
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម ជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់របស់វិទ្យាស្ថានវ៉ាន់ដា សរុបជំនួន ៣.១៦៩នាក់ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ។
ថ្លែងសុន្ទរថាស្វាគមន៍ លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានបញ្ជាក់ថា ដោយឈរលើមូលដ្ឋាននៃការពង្រឹងគុណភាពអប់រំ ក៏ដូចជាការផ្តល់នូវភាពជឿជាក់ពីគ្រប់មជ្ឈដ្ឋានសិក្សា ពិសេសអាណាព្យាបាលសិស្សនោះ វិទ្យាស្ថាន មានចក្ខុវិស័យច្បាស់លាស់ ក្នុងនោះគឺ បន្តពង្រឹងគុណភាពប្រព័ន្ធ គ្រប់គ្រងផ្ទៃក្នុង, ពង្រឹងគុណភាពសាស្ត្រាចារ្យ, ពង្រឹងវិន័យរបស់សិស្សឲ្យស្របតាមសេវាវិស័យអប់រំ ក្នុងគោលបំណងអនុវត្តឲ្យបានល្អប្រសើរ តាមកម្រឹតស្តង់ដាមួយប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពខ្ពស់។ ក្រៅពីនោះ វិទ្យាស្ថានក៏បានពង្រឹងបន្ថែមនូវទីតាំង អគារសិក្សា បណ្ណាល័យ អ៊ិនធើណែត ដោយបំពាក់សម្ភារៈសិក្សាទំនើបៗ សម្រាប់អ្នកសិក្សាទូទៅ ក្នុងគោលដៅពង្រីកការទំនាក់ទំនងឲ្យបានល្អ ជាមួយវិស័យអប់រំផ្នែករដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិជាច្រើន ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសអ្នកធំ ត្រូវធ្វើអក្ខរកម្មព័ត៌មានវិទ្យា ។ សម្តេចបានបញ្ជាក់ថា កាលពីមុនសម្តេចប្រកាសធ្វើអក្ខរកម្មកុំព្យូទ័រ តែឥឡូវត្រូវធ្វើអក្ខរកម្មព័ត៌មានវិទ្យា ព្រោះវាទូលំទូលាយ ប្រើពេលវេលាការងារខ្លី ហើយសមនឹងការប្រកាសថា រាជរដ្ឋាភិបាលអ៊ីឡិចត្រូនិក ។
សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្នមន្រ្តីរដ្ឋសភា និងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួនមិនទាន់ចេះបើកកុំព្យូទ័រនៅឡើយទេ ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានជំរុញមន្រ្តីរាជរដ្ឋាភិបាល ឲ្យសិក្សាស្វែងយល់បន្ថែមទៅលើកម្មវិធីលើទូរស័ព្ទស្មាតហ្វូនដូច ជាការប្រើ SMS, E-mail, WhatsApp និង Viber ជាដើម ព្រោះការប្រើប្រាស់កម្មវិធីនេះ ជួយសម្រួលឲ្យការធ្វើ ការងាររបស់មន្រ្តីបានកាន់តែលឿន និងទាន់សភាពការណ៍។ សម្តេច ក៏បានរំលេចឡើងផងដែរថា ការងារមួយចំនួនធំ ត្រូវបានសម្តេចទាក់ទងតាមប្រព័ន្ធ WhatsApp បូករួម ទាំងកិច្ចចរចារស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតផងដែរ ។

សម្តេចតេជោ ក៏បានធ្វើការកោតសរសើរដល់អ្នកគ្រប់គ្រងសាលា បុគ្កលិក សាស្ត្រាចារ្យ ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមកបានល្អប្រសើរ រហូតដល់ទទួលបានជ័យលាភីយ៉ាងល្អប្រសើរ ដែលភាគច្រើនវិទ្យស្ថាននេះ មាននិស្សិតនារីច្រើនជាងបុរស និងកោតសរសើរចំពោះអាណាព្យាបាលសិស្សទាំងអស់ ដែលបានចំណាយលុយកាក់ឲ្យកូនមករៀន។ សម្តេចក៏បានអំពាវនាវដល់យុវជនទាំងអស់ឲ្យជៀសឆ្ងាយពីគ្រឿងញៀន ព្រោះយើងស្ថិតក្នុងវ័យសិក្សា ហើយគ្រឿងញៀននេះ គឺជំហ៊ានដំបូងវាបានបំផ្លាញខ្លួនយើងផ្ទាល់ បំផ្លាញគ្រួសារ និងសង្គមជាតិផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសង្ឃឹមថា និស្សិតដែលទទួលបានជ័យលាភីនាពេលនេះ នឹងបន្តខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីបង្កើនចំណេះដឹង បង្កើនសមត្ថភាពខ្លួន និងមានការងារធ្វើល្អ៕


No comments:
Post a Comment