ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៤

កិច្ចប្រជុំប្រកបដោយស្ថាបនាមួយត្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃម្សិលមិញ រវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋា ភិបាលកម្ពុជាដើម្បីបង្កើតសាលាក្តីខ្មែរក្រហម និងគណៈប្រតិភូជាន់ខ្ពស់ អ.ស.ប. ដឹកនាំដោយ ឯកឧត្តម Miguel de Serpa Saores អគ្គលេខាធិការរង អ.ស.ប. ទទួលបន្ទុកផ្នែកច្បាប់ អមដោយលោកជំទាវ Maria Eugenia Casar ឧបការីអគ្គលេខាធិការ និងជាអគ្គហិរញ្ញិក អ.ស.ប និងឯកឧត្តម ឯកអគ្គរដ្ឋទូត ដេវីដ សេហ្វ័រ អ្នកជំនាញការពិសេស របស់អគ្គលេខាធិការ អ.ស.ប ទទួលបន្ទុកសាលាក្តីខ្មែរក្រហម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់ អ.ស.ប បានឯកភាពបន្តកិច្ចសហប្រតិបត្តិ ការជាមួយគ្នាលើរាល់បញ្ហាពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) និងបានគូសបញ្ជាក់ នូវការប្តេជ្ញាចិត្តរបស់ខ្លួនសាជាថ្មីក្នុងការបញ្ចប់និរទណ្ឌភាពលើអំពើឃោរឃៅ ដែលបានកើតឡើងក្នុងអតីតរបប ខ្មែរក្រហម។ ភាគីទាំងពីរបានបង្ហាញពីការតាំងចិត្តក្នុងការជម្នះនូវបញ្ហាប្រឈមផ្នែកថវិកាដែល អ.វ.ត.ក. កំពុងជួបប្រទះ ដើម្បីចៀសវាងការពន្យារពេលណាមួយនៅក្នុងនីតិវិធីតុលាការ និងធានាបាននូវសុខុមាលភាពរបស់បុគ្គលិកទាំងភាគីជាតិ និងអន្តរជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឯកភាពថា រាជរដ្ឋាភិបាលកម្ពុជា នឹងមានលទ្ធភាពផ្តល់ថវិកាចំនួន ១.១ លានដុល្លារអាមេរិកសម្រាប់បើកប្រាក់បៀវត្សរ៍ជូនដល់មន្ត្រីបុគ្គលិកភាគីជាតិ រួមទាំងចៅក្រម ព្រះរាជអាជ្ញាផងដែរ សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៤នេះ ហើយកម្ពុជាគាំទ្រលើគម្រោងសំណើបច្ចុប្បន្នរបស់គណៈកម្មការទី៥នៃមហា សន្និបាត ក្នុងកិច្ចប្រជុំរបស់ខ្លួននៅអំឡុងខែមីនា ឆ្នាំ២០១៤ខាងមុខនេះ ដើម្បីអនុម័តលើការផ្តល់ឧបត្ថម្ភធន ដល់ អ.វ.ត.ក ដែលបានមកពីវិភាគទានទៀងទាត់របស់ អ.ស.ប។ ឈរលើមូលដ្ឋាននេះ គណៈប្រតិភូជាន់ខ្ពស់ របស់ អ.ស.ប បានឯកភាពថា ឯកឧត្តម ដេវីត សេហ្វ័រ នឹងខិតខំប្រឹងប្រែងជាអតិបរមាដោយធ្វើការងារជាមួយ តំណាងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកៀងគរជំនួយហិរញ្ញវត្ថុសម្រាប់បង្គ្រប់ថវិកាភាគីជាតិនៃ អ.វ.ត.ក នៅក្នុងឆ្នាំ ២០១៤ នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវទស្សនៈរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការសម្រេចឲ្យបាន ឆាប់រហ័សតាមតែអាចធ្វើទៅបាន នូវផែនទីបង្ហាញផ្លូវច្បាស់លាស់មួយឈានទៅរកយុទ្ធសាស្ត្របញ្ចប់សម្រាប់ អ.វ.ត.ក ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់ អ.ស.ប ក៏បានគូសបញ្ជាក់សាជាថ្មីនូវ ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តគាំទ្រ អ.វ.ត.ក និង សម្រេចឲ្យបាននូវយុត្តិធម៌ប្រឆាំងនឹងឧក្រិដ្ឋកម្មអន្តរជាតិ។
No comments:
Post a Comment