Pages

Wednesday, June 01, 2022

វិភាគអន្តរជាតិ៖ អ្វីទៅជា «ហ្គេមបញ្ចប់» របស់សហរដ្ឋអាមេរិក សម្រាប់សង្រ្គាមនៅអ៊ុយក្រែន?



(វ៉ាស៊ីនតោន)៖ ភ្លាមៗនៅក្រោយពេលលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យកងទ័ពរបស់លោកវាយសម្រុកចូលអ៊ុយក្រែន នាយសេនាធិការកងទ័ព ចម្រុះអាមេរិក លោកឧត្ដមសេនីយ៍ ម៉ាក មីលលី (Mark Milley) បានបង្ហាញគំនិតទុដ្ឋិនិយមដោយនិយាយថារដ្ឋធានីកៀវ នឹងធ្លាក់ចូលក្នុងកណ្ដាប់ដៃទាហាន រុស្ស៉ីក្នុងរយៈពេល ៧២ម៉ោងតែប៉ុណ្ណោះ។ ប៉ុន្តែ ៣ខែក្រោយមក លោក ម៉ាក មីលលី បានលេបសម្ដីនេះទៅវិញជាមួយការសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកនឹងបន្ត គាំទ្រអ៊ុយក្រែន ដើម្បីបង្ហាញថា «ប្រទេសធំមួយមិនមែនចេះតែអាចបំផ្លាញ និងឈ្លានពានចូលប្រទេសតូចតាចតាមតែអំពើចិត្តនោះទេ»។ នៅពេលត្រូវបាន សាកសួរថាតើសង្រ្គាមអ៊ុយក្រែននឹងបញ្ចប់ទៅដោយរបៀបណា? មេទ័ពកំពូលអាមេរិករូបនេះបានឆ្លើយថា វាគឺអាស្រ័យទៅលើការសម្រេចចិត្តរបស់អ៊ុយក្រែន ហើយសង្រ្គាមគួរតែបិទបញ្ចប់ នៅត្រឹមព្រំដែនអ៊ុយក្រែន។


សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន បានឈានចូលដល់ខែទី៤ហើយ តែគេមិនទាន់ដឹងថាតើសង្រ្គាមនេះនឹងបញ្ចប់នៅពេលណានោះដែរ? ខណៈសង្រ្គាមមិនទាន់ បញ្ចប់ «វោហាសាស្ត្រប្រកបដោយទំនុកចិត្ត» ថាអ៊ុយក្រែនអាចនឹងឈ្នះសង្រ្គាម បាន និងកំពុងបន្លឺសំឡេងឡើងទាំងនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងនៅតាមបណ្ដា ប្រទេសលោកខាងលិច។ សហរដ្ឋអាមេរិក គឺជាអ្នកផ្ដល់ជំនួយដ៏ធំបំផុតសម្រាប់អ៊ុយក្រែន ហើយបើគ្មានការគាំទ្រ និងជំនួយពីទីក្រុងវ៉ាស៊ីនតោនទេ ម្ល៉េះអ៊ុយក្រែន ប្រហែលជាមិនអាចទប់ទល់ជាមួយកងទ័ពរបស់លោក ពូទីន មកទល់នឹងថ្ងៃនេះទេ។ ក៏ប៉ុន្តែ នៅក្នុងបរិបទដែលនៃការព្រួយបារម្ភថាតើសង្រ្គាមអាចនឹងអូសបន្លាយ រយៈពេលយូរ មានរឿងដ៏សំខាន់មួយដែលបានក្លាយជាប្រធានបទក្ដៅ នោះគឺថាតើអ្វីទៅជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យរុស្ស៉ីបរាជ័យនៅក្នុងសង្រ្គាម ហើយអាមេរិកខ្លួនឯងចង់ឱ្យសង្រ្គាមសព្វថ្ងៃ បញ្ចប់ទៅដោយរបៀបណា?


* វោហាសាស្ត្រទំនុកចិត្ត បិទបាំងការពិត

ពាក្យថា «អ៊ុយក្រែនអាចនឹងទទួលបានជ័យជម្នះនៅក្នុងសមរភូមិសង្រ្គាម» បានក្លាយជាប្រធានបទជជែកដេញដោលមួយយ៉ាងផុលផុស នៅក្នុងទីក្រុងវ៉ាស៊ីនតោន នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ផ្ទុយពីមុនពេលសង្រ្គាមផ្ទុះឡើង អ្នកនយោបាយ និងក្រុមមន្ត្រីលោកខាងលិចមួយចំនួនមើលឃើញពីឱកាសផ្ដល់ មេរៀនមួយដែលរុស្ស៉ីមិនអាចបំភ្លេចបាន។ តួយ៉ាង ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បានលើកឡើងនៅក្រោយ លោកស្រីបំពេញទស្សនកិច្ចក្នុងទីក្រុងកៀវ និងបន្ទាប់ពីបានជួបជាមួយលោក ហ្សេលេនស្គីថាសហរដ្ឋអាមេរិកនឹងឈរជាមួយអ៊ុយក្រែនរហូតទាល់តែ ទទួលបានជ័យជម្នះ។


ចំណែកឯរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន បាននិយាយដោយឥតលាក់លៀមថាសហរដ្ឋអាមេរិកចង់ឃើញរុស្ស៉ីចុះទន់ខ្សោយរហូតដល់កម្រិត មួយដែលលែងអាចដើរឈ្លានពានគេឯងបានតទៅទៀត។ តើទាំងនេះគឺជាវត្ថុបំណងរបស់សហរដ្ឋអាមេរិកឬ? ជាការពិតណាស់ ក្រៅតែពីវោហាសាស្ត្រ អាមេរិកក៏ ធ្វើសកម្មភាពជាក់ស្ដែងផងដែរ តាមរយៈការផ្ដល់ជំនួយដ៏មហិមាដល់អ៊ុយក្រែនជាង ៥៤ពាន់លានដុល្លារ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ហើយក្នុងជំនួយទាំងនេះ ក្នុងនោះមានទំាងជំនួយ ៤០ពាន់លានដុល្លារដែលលោក ចូ បៃដិន ទើបតែចុះហត្ថលេខាកាលពីពេលថ្មីៗនេះដែលក្នុងនោះមាន ២០ពាន់លានដុល្លារ ជាជំនួយ យោធា។


តែទោះជាបែបនេះក្ដី នៅពីក្រោយ «វោហាស្ត្រប្រកបដោយទំនុកចិត្ត» និងជំនួយដ៏មហិមា សហរដ្ឋអាមេរិកមិនបានបង្ហាញពីបំណងពិតប្រាកដរបស់ខ្លួននៅក្នុង សង្រ្គាមអ៊ុយក្រែននោះទេ ឬក៏ជឿថាតើរឿងអ្វីដែលអាច ឬក៏គួរតែកើតឡើងនៅអ៊ុយក្រែននោះដែរ។ មិនតែប៉ុណ្ណោះ វាមានព័ត៌មានលម្អិតតួចតួចបំផុតថាតើអ្វីទៅជា «យុទ្ធសាស្ត្រធ្វើឱ្យរុស្ស៉ីបរាជ័យ» ឬក៏ថាតើការសម្រុះសម្រួលបែបណាដែលសហរដ្ឋអាមេរិកនឹងជំរុញឱ្យអ៊ុយក្រែនទទួលយក?


បើតាមសេចក្ដីព្រាងប្រធានបទមួយដែលត្រូវពិភាក្សា របស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ដែលកាសែត The Financial Times បានឃើញ ទីក្រុងវ៉ាស៊ីនតោន ចង់ឱ្យអ៊ុយក្រែនមានឯករាជ្យភាព ប្រជាធិបតេយ្យ និងអធិបតេយ្យភាព ហើយចង់ឱ្យប្រាកដថាការព្យាយាមរបស់រុស្ស៉ីក្នុងការគ្រប់គ្រងអ៊ុយក្រែន នឹងបញ្ចប់ក្នុង «យុទ្ធសាស្ត្របរាជ័យមួយ»។ នៅត្រង់ចំណុចនេះដែរ, ក្រុមអ្នកវិភាគខ្លះដូចជា លោក ស្ទេវិន ភីហ្វឺ (Steven Pifer) ជាអតីតអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន និងលោក វីលៀម ភែររី (William Perry) មកពីសាកលវិទ្យាល័យ Stanford University យល់ថារដ្ឋបាលលោក ចូ បៃដិន មានចេតនាបន្តរក្សាគោលដៅក្នុង សង្រ្គាមអ៊ុយក្រែនឱ្យស្ថិតនៅក្នុង «ភាពមិនច្បាស់លាស់»។ «គោលដៅ នោះគឺធានាឱ្យបានថារុស្ស៉ីនឹងបរាជ័យនៅក្នុងការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន...ប៉ុន្តែ តើអ្វីដែលមិនមានការបញ្ជាក់ច្បាស់លាស់ គឺថាតើអ្នកឱ្យនិយមន័យ «ពាក្យបរាជ័យ» នេះយ៉ាងដូចម្ដេច»? នេះការគូសបញ្ជាក់របស់លោក Steven Pifer ដោយបន្ថែមថាដើម្បីអាចរក្សា «ភាពបត់បែន» សហរដ្ឋអាមេរិកនឹងមិនផ្ដល់ព័ត៌មានលម្អិតគោលបំណងរបស់ខ្លួននោះទេ។


* ធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន

រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ត្រូវបានគេមើលឃើញថាកំពុងធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន ដោយដៃម្ខាងបញ្ជូនអាវុធឱ្យអ៊ុយក្រែន រីឯម្ខាងទៀត ប្រឹងបញ្ចៀសកុំឱ្យផ្ទុះជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ី និងបញ្ចៀសផងដែរនូវការជំរុញជាយថាហេតុណាមួយពាក់ព័ន្ធនឹងការសម្រុះសម្រួលទឹកដី ដែលបង្កឱ្យមាន វិបត្តិនយោបាយធ្ងន់ធ្ងរនៅអ៊ុយក្រែន។ ប៉ុន្តែ ព្រមពេលជាមួយ អាមេរិកក៏កំពុងព្យាយាមប្រមូលផ្ដុំកម្លាំងចម្រុះអន្តរជាតិ ដើម្បីបន្តការគាំទ្រដល់អ៊ុយក្រែន ជាពិសេស គឺនៅក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុបដែលកំពុងបារម្ភពីផលប៉ះពាល់ទាំងសេដ្ឋកិច្ច និងសង្គមនៃការអូសបន្លាយសង្រ្គាម។


កាលពីពេលថ្មីៗនេះ មេដឹកនាំបារាំង អាល្លឺម៉ង់ និងអ៉ីតាលីបានចេញសេចក្ដីថ្លែងការណ៍ផ្សេងៗគ្នា ដោយអំពាវនាវឱ្យមានបទឈប់បាញ់ និងកិច្ចចរចាផ្សះផ្សា ហើយ ខណៈពួកគេយល់ស្របដូចគ្នាថាការសម្រេចចិត្តចុងក្រោយលើសង្រ្គាមសព្វថ្ងៃ គឺអាស្រ័យលើអ៊ុយក្រែនខ្លួនឯងក៏ពិតមែន តែពួកគេក៏សុទ្ធតែដឹងដែរថាសមត្ថភាព តស៊ូប្រយុទ្ធរបស់ទីក្រុងកៀវ គឺអាស្រ័យស្ទើរតែទាំងស្រុងលើអាវុធ និងជំនួយហិរញ្ញវត្ថុដែលអ៊ុយក្រែនទទួលបាន ជាក់ស្ដែងពីសហរដ្ឋអាមេរិកតែម្ដង។


ក្នុងន័យនេះ អតីតអគ្គរដ្ឋទូតអ៉ីតាលីប្រចាំអង្គការណាតូ លោក ស្ទេហ្វានណូ ស្ទេហ្វានីនី (Stefano Stefanini) បានគូសបញ្ជាក់ដូច្នេះថា «អឺរ៉ុបចង់ដឹងបំផុតថាតើ អ្វីទៅជាផែនការ «ហ្គេមបញ្ចប់» របស់សហរដ្ឋអាមេរិក? ពីព្រោះគំនិតដែលចង់ឱ្យរុស្សចាញ់ ឬបរាជ័យមិនត្រូវបានកំណត់ឱ្យច្បាស់នោះទេ»។ ជាការពិតណាស់ ការផ្ដល់ជំនួយថ្មីៗនេះបានបង្ហាញពីការប្ដេជ្ញាចិត្តគាំទ្ររយៈពេលវែងរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន។ ប៉ុន្តែ អាមេរិកក៏កំពុងគណនា និងអនុវត្តដោយការ ប្រុងប្រយ័ត្នផងដែរ។


គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានផ្ដល់អាវុធជាច្រើនក្នុងនោះរួមមានទាំងកាំភ្លើងធំ howitzers ឱ្យអ៊ុយក្រែន តែអ្វីដែលទាហានអ៊ុយក្រែនកំពុងត្រូវការ និងបាន ស្នើសុំជារឿយៗ នោះគឺប្រព័ន្ធបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដូចជាប្រព័ន្ធមីស៊ីល HIMARS ដែលសហរដ្ឋអាមេរិកនៅតែស្ទាក់ស្ទើរ និងមិនអាចឱ្យបានឡើយ។ មិនអាចឱ្យបាន គឺដោយសារតែរដ្ឋបាលលោក បៃដិន មិនចង់ឃើញជំនួយយោធារបស់សហរដ្ឋអាមេរិក ត្រូវបានអ៊ុយក្រែនយកទៅប្រើក្នុងការវាយប្រហារចូលទឹកដី របស់រុស្ស៉ី ដែលអូសឱ្យអាមេរិកប្រឡូកក្នុងសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ីនោះទេ។ សូម្បីតែលោក ចូ បៃដិន កាលពីថ្ងៃទី៣០ ខែឧសភានេះក៏បានចេញមុខបញ្ជាក់ ដោយផ្ទាល់ដែរថាសហរដ្ឋអាមេរិកនឹងមិនបញ្ជូនប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយដែលអាចបាញ់ចូលក្នុងដីរុស្ស៉ី ទៅឱ្យអ៊ុយក្រែននោះទេ។


ការបដិសេធជួយ ឱ្យអ៊ុយក្រែនពេញទំហឹងនេះហើយ បាននិងកំពុងក្លាយជាផ្នែកមួយនៃការជជែកដេញដោលក្នុងទីក្រុងវ៉ាស៊ីនតោន ថាតើ «យុទ្ធសាស្ត្រធ្វើឱ្យរុស្ស៉ី បរាជ័យ» មានន័យដូចម្ដេចឱ្យពិប្រាកដ? នៅក្នុងទេសៈកាលៈមួយដែលក្រុមមន្ត្រីអាមេរិកតែងតែលើកឡើងថារុស្ស៉ីនឹងចុះទន់ខ្សោយនៅក្រោយសង្រ្គាម ជាពិសេសគឺដោយសារតែទណ្ឌកម្មសេដ្ឋកិច្ច។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីអាមេរិកជឿថារុស្ស៉ីនៅតែមានលទ្ធភាពធ្វើឱ្យអ៊ុយក្រែនចុះខ្សោយតាមរយៈ ការអូសបន្លាយសង្រ្គាម ក្នុងចេតនាបន្តរក្សាអ៊ុយក្រែននៅក្នុងវិបត្តិសេដ្ឋកិច្ច៕


ប្រភព៖ Financial Times (ថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២)

ដោយៈ Fresh News



No comments:

Post a Comment