នៅក្នុងជំនួបទ្វេភាគីដាច់ដោយឡែកជាមួយ លោក Rodney M. Elliott អភិបាល ក្រុងឡូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមរិក នៅព្រឹកថ្ងៃដដែលនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាមេរិក ដែលជួយបានមើលថែប្រជាជនកម្ពុជា ជាជនភៀសខ្លួន ទៅស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក នៅពេលកម្ពុជាមានសង្គ្រាម និងនៅក្រោយការឆ្លងកាត់របបប៉ុលពត ។
ការថ្លែងអំណរគុណនេះធ្វើឡើងនៅ គ្រាដែលអភិបាលក្រុងឡូវែលមកបំពេញទស្សនកិច្ចកម្ពុជា ដើម្បីរិតចំណងមិត្តភាព‑ កម្ពុជា អាមេរិកកាន់តែល្អប្រសើរឡើងថែមទៀត ជាមួយនឹងការចុះ ចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងសាលារាជធានីភ្នំពេញ និងក្រុងឡូវែល រដ្ឋម៉ាសាឈូសេត នៃសហរដ្ឋអាមេរិក ស្តីពីការចងសម្ព័ន្ធភាព ដើម្បីបង្កើនចំណង ទាក់ទង លើវិស័យមួយចំនួន ដូចជាវិស័យវប្បធម៌ ការអប់រំ វិស័យសេដ្ឋកិច្ច កាលពីម្សិលម៉ិញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អភិបាលក្រុងឡូវ៉ែល ដែលបានយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា ដែលបានភៀសខ្លួនទៅរស់នៅអាមេរិក ដែលសុទ្ធសឹងជាប្រជាជន រងគ្រោះដោយសារសង្គ្រាម និងឆ្លងកាត់របបប្រល័យពូជសាសន៍ ដោយបានភៀសខ្លួនចេញពីប្រទេសខ្លួនទៅនៅក្រៅប្រទេស។ ប្រជាជនទាំងនោះ មួយចំនួនមានភ័ព្វវាសនា ទៅរស់នៅប្រទេសទី៣ និងមួយចំនួនទៀតត្រូវបានបញ្ជូនត្រលប់មកមាតុប្រទេសវិញ នោះហើយជាលទ្ធផលប្រជាជនកម្ពុជា ទទួលរងគ្រោះពីសង្គ្រាម។ អ្នកទាំងនោះភាគ ច្រើនរងគ្រោះបែកបាក់គ្រួសារ រហូតមានអ្នកខ្លះមិនទាន់ទាំងបានជួបជុំគ្រួសារវិញផង ។
សម្តេចតេជោបានថ្លែងអំណរគុណចំពោះប្រទេសនានា ដែលបានទទួលយកជនភៀសខ្លួនទៅរស់នៅ ពិសេសទីក្រុងឡូវ៉ែល ព្រមទាំងបានរក្សាបាននូវវប្បធម៌កម្ពុជាបានយ៉ាងល្អ ។
សម្តេចតេជោ បានជំរាបជូនលោកអភិបាលក្រុងថា កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះប្រជាជនកម្ពុជា ដែលទៅរស់នៅក្រៅប្រទេស ហើយវិលត្រលប់មកវិញ ក្នុងនោះ រាជរដ្ឋាភិបាលបានសំរួលទិដ្ឋការចេញចូលរយៈពេលវែង។ មិនតែប៉ុណ្ណោះ ក៍បានអនុញ្ញាតឲ្យប្រជាជនទាំងនោះ អាចចូលធ្វើនយោបាយបានផងដែរ។
លោក Rodney M. Elliott អភិបាលក្រុង ឡូវែលបានឲ្យដឹងថា នៅក្នុងក្រុង ឡូវែល មានប្រជាជន មានប្រមាណ១៦ម៉ឺននាក់ ក្នុងនោះប្រមាណជាង៣ម៉ឺនជាប្រជាជនកម្ពុជា ។ ប្រជាជនមកពីបណ្តាប្រទេសជាច្រើនមករស់នៅ ក្រុងឡូវែល គឺដើម្បីស្វែងរកចំណេះវិជ្ជា ទ្រព្យសម្បតិ្ត និងការរស់នៅ ប្រកបដោយភាពសុខុដុម។ ដោយឡែកប្រជាជនកម្ពុជាមករស់នៅ ក្រុងឡូវែល ដើម្បីស្វែងរកកន្លែងស្នាក់នៅ និងដើម្បីទទួលការអប់រំ ពិសេសដើម្បីស្វែងរក់ការងារធ្វើ។
លោក Rodney M. Elliott ថា វាជាការចាំបាច់ណាស់ ដែលត្រូវស្វែងយល់ពីកម្ពុជា អំពីវប្បធម៌ ដែលប្រជាជនកម្ពុជាភាគច្រើនបានទៅរស់នៅទីនោះ ហើយប្រជាជនភាគច្រើនជាអ្នក ដែលធ្លាប់រស់នៅតាមព្រំដែនជាជនភៀសខ្លួន។ លោក Rodney M. Elliott បន្តថា ដំណើរទស្សនកិច្ចរបស់លោក នាពេលនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង រវាងទីក្រុង ឡូវ៉ែល និងទីក្រុងភ្នំពេញ ពិសេសសហរដ្ឋអាមេរិក និងកម្ពុជា តាមរយៈការផ្លាស់ប្តូរវប្បធម៌ ជំរុញការវិនិយោគ ការផ្លាស់ប្តូរវិស័យអប់រំ។
សម្តេចបញ្ជាក់ថា រហូតមកពេលនេះ ប្រជាជនកម្ពុជា កំពុងតែមានសេចក្តីត្រូវការកាន់តែខ្ពស់ឡើងជាមួយការអភិវឌ្ឍសង្គមកម្ពុជា ប៉ុន្តែនៅលើពិភពលោកគ្មានប្រទេសណាមួយដែលស្កប់ស្កល់នោះទេ រួមទាំងប្រទេសកម្ពុជាផងដែរ ដែលត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ ដើម្បីបំពេញ សេចក្តីត្រូវការរបស់ប្រជាជន។ បន្ទាប់ពីឆ្នាំ១៩៩៨មក ក្រោមនយោបាយឈ្នះ ៗ កម្ពុជា បានស្ថិតនៅក្រោមរដ្ឋាភិបាលតែមួយ ព្រះមហាក្សត្រតែមួយ និងរដ្ឋធម្មនុញ្ញមួយ និងកងកំលាំងតែមួយ បន្ទាប់ពីនោះ យើងបញ្ចប់នូវការប្រើប្រាស់អាវុធក្នុងការប្រកួតប្រជែងគ្នា ជំនួសមកវិញដោយការបោះឆ្នោត តាមរយៈការអនុវត្តលិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ជំនួសនូវវប្បធម៌ជេរប្រមាថគ្នា ដោយធ្វើការរួមគ្នា ដោយសន្តិភាព និងការចរចារ ដើម្បីផ្តល់នូវអ្វីដែលជាសេចក្តីត្រូវការ និងជាបំណងឆន្ទៈរបស់ប្រជាជន រួមជាមួយការអភិវឌ្ឍប្រទេសផងដែរ៕



No comments:
Post a Comment