
លោក រ៉ាឌី ម៉ម( Rady Mom)
តំណាងរាស្ត្រតំបន់ទី១៨ ទីក្រុងឡូវេល នៃរដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក ដែលមានដើមកំណើតជាខ្មែរនៅថ្ងៃទី២១
ខែវិច្ឆិកា ឆ្នាំ២០១៤ បានសម្តែងការសប្បាយរីករាយ និងអរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការអនុញ្ញាត
ឲ្យលោកបានជួបសម្តែងគួរសមស្វែងយល់ពីសភាពការណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា
និងបានទទួលអនុសាសន៍បទពិសោធន៍ពីសម្តេចតេជោក្នុងការដឹកនាំប្រទេសផងដែរ។ នេះបើតាមឯកឧត្តម
អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីបានឱ្យដឹង។
នៅក្នុងជំនួបនៅវិមានសន្តិភាព លោក រ៉ាឌី ម៉ម( Rady Mom) បានមានប្រសាសន៍ថា អ្វីដែលជាកិច្ចប្រឹងប្រែងរបស់លោកនៅសហរដ្ឋអាមេរិក
ជាពិសេសនៅក្រុងឡូវែលនេះ គឺដើម្បីជាបង្គោលជួយដល់ប្រជាជនកម្ពុជា ក៏ដូចជាដើម្បីបម្រើការងារនៅក្នុងសហរដ្ឋអាមេរិកផងដែរ។
លោក រ៉ាឌី ម៉ម (RadyMom) បញ្ជាក់ថា លោកចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោនាពេលនេះ
គឺដើម្បីសុំស្វែងយល់អំពីកម្ពុជាផង និងដើម្បីគោរពសុំនូវអនុសាសន៍
ដើម្បីជាការសិក្សាក្នុងការដឹកនាំប្រទេសរបស់សម្តេចតេជោ ដែលបានដឹកនាំកម្ពុជាបានទទួលមកនូវសន្តិភាព
ស្ថិរភាព និងកំពុងតែអភិវឌ្ឍន៍នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងនូវការសប្បាយរីករាយអបអរសាទរ ជូនចំពោះលោក រ៉ាឌី ម៉ម (Rady Mom) ដែលត្រូវបានទទួលការគាំទ្រធ្វើជាតំណាងរាស្ត្រអាមេរិក។
សម្តេចតេជោបានថ្លែងអំណរគុណជូនចំពោះគណៈប្រតិភូអមដំណើរជាមួយលោក រ៉ាឌី ម៉ម (Rady
Mom) ដែលទោះបីជានៅទីណាក៏ដោយ ឆ្ងាយពីប្រទេសកម្ពុជាក៏ដោយ
ក៏នៅចាត់ទុកខ្លួនថា ជាជនជាតិខ្មែរដដែល។ សម្តេចតេជោបានរលឹកថា ករណីដែលប្រជាពលរដ្ឋខ្មែរនៅទីក្រុងឡូវេល
បាននាំនូវទូកប្រណាំងមួយទៅទីក្រុងនោះ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ទៅលើវប្បធម៌ទំនៀមទម្លាប់
និងប្រពៃណីរបស់កម្ពុជា ដែលជាអត្តញ្ញាណមួយបញ្ជាក់នៅកម្ពុជា។
សម្តេចតេជោបានមានប្រសាសន៍ជូនលោក រ៉ាឌី ម៉ម (Rady Mom) នូវចំណុចសំខាន់ៗ ជាទស្សនាទានថា អ្នកដឹកនាំយុវវ័យអាយុគឺមិនសំខាន់ទេ
អ្វីដែលកត្តាសំខាន់នោះ គឺប្រសិទ្ធភាពការងារ។ ធ្វើការកាន់តែខ្ពស់ត្រូវឱនឱ្យកាន់តែទាប
ដែលនេះជាពាក្យស្លោករបស់កម្ពុជា ដែលនិយាយថា ងើយ ស្កក ឱនដាក់គ្រាប់។
សម្តេចតេជោមានប្រសាសន៍បញ្ជាក់ថា ទោះបីមានតួនាទីខ្ពស់យ៉ាងណាក៏ដោយ គឺមិនត្រូវភ្លេចអ្នកក្រនោះទេ។
ធ្វើជាតំណាងរាស្ត្រមិនត្រូវឆ្មើងកន្ទ្រើងជាមួយប្រជាជននោះទេ។ ភាពឆ្មើងកន្ទ្រើងនោះ
គឺនាំទៅដល់ភាពឯកោដោយខ្លួនឯង។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា
ប្រសិទ្ធភាពការងារ គឺស្ថិតនៅលើព័ត៌មាន ដែលក្តាប់បាន ហើយការងារនឹងបង្រៀនយើង
ព្រោះគ្មានសាលាណាបង្រៀនឱ្យធ្វើជាតំណាងរាស្ត្រ ឬឱ្យធ្វើជាអ្វីនោះទេ។
ក្នុងឱកាសជួបសំណេះសំណាលនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី
ក៏បានរំលឹកអំពីប្រវត្តិ និងដំណើរការនៃយុទ្ធសាស្ត្រ ឈ្នះ!ឈ្នះ! រំលាយអង្គការចាត់តាំងនយោបាយ
និងយោធាខ្មែរក្រហម ដោយមិនមានការបង្ហូរឈាម នាំមកនូវសុខសន្តិភាព និងការបង្រួបបង្រួមជាតិ
ដែលសម្តេចបានដាក់ចេញប្រវត្តិនៃទំនាក់ទំនងរបស់កម្ពុជា ជាមួយប្រទេសជិតខាងផង
ក៏ដូចជាស្ថានភាពទូទៅនៅក្នុងពិភពលោកផងដែរ៕


No comments:
Post a Comment