Friday, January 15, 2016
រដ្ឋមន្រ្តីការបរទេសខ្មែរ ថ្កោលទោស អំពើភេរវកម្ម នៅហ្សាកាតា ឥណ្ឌូនេស៊ី
នៅព្រឹកថ្ងៃទី១៥
ខែមករា ឆ្នាំ២០១៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមរំលែកទុក្ខ និងថ្កោសទោសយ៉ាងខ្លាំង
ចំពោះអំពើភេរវកម្ម នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលបណ្តាលឲ្យមនុស្សស្លាប់
៧នាក់ និងរងរបួសជាច្រើននាក់។
ឯកឧត្តម
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បញ្ជាក់នៅក្នុងលិខិត ផ្ញើទៅប្រធានាធិបតី ឥណ្ឌូនេស៊ី
ឯកឧត្តម ជូកូ វីដូដូថា "ខ្ញុំសម្តែងទុក្ខក្រៀមក្រំ
ចំពោះការបំផ្ទុះគ្រាប់នៅហ្សាកាតា នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ
ខ្ញុំសូមសម្តែងមរណៈទុក្ខ ចំពោះឯកឧត្តម និងជនរងគ្រោះ ព្រមទាំងក្រុមគ្រួសារ
របស់ពួកគេ ខ្ញុំសូមចូលរួមរំលែកទុក្ខបំផុត"។
ឯកឧត្តម
បញ្ជាក់ថា "ខ្ញុំសូមថ្កោលទោស យ៉ាងធ្ងន់ធ្ងរបំផុត ចំពោះសកម្មភាព
វាយប្រហារដ៏គួរឲ្យស្អប់ខ្ពើម ឆ្កួតលីលានេះ"។
លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន ស្នើឱ្យវិស័យឯកជន បន្ដជួយគាំទ្រផ្ដល់ថវិកាបន្ថែមទៀត សម្រាប់អភិវឌ្ឍន៍ គម្រោងទឹកស្អាត និងអនាម័យជូនដល់ប្រជាពលរដ្ឋ
ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន
បានស្នើឱ្យវិស័យឯកជនបន្ដចូលរួមចំណែកក្នុងការអភិវឌ្ឍ វិស័យទឹកស្អាត និងអនាម័យជូនដល់ប្រជាពលរដ្ឋ
ដើម្បីជួយលើកកម្ពស់ដល់សុខភាព និង សុវត្ថិភាពអនាម័យ ឱ្យកាន់តែប្រើសើរឡើង។
ថ្លែងក្នុងពិធីប្រគល់មូលនិធិកូកា កូឡា
សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសហគមន៍
ផ្ដល់ជូនដល់សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ នារសៀលថ្ងៃទី១៤
ខែ មករា នៅសណ្ឋាគារកាំបូឌីយ៉ាណា
លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ថា ការបន្ដអនុវត្ដគម្រោងទឹកស្អាត
និងអនាម័យនៅតាមតំបន់ជនបទ នឹងរួមចំណែក ជួយផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ
បានប្រើប្រាស់គ្រប់គ្រាន់ មានសុខភាពល្អ និងជួយលើកកម្ពស់គុណភាពជីវិតរស់នៅកាន់តែល្អប្រសើរ។
លោកជំទាវបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១០
រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនភេសជ្ជៈ កម្ពុជាកូកា កូឡា
បានផ្ដល់ថវិកាតាមរយៈសមាគមនារី សម្រាប់អនុវត្ដគម្រោងទឹកស្អាត និងអនាម័យ
សហគមន៍ក្រីក្រនៅខេត្ដកំពង់ស្ពឺ និងខេត្ដកំពង់ឆ្នាំង
ដែលបានជួយសាងសង់អណ្ដូងទឹកស្អាតប្រភេទធំ ចំនួន៦២អណ្ដូង
ផ្ដល់ធុងចម្រោះទឹកស្អាតចំនួន៥៤០ធុង រទេះដឹកទឹកចំនួន២២
តប្រព័ន្ធទឹកស្អាតជូនប្រជាពលរដ្ឋចំនួន៥៨៥គ្រួសារ
ដែលចំណាយថវិកាប្រមាណ៣២៥០០០ដុល្លារ។
លោកជំទាវឧបនាយករដ្ឋមន្រ្ដីបានបន្ដថា រាជរដ្ឋាភិបាលកម្ពុជាបង្ហាញការស្វាគមន៍ចំពោះក្រុមហ៊ុន
វិនិយោគធំៗ និងក្រុមហ៊ុនពហុជាតិជាច្រើនរួមទាំងក្រុមហ៊ុនកូកា កូឡាផងដែរ
ដែលបានចម្រេចចិត្ដយ៉ាងត្រឹមត្រូវក្នុងការវិនិយោគនៅកម្ពុជា។ ជាក់ស្ដែងថ្មីៗនេះ
ក្រុមហ៊ុកូកា កូឡា បានបោះទុនវិនិយោគនូវ ទឹកប្រាក់ចំនួន១០០លានដុល្លារ
សម្រាប់ការសាងសង់រោងចក្រផលិតភេសជ្ជៈ និងផលិតសំបកដបកូកា កូឡា
ដែលនេះបង្ហាញឱ្យឃើញថា ក្រុមហ៊ុនបានយល់ច្បាស់អំពីស្ថានភាព
និងសភាពការណ៍អាជីវកម្ម ប្រកបដោយស្ថេរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម
និងសស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច រួមផ្សំនឹង កត្ដាអនុគ្រោះផ្សេងៗទៀត
ដែលរួមមានកម្លាំងពលកម្មមានតម្លៃថោក និងគោលនយោបាយគាំទ្រវិស័យ
ឯកជនរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ដេវីដ វិកលីវើត នាយកក្រុមហ៊ុនភេសជ្ជៈកូកា
កូឡាប្រចាំកម្ពុជា បានឱ្យដឹងថា គម្រោងទឹក ស្អាតនេះ
គឹដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្រីក្រនៅក្នុងតំបន់គោលដៅ
ទទួលបាននូវទឹកស្អាត សម្រាប់ ប្រើប្រាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ
និងបង្កើនឥរិយាបទជាវិជ្ជមានចំពោះបញ្ហាអនាម័យ
ក្នុងការរួមចំណែកធ្វើឱ្យប្រជាពលរដ្ឋនៅតាមសហគមន៍មានជីវភាព
និងសុខភាពកាន់តែប្រសើរជាងមុន។
នៅឆ្នាំ២០១៦នេះ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសហគមន៍
ក្រុមហ៊ុនកូកា កូឡា បានបន្ដផ្ដល់មូលនិធិជួយដល់សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព
និងអភិវឌ្ឍន៍នូវទឹកប្រាក់ ចំនួន ៨៥០០០ដុល្លារ
ដើម្បីតបណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋចំនួន៩០០គ្រួសារ នៅសង្កាត់ផ្សារឆ្នាំង ក្រុង
កំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង៕
ក្រុមការងារចំពោះកិច្ច៖ កង្វល់សហជីពលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព កំពុងដោះស្រាយជាវិជ្ជមាន
ក្រុមការងារចំពោះកិច្ច
នៃតំណាងរាស្រ្តគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា គឺ គណបក្សប្រជាជនកម្ពុជា និង គណបក្ស
សង្គ្រោះជាតិ បានសម្តែង សុទិដ្ឋិនិយមរួមគ្នាថានឹងអាចដោះស្រាយ រាល់បញ្ហាកង្វល់
របស់សហជីព លើសេចក្តីព្រាងច្បាប់ ស្តីពីសហជីព។
ក្រុមការងារ
ចំពោះកិច្ចបានបញ្ជាក់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០១៦
បន្ទាប់ពីបានជួបប្រជុំ ជាលើកទី២ ថា “មានការវិវឌ្ឍន៍ទៅមុខ
ច្រើន ដែលក្រុមការងារចំពោះកិច្ច បានកំពុងដោះស្រាយ កែលម្អរសេចក្តីព្រាងច្បាប់
ស្តីពីសហជីព ឆ្លើយតបទៅនឹងកង្វល់ របស់សហជីពមួយចំនួន”។
សូមបញ្ជាក់ថា
នៅរសៀលថ្ងៃទី១៤ ខែមករាឆ្នាំ២០១៦នេះ ក្រុមការងារចំពោះកិច្ច នៃតំណាង រាស្រ្ត
គណបក្សដែលមានអាសនៈក្នុងរដ្ឋសភា បានជួបប្រជុំ ជាលើកទី២ ដើម្បីបន្តការពិភាក្សា
ផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីសហជីព ឆ្លើយតបទៅនឹងសំណូមពរ
និងការព្រួយបារម្ភ របស់សហជីពមួយចំនួន នៅក្នុងប្រទេសកម្ពុជា។ កិច្ចប្រជុំនេះ
បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានក្រុមការងារ
ចំពោះកិច្ច និង ឯកឧត្តម សុន ឆ័យ អនុប្រធាន ។
នៅក្រោយ
ជំនួបពិភាក្សាការងារជាង៣ម៉ោង ឯកឧត្តម សុខ ឥសាន និង ឯកឧត្តម សុន ឆ័យ
បានជម្រាបជូនអ្នកសារព័ត៌មាន ពីលទ្ធផលនៃកិច្ចប្រជុំថា កិច្ចប្រជុំ នៅពេលនេះ
បានសម្រេចលទ្ធផល៧ចំណុច។ ហើយបើបូកទំាងកិច្ចប្រជុំលើកទី១ គឺក្រុមការងារចំពោះកិច្ច
បានសម្រេច៩ចំណុច នៅក្នុង ចំណោម២១ចំណុច ដែលខាងសហជីពបានស្នើដល់ក្រុមការងារ ពិនិត្យ
និងកែលម្អរ នៅក្នុងសេចក្តីព្រាងច្បាប់នេះ។
ឯកឧត្តមទំាងពីរ
បានគូសបញ្ជាក់ថា ”យើងមានសុទិដ្ឋិនិយមថា ការងាររបស់យើង នឹងចប់ក្នុងពេលឆាប់ៗ នេះ។
យើងបានព្យាយាមដោះស្រាយ រាល់កង្វល់របស់សហជីពទំាងអស់ ពីព្រោះសេចក្តីព្រាងច្បាប់នេះ
គឺបម្រើដល់ផលប្រយោជន៍កម្មករកម្មការិនី និងពលរដ្ឋ របស់យើងទំាងអស់គ្នា”។
សេចក្តីព្រាងច្បាប់ស្តីពីសហជីព
ដែលរដ្ឋសភាបានទទួលពីរាជរដ្ឋាភិបាល មានចំនួន១៧ជំពូក និងចែកចេញជា១០០មាត្រា។ កន្លងមក ប្រធានដឹកនាំ
សហជីពបានធ្វើសំណើជូនតំណាងរាស្រ្ត សូមកែលម្អរចំនួន២១ នៅក្នុងចំណោម មាត្រាទំាង១០០ នៃ
សេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះ។
ដោយឡែក
នៅក្នុងសេចក្តីថ្លែងហេតុដែលរាជរដ្ឋាភិបាល បានភ្ជាប់មកជូន រដ្ឋសភា ជាមួយ សេចក្តីព្រាងច្បាប់
បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ នេះមានគោលបំណងសំខាន់ៗ
ដូចជាផ្តល់សិទ្ធិនិងសេរីភាព ដល់សហគ្រាស ឬគ្រឹះស្ថានទំាងឡាយ ដែលស្ថិតនៅក្រោម
បទប្បញ្ញត្តិ នៃច្បាប់ស្តីពី ការងារ និងបុគ្គលិកធ្វើការ តាមផ្លូវអាកាស
និងផ្លូវសមុទ្រ និងកំណត់ពីការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គការវិជ្ជាជីវៈរបស់កម្មករ
និយោជិត និងនិយោជក នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការពារសិទ្ធិ
និងផលប្រយោជន៍ស្របច្បាប់ របស់ជនទំាងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃ
ច្បាប់ស្តីពីការងារ និងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងផ្លូវសមុទ្រ។
សេចក្តីព្រាងច្បាប់នេះ
ក៏នឹងធានានូវសិទ្ធិសេរីភាព ក្នុងការចរចារជាសមូហភាព រវាងកម្មករ និយោជិត និងនិយោជក
ព្រមទំាងជំរុញឲ្យមានសុខដុម រមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ
និងរួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ ដើម្បីបង្កើនផលិតភាពនិងការវិនិយោគ។
នេះបើយោង តាមការបញ្ជាក់ របស់រាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាល
បានសរសេរនៅក្នុងសេចក្តីថ្លែងហេតុបន្តថា “រាជរដ្ឋាភិបាលចាត់ទុកបណ្តា សហជីព
និងអង្គការវិជ្ជាជីវៈទំាងអស់ ជាដៃគូសង្គម ហើយ សហជីព និងអង្គការ វិជ្ជាជីវៈ
ទំាងនេះក៏បានចូលរួមចំណែក ក្នុងការការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់កម្មករ
និយោជិត និងលើកកម្ពស់ ការអភិវឌ្ឍជាតិ “។
ទោះយ៉ាងណា
ក្រុមការងារចំពោះកិច្ចគ្រោងនឹងបន្តជួបប្រជុំនៅថ្ងៃអង្គារ ទី១៩ ខែមករា
ឆ្នាំ២០១៦នេះទៀត ដើម្បីបន្តពិភាក្សា លើសំណើ របស់សហជីព ដែលនៅសេសសល់។ ជាមួយគ្នានេះ
ក្រុមការងារក៏គ្រោងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ជាសាធារណៈ លើសេចក្តី
ព្រាងច្បាប់ស្តីពីសហជីពនេះ នាពេលខាងមុខ ដើម្បីទទួលមតិយោបល់ពីអ្នកពាក់ព័ន្ធ
ឲ្យបានទូលំទូលាយ ទៀតផង៕
អ្នកដឹកនាំសាកលវិទ្យាល័យហាវើត៖ កម្ពុជានឹងក្លាយជាប្រទេសដែលមានការរីកចម្រើនខ្លំាងនាពេលខាងមុខ
សម្ដេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្ដី នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នេះ បានអនុញ្ញាត្ដឲ្យក្រុមទស្សនកិច្ចសិក្សា
ភាពជាអ្នកដឹកនាំរបស់សាកលវិទ្យាល័យហាវើត ដែលដឹកនាំដោយលោក សាមមូអ៊ែល គីម
ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
នៅក្នុងជំនួបពិភាក្សានោះតំណាងក្រុមទស្សនកិច្ចសិក្សា
ភាពជាអ្នកដឹកនាំរបស់សាកលវិទ្យាល័យហាវើត លោកសាមមូអ៊ែល គីម បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្រ្ដីថា ក្រុមរបស់លោកមកទស្សនកិច្ចនៅកម្ពុជាមានសមាជិកសរុប
២៥នាក់ មកពីវិទ្យាស្ថាន១២ តំណាងអោយ១១ប្រទេស ហើយគណៈប្រតិភូរបស់លោកបានធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃរួចមកហើយ
ដោយផ្តើមជួបពិភាក្សាការងារជាមួយមន្រ្ដីរាជរដ្ឋាភិបាលកម្ពុជា
និងទស្សនាខេត្តសៀមរាបផងដែរ។
នៅក្នុងដំណើរទស្សកិច្ចសិក្សានៅកម្ពុជារយៈពេល៤ថ្ងែមកនេះ
លោក សាមមូអ៊ែល គីម តំណាងគណៈប្រតិភូដដែល បានមើលឃើញថា ប្រទេសកម្ពុជាមានការវិវត្តន៍រីកចម្រើនគួរអោយកត់សំគាល់
ជាពិសេសវិស័យសេដ្ឋកិច្ច តាមរយៈដំណើរទស្សនកិច្ចរបស់លោក៣លើករួចមកហើយនៅកម្ពុជា។
លោកបានបញ្ជាក់ថា គណៈប្រតិភូជ្រើសរើសយកប្រទេសកម្ពុជាជាកន្លែងសិក្សាស្រាវជ្រាវព្រោះកម្ពុជាជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់
គួរអោយកត់សំគាល់ គឺកម្ពុជាទទួលបានចំណាត់ថ្នាក់លេខរៀងទី៦លើពិភពលោកក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនបំផុត។
លើសពីនេះ កម្ពុជាក៍ជាប្រទេសដែលកំពុងវិវត្តន៍ទៅមុខក្នុងផ្លូវវិជ្ជមានផងដែរ
ដោយគណៈប្រតិភូរបស់លោក មើលឃើញថាកម្ពុជានឹងក្លាយជាប្រទេសដែលមានការរីកចម្រើនខ្លំាងនាពេលខាងមុខ។
នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាលើកនេះប្រតិភូក្រុមទស្សនកិច្ចសិក្សាភាពជាអ្នកដឹកនាំរបស់សាកលវិទ្យាល័យហាវើត
ក៍មានគម្រោងជួបពិភាក្សាចែករំលែកបទពិសោធភាពជាអ្នកដឹកនាំ ដល់យុវជនកម្ពុជាប្រមាណ
២០០នាក់ផងដែរ។
ជាការឆ្លើយតបប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី
បានលើកឡើងអំពើការវវិត្តន៍របស់ប្រទេសកម្ពុជា
ជាច្រើនដំណាក់កាលដោយរាប់បញ្ជូលទំាង
ការធ្វើរដ្ឋប្រហារដោយការគំាទ្រពីបរទេស
ទម្លាក់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា
គឺសម្តេចព្រះនរោតម្តសីហនុ, ឆ្លងកាត់របបខ្មែរក្រហម
និងដំណាក់កាលជូរជត់ជាច្រើនទៀត។
សម្ដេចតេជោ ហ៊ុន សែន
បានលើកឡើងបន្ដថា ប៉ុន្តែក្រោមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជាបានវិវត្តន៍រីកចម្រើនជាបន្តបន្ទាប់ដោយផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចបែបផែនការ
មកជាសេដ្ឋកិច្ច ទីផ្សារសេរី និងមានការរីកចម្រើនស្មើមុខស្មើមាត់នឹងបរទេស ពលរដ្ឋមានសិទ្ឋសេរីភាព
គ្រប់គ្រាន់នាពេលបច្ចុប្បន្ន។ លើសពីនេះទៀត រាជរដ្ឋាភិបាលក៍នៅបានធ្វើកំណែទម្រង់
ជាបន្តបន្ទាប់ដើម្បី ផលប្រយោជន៍ប្រជាជន និងសង្គមជាតិដូចជាកំណែទម្រង់ការប្រឆំាងអំពើពុករលួយ
កំណែទម្រង់ប្រព័ន្ឋយុត្តធម៌ និងតុលាការ, រដ្ឋបាលសាធារណៈ,កងកំលាំងប្រដាប់អាវុធ, ហិរញ្ញាវត្ថុសារធារណៈ និងការកែទម្រង់ផ្សេងទៀតជាច្រើនផងដែរ៕




រដ្ឋមន្រ្ដីការបរទេស និងពាណិជ្ជកម្មហុងគ្រី អបអរសាទរចំពោះសម្ដេចតេជោ ដែលបានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍
រដ្ឋមន្រ្ដីការបរទេស និងពាណិជ្ជកម្មហុងគ្រីលោក ពិទ័រ ហ្ស៊ីហ្សារតុ (Péter
Szijjártó ) បានសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ដែលដឹកនាំប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍន៍ ជាពិសេសវិស័យកំណើនសេដ្ឋកិច្ច
ដែលមានកំណើនយ៉ាងខ្ពស់ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ហើយការអភិវឌ្ឍន៍ក៏មានល្បឿនយ៉ាងលឿនផងដែរ។ ការសាទរជូនប្រមុខរាជរដ្ឋាភិបាល នេះបានធ្វើឡើងគ្រាដែលរដ្ឋមន្រ្ដីការបទេសហុងគ្រីលោក ពិទ័រ ហ្ស៊ីហ្សារតូ ត្រូវសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត្ដឲ្យចូលជួបសម្ដែងការគួរសម
និងពិភាក្សាការងារ នៅវិមានសន្ដិភាព
នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦នេះ។
លោក ព័ទ័រ ហ្ស៊ីហ្សារតូ បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្រ្ដីថា ប្រទេសហុងគ្រីបានបើកការិយាល័យតំណាងពាណិជ្ជកម្មប្រចាំនៅកម្ពុជាកាលពីពេលថ្មីៗនេះ ហើយក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទៅលើការគាំពារ ការពារ និងលើកស្ទួយវិនិយោគជាមួយព្រះរាជាណាចក្រកម្ពុជាដែរ។
ក្នុងនោះហុងគ្រី ក៏បានបើកធនាគារផ្ដល់ឥណទាននៅកម្ពុជារួចហើយដែរ។ រដ្ឋមន្រ្ដីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានជម្រាបជូនសម្ដេចតេជោបន្ថែមថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា
និងហុងគ្រី កំពុងតែមានសក្ដានុពលយ៉ាងខ្លាំង។
ចំពោះដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ លោកមានការចាប់អារម្មណ៍លើវិស័យមួយចំនួន ដូចជាវិស័យបច្ចេកវិទ្យា វិស័យកសិកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធជាដើម ដែលវិស័យទាំងនេះប្រទេសទាំង២
អាចចាប់យកនូវសក្ដានុពលដើម្បីជាកម្លាំង ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការរវាងប្រទេសហុងគ្រី និងកម្ពុជា។
លើសពីនេះទៀតលោកបានពិនិត្យឃើញថា ប្រទេសទាំងពីរ
កំពុងមានសក្ដានុពល ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងន័យនេះដែររដ្ឋាភិបាលហុងគ្រីបានសម្រេចផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាចំនួន១៥កន្លែងក្នុងមួយឆ្នាំៗ ចាប់ពីឆ្នាំ២០១៦នេះតទៅ។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា
សម្ដេចមានការរីករាយជាខ្លាំង ដែលមិត្ដចាស់នាពេលនេះ
បានកំពុងតែរួបរួមគ្នា ចងសម្ព័ន្ធជាដៃគូនឹងគ្នា ជាពិសេសនៅលើវិស័យពាណិជ្ជកម្ម
វិនិយោគ និងសេដ្ឋកិច្ច។ ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា អាទិភាពរបស់ព្រះរាជាណាចក្រកម្ពុជា គឺធ្វើយ៉ាងណាលើកស្ទួយការវិនិយោគ
វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យទេសចរណ៍។ ក្នុងន័យនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យភាគីហុងគ្រី ពិនិត្យមើលលទ្ធផល ភាពសហការដោយធ្វើការរួមគ្នាបានផងដែរ៕




Subscribe to:
Posts (Atom)