
សម្តេចបានបន្ថែមថា កម្ពុជានៅតែមានជំហរ និងស្វាគមន៍ ចំពោះគម្រោង វិនិយោគនានា ហើយ រដ្ឋាភិបាលនឹងបន្តធ្វើឱ្យបរិយាកាសវិនិយោគ កាន់តែល្អប្រសើរសម្រាប់វិនិយោគិន ទាំង ឡាយ ដែលចង់ បណ្តាក់ទុនរកស៊ីនៅកម្ពុជា ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្លៃអគ្គិសនីនាពេលបច្ចុប្បន្ននេះ មិនមានការឡើងថ្លៃឡើយ មានតែការថយចុះប៉ុណ្ណោះ ដើម្បីបំពេញ តម្រូវការរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ។ ការប្រើប្រាស់ថាមពលអគ្គិសនីរបស់ប្រទេស កម្ពុជានៅសល់២៤៦មេហ្គាវ៉ាត់ ប៉ុន្តែការនៅសល់នេះ ដោយសារតែមិនទាន់មានបណ្តាញតភ្ជាប់ពីតំបន់ផ្សេងៗ ជាពិសេស ទៅកាន់ទីជនបទ ។ សម្តេច បានបញ្ជាក់ទៀតថា ចាប់ពីឆ្នាំ២០១៤-២០១៨ តម្លៃមានតែការធ្លាក់ចុះ មិនឡើងថ្លៃនោះទេ។

ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា នៅចំពោះមុខនេះ ក្នុងការធ្វើសមាហរណកម្មអាស៊ានឆ្នាំ២០១៥ កម្ពុជាត្រូវត្រៀមខ្លួន លើកិច្ចការសំខាន់ៗដែលកម្ពុជាត្រូវការធនធានមនុស្សប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីឆ្លើយតប ទៅនឹងសេចក្តីត្រូវការក្នុងការប្រកួតប្រជែងនាអនាគតវែងឆ្ងាយ។ ជាក់ស្តែងកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងនូវការប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៣-២០១៤ និងការកែទម្រង់ ការងារផ្សេងៗ ដើម្បីធានាថា ធនធានមនុស្សនៅកម្ពុជា ត្រូវមានគុណភាព ពិតប្រាកដដែលអាចឆ្លើយតបទៅនឹង តម្រូវការនៃការរីកចំរើនលូតលាស់របស់ប្រទេសជាតិ ជាពិសេសតម្រូវការរបស់វិស័យឯកជន។
ក្នុងចំណុចនេះរាជរដ្ឋាភិបាល នឹងបន្តពង្រឹងគុណភាពអប់រំ និងការអភិវឌ្ឍជំនាញបច្ចេកទេសសម្រាប់យុវជន កម្មករ និងនិយោជក ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃទីផ្សារការងារ និងដើម្បីធានាបាននូវការបន្តវេននៃការដឹកនាំ និងការអភិវឌ្ឍប្រទេសប្រកបដោយចិរភាព។ សម្តេចតេជោបន្តថា អ្វីដែលរឹតតែសំខាន់ជាងនេះទៀត គឺការបង្កើនលទ្ធភាព និងសមត្ថភាពរបស់ខ្លួន ក្នុងកិច្ចការទាំងក្នុងថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ និងត្រូវជំរុញការអភិវឌ្ឍកម្មវិធី ការកែទម្រង់ស៊ីជម្រៅបន្ថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តទៀតថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើការកែទម្រង់ និងគោលដៅកែអម្អបរិយាកាស វិនិយោគ និងធុរកិច្ច ឱ្យកាន់តែប្រសើរឡើង។ ជាក់ស្តែងថ្មីៗកន្លងទៅនេះដែរ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្តើមកែទម្រង់ ការងារមួយចំនួនដែលស្ថិតនៅក្រោមផ្នែកសមត្ថកិច្ចរបស់ខ្លួនសម្រេច បាននូវលទ្ធផលគួរឱ្យកត់សម្គាល់ ដែលក្រសួងទាំង៣នេះនឹងក្លាយទៅជាគំរូមួយដែល នឹងធ្វើឱ្យក្រសួង ស្ថាប័នដទៃ បង្កើនល្បឿនអនុវត្តកម្មវិធីកំណែទម្រង់របស់ខ្លួនច្រើនថែមទៀត ដើម្បីរត់ឱ្យទាន់សភាពការណ៍វិវត្ត នៃបណ្តាប្រទេសក្នុងតំបន់។
សន្និសីទវិនិយោគនេះ គឺជាឱកាសពិសេសសម្រាប់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចវិទូជាន់ខ្ពស់ និងថ្នាក់ដឹកនាំពាណិជ្ជកម្មនានា ដើម្បីផ្លាស់ប្តូរទស្សនៈរបស់ខ្លួនទៅលើកិច្ចអភិវឌ្ឍន៍សេដ្ឋ កិច្ច របស់កម្ពុជា។ លោក ប៊្រេតតុន ស្យារ៉ូនី (Bretton G.Sciaroni) ប្រធានសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា(IBC) បានលើកឡើងថា៖ សន្និសីទនេះក៏ជាឱកាសដ៏ល្អប្រពៃក្នុងការជជែកសរសើរ ដល់ប្រទេសកម្ពុជាដែលមានជោគជ័យក្នុងការអភិវឌ្ឍ។ លោក ប៊្រេតតុន ស្យារ៉ូនី បានបន្តថា៖ សន្និសីទនៃការសន្ទនានេះ គឺមានប្រសិទ្ធភាពជាច្រើនជាងឆ្នាំកន្លងមកដែលនឹងធ្វើឱ្យបរិយាកាស នៃធុរកិច្ចមានភាពល្អប្រសើរ៕
ដោយ៖ ខេមរា
No comments:
Post a Comment