យោងតាមសេចក្តីថ្លែងការណ៏ របស់សមាគមយុវជនកំណែទម្រង់រដ្ឋ ចេញផ្សាយថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៥នេះ ដែលបណ្តាញព័ត៌មាន GNN ទទួលបាន សមាគមមួយនេះ បានធ្វើការអំពាវនាវចំពោះអ្នកនយោបាយខ្មែរទាំងអស់ មេត្តាឈប់យកបញ្ហាជាតិសំខាន់ៗ មកធ្វើជាល្បែងនយោបាយបោកប្រាស់ប្រជាពលរដ្ឋតទៅទៀត ជាពិសេសអំពីបញ្ហាអធិបតេយ្យជាតិ បូរណភាពទឹកដីរបស់កម្ពុជា ហើយក៏គប្បី សូមឈរលើស្មារតីសាមគ្គីភាព រួបរួមគ្នាគិតពីប្រយោជន៏ជាតិជាធំ ទើបធានាបាននូវការឯកភាពជាតិ ទឹកដីការអភិវឌ្ឈន៍ និងភាពសុខដុមរមនាជូនប្រជាពលរដ្ឋ។
សមាគមយុវជនកំណែទម្រង់រដ្ឋ ដែលដឹកនាំដោយ លោក ប៉ុល សីហា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចាប់ពីពេលនេះតទៅ ឈប់ជឿការផ្សព្វផ្សាយ ការបកស្រាយបោកប្រាស់របស់អ្នកនយោបាយ និងជនខិលខូចមួយចំនួន ដែលបានចោទមកលើរាជរដ្ឋាភិបាល ថាបាននិងកំពុងប្រើប្រាស់ផែនទីក្លែងក្លាយ ដើម្បីបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី គឺគ្រាន់តែជាការកេងចំណេញរបស់អ្នកនយោបាយ និងជនខិលខូចមួយចំនួននោះតែប៉ុណ្ណោះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ សមាគមយុវជនកំណែទម្រង់រដ្ឋ បានកត់សម្គាល់ថា អ្វីដែលអ្នកនយោបាយ និងជនខិលខូចទាំងនោះ បាននិងកំពុង បកស្រាយបោកប្រាស់ បំពុលសាធារណមតិ មិនត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានការយល់ច្រឡំប៉ុណ្ណោះទេ ថែមទាំងបានបង្កើតចលនារើសអើងជាតិសាសន៍ តាមរយៈការចោទប្រកាន់មកលើថ្នាក់ដឹកនាំកម្ពុជាមួយចំនួនថា ជាជាតិសាសន៍ដទៃលក់ទឹកដី និងជាជនក្បត់ជាតិ ប៉ុន្តែការចោទប្រកាន់ដោយគ្មានហេតុផលសមស្របទាំងអស់នោះ គឺប្រាសចាកការពិតទាំងស្រុង។
គួរបញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍របស់ សមាគមយុវជនកំណែទម្រង់រដ្ឋនេះ បានធ្វើឡើងបន្ទាប់ពីបញ្ចប់ពិធីប្រគល់ ទទួល និងពិនិត្យផ្ទៀងផ្ទាត់ផែនទី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅវិមានសន្តិភាព ជាលទ្ធផលបានបញ្ជាក់យ៉ាងច្បាស់ថា ផែនទីដែលកម្ពុជាស្នើសុំខ្ចីពីអង្គការសហប្រជាជាតិ ផ្ទៀងផ្ទាត់ជាមួយផែនទីដែលកម្ពុជាកំពុងប្រើប្រាស់បោះបង្គោលព្រំដែនសព្វថ្ងៃ គឺខ្សែព្រំដែននៃផែនទីទាំងពីរដូចគ្នា៕

No comments:
Post a Comment