Pages

Sunday, September 25, 2022

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលជួបសំដែងការគួរសម អតីតប្រធានាធិបតី នៃសាធារណរដ្ឋគុយបា

សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលជួបសំដែងការគួរសម ឯកឧត្តម រ៉ាអ៊ួល កាស្រ្តូ អតីតប្រធានាធិបតី នៃសាធារណរដ្ឋគុយបា ត្រូវជាប្អូនប្រុសបង្កើតរបស់ ឯកឧត្តម ហ្វីដែល កាស្រ្តូ ដល់លំនៅដ្ឋានផ្ទាល់របស់ឯកឧត្តម ក្នុងរដ្ឋធានីហាវ៉ាណា។
ឯកឧត្តម រ៉ាអ៊ួល កាស្រ្តូ មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមកសួរសុខទុក្ខឯកឧត្តមដោយផ្ទាល់ដល់លំនៅដ្ឋាន។ ឯកឧត្តមបន្តថា ឯកឧត្តមធ្លាប់បានធ្វើការងារជាច្រើនជាមួយបងប្រុសរបស់ឯកឧត្តម ពិសេសធ្លាប់បានបកប្រែពេលឯកឧត្តម ហ្វីដែល កាស្រ្តូបានជួបសម្តេចកាលពីទសវត្ស៨០ និងទសវត្ស៩០។ ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដែរថា សម្តេចពិតជាសោកស្តាយដែលសម្តេចមិនបានមកសួរសុខទុក្ខឯកឧត្តមហ្វីដែលកាស្ត្រូ នៅពេលធ្លាក់ខ្លួនឈឺ និងទទួលមរណភាព។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ទំនាក់ទំនងរវាងសម្តេច និងឯកឧត្តមហ្វីដែលកាស្ត្រូ ហាក់បីដូចជាឪពុក និងកូន។ នៅពេលនេះ សម្តេចមានការចងចាំជាច្រើន ជាពិសេសទំនាក់ទំនងរវាងសម្តេច និងឯកឧត្តមហ្វីដែលកាស្ត្រូ ដែលធ្លាប់បានចរចា និងពិភាក្សាគ្នាជាច្រើន។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជា មិនភ្លេចនោះឡើយនូវអ្វីដែលប្រទេសគុយបាបានជួយដល់ប្រទេសកម្ពុជាក្នុងគ្រាដ៏លំបាកក្រោយរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ សម្តេចតេជោ បានបញ្ជាក់ថា នៅពេលនោះប្រទេសគុយបា បានជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមចក្រពត្រនិយម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ សម្តេចតេជោ បានរំលឹកថា នៅក្នុងឆ្នាំ១៩៧៩ ប្រទេសគុយបានជួយកម្ពុជាយ៉ាងច្រើន ហើយនៅចងចាំថា ពេលនោះកម្ពុជា មានស្កគុយបា មានមជ្ឈមណ្ឌលកុមារកំព្រាគុយបា ហើយក៏មានកប៉ាល់ចម្លងរបស់គុយបាផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា ជំនួយគុយបានៅពេលនោះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ជាពិសេសពលរដ្ឋកម្ពុជា ដែលទើបងើបពីសេចក្តីស្លាប់នៃរបបខ្មែរក្រហម ហើយត្រូវការចាំបាច់ការរស់រៀនមានជីវិត។ ដូច្នេះជំនួយពីប្រទេសគុយបា គឺចាំបាច់បំផុត។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា អ្វីដែលកាន់តែពិសេសទៀតនោះ ប្រទេសគុយបានជួយបណ្តុះបណ្តាលធនធានមនុស្ស ដែលធនធានមនុស្ស គឺជារឿងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជានាពេលនោះ។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ទំនាក់ទំនងកម្ពុជា និងគុយបា ជាពិសេសទំនាក់ទំនងនយោបាយនៅតែខ្លាំងទោះបីមានបញ្ហាប្រឈមបញ្ហានានាយ៉ាងណាក៏ដោយ។ ឯកឧត្តម រ៉ាអ៊ួល កាស្រ្តូ សូមថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានឧបត្ថម្ភអង្ករចំនួន ៦ពាន់តោន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា៕


 

No comments:

Post a Comment