លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ
និងជាអគ្គនាយកវិទ្យុសំបុកឃ្មុំនៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៥នេះ បានផ្តល់បទសម្ភាសន៍មួយជាមួយនឹងគេហទំព័រ
GNN Cambodia ដោយលោកបានមានប្រសាសន៍ថា នៅពេលដ៏ខ្លីខាងមុខនេះ
លោក និងត្រៀមធ្វើសមាជដើម្បីប្រកាសលាលែងពីតំណែង ជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ
ហើយជម្រាបជូនព័ត៌មានជាសាធារណៈ អំពីគម្រោងបង្កើតគណបក្សថ្មីមួយ ដែលមានឈ្មោះថា
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។
ការសំរេចចិត្តបង្កើតគណបក្សផ្ទាល់ខ្លូន របស់លោក ម៉ម សូណង់ដូ ត្រូវបានលោកអះអាងថា ដោយសារតែអស់សង្ឃឹមលើ គណបក្សសង្គ្រោះជាតិ
(CNRP)។ លោក ម៉ម
សូណង់ដូ បន្ថែមថា មិនត្រឹមតែអស់សង្ឃឹមទេ គឺលោកមើលឃើញថា ទោះគណបក្សសង្គ្រោះជាតិ ខំប្រឹងតស៊ូឈរឈ្មោះបោះឆ្នោតនៅក្នុងអាណត្តិទី៦យ៉ាងណាក៏ដោយ
ក៏អត់មានជ័យជំនៈដែរ។
លោក ម៉ម សូណង់ដូ
បញ្ជាក់ថា នៅក្នុងឆ្នាំ២០១៣ ដែលជាឆ្នាំបោះឆ្នោតសកលកន្លងទៅ លោកក៏ជាមនុស្សម្នាក់បានចូលរួមគាំទ្រគណបក្សនេះ។
លោក ម៉ម សូណង់ដូ បន្តថាការដកខ្លូនបស់លោក គឺមិនមែនដកខ្លូនដោយស្អប់ទេ
គឺដោយសារដឹងថាអនាគតរបស់គណបក្សសង្គ្រោះជាតិគឺចប់ហើយ ហេតុដូច្នេះត្រូវមានគណបក្សថ្មីមួយទៀត។
ការលើកឡើងពីគណបក្សថ្មី របស់លោក ម៉ម សូណង់ដូ គឺសំដៅលើគណបក្សរបស់គាត់
គឺគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ អគ្គនាយកវិទ្យុសំបុកឃ្មុំរូបនេះ
និយាយថា គាត់មិនអះអាងថា ខ្លួនគ្រាន់បើជាងគេទេ ប៉ុន្តែដោយលោកសង្កេតឃើញថា
គណបក្សមួយដែលប្រជាពលរដ្ឋគាំទ្រ គឺគណបក្ស
CNRP អត់អាចមានដំណើរឆ្ពោះទៅរកភាពជោគជ័យបានឡើយ ដូច្នេះលោកនឹងបង្កើតគណបក្សមួយដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាប្រទេសជាតិ
ហើយនិងអនាគតកូនចៅខ្មែរទៅថ្ងៃមុខ។
នៅពេលសួរថា តើលោកយល់ថា
គណបក្សរបស់លោក មានអ្វីខុសប្លែកពីគណបក្ស CNRP ដែលលោកធ្លាប់គាំទ្រ? លោក ម៉ម សូណង់ដូ និយាយថា ភាពខុសប្លែករវាងគណបក្សរបស់លោក គឺគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
និងគណបក្សសង្គ្រោះជាតិ គឺខុសត្រង់អ្នកដឹកនាំ។
លោក បញ្ជាក់បន្ថែមថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក
គឺខុសគ្នាដូចមេឃ និងថ្ងៃ ហើយលោក សម រង្ស៊ី គឺមិនអាចធ្វើអ្វីឲ្យហួសពីប៉ុណ្ណឹងទៀតបានទេ។
ចំនុច ទី២នៃភាពខុសគ្នា គឺយុទ្ធសាស្ត្រនយោបាយ ហើយអ្វីដែល គណបក្សសង្រ្គោះជាតិបានធ្វើ
មកដល់ពេលនេះគឺអត់មានលទ្ធផលអ្វីទាំងអស់។
លោក ម៉ម សូណង់ដូ
ក៏បានលើកឡើងផងដែរ ពីការរំពឹងទុករបស់លោក ជុំវិញលទ្ធផល ដែលនឹងទទួលបាន នៅក្នុងឱកាសបោះឆ្នោតនាឆ្នាំ២០១៨ខាងមុខនេះ
ដោយលោកបានមានប្រសាសន៍ថា ទោះបីជាលោកបានទទួលការគាំទ្រតិចតួចក៏ដោយ
ក៏មិនថ្វីដែរ លោកត្រូវតែធ្វើ ព្រោះលោកយល់ឃើញថា
CNRP អត់មានអនាគតទៀតទេ។
លោក ម៉ម សូណង់ដូ សង្កត់ធ្ងន់ថា មូលហេតុដែលលោកនិយាយបែបនេះពីព្រោះ
លោកដឹងថា ៥៥ កៅអីដែលគណបក្ស CNRP
ទទួលបានគឺបានដោយសារបោកគេ ភភូតគេថានឹងប្តូរ ហើយសន្យាធ្វើនេះ ធ្វើនោះ តែរហូតមកដល់សព្វថ្ងៃ
អត់មានអ្វីទាំងអស់។ លោក បន្តថា បើសិនជាមុនពេលបោះឆ្នោត គាត់ប្រាប់គេថា បើសិនអត់បានអីគាត់ចូលរដ្ឋសភា
ប្រហែលជាគ្មានអ្នកណាបោះឆ្នោតឲ្យគាត់ទេ ហេតុដូច្នេះ៥៥នៅក្នុងអាណត្តិទី៦
មិនអាចបានទៀតទេ អា៥៥កៅអីហ្នឹងវារលាយតែម្តង។
លោក ម៉ម សូណង់ដូ រំពឹងថា
ក្រោយពីអស់ជំនឿលើគណបក្សសង្គ្រោះជាតិប្រជាពលរដ្ឋនឹងងាកមករកអ្នកដែលមានចិត្តមោះមុត
មានឆន្ទៈ បូជាដើម្បីជាតិ មិនមែននៅតែបន្តគាំទ្រអ្នកភភូតតទៅទៀតទេ៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:
Post a Comment