ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ ឯកឧត្តម SUH
Byung Soo អភិបាលក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េចូលជួបសំដែងការគួរសម
និងពិភាក្សាការងារក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ក្រោយពីជំនួបបានបញ្ចប់ ដែលធ្វើឡើងនៅវិមានមិត្តភាព កាលពីរសៀលថ្ងៃទី២៩
ខែកញ្ញានេះ ភាគីទាំងពីរបានផ្តោតទៅលើការពង្រឹងទំនាក់ទំនងទ្វេភាគី
រវាងប្រទេសកម្ពុជា ជាមួយសាធារណ រដ្ឋកូរ៉េ ក៏ដូចជារវាងទីក្រុងភ្នំពេញ
និងទីក្រុងប៊ូសាន ។
ក្នុងកិច្ចពិភាក្សានោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថា កម្ពុជាមានសក្តានុពលខ្ពស់ផ្នែកវិស័យទេសចរណ៍ ដោយសារកម្ពុជាមានធនធានបេតិកភណ្ឌវប្បធម៌សម្បូរបែប និងមានប្រាង្គប្រាសាទបុរាណរាប់ពាន់ ពិសេសកម្ពុជាកំពុងពង្រីកវិស័យអេកូទេសចរណ៏ ដោយសារកម្ពុជាមានឆ្នេរសមុទ្រល្អ ក្នុងចំណាត់ថ្នាក់ឆ្នេរស្អាតរបស់ពិភពលោក ហើយមានទេសភាពធម្មជាតិដ៏ប្រណិត ដែលអាចទាក់ទាញអ្នកទេសចរបរទេសឲ្យមកទស្សនា និងកម្សាន្តយ៉ាងសប្បាយនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរ និងកោតសរសើរចំពោះការហោះហើរដោយត្រង់ ពីកូរ៉េខាងត្បូងមកកាន់កម្ពុជា ។ ឯកឧត្តម សង្ឃឹមថា នៅពេលខាងមុខ នឹងមានការបង្កើនជើងហោះហើរដោយត្រង់នេះបន្ថែមទៀតរវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ។
ឯកឧត្តម សុខ អាន បានចាត់ទុកថា សាធារណៈរដ្ឋកូរ៉េ គឺមានចំណាត់ថ្នាក់ល្អ ក្នុងការវិនិយោគនៅកម្ពុជា ហើយបានពិនិត្យមើលឡើងវិញនូវការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលមានតាំងពី ឆ្នាំ១៩៩៧ -១៩៩៨មក ដែលរហូតមកដល់ពេលនេះ ទំនាក់ទំនងទ្វេភាគីនេះ កាន់តែមានការរីកចំរើនច្រើន។
លើសពីនេះទៀត ឯកឧត្តម បានជំរុញនិងលើកទឹកចិត្តឲ្យសាធារណៈរដ្ឋកូរ៉េ ចូលរួមថតខ្សែភាពយន្តស្តីពីវិស័យទេសចរណ៍នៅកម្ពុជា ដើម្បីជួយលើកស្ទួយដល់វិស័យទេសចរណ៍នៅកម្ពុជា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម សុខ អាន ក៏បានបញ្ជាក់ជូនប្រតិភូកូរ៉េ អំពីការត្រៀមរៀបចំបើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលអន្តរជាតិមួយសម្រាប់អភិរក្សអង្គរដែលហៅកាត់ថា ( ICC អង្គរ ) នៅខែធ្នូខាងមុខនេះ ដោយមានការចូលរួមពីបណ្តាប្រទេសជាមិត្តជាច្រើន ដើម្បីពិភាក្សាលើការងារអភិរក្សអង្គរ។ ឯកឧត្តម SUH Byung Soo អភិបាលក្រុងប៊ូសាន បានបញ្ជាក់ជូនថា អ្នកវិនិយោគនៅកូរ៉េខាងត្បូង មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការវិនិយោគនៅកម្ពុជា ពិសេស គឺចង់ធ្វើការវិនិយោគលើវិស័យទេសចរណ៍នេះតែម្តង ដោយសារកម្ពុជាមានសក្តានុពលខ្ពស់ផ្នែកឧស្សាហកម្មទេសចេរណ៍ដ៏សម្បូរបែបនេះ៕
អត្ថបទដោយ៖ ខេមរា
No comments:
Post a Comment