យោងតាម ខ្លឹមសារនៃសារពិសេស ដែលសម្តេចតេជោ
ហ៊ុន សែន ផ្ញើជូន ឯកឧត្តម សម រង្ស៊ី តាមទូរស័ព្ទ ដែលបណ្តាញព័ត៌មាន Freshnews ផ្សព្វផ្សាយថ្ងៃទី ២១
ខែសីហា ឆ្នាំ២០១៥នេះ បានបញ្ជាក់ថា បន្ទាប់ពីផែនទីរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់អង្គការសហប្រជាជាតិ
ត្រូវបានប្រកាសជាផ្លូវការកាលពីម្សិលមិញថា ដូចគ្នាទាំងស្រុង នាវិមានសន្តិភាពនោះ
មានការធ្វើអត្ថាធិប្បាយពីសមាជិកសភារបស់គណបក្សសង្គ្រោះជាតិ គឺឯកឧត្តម អ៊ូ ច័ន្ទឬទ្ធិ
បានលើកឡើងថាការនិយាយថា ផែនទីរាជរដ្ឋាភិបាលក្លែងក្លាយ ពីសំណាក់សមាជិករបស់គណបក្សសង្គ្រោះជាតិ
នាពេលកន្លងមក គឺជារឿងបុគ្គលប៉ុណ្ណោះ មិនទាក់ទងនឹងបក្សទេ។ ការលើកឡើងបែបនេះ ត្រូវបានសម្តេចតេជោ
រំលឹកដល់ឯកឧត្តម សម រង្ស៊ី ឲ្យធ្វើការណែនាំសហការីរបស់ខ្លួន ជុំវិញការបញ្ចេញយោបល់
លើបញ្ហាផែនទី និងព្រំដែន និងបានសំរេចផ្តល់នូវឯកសារគតិយុត្តិដែលពាក់ព័ន្ធជាច្រើនទៀត
ដែលនឹងធ្វើការផ្សព្វផ្សាយជាសារណៈដើម្បីចៀសវាងការបកស្រាយខុសពីការពិតតទៅទៀត។
សម្តេចតេជោបានបញ្ជាក់ នៅក្នុងសារដែល ផ្ញើជូន
ឯកឧត្តម សម រង្ស៊ី ថា «ជូនឯកឧត្តម
សម រង្ស៊ី ! សង្ឃឹមថា ឯកឧត្តម នឹងយល់ពីគោលបំណងដែលខ្ញុំ ដែលផ្ញើជូនឯកឧត្តម នូវព្រះរាជសារ
ព្រះមហាក្សត្រ និងច្បាប់ទាក់ទង ទៅនឹងសិទ្ទិសញ្ញាព្រំដែនកម្ពុជា វៀតណាម។ ខ្ញុំបានផ្ដល់ឱកាសច្រើនណាស់ហើយ
សំរាប់ការយល់របស់ឯកឧត្តម នឹងសហការីឯកឧត្តម តែដូចមិនយល់សោះ រហូតបន្តប្រើពាក្យផែនទីក្លែងក្លាយ។
ម្សិលមិញក្រោយពេលផ្ទៀងផ្ទាត់ផែនទីយកពីអង្គការសហប្រជាជាតិ តំណាងគណបក្សឯកឧត្តមបាននិយាយថា
អ្នកនិយាយជាសិទ្ធិរបស់បុគ្គលមិនទាក់ទង នឹងគោលជំហរគណបក្សទេ។ សង្ឃឹមថា ឯកឧត្តម
នឹងណែនាំដល់អ្នកដែលបញ្ចេញយោបល់ទាំងនោះឲ្យយល់ ដោយរាប់ទាំងប្រាប់ ពួកគេឲ្យដឹងអំពីច្បាប់ទាក់ទង
នឹងសិទ្ធិសញ្ញាបំពេញបន្ថែមរវាងកម្ពុជា នឹងវៀតណាមលើបញ្ហាព្រំដែនផង»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងធ្វើការ
ផ្សព្វផ្សាយនូវឯកសារទាំងអស់ រាប់ទាំងលិខិតរបស់សម្តេចនរោត្តមសីហនុ ព្រះបរមរតនកោឡ
ផ្ញើជូនអតីតនាយករដ្ឋមន្ត្រី វៀតណាម ផាំ វ៉ាន់ដុង កាលពីឆ្នាំ១៩៩៩សុំយកខ្សែប្រេវីយេជាខ្សែព្រំដែន
ទឹករវាងកម្ពុជានិងវៀតណាម។ សម្តេចតេជោ បន្តថា «ខ្ញុំសង្ឃឹមថាឯកឧត្តម នឹង អប់រំផ្ទៃក្នុងបក្សកុំឲ្យធ្វើ សកម្មភាពទុច្ចរិតបំផ្លាញការខិតខំរបស់
រាជរដ្ឋាភិបាល លើការងារព្រំដែន ដែលត្រូវបានកំណត់ដោយច្បាប់។ តាមរយៈការពន្យល់ដ៏តិចតួចនេះ
ឯកឧត្តម អាចយល់ថា ហេតុអ្វីបានជា ឯកឧត្តម ហុង សុខហួរ ត្រូវចាប់ខ្លួន ហើយសកម្មភាពផ្លូវច្បាប់នឹងត្រូវប្រកាន់យកសំរាប់
អ្នកណាក៏ដោយ ដែលនិយាយថា ផែនទីក្លែងក្លាយ ធ្វើសកម្មភាពញុះញង់ បោកប្រាស់ប្រជាពលរដ្ឋ
បង្កអស្ថិរភាពដើម្បីកេងចំណេញយកសន្លឹកឆ្នោតដោយមិនគិតពីផលប្រយោជន៍ស្របច្បាប់ របស់ជាតិនឹងប្រជាជន»។
ក្នុងសារផ្ញើតាមទូរស័ព្ទនេះ សម្តេចតេជោ បានលើកឡើងថា ឯកឧត្តម សម រង្ស៊ី
អាចចោទមកសម្តេចថា បើមានផែនទីត្រឹមត្រូវហើយ ថែមទាំងមានច្បាប់គាំពារទៀត ហេតុអ្វីចាំបាច់ទៅសុំខ្ចីផែនទីពី
អង្គការសហប្រជាជាតិ នឹងពីប្រទេសផ្សេងទៀត?
សម្តេចតេជោ បញ្ជាក់ថាត្រង់ចំណុចនេះ ឯកឧត្តម សម រង្ស៊ី អាចយល់ពីបំណងល្អរបស់សម្តេចដែល
ចង់ឲ្យខ្មែរទាំងអស់ឯកភាពគ្នាលើផែនទី ងាយស្រួលរួមគ្នាការពារទឹកដី តាមផែនទីដែលរាជរដ្ឋាភិបាលមាន។
សម្តេចតេជោ បន្តថា «យើងខ្ចីផែនទីពីអង្គការសហប្រជាជាតិ នឹងប្រទេសផ្សេងទៀត
មកផ្ទៀងផ្ទាត់ជាមួយផែនទីផ្លូវការរបស់កម្ពុជា ដែលស្របតាមមាត្រា២ នៃរដ្ឋធម្មនុញនឹងមានច្បាប់
ធានាលើកិច្ចការព្រំដែនកម្ពុជាវៀតណាម។ យើងធ្វើនេះក៏ចង់ធានាតម្លាភាពក្នុងចំណោមជាតិ
យើងកុំឲ្យចោទប្រកាន់គ្នាថា ផែនទីនេះត្រឹមត្រូវ ផែនទីនោះក្លែងក្លាយរាប់ទាំងផែនទី
ឯកឧត្តម ដែលទិញក្នុងតម្លៃ១៦៨ដុល្លារ ក៏បានយកមកផ្ទៀងផ្ទាត់រួចហើយ ដោយរាជបណ្ឌិតសភា»។
សម្តេចតេជោ លើកឡើងថា មុនឯកឧត្តម សម រង្ស៊ី ផ្តល់ផែនទីឲ្យរាជបណ្ឌិតសភាទាំងឯកឧត្តម
សម រង្ស៊ី ទាំងអ្នកគាំទ្រអះអាងថា ជាផែនទីត្រឹមត្រូវហើយចោទថា ផែនទីរដ្ឋាភិបាលជាផែនទីក្លែងក្លាយ
ឬផែនទីចោរ។ ពេលនេះអ្វីៗ ច្បាស់ហើយផែនទីត្រឹមត្រូវរបស់ឯកឧត្តម សម រង្ស៊ី ខ្វះ២ផ្ទាំង
សុំរកមកបង្រ្គប់ឲ្យរាជបណ្ឌិតសភា សំរាប់ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ។
សម្តេចតេជោបន្ថែមថា «សុំឯកឧត្តម
កុំបន្ទោសខ្ញុំថា ប្រើល្បិចយកសត្វមានពឹសចេញពីរូង ព្រោះផែនទីត្រឹមត្រូវរបស់ឯកឧត្តម
សាហាវជាងសត្វ អសិរពឹសទៅទៀត ព្រោះផែនទីនេះមិនត្រឹមតែបោសប្រាស់ប្រជាជនប៉ុណ្ណោះទេ
តែផែនទីនេះបានធ្វើឲ្យសហការី ឯកឧត្តម ខ្លះជាប់គុក និងខ្លះទៀតកំពុងរត់គេចខ្លួន»។
សម្តេចតេជោ សង្កត់ធ្ងន់ថា សម្តេចសង្ឃឹមថា
ចាប់ពីពេលនេះតទៅបញ្ហាព្រំដែនពិសេសព្រំដែនកម្ពុជា-វៀតណាម លែងក្លាយទៅជាល្បែងនយោបាយបោកប្រាស់ប្រជាជនពីសំណាក់ឯកឧត្តម
សម រង្ស៊ី ផ្ទាល់ និងមនុស្សក្នុងគណបក្សសង្គ្រោះជាតិតទៅទៀត។ សម្តេចតេជោបញ្ជាក់ទៀតថា
សម្តេចនឹងចូលរួមកំដរឯកឧត្តម សម រង្ស៊ី នូវគ្រប់ទម្រង់លេងនឹងគ្រប់កាលៈទេសៈ គ្រប់រដូវកាល
នឹងគ្រប់រស់ជាតិ (ក្តៅ.ត្រជាក់.ផ្អែម.ល្វីង.ជូរចត់)។ល។
សម្តេចតេជោ កំដរឯកឧត្តម សម រង្ស៊ី បានទាំងអស់
ដូចអ្វីដែលឯកឧត្តម សម រង្ស៊ី ធ្លាប់បានធ្វើចំពោះសម្តេចកន្លងមក តាំងពីមានស៊ីអត់សែន
មានសែនអត់ស៊ី រហូតមកដល់វប្បធម៌សន្ទនា ដែលសម្តេច និងឯកឧត្តម សម រង្ស៊ី បានរួមគ្នាកសាងឡើង
ដែលជាប្រយោជន៍សំរាប់ជាតិ នឹងប្រជាជនវែងឆ្ងាយទៅមុខទៀត៕

No comments:
Post a Comment