Pages

Wednesday, February 19, 2020

កម្ពុជាជូនពរអ្នកដំណើរចុងក្រោយ ២៣៣រូប ចាកចេញពីនាវា MS Westerdam ធ្វើដំណើរទៅកាន់ប្រទេសកំណើតវិញ

នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ អ្នកដំណើរ ២៣៣រូបចុងក្រោយ ដែលក្នុងនោះមាន ២០នាក់ ជានាវឹក និងបុគ្គលិកកប៉ាល់ ដែលមានចម្រុះជាតិសាសន៍ ២២សញ្ជាតិ បានចាកចេញពីនាវា MS Westerdam ធ្វើដំណើរតាមរថយន្តក្រុងចំនួន ១០គ្រឿង ពីក្រុងព្រះសីហនុ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដើម្បីទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញតាមជើងហោះហើរពីទីក្រុងភ្នំពេញ។
គ្រប់អ្នកដំណើរទាំងអស់មុននឹងអនុញ្ញាតឱ្យចាកចេញពីនាវា គឺសុទ្ធតែត្រូវបានឆ្លងកាត់ការពិនិត្យវាស់កំដៅ និងធ្វើតេស្តសុខភាព ដោយមានវត្តមានមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជម្ងឺឆ្លងសហរដ្ឋអាមេរិក (UNCDC) ដើម្បីធានាថាពិតជាគ្មានមេរោគកូវីដ១៩ (CoVID-19)។ មិនតែប៉ុណ្ណោះ បុគ្គលិករបស់កប៉ាល់ទាំងអស់ក៏ត្រូវពិនិត្យសុខភាពឡើងវិញទាំងអស់គ្នាផងដែរ មុនពេលអនុញ្ញាឱ្យដឹកនាំនាវា MS Westerdam ចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
នេះជាដំណឹងរីករាយទាំងសម្រាប់កម្ពុជា និងបងប្អូនអ្នកទេសចរទាំងអស់ ដែលកំពុងទន្ទឹងរង់ចាំការវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារនៅឯប្រទេសកំណើតរបស់ខ្លួន។ កិច្ចការនេះប្រសិនបើគ្មានការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ មិនដឹងជាវាសនាអ្នកធ្វើដំណើរលើនាវាទាំងអស់នោះរសាត់អណ្តែតទៅដល់ទីណាទេ ណាមួយជិតអស់ស្បៀង ណាមួយទៀតកប៉ាល់ក៏ជិតអស់ប្រេង! កម្ពុជាក្រ និងតូចមែនពិត តែបេះដូងកម្ពុជាគឺធំទូលាយប្រកបដោយក្តីស្រឡាញ់ និងសណ្តោសប្រណី។
សូមជូនពរបងប្អូនអ្នកទេសចរទាំងអស់មានសុវត្ថិភាពក្នុងការធ្វើដំណើរ ហើយកម្ពុជានៅរង់ចាំស្វាគមន៍ទទួលបងប្អូនគ្រប់ពេលជានិច្ច!








No comments:

Post a Comment