នៅក្នុងពិធីប្រគល់សញ្ញាបត្រ និងវគ្គបណ្តុះបណ្តាលដល់កម្មសិក្សាការីមន្រ្តីនៅសាលាភូមិន្ទរដ្ឋាបាល
នាព្រឹកថ្ងៃទី ១០ ខែមិនា ឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ក្រើនរំលឹកទៅដល់មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់
ត្រូវធ្វើជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនោះឡើយ។
សម្តេចបានថ្លែងបន្តទៀតថា មន្រ្តីទាំងអស់ កុំធ្វើជាមន្រ្តីជើង១០ ហើយមន្រ្តីដែលអត់ទទួលខុស
គឺជាមន្រ្តីអត់ប្រយោជន៍។សម្តេចបានជំរុញអោយមន្រ្តីរាជការ ត្រូវខិតខំបម្រើប្រជាពលរដ្ឋ
និងសង្គមជាតិ ។
សម្តេចមានប្រសាសន៏ថា
អ្វីចង់និយាយ ចង់ផ្តាំផ្ញើដំបូងគេនេះ
គឺការធ្វើជាមន្រ្តី។ មន្រ្តីគឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ។
ត្រង់ចំណុចនេះត្រូវយល់ពីសារធាតុពិតប្រាកដនៃមន្រ្តី បើមិនដូច្នោះទេ មន្រ្តីយើងនឹងពើងទ្រូងដាក់ប្រជាពលរដ្ឋ
ហើយតាំងខ្លួនជាចៅហ្វាយប្រជាពលរដ្ឋ ហើយមិនមែនជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ
គឺសុទ្ធតែជាទម្លាប់ដ៏ខុសឆ្គងជាមួយកិច្ចការដែលត្រូវបម្រើដល់ប្រជាពលរដ្ឋ


សម្តេចបានសង្កត់ធ្ងន់ថាធ្វើជាមន្រ្តីមិនត្រូវធ្វើជាមន្រ្តីជើង១០ទេ(ជើងតុ៤
ជើង៤ និង ជើងមន្រ្តី២)ត្រូវតែរត់រកការងារ មិនត្រូវរង់ចាំការងាររត់រកឡើយ។មន្រ្តីបែបនេះត្រូវបានសម្តេចហៅថាជាមន្រ្តី
គ្មានអនាគតឡើយ។
សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងបន្តថា
ធ្វើមន្រ្តីត្រូវចេះឱនលំទោន ការឱនលំទោនមិនមែនជាការចុះចាញ់ឡើយ
ដូចពាក្យចាស់ពោលថា ≪ងើយស្កក
ឱនដាក់គ្រាប់≫។ សម្តេចក៏បានជំរុញឲ្យមន្រ្តីជម្រុះចោលនូវទម្លាប់
អាក្រក់ ដែលឱនលំទោននៅមុខមន្រ្តីធំ តែចំពោះមុខប្រជាជន និងអ្នកនៅក្រោមខ្លួន
ដើរពើងទ្រូង។
សម្តេចក៏បានប្រកាសឲ្យមន្រ្តីលុបបំបាត់នូវជំងឺតួឯកផងដែរ។
សម្តេចបានបញ្ជាក់ថា ជំងឺតួឯកនេះ មិនថាមន្រ្តីស្ថាប័នរដ្ឋ ឬឯកជននោះទេ
គឺគ្រោះថ្នាក់បំផុត។
ជាមួយគ្នានេះដែរសម្តេចបានថ្លែងសសើរមន្រ្តីរាជការជាកម្លាំងប្រដាប់អាវុធ
ទាំងយោធា នគរបាល និងកងរាជអាវុធហត្ថ។ សម្តេចបានបញ្ជាក់ថា នៅពេលដែលប្រជាពលរដ្ឋកំពុងលង់លក់
កងកម្លាំងប្រដាប់អាវុធ កំពុងដើរល្បាត ដើរការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ
ទាំងក្រោមដំណក់ទឹកភ្លៀងដ៏ខ្លាំង។ សម្តេចបានបន្តថា រាល់ពេលមានការទទួលទេវតាឆ្នាំថ្មី
កងកម្លាំងប្រដាប់អាវុធ កម្របាននៅជួបជុំគ្រួសារ ដើម្បីធ្វើពិធីទទួលទេវតាឆ្នាំថ្មីណាស់។
សម្តេចបានប្រាប់ថាការងារទាំងអស់នេះ គឺជាគំរូវីរភាព និងជាឧទារហណ៍ ដែលមន្រ្តីរាជការស៊ីវិល
ត្រូវយកគំរូតាម៕



No comments:
Post a Comment