Pages

Wednesday, February 09, 2022

កិច្ចប្រជុំពិភាក្សា រៀបចំកែសម្រួលសមាសភាព ក្រុមការងារចុះជួយសង្កាត់ទាំង៧ នៃក្រុងពោធិ៍សាត់

ពោធិ៍សាត់៖  លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សា រៀបចំកែសម្រួលសមាសភាព ក្រុមការងារចុះជួយសង្កាត់ទាំង៧ នៃក្រុងពោធិ៍សាត់ ក្នុងនោះក៏មានការចូលរួមពី ប្រធាន អនុប្រធានក្រុមការងារ ប្រធាន អនុប្រធានគណបក្សសង្កាត់ និងសមាជិកក្រុមប្រឹក្សាក្រុងទទួលបន្ទុកសង្កាត់ជាច្រើនផ្សេងទៀត។


បន្ទាប់លោក លោកស្រី ក្រុមការងារចុះជួយសង្កាត់ បានមានមតិចូលរួមនោះរួចមក លោក ជាវ តាយ បានថ្លែងនូវការកោតសរសើរ ដល់មន្ត្រីក្រុមការងារគ្រប់ផ្នែក គ្រប់ថ្នាក់ ដែលបានខិតខំទាំងកម្លាំងកាយ កម្លាំងចិត្ត និងសម្ភារៈ ចុះបំពេញការងារនៅក្នុងមូលដ្ឋាន បង្កលក្ខណៈឱ្យមានភាពកក់ក្តៅជូនប្រជាពលរដ្ឋ ស្របពេលសភាពការណ៍ប្រទេសព្រួយបារម្មណ៍ អំពីការរីករាលដាលជំងឺកូវីដ១៩។ លោកថ្លែងថា គោលបំណងសំខាន់ ក្នុងកិច្ចប្រជុំនាពេលនេះ ផ្តោតសំខាន់ពិភាក្សាអំពីរចនាសម្ព័ន្ធក្រុមការងារចុះជួយក្រុង និងសង្កាត់ សម្រាប់ឆ្នាំ២០២២ ដើម្បីរៀបចំធ្វើផែនការចុះមូលដ្ឋានប្រចាំសប្តាហ៍ និងប្រចាំខែ លើកស្លាករបស់គណបក្ស នៅតាមសង្កាត់ និងការដោះស្រាយបញ្ហាប្រឈមតាមមូលដ្ឋាន។


លោកបានថ្លែងទៀតថា សមាសភាពក្រុមការងារចុះជួយសង្កាត់ទាំង៧ នៃក្រុងពោធិ៍សាត់ ដែលកន្លងមកត្រូវបានប្រធានគណៈកម្មាធិការគណបក្សខេត្ត និងគណបក្សក្រុង រៀបចំរចនាសម្ព័ន្ធត្រឹមត្រូវ លើការងារចាត់តាំង គ្រប់គ្រង និងដឹកនាំ បានចូលរួមសកម្មភាពកម្មវិធីនយោបាយនានា ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខ។ ទាំងអស់នេះ គឺជាគុណតម្លៃដ៏ធំធេងមិនអាចកាត់ថ្លៃបាន តែទោះជាយ៉ាងនេះក្តី ក៏យើងនៅតែកែសម្រួលអំពីសមាភាពក្រុមការងារចុះជួយសង្កាត់មួយចំនួន សម្រាប់តម្រង់មុខព្រួញ ឆ្ពោះទៅរកជ័យជំនៈក្នុងការបោះឆ្នោតនាពេលខាងមុខ។


លោកបានបញ្ជាក់ថា កិច្ចការទាំងអស់នេះ ទាមទាឱ្យអនុគណៈដឹកនាំ ប្រធាន អនុប្រធានក្រុមការងារថ្នាក់ក្រុង មន្ទីរ អង្គភាពចុះជួយសង្កាត់ទាំង៧ បន្តជម្រុញសកម្មភាពជាប់ជាប្រចាំ ដើម្បីទទួលព័ត៌មានពីសមាជិក សមាជិកាបក្ស នៅក្នុងមូលដ្ឋាន ដែលពួកគាត់មានតម្រូវការឱ្យជួយដោះស្រាយ អំពីបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន។ ជាមួយគ្នានោះ លោកបានផ្តាំផ្ញើសុំឱ្យប្រធានក្រុមការងារតាមសង្កាត់នីមួយៗ ពិនិត្យលើលទ្ធភាព និងសកម្មភាពចុះមូលដ្ឋាន ត្រូវមានផែនការជាក់លាក់ ច្បាស់លាស់ ត្រឹមត្រូវ និងធ្វើរបាយការណ៍ បញ្ជូនមកគណបក្សក្រុងឱ្យបានទៀងទាត់ ក្នុងនោះត្រូវយកចិត្តទុកដាក់ ពិនិត្យតាមដានអំពីសកម្មភាពក្នុងមូលដ្ឋាន ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព៕









No comments:

Post a Comment