ឯកឧត្ដម អាហ្សូម៉ា កូស្ស៊ីអ៊ិស្ស៊ី (Azuma Koshiishi) អនុប្រធានព្រឹទ្ធសភា ប្រទេសជប៉ុននារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ក្នុងឱកាសជួបសម្ដែងការគួរសមចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាពក្នុងគោលបំណងស្វែងយល់ការដឹកនាំអភិវឌ្ឍន៍ប្រទេស និងការកែទម្រង់របស់កម្ពុជាបានបង្ហាញនូវមនោសញ្ចេតនាសប្បាយរីករាយ ពេលបានឃើញកម្ពុជាទទួលបាននូវសុខសន្តិភាព និងកំពុងតែមានការអភិវឌ្ឍន៍ ជាពិសេសទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានលើកកំពស់ដោយរាជរដ្ឋាភិបាលទាំពីរ ឱ្យក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដែលនឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន នឹងកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ក្នុងជំនួបនោះឯកឧត្ដម អាហ្សូម៉ា កូស្ស៊ីអ៊ិស្ស៊ី អនុប្រធានព្រឹទ្ធសភាជប៉ុនបានជម្រាបសម្ដេចតេជោអំពីការសប្បាយរីករាយ ចំពោះទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម អាហ្សូម៉ា កូស្ស៊ីអ៊ិស្ស៊ី មានប្រសាសន៍ថា ប្រជាជន និងរាជរដ្ឋាភិបាលជប៉ុនបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា ហើយពេលនេះបានឃើញកម្ពុជាទទួលបាននូវសុខសន្តិភាព និងកំពុងតែមានការអភិវឌ្ឍន៍។ រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុនបានលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ហើយតាមរយៈទំនាក់ទំនងដែលមានស្រាប់នេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន នឹងកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្ដមអនុប្រធានព្រឹទ្ធសភាជប៉ុនបានមានប្រសាសន៍ថា អាស៊ាននឹងក្លាយជាសហគមន៍ សេដ្ឋកិច្ចមួយនៅឆ្នាំ២០១៥ ក្នុងនោះសមាជិកអាស៊ានទាំងអស់រួមទាំងកម្ពុជាផងដែរ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ហើយជប៉ុននឹងត្រៀមខ្លួនជួយដល់កម្ពុជា តាមរយៈការឈានចូលសហគមន៍អាស៊ានឆ្នាំ២០១៥ ឱ្យមានការកើនឡើងផងដែរ។ ឯកឧត្តមក៏បានផ្ដោតក្ដីសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុននឹងត្រូវបានពង្រឹងតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ ជាពិសេសតាមរយៈនិស្សិត ដែលបានទៅបន្តការសិក្សា ឬក៏បានទៅសិក្សានៅប្រទេសជប៉ុន។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះប្រទេសជប៉ុន ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការជួយស្វែងរកសន្តិភាពនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែពុំសូវបានចេញមុខនោះទេ ហើយជប៉ុនក៏ផ្ដល់ជំនួយយ៉ាងច្រើនដល់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍ ហើយឥឡូវនេះ ការវិនិយោគក៏មានការកើនឡើងជាច្រើនផងដែរ។ សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា ២ភាគ៣នៃទឹកស្អាតនៅកម្ពុជា គឺត្រូវបានជួយដោយប្រទេសជប៉ុន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្ពុជាចង់ឱ្យជប៉ុនជួយជាបន្តទៀតទៅលើបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ តាមរយៈការជំរុញការវិនិយោគរបស់ជប៉ុន និងទេសចរជប៉ុនមកកាន់កម្ពុជា ជាពិសេសតាមរយៈការហោះហើរដោយផ្ទាល់ពីជប៉ុនមកកាន់កម្ពុជាតែម្ដង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា អ្វីដែលកម្ពុជាត្រូវការជាងគេបំផុតនៅពេលនេះ គឺជាធនធានមនុស្ស។ ការកសាងធនធានមនុស្ស គឺជាអាទិភាពទី១ របស់រាជរដ្ឋាភិបាលកម្ពុជា បើគ្មានធនធានមនុស្សទេយើងមិនអាចធ្វើអ្វីបានទេ។ អាទិភាពទី២ គឺការយកចិត្តទុកដាក់ទៅលើប្រព័ន្ធស្រោចស្រពសម្រាប់វិស័យកសិកម្ម។ អាទិភាពទី៣ គឺបញ្ហា ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គមនាគមន៍ និងទូរគមនាគមន៍ និងអាទិភាពទី៤ គឺការយកចិត្តទុកដាក់ដោះស្រាយបញ្ហាអគ្គិសនីសម្រាប់ប្រជាជន និងការអភិវឌ្ឍន៍។ សម្តេចតេជោឲ្យដឹងថា ពីមុនអាទិភាពរបស់កម្ពុជា គឺទឹក ផ្លូវ ភ្លើង មនុស្ស ប៉ុន្តែឥឡូវនេះ គឺមនុស្ស ទឹក ផ្លូវ និង ភ្លើង។
ពាក់ព័ន្ធនឹងកម្មវិធីកំណែទម្រង់សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាបានធ្វើការកែទម្រង់ទទួលបានជោគជ័យចំពោះកំណែទម្រង់ឡូត៍នេសាទ និងកំពុងតែធ្វើការកំណែទម្រង់ដីធ្លី ដើម្បីធ្វើយ៉ាងណាឱ្យប្រជាជនមានដីធ្លីប្រើប្រាស់ និងកាត់បន្ថយជម្លោះផងដែរ។ កំណែទម្រង់ដទៃទៀតរួមមាន កំណែទម្រង់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់កងទ័ព រួមទាំងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលកិច្ចការទាំងនេះកំពុងតែអនុវត្តន៍។ ដោយឡែកកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ គឺកំពុងតែមានល្បឿនលឿនជាងគេ៕