Friday, April 26, 2024

ក្រុមហ៊ុនថ្មីចំនួន៥ នឹងមកចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា




បើទោះបីជាស្ថានភាពជួញដូរភាគហ៊ុនបច្ចុប្បន្នហាក់បង្ហាញទំនោរធ្លាក់ចុះគួរឱ្យកត់សម្គាល់ មកនៅក្នុងរង្វង់ប្រមាណ១០ម៉ឺនដុល្លារក្នុង១ថ្ងៃក៏ដោយ ក៏មេផ្សារមូលបត្រកម្ពុជារំ ពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីយ៉ាងហោចណាស់ចំនួន៥ បន្ថែមទៀត នៅក្នុងឆ្នាំ២០២៤នេះ។


ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់នៅក្នុងវេទិកា «ប្រាក់ចំណេញឆ្នាំ២០២៤» របស់ផ្សារមូលបត្រកម្ពុជានាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ថា នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ ទំហំជួញដូរភាគហ៊ុននៅកម្ពុជា ហាក់មានទំនោរធ្លាក់ចុះគួរឱ្យកត់សម្គាល់ពីទំហំជួញដូរជាមធ្យមជាង២០ម៉ឺនដុល្លារក្នុង១ថ្ងៃ នៅក្នុងឆ្នាំ២០២៣ មកនៅត្រឹមរង្វង់១០ម៉ឺនដុល្លារក្នុង១ថ្ងៃប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ ដោយសារឥទ្ធិពលពីវិបត្តិសកលនានា។


បើតាមការបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ បានឱ្យដឹងថា បើទោះបីជាស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពលំបាក និងមិនទាន់មានភាពច្បាស់លាស់យ៉ាងណាក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំរូបនេះ សង្កេតឃើញថា មានក្រុមហ៊ុនមួយចំនួននៅតែមានមហិច្ឆតាក្នុងការមកចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជាជាបន្តបន្ទាប់។ 


តួយ៉ាង នៅក្នុងឆ្នាំ២០២៤ នេះ ឯកឧត្តម មានក្តីរំពឹងខ្ពស់ និងជឿជាក់ថា យ៉ាងហោចណាស់នឹងមានក្រុមហ៊ុនថ្មីចំនួន៥ នឹងមកចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ដោយក្នុងនោះមាន២ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៣ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់សញ្ញាបណ្ណ។ តាមរយៈវត្តមានរបស់ក្រុមហ៊ុនបោះផ្សាយលក់ភាគហ៊ុនថ្មីទាំង២នេះ ថ្នាក់ដឹកនាំរូបនេះរំពឹងថា វានឹងអាចជួយជំរុញឱ្យការជួញដូរភាគហ៊ុននៅកម្ពុជាកាន់តែមានភាពមមាញឹក និងធ្វើឱ្យទំហំជួញដូរមានកំណើនឡើងវិញផងដែរ។


សូមជម្រាបថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន២២ បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក្នុងនោះ១១ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង១១ក្រុមហ៊ុនបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល។ ដោយក្រុមហ៊ុនទាំងនេះអាចប្រមូលទុនបានប្រមាណ៣៧០លានដុល្លារ ដើម្បីយកទៅពង្រីកអាជីវកម្ម៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួង-ស្ថាប័ន រាជធានី-ខេត្ត យកចិត្តទុកដាក់គិតគូរបញ្ហាគ្រោះអគ្គីភ័យ និងបញ្ហាកង្វះទឹកក្នុងរដូវក្តៅនេះ




សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ណែនាំបន្តដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើងដើម្បីបង្កាគ្រោះអគ្គិភ័យដែលអាចកើតមានជាយថាហេតុនៅក្នុងរដូវប្រាំងនេះ។


យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យក្រុមការងារចុះមូលដ្ឋានសហការជាមួយអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចំពោះប្រភពទឹក ដើម្បីធានាឱ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃក៏ដូចជាទឹកសម្រាប់ស្រោចស្រព។


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងរ៉ែនិងថាមពលឱ្យពិនិត្យមើលលទ្ធភាពផ្គត់ផ្គង់អគ្គិសនី ខណៈដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវយកចិត្តទុកដាក់លើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋផងដែរ៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទត្រូវប្រកាន់តួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់




នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលបានរៀបចំឡើងតាមប្រព័ន្ធHybrid ដែលមានវត្តមានចូលរួមដោយផ្ទាល់ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងលោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត។ 


នៅក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងសួរសុខទុក្ខ និងរំលឹកណែនាំមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឹងម៉ាត់ និងទំនួលខុសត្រូវខ្ពស់ក្នុងការងារឱ្យបានខ្ជាប់ខ្ជួនជាប់ជាប្រចាំ ជាពិសេសត្រូវអនុវត្តការងារតាមការបែងចែកតួនាទី និងភារកិច្ច ត្រូវបន្តខិតខំតាមដានវាយតម្លៃលទ្ធផលដែលសម្រេចបាន និងដោះស្រាយបញ្ហាប្រឈមនានា។


ទន្ទឹមនោះ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួន និងបានវាយតម្លៃខ្ពស់ចំពោះការតម្រង់ទិសក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវ ដោយដើរឆ្ពោះទៅមុខជានិច្ច ដើម្បីចូលរួមអនុវត្តពង្រឹងមូលដ្ឋានសុខាភិបាលដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព៣ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕






ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាល និងសួរសុខទុក្ខអ្នកជំងឺនៃមន្ទីរពេទ្យកាល់ម៉ែត



នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាល និងសួរសុខទុក្ខអ្នកជំងឺ ក្រុមគ្រួសារអ្នកជំងឺ ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យកាល់ម៉ែត។


ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ចូលរួមចំណែកផ្តល់សេវាសុខាភិបាល ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ ប្រកបដោយគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធិភាព និងសមធម៌។ 


ជាមួយគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឱ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលនៅមន្ទីរពេទ្យ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវបន្តខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍមន្ទីរពេទ្យ និងវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។


ក្នុងនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវរៀបចំកិច្ចប្រជុំពិភាក្សាជាប្រចាំ ជាមួយក្រុមគ្រូពេទ្យឯកទេស ឬក្រុមគ្រូពេទ្យពាក់ព័ន្ធ ក្នុងការស្វែងរករោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នកជំងឺឱ្យអស់ពីស មត្ថភាព និងលទ្ធភាព ព្រមទាំងបន្តបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញច្បាស់ លា ស់បន្ថែមទៀត ស្របតាមការរីកចម្រើនវិស័យសុខាភិបាលលើសកលលោក។


បន្ថែមពីនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានជូនពរ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងបងប្អូនក្រុមគ្រួសារ ញាតិមិត្ដអ្នកជំងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ៕




សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតយុទ្ធសាស្ត្រទាញចំណាប់អារម្មណ៍សាធារណជន គួរតែមានការថ្លឹងថ្លែងដើម្បីកុំឱ្យប៉ះពាល់ដល់វប្បធម៌ជាតិ


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតយុទ្ធសាស្ត្រទាញចំណាប់អារម្មណ៍ពីសាធារណជន គួរមានការថ្លឹងថ្លែងនិងពិចារណាជាមុនពីផលប៉ះពាល់ដល់វប្បធម៌ប្រពៃណីនិងសីលធម៌សង្គម ដោយពុំគួរប្រើប្រាស់ជំហរអត្តនោម័ត ឬជំហរចង់ល្បីភ្លាមៗដោយអាចប៉ះពាល់ដល់បុគ្គលផង ដល់តម្លៃជាតិផងនោះទេ។


សម្តេចធិបតី ហ៊ុន ម៉ាណែត មានជំនឿថា គ្រប់សិល្បករ សិល្បការនីសុទ្ធតែមានការទទួលខុសត្រូវខ្ពស់ជាមួយនឹងការទទួលស្គាល់ការកែប្រែនូវរាល់កំហុសខុសឆ្គងចេតនា និងអចេតនា។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធី «ពិសារអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី» នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤៕





សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី





សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ខែមេសា ឆ្នាំ២០២៤ ដើម្បីពិភាក្សា ឆ្លង និងអនុម័តលើរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖

 

១. សេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាង ច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត

២. អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា

៣. បញ្ហាផ្សេងៗ៖

- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងក្តីសប្បាយរីករាយចំពោះប្រជាពលរដ្ឋដែលបាននាំគ្នាលេងល្បែងប្រជាប្រិយខ្មែរយ៉ាងច្រើនកុះករក្នុងអំឡុងពេលចូលឆ្នាំកន្លងទៅនេះ។ ទន្ទឹមនឹងនោះ បញ្ហាដែលកើតឡើងដោយសកម្មភាពបងធំ បងតូច បានធ្លាក់ចុះយ៉ាងខ្លាំង។ នេះបណ្តាល មកពីការយល់ដឹងរបស់ប្រជាពលរដ្ឋ និងការរៀបចំបានល្អរបស់អាជ្ញាធរមានសមត្ថកិច្ច។ ក្នុងន័យនេះសម្តេចធិបតី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមកម្សាន្តសប្បាយយ៉ាងសស្រាក់សស្រាំ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញការងារ និងបានរៀបចំពិធីបុណ្យចូលឆ្នាំយ៉ាងល្អ ដែលបង្កលក្ខណៈឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយយ៉ាងក្រៃលែង។

 

- សម្តេចធិបតី បានប្រកាសផ្តល់រង្វាន់តាមការសន្យាដល់ខេត្តចំនួន ៦ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ខេត្តទាំង ៦ នោះគឺ ខេត្តព្រៃវែង កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ មណ្ឌលគិរី និងខេត្តប៉ៃលិន ដោយខេត្តនីមួយៗទទួលបាន លិខិតសរសើរ១ច្បាប់ ថវិកា២០០លានរៀល និងភេសជ្ជៈ ១០០០កេស។

 

-  សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រវាងរាជរដ្ឋាភិបាល និងវិស័យឯកជនរៀបចំឯកសារវាយតម្លៃអំពីវឌ្ឍនភាពនៃការងារបន្ទាប់ពីរាជរដ្ឋាភិបាល និងវេទិកាវិស័យឯកជនដែលបានប្រព្រឹត្តទៅកាលពីខែវិច្ឆិកាឆ្នាំ២០២៣ សំដៅដោះស្រាយបញ្ហានានាជូនវិស័យឯកជន។ ឯកសារវាយតម្លៃនេះត្រូវដាក់ជូន សម្តេចធិបតី ក្នុងខែមិថុនាខាងមុខ។

 

-  សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជាបានសម្រេចផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិមក ឆ្នាំ២០២៤ វិញនិងបានណែនាំឱ្យក្រសួងពាក់ព័ន្ធរៀបចំការងារនេះ និងបានណែនាំឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសិក្សាអំពីការពង្រឹងវិទ្យាស្ថានជាតិស្ថិតិ ពីព្រោះវិទ្យាស្ថាននេះគឺជាស្នូលនៃការប្រមូលទិន្នន័យដើម្បីជាមូលដ្ឋាននៃការវិភាគ។ ដោយកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធរៀបចំយុទ្ធសាស្ត្រសម្រាប់រយៈពេលអន្តរកាល ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពដោយកាត់បន្ថយនូវផលប៉ះពាល់នានាដែលអាចកើតមាន។

 

- ពាក់ព័ន្ធនឹងការឡើងកម្តៅដោយការប្រែប្រួលអាកាសធាតុ សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ណែនាំបន្តដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង ដើម្បីបង្កាគ្រោះអគ្គិភ័យដែលអាចកើតមានជាយថាហេតុក្នុងរដូវប្រាំងនេះ។ ទន្ទឹមនឹងនោះ សម្តេចធិបតីក៏បានស្នើឱ្យក្រុមការងារចុះមូលដ្ឋានសហការជាមួយអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចំពោះប្រភពទឹក ដើម្បីធានាឱ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាទឹកសម្រាប់ស្រោចស្រព។ សម្តេចធិបតី ក៏បានណែនាំដល់ក្រសួងរ៉ែនិងថាមពលឱ្យពិនិត្យមើលលទ្ធភាពផ្គត់ផ្គង់អគ្គិសនី និងត្រៀមលក្ខណៈក្នុងករណីដែលមានបញ្ហាខ្វះទឹកសម្រាប់ផ្គត់ផ្គង់វារីអគ្គិសនី ខណៈដែលក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវយកចិត្តទុកដាក់លើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ។

 

- សម្តេចធិបតី បានណែនាំឱ្យគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ ត្រៀមរៀបចំការងារសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមបឹ្រក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព។

 

-  ចុងក្រោយសម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបំផុសចលនាដាំដើមឈើឱ្យបានទូលំទូលាយដើម្បីបង្កើនស្មារតីស្រឡាញ់ធម្មជាតិ កាត់បន្ថយកំដៅការពារបរិស្ថាន ដោយស្នើឱ្យក្រសួងបរិស្ថានចែកកូនឈើដោយឥតគិតថ្លៃនិងឱ្យបានច្រើនតាមតែអាចធ្វើទៅបានដល់ប្រជាពលរដ្ឋ៕


#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

Thursday, April 25, 2024

កម្ពុជា ជំរុញការរៀបចំផលិតផលទេសចរណ៍ដើម្បីទាក់ទាញទេសចរអន្តរជាតិចូលទស្សនាសៀមរាប អង្គរ




ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំលើកទី១ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ ក្នុងគោលបំណង ជំរុញការរៀបចំ អភិវឌ្ឍផលិតផលទេសចរណ៍ឱ្យបានច្រើនដើម្បីទាក់ទាញទេសចរទស្សនាខេត្តសៀមរាប និងស្នាក់នៅយូរ។


លើកឡើងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ថោង ខុន បានឱ្យដឹងថា បច្ចុប្បន្ន នៅក្នុងដំណើរការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍតំបន់អង្គរ ឆ្នាំ២០២១-២០៣៥ និងផែនការអភិវឌ្ឍខេត្តសៀមរាប បាននិងកំពុងទទួលបានសមិទ្ធិផលជាបណ្តើរៗ ជាពិសេសបណ្តាញផ្លូវនៅក្នុងខេត្ត ផ្លូវតំបន់ប្រាសាទ តំបន់ព្រៃអង្គរ និងជាងនេះទៅទៀត គោលដៅទេសចរណ៍នានាទៀត មានតំបន់ភ្នំគូលែន តំបន់បន្ទាយស្រី តំបន់បឹងទន្លេសាប និងតំបន់មានសក្តានុពលនានា នៅជុំវិញខេត្តសៀមរាប គឺក្រុមការងារអន្តរក្រសួង បាននិងកំពុងគិតគូអភិវឌ្ឍបន្ថែមឱ្យមានភាពប្លែកៗ និងការទាក់ទាញទេសចរឱ្យស្នាក់នៅយូរដើម្បីទស្សនាខេត្តសៀមរាប។


ឯកឧត្ដមទេសរដ្ឋមន្រ្ដី ថោង ខុន បានបន្ដថា ការងារលក់សំបុត្រទស្សនាតំបន់អង្គរ បានបង្ហាញថា ភ្ញៀវអន្តរជាតិភាគច្រើនទិញសំបុត្រទស្សនាតំបន់អង្គរចំនួន៣ថ្ងៃ ច្រើនជាងទិញសំបុត្រចូលទស្សនា១ថ្ងៃ ដែលបញ្ហានេះបង្ហាញពីភាពរីកចម្រើន និងការអភិវឌ្ឍខេត្តសៀមរាប និងទាក់ទាញទេសចរអន្តរជាតិស្នាក់នៅយូរ។


ជាមួយនឹងផែនការជំរុញរៀបចំផលិតផលទេសចរណ៍នេះ ក្រសួងទេសចរណ៍ ក៏បានសហការនិងស្នើសុំស្ថាប័នរដ្ឋ ឯកជន និងភាគីពាក់ព័ន្ធរៀបចំកិច្ចប្រជុំ សិក្ខាសាលា រៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយនានា ទៅកាន់ខេត្តសៀមរាបឱ្យបានច្រើន៕