៅនេះ គឺជាបាតុភាពអាកាសធាតុមួយដែលបានប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែប្រទេសផ្សេងៗទៀតក៏កំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ដែលក្នុងនោះរួមមានបញ្ហាពាក់ព័ន្ធនឹងការកើនឡើងនៃកំដៅ គ្រោះរាំងស្ងួត បញ្ហាសន្តិសុខស្បៀង និងថាមពលជាដើម។ ហើយកត្តាទាំងនេះគឺជាកត្តារាំងស្ទះសំខាន់មួយដែលប៉ះពាល់ដល់បរិស្ថាន ព្រមទាំងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាពិសេសក្នុងការសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងចក្ខុវិស័យ ២០៣០ និង ចក្ខុវិស័យ ២០៥០។

ជាគោលជំហរក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ទោះបីជាប្រទេសកម្ពុជាមិនមែនជាប្រទេសបង្កផលប៉ះពាល់ធ្ងន់ធ្ងរធៀបនឹងប្រទេសអភិវឌ្ឍន៍មួយចំនួន ប្រទេសកម្ពុជានៅតែមានឆន្ទៈខ្ពស់ ក្នុងការរួបរួមជាមួយនឹងប្រទេសដទៃទូទាំងសកលលោក ដើម្បីស្វែងរកដំណោះស្រាយ និងដាក់ចេញនូវសកម្មភាពជាក់ស្តែង សម្រាប់ឆ្លើយតប និងគ្រប់គ្រងនឹងបញ្ហាប្រែប្រួលអាកាសធាតុ។ ឯកឧត្តម វង្សី វិស្សុត ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការកៀរគរកិច្ចសហការពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងស្ថាប័នសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍ ដើម្បីស្វែងរកដំណោះស្រាយគ្រប់ជ្រុងជ្រោយ (comprehensive solutions) ទាំងក្នុងទិដ្ឋភាពសង្គម សេដ្ឋកិច្ច និងបរិស្ថាន តាមរយៈការបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកទេស ការលើកកម្ពស់សមត្ថភាពស្ថាប័ន (institutional capacity) និងការសម្របសម្រួលអន្តរស្ថាប័ន ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដើម្បីគាំទ្រដល់

វិស័យពាក់ព័ន្ធ ដូចជាការសិក្សាស្រាវជ្រាវអំពីថាមពលស្អាត, ប្រសិទ្ធភាពថាមពល, ការការពារព្រៃឈើ និងដាំដើមឈើឡើងវិញ, ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង (green economy) គួបផ្សំជាមួយនឹងការវិនិយោគលើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់ឆ្លើយតប និងគ្រប់គ្រងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ។

ផ្អែកលើគោលជំហរនេះ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយប្រទេសដទៃ ក្នុងការទប់ស្កាត់ផលប៉ះពាល់នានា ជាពិសេសគ្រោះធម្មជាតិ ដែលកើតឡើងដោយសារការប្រែប្រួលអាកាសធាតុ។ ក្នុងស្មារតីនេះ ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងបានកំណត់ផែនទីចង្អុលឆ្ពោះទៅរកការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៣០ និងឆ្នាំ ២០៥០ រៀងគ្នា។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពលើការកាត់បន្ថយផលប៉ះពាល់ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់ចីរភាពបរិស្ថាន ក៏ដូចជាការគ្រប់គ្រងធនធានធម្មជាតិ និងសេដ្ឋកិច្ចបៃតងជាដើម ដូចមានចែងក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញនូវចក្ខុវិស័យច្បាស់លាស់មួយសម្រាប់ប្រទេសកម្ពុជា ដោយបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍ និងការការពារបរិស្ថានត្រូវតែដើរទន្ទឹមគ្នា ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងធានានូវជីវភាពរស់នៅប្រកបដោយសុខុមាលភាពសម្រាប់ប្រជាជនជំនាន់ក្រោយ។ ហេតុនេះ ក្រៅពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តនូវ ក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ជាដើម ដែលសុទ្ធតែឆ្លុះបញ្ចាំងនូវ ការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការការពារបរិស្ថាន និងធានាការអភិវឌ្ឍប្រកប​ដោយចីរភាព។

សម្រាប់កម្ពុជាផ្ទាល់ ឯកឧត្តម វង្សី វិស្សុត ក៏បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការស្វែងរកនូវតុល្យភាពសមស្របមួយរវាងការអភិវឌ្ឍ និងការឆ្លើយតបនឹងការប្រែប្រួលអកាសធាតុ។ ក្នុងស្មារតីនេះ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់អនុសាសន៍ចំនួន៩ចំណុចដល់អង្គសិក្ខាសាលា ដើម្បីចូលរួមចំណែកជួយកាត់បន្ថយផលប៉ះពាល់ជាវិជ្ជមាន ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

ទី១,  ភ្នាក់ងារស្ថាប័នពាក់ព័ន្ធទាំងអស់គួរតែបន្តលើកកម្ពស់ការអភិវឌ្ឍន៍សមត្ថភាពស្ថាប័នក្នុងវិស័យ​ស្រាវជ្រាវ និងអភិវឌ្ឍន៍ ការធ្វើផែនការ និង ថវិកា ការអនុវត្ត ព្រមទាំងការត្រួតពិនិត្យ និងវាយតម្លៃទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

ទី២, បន្តបង្កើត និងពង្រឹងច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយទាក់ទងនឹងបរិស្ថាន ទឹក គ្រោះមហន្តរាយធម្មជាតិ ក៏ដូចជាការទូតបៃតង ដើម្បីធានាបាននូវប្រព័ន្ធអេកូឡូស៊ីប្រកបដោយនិរន្តរភាព និងការរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

ទី៣, ពង្រឹងការចុះសម្រុងគ្នា និងការរួមបញ្ចូលគម្រោងទាក់ទងនឹងការបន្សាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការធ្វើផែនការ និងថវិកាពីប្រភពក្នុងស្រុក និងខាងក្រៅ ដើម្បីធានាបាននូវការតម្រឹម និងភាពស៊ីសង្វាក់គ្នាជាមួយការរួមចំណែកដែលបានកំណត់ថ្នាក់ជាតិ (NDCs) របស់កម្ពុជា ដើម្បីក្លាយជាកាបូនអព្យាក្រឹតនៅឆ្នាំ២០៥០។

ទី៤, បន្តលើកកម្ពស់ការវិនិយោគរបស់វិស័យឯកជននៅក្នុងគម្រោងអាកាសធាតុឆ្លាតវៃ និងបៃតង តាមរយៈការពិចារណាលើការអនុវត្តការយកពន្ធកាបូន និងការពង្រឹងការអនុវត្តបទប្បញ្ញត្តិ និងយុទ្ធសាស្ត្រសម្រាប់ហិរញ្ញប្បទានបៃតង និងការវិនិយោគ។

ទី៥, ជំរុញ និងប្រើប្រាស់បច្ចេកវិទ្យាអាកាសធាតុ បង្កើនការប្រើប្រាស់បច្ចេកវិទ្យា និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងវិស័យធំៗ ដូចជាថាមពលកកើតឡើងវិញ រួមមានថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងវារីអគ្គិសនី កសិកម្ម និងការគ្រប់គ្រងទឹក។

ទី៦, បន្តលើកកម្ពស់គម្រោងប្រព័ន្ធធារាសាស្រ្តការពារអាកាសធាតុ និងការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព ក៏ដូចជាលើកកម្ពស់កសិកម្មឆ្លាតវៃ ក្នុងគោលបំណងជំរុញផលិតភាពកសិកម្ម បង្កើនភាពធន់ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (Green House Gases) តាមរយៈការវិនិយោគលើបច្ចេកវិទ្យា គ្រាប់ពូជធន់នឹងអាកាសធាតុ និងបច្ចេកទេសកសិកម្ម។

ទី៧, បន្តលើកកម្ពស់ការយល់ដឹងអំពីការកើនឡើងនៃភាពធ្ងន់ធ្ងរនៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ការត្រៀមខ្លួនរបស់សាធារណជន ជាពិសេសកសិករ និងអ្នកវិនិយោគ។

ទី៨, បន្តប្រមូលហិរញ្ញប្បទានពីខាងក្រៅ ដើម្បីវិនិយោគលើដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។ និង

ទី៩, ពង្រឹងប្រព័ន្ធគាំពារសង្គម ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ។

ឯកឧត្តម វង្សី វិស្សុត ក៏បានបញ្ជាក់ផងដែរថា កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការតម្រង់ទិសសេដ្ឋកិច្ចរបស់ខ្លួនឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងស្វាគមន៍រាល់ការគាំទ្រ និងការចូលរួមពីដៃគូ

នានា។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួម «គិតគូរជាសកល និងធ្វើសកម្មភាពដោយផ្ទាល់នៅនឹងកន្លែង» (Think globally act locally) ផងដែរ។

ថ្លែងនៅក្នុងពិធីសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការឆ្លើយតបគោលនយោបាយ» នាពេលនោះដែរ លោកស្រី Maryam Salim នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកលដែលត្រូវយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្នានទាំងអស់ ហើយសិក្ខាសាលានាថ្ងៃនេះ ឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុ៕













Tuesday, April 30, 2024

ព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រ យាងសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ព្រះចៅស៊ុលតង់ ហាជី ហា​សិន​​ណល់ ប៊ូលហ្កះ ព្រះមហាក្សត្រប្រទេស​ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់​ឌុល ម៉ាទីន សព្វព្រះរាជហឫទ័យយាងសោយព្រះក្រយាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា រួម​ជា​មួយកូនប្រុសទាំង៣រូប រួមមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា, ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខ​ងារ​​សា​ធា​រណៈ និងឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក។


ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេច​តេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូត ក្នុងអគារ​វឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិតកណ្តាលរាជធានីភ្នំពេញ។ ព្រះរាជពិធីសោយព្រះ​ក្រ​យានោះ បានប្រព្រឹត្តទៅក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលបំផុតប្រៀបដូចជាគ្រួសារតែ​មួយ​។


ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ និងព្រះរាជបុត្រ បានយាងមកដល់​ប្រទេស​​កម្ពុជានៅវេលាម៉ោងជាង៧យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីព្រះអង្គ​បញ្ចប់ព្រះរាជដំណើរទស្សនកិច្ចនៅប្រទេសថៃ។ ព្រះរាជដំណើរពីប្រទេសថៃ មកកាន់​ប្រទេស​កម្ពុជា ព្រះចៅស៊ុលតង់ បានសព្វព្រះរាជហឫទ័យយាងបើកយន្តហោះដ៏ធំដោយ​ផ្ទាល់​ព្រះអង្គថែមទៀតផង។


សម្តេចតេជោ ហ៊ុន សែន រួមជាមួយកូនប្រុសពីររូប គឺឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអញ្ជើញទៅទទួលព្រះរាជដំណើររបស់​ព្រះអង្គ​​ដោយ​ផ្ទាល់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ បន្ទាប់មកព្រះមហាក្សត្រ​ប្រុយ​ណេ និងព្រះរាជបុត្រ បានយាងតាមរថយន្តម៉ាកសឺដេសខ្មៅរលើបរលោងដ៏ទំនើប ដែលជាការ​រៀប​ចំថ្វាយប្រកបដោយព្រះកិត្តិយសខ្ពស់ខ្ពស់បំផុត ពីសំណាក់សម្តេច​តេជោ ហ៊ុន សែន​។ សម្តេចតេជោ ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអញ្ជើញក្នុងរថ​យន្តនោះ ជាមួយព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ថ្វាយព្រះរាជ​ដំណើរ​ព្រះអង្គពីព្រលាន​យន្ត​ហោះទៅកាន់សណ្ឋាគាររូសវូតតែម្តង។


ព្រះរាជដំណើររបស់ព្រះមហាក្សត្រប្រុយណេ មកកាន់ប្រទេសកម្ពុជានាពេលនេះ មិន​មែន​​ជាព្រះរាជដំណើរទស្សនកិច្ចផ្លូវការនោះឡើយ។ ព្រះរាជដំណើររបស់ព្រះមកកម្ពុជា នាពេលនេះ ដើម្បីសាកសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន ដែលព្រះអង្គបានរាប់អាន​ជា​ប្អូនធម៌ជាយូរមកហើយ។


បើតាមការបញ្ជាក់ថារបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គមបានឱ្យដឹង​ថា ព្រះមហាក្សត្រប្រុយណេ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងសម្តេចតេជោ មានការ​រាប់អានគ្នាយ៉ាងជ្រាលជ្រៅបំផុតក្នុងពេលដឹកនាំប្រទេស។ ក្នុងនោះព្រះចៅស៊ុលតង់ មានព្រះជន្ម៧៥ព្រះវស្សា ត្រូវបានចាត់ទុកជាបង លោក ថាក់ស៊ីន មានអាយុ ៧៤ឆ្នាំ ជាប្អូនទី១ ហើយសម្តេចតេជោ ហ៊ុន សែន មានអាយុ ៧២ឆ្នាំ ជាប្អូនពៅ។


ចំណងមិត្តភាពរបស់មេដឹកនាំដែលមានប្រជាប្រិយភាពនៅអាស៊ីអាគ្នេយ៍ទាំង៣ព្រះអង្គ/រូប បានរក្សាយ៉ាងខ្ជាប់ខ្ជួនតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០មក។ មិនត្រឹមតែទំនាក់ទំនង​លក្ខណៈបុគ្គល និងបុគ្គលនោះទេ តាមរយៈចំណងមេត្រីភាពដ៏រឹងមាំនេះ បងប្អូនធម៌​ទាំង​​៣អង្គ/រូប តែងមូលព្រះទ័យ និងចិត្តគំនិតលើការដឹកនាំរដ្ឋ ដើម្បីនាំមកឧត្តម​ប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំង៣នេះផងដែរ។


គុណធម៌នៃមិត្តភាពនេះ គេបានកត់សម្គាល់ឃើញថា នៅពេលលោក ថាក់ស៊ីន ត្រូវ​បាន​គេយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចយ៉ាងណាក្តី ក៏ព្រះមហាក្សត្រប្រុយណេ និង​សម្តេចតេជោ ហ៊ុន សែន នៅតែបន្តរាប់អាន និងជួយជាគំនិតយោបល់​នានា ជូនលោក ថាក់ស៊ីន ផងដែរ។


ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រុយណេ បានយកព្រះទ័យគោរព និងផ្តល់តម្លៃដល់​ចំណង​មិត្តភាពនេះខ្លាំងណាស់។ កាលពីឆ្នាំ២០១១ នៅពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមព្រះរាជកម្មវិធីរបស់ព្រះអង្គនៅប្រទេសប្រុយណេ ព្រះចៅស៊ុល បានយាងបើករថយន្តមកទទួលសម្តេចតេជោដោយផ្ទាល់ពីព្រលានយន្តហោះផងដែរ។


តាមរយៈព្រះរាជដំណើរយាងមកសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន នៅ​ពេល​នេះ ក៏ជាការបង្ហាញឱ្យឃើញពីការយកព្រះទ័យទុកដាក់ និងជម្រៅដ៏សែនជ្រៅ ចំពោះ​ចំណង​​មិត្តភាពមួយនេះ។


ក្នុងក្របខណ្ឌអាស៊ាន ក៏ដូចជាពិភពលោក គឺកម្រមានការរាប់អានបែបនេះណាស់។ ចំណងមិត្តភាពនេះអាចរឹងមាំទៅបាន ក៏ដោយសារតែមេដឹកនាំដែលប្រៀបដូចជាដួងតារា​នៅអាស៊ាន ផ្តល់ការគោរពឱ្យគ្នា មានទស្សនៈនយោបាយ និងទស្សនៈនយោបាយ​ប្រហាក់​ប្រហែលគ្នា៕










រដ្ឋបាលខេត្ដកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីចាក់ថ្មច្រាំងទន្លេ នៅស្រុកស្រីសន្ធរ


នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្ដកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណីចាក់ថ្មច្រាំងទន្លេនៅភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ជុំវិញករណីនេះ រដ្ឋបាលខេត្ដកំពង់ចាម បានបញ្ជាក់ថា រដ្ឋបាលខេត្ដ បានចុះធ្វើការពិនិត្យភ្លាមៗ ដោយចាត់តាំង ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចម្រុះចុះពិនិត្យ និងវាយតម្លៃសំណង់ ព្រមទាំងជួបជាមួយ នឹងភាគីពាក់ព័ន្ធរួមមាន អាជ្ញាធរឃុំ/ភូមិ តំណាងម្ចាស់ទីតាំង និងប្រជាពលរដ្ឋរស់នៅក្បែរតំបន់នៃសំណង់។


ក្រោយពីចុះពិនិត្យរួចរាល់ រដ្ឋបាលខេត្ដកំពង់ចាម បានប្រកាសថា៖ 

១-ការចាក់ថ្មច្រាំងទន្លេនេះ មានប្រវែងបណ្តោយច្រាំង ១៦៥ម៉ែត្រ ជម្រាលច្រាំង ១០ម៉ែត្រ និង ១៦ម៉ែត្រ ដែលផ្នែកខាងក្រោមចាក់ថ្មទប់ជម្រាលលយចូលក្នុងទឹក។ សំណង់នេះ ធ្វើឡើងពុំបានសុំច្បាប់ជាលាយលក្ខណ៍ អក្សរទេ តែបានសុំផ្ទាល់មាត់ត្រឹមលោកមេឃុំមានជ័យ។ សំណង់ត្រូវបានចាប់ផ្តើមម្តងបន្តិចៗ រហូតដល់ចប់ សកម្មភាពទាំងស្រុងនៅក្នុងខែមករា ឆ្នាំ២០២៤ កន្លងទៅ។ ម្ចាស់ទីតាំងបានបញ្ជាក់ពីគោលបំណងនៃការចាក់ថ្មនេះគឺដើម្បីការពារទប់ច្រាំងទន្លេកុំឲ្យបាក់បន្តទៀត។ 


២-ជាវិធានការរដ្ឋបាល គឺក្រុមការងារបានតម្រូវឲ្យម្ចាស់ទីតាំងបញ្ឈប់សកម្មភាពចាក់ថ្មបន្តទៀត និងរង់ចាំ លទ្ធផលនៃការចុះសិក្សា វាយតម្លៃរបស់ក្រសួងធនធានទឹកនិងឧតុនិយម អំពីលក្ខណៈបច្ចេកទេស និងផលប៉ះពាល់ប្រសិនបើមាន។ 


៣-ជាការវាយតម្លៃបឋម ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តយល់ឃើញថា សំណង់នេះហាក់មិននាំទៅដល់ការខូចខាតច្រាំងទន្លេ ឬធ្វើឲ្យប៉ះពាល់លំហូរទឹកទន្លេឡើយ។ ផ្ទុយមកវិញ សំណង់នេះ ទំនងជាអាចជួយទប់ ច្រាំងទន្លេមិនឲ្យបាក់បន្ត។ មិនតែប៉ុណ្ណោះ ប្រជាជនដែលមានផ្ទះនៅក្បែរសំណង់ទាំងអស់ គឺមានការសារទរទាំងអស់គ្នា ដ្បិតពួកគាត់យល់ឃើញថា សំណង់នេះនឹងជួយការពារច្រាំងទន្លេមិនឲ្យបាក់មកដល់ផ្ទះពួកគាត់ដែរ។ 


៤-រដ្ឋបាលខេត្តក៏សូមបញ្ជាក់ផងដែរថា ដើម្បីការពារផ្លូវជាតិលេខ ៧០B ដែលគម្រាមកំហែងដោយការ បាក់ច្រាំងជាបន្តបន្ទាប់ជាច្រើនឆ្នាំមកនេះ រដ្ឋបាលខេត្តក៏មានគម្រោងជួសជុលច្រាំងទន្លេនៅតំបន់នោះកុំឲ្យបាក់ស្រុត បន្តនៅពេលឆាប់ៗខាងមុខដែរ។ 


ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម សូមស្វាគមន៍ចំពោះសប្បុរសជនទាំងអស់ ដែលមានបំណងចង់ចូលរួមអភិវឌ្ឍមូលដ្ឋាន ពិសេសសំណង់ច្រាំងទន្លេ តែសូមឲ្យមានកិច្ចសហការពីអជ្ញាធរ និង ស្ថាប័នជំនាញជាមុន ដើម្បីចូលរួមគាំទ្រផ្នែកច្បាប់ បច្ចេកទេស និងធានានូវតម្លៃនៃសមិទ្ធផល៕




ត្រីមាសទី១ ឆ្នាំនេះ រដ្ឋាភិបាល បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងវិនិយោគពង្រីកចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុប២,២ពាន់លានដុល្លារ


រយៈពេល៣ខែដំបូងនៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងវិនិយោគពង្រីកចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុប២,២ពាន់លានដុល្លារ។ នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។


នៅក្នុងសារលិខិតនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ឆ្នាំ២០២៤នេះ គឺជាឆ្នាំដំបូងនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះកម្មវិធីអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន៥ ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីនយោបាយ និងការកែទម្រង់ស៊ីជម្រៅក្នុងគោលបំណងសម្រួលការធ្វើធុរកិច្ច អាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានចំណូលខ្ពស់ ការងារកាន់តែសមរម្យនិងសម្បូរបែប ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ 


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ជាលទ្ធផលក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោង វិនិយោគថ្មី និងគម្រោងវិនិយោគពង្រីកចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ២,២ពាន់លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មីចំនួនប្រមាណជា១០,៧ម៉ឺនកន្លែង។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដដែលនេះ ចំនួនសហគ្រាសដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងពី ចំនួន ៤០.៩៧៥ ដល់ចំនួន ៤៣.៨៤៩សហគ្រាស (កើនឡើងចំនួន ២ ៨៧៤សហគ្រាស) ហើយចំនួន កម្មករនិយោជិត បានកើនពីចំនួន ១.៧១៥.០២៩នាក់ ដល់ចំនួន ១.៧៩៣ .៤៦៧នាក់ (កើនឡើងចំនួន ៧៨.៤៣៨ នាក់)៕

Monday, April 29, 2024

អភិបាលខេត្តកំពង់ចាម នាំយកថវិកាជាង៤២៣លានរៀល និងប្រាក់ដុល្លារជិត១ម៉ឺនដុល្លារ ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា

 



នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារខេត្ត បាននាំយកថវិការៃអង្គាសបានពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននៅក្នុងខេត្ត សរុប ៤២៣.៥៨៤.៨០០ រៀល និងប្រាក់ដុល្លារ ចំនួន ៨.៩៣៩ ដុល្លារ ទៅប្រគល់ជូនដើម្បីទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។


ពិធីប្រគល់ទទួលនេះ បានធ្វើឡើងនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួមពីឯកឧត្តម បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ លោកបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិស្វីស លោក ឃាន តួក អគ្គលេខាធិការរង និងជាប្រធានផ្នែកទំនាក់ទំនងនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកស្រី ថន កេណ្ណារ័ត្ន អគ្គលេខាធិការរង និងជាប្រធានផ្នែករដ្ឋបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក ចឿង ធានី ប្រធាននាយកដ្ឋាន និង ក្រុមការងារ នៃអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា។


សូមរំលឹកថា រដ្ឋបាលខេត្តកំពង់ចាម បានបើកយុទ្ធនាការជិះកង់ជុំវិញភូមិសាស្ត្រខេត្តកំពង់ចាមរយ:ពេល៧ថ្ងៃ ដើម្បីប្រមូលថវិកាជួយទ្រទ្រង់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ពោលគឺការជិះកង់រៃអង្គាសប្រមូលថវិកាពីសប្បុរសជននានា ក្នុងក្រុង ស្រុក ទាំង១០ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម គឺបានធ្វើឡើងបន្ទាប់ពីមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា។


ក្នុងយុទ្ធនាការនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានរៀបចំផែនការជិះកង់គូក ចេញទៅតាមគោលដៅ ក្រុង-ស្រុកទាំង១០ ដែលមានសមាសភាពចំនួន ៤០០នាក់ ហើយចំណុចដែលត្រូវចាប់ផ្តើមមុនគេ គឺនៅមុខសាលាខេត្តកំពង់ចាម ក្នុងគោលបំណងទទួលថវិកាពីសប្បុរសជន សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យដែលបានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗផងដែរ៕




សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងព្រែកជីកហ្វ៊ូណនតេជោនេះ រាជរដ្ឋាភិបាលបានចំណាយពេលសិក្សាយ៉ាងលម្អិតរយៈពេលប្រមាណ២៦ខែមកហើយ


ពាក់ព័ន្ធនឹងរឿងគម្រោងព្រែកជីកហ្វូណនតេជោ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅអ្នកនយោបាយរត់ចោលគុក លោក សម រង្ស៉ី ថា បើមិនដឹងខ្យល់អី កុំនិយាយអំពីគម្រោងព្រែកជីកនេះ ព្រោះក្រុមការងារជំនាញបានសិក្សាយ៉ាងលម្អិត ដោយចំណាយពេលប្រមាណ២៦ខែមកហើយ និងមានការសិក្សាយ៉ាងល្អិតល្អន់ពីសារៈសំខាន់នៃព្រែកជីកនេះសម្រាប់សេដ្ឋកិច្ច និងសង្គមកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេច អញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរប្រមាណជាង៥នាក់។


ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញការសោកស្តាយចំពោះអ្នកនយោបាយចាស់វស្សារូបនេះ ដែលមានភាពឆោតល្ងង់ ចេញមុខមកជេរ លាភពណ៌ និងចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលវាគឺជាភាពងងឹតងងុល មិនគិតពីផលប្រយោជន៍របស់ប្រទេសជាតិទាល់តែសោះ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងសាងសង់ព្រែកជីហ្វូណនតេជោរបស់កម្ពុជា បានក្លាយជាផ្ទាំងស៊ីបរបស់ក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុក ដែលមិនគិតពីផលប្រយោជន៍ជាតិ និងប្រជាជនខ្មែរទាល់តែសោះ ពោលគឺវិទ្យុបរទេសនិយាយភាសាខ្មែរតែងតែលើកយកមកធ្វើជាប្រធានបទ ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ដោយផ្សព្វផ្សាយមួលបង្កាច់គ្រប់រូបភាព ក្នុងន័យបម្រើមហិច្ឆតារបស់បក្ខពួកខ្លួន។


ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំទៅក្រុមប្រឆាំងថា សូមកុំយកមនុស្សក្លែងក្លាយ មកធ្វើជាប្រភពព័ត៌មានសម្រាប់វាយប្រហារលើគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជាឱ្យសោះ។ សម្តេច មិនជឿថា នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា មានមន្ត្រីជាន់ខ្ពស់ដែលល្ងង់ ទៅផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី ថាគម្រោងព្រែកជីកនេះ រាជរដ្ឋាភិបាលកម្ពុជាខ្ចីលុយចិននោះទេ។ តាមការពិតនោះគម្រោងនេះ គឺជាគម្រោង BOT ជាកម្ចីឯកជន ដែលរដ្ឋមិនមែនជាអ្នកខ្ចីនោះទេ។ ចំណុចនេះ អាចបញ្ជាក់យ៉ាងច្បាស់ថា ក្រុមប្រឆាំងមានចេតនាអាក្រក់ ដើម្បីបំផ្លាញការរីកចម្រើនរបស់កម្ពុជា៕





ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូក សរុបការងា រ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»



(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។


«ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» ដែលមានលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាប្រធាន តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង។


កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។


ស្ត្រីត្រូវបានរាជរដ្ឋាភិបាលចាត់ឆ្អឹងខ្នងដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ តាមរយៈកិច្ចប្រជុំជាទៀងទាត់របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» គឺបានពិនិត្យ និងដាក់ចេញអនុសាសន៍ជាច្រើន ដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងអភិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រី ជាពិសេសជំរុញសកម្មភាពរបស់ស្ត្រីទៅក្នុងកិច្ចការសង្គម។


រាជរដ្ឋាភិបាលកម្ពុជា តាំងពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន រហូតមកដល់នីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតីតែងតែបានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើបញ្ហារបស់ស្ត្រី។ សិទ្ធិរបស់ស្ត្រីត្រូវបានលើកកម្ពស់ឱ្យកាន់តែល្អប្រសើរ និងស្មើមុខស្មើមាត់ជាមួយបុរសនៅក្នុងសង្គម ហើយស្ត្រីកាន់តែច្រើនត្រូវបានបានបញ្ចូលទៅក្នុងតួនាទីថ្នាក់ដឹកនាំ និងការសម្រេចចិត្តនៅតាមក្រសួងស្ថាប័ននានា។


ជាក់ស្តែងនៅក្នុងស្ថាប័នកំពូលរបស់កម្ពុជាទាំងស្ថាប័ននីតិបញ្ញត្តិ និងប្រតិបត្តិស្ត្រីកាន់តែច្រើនត្រូវបានបញ្ចូលទៅក្នុងតួនាទីជាថ្នាក់ដឹកនាំ។ ក្នុងនោះស្ថាប័នរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ត្រូវបានបោះឆ្នោតជាប្រធានរដ្ឋសភា។


ដោយឡែកក្នុងស្ថាប័ននីតិប្រតិបត្តិសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ លោកស្រី អ៉ឹង កន្ថាផាវី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រៅពីនោះមានស្ត្រីជាច្រើនត្រូវបានតែងតាំងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង... និងអភិបាលខេត្តជាដើម៕