Pages

Friday, January 17, 2020

ភរិយាអតីតនាយករដ្ឋមន្ត្រីជប៉ុន គូសបញ្ជាក់ថា កម្ពុជា បានទទួលនូវសុខសន្តិភាពយ៉ាងពិតប្រាកដ និងប្រជាពលរដ្ឋកម្ពុជាមានទឹកមុខស្រស់ស្រាយនិងរស់រវើក

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារបន្តជាមួយ លោកស្រី OBUCHI Chizuko ដែលភរិយា របស់លោក Keizō Obuchi អតីតនាយករដ្ឋមន្ត្រីជប៉ុន។ ក្នុងជំនួបនោះ លោកស្រី OBUCHI Chizuko បានគោរពជម្រាបជូនលោកនាយករដ្ឋមន្រ្តីថា លោកស្រីពិតជាមានសេចក្តីសោមនស្សរីករាយដែលបានមកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅក្នុងខួប២០ឆ្នាំបន្ទាប់ពីលោកស្រី និងស្វាមី បានធ្លាប់មកកាន់កម្ពុជាកាលពី២០ឆ្នាំមុន។ លោកស្រីបានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យលោកស្រី និងគណៈប្រតិភូបានចូលជួបសំដែងការគួរសមនាពេលនេះ និងក៏សូមថ្លែងអំណរគុណផងដែរ ដែលតំណាងឱ្យព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានបំពាក់គ្រឿងឥស្សរិយយសជូនលោកស្រី។
លោកស្រី OBUCHI Chizuko បានមានប្រសាសន៍ថា លោកស្រី មានការចងចាំយ៉ាងរស់រវើកក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់មជ្ឍមណ្ឌលស៊ីម៉ាក់កាលពី២០ឆ្នាំមុន ជាមួយនឹងស្វាមី ហើយក្នុងដំណើរទស្សនកិច្ចលើកនេះក៏បានទៅធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលស៊ីម៉ាក់ផងដែរ។ លោកស្រី បានកត់សម្គាល់ឃើញថាក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជានាពេលនេះ លោកស្រី បានមើលឃើញថា ព្រះរាជាណាចក្រកម្ពុជាបានទទួលនូវសុខសន្តិភាពយ៉ាងពិតប្រាកដ។ លើសពីនេះទៅទៀតប្រជាពលរដ្ឋកម្ពុជាមានទឹកមុខស្រស់ស្រាយ និងរស់រវើក។ ជាមួយគ្នានេះផងដែរ លោកស្រី បានមានប្រសាសន៍បន្តថានេះជាជោគជ័យដ៏ពិតប្រាកដរបស់កម្ពុជា។ បន្ទាប់មក លោកស្រី ក៏បានជូនពរឲ្យចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុនកាន់តែស្អិតរមួតរឹងមាំបន្ថែមទៀត ហើយលើសពីនេះទៅទៀតលោកជំទាវក៏បានគោរពជូនពរជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមឱ្យមាតាក្មេករបស់លោកឆាប់បានជាសះស្បើយពីជម្ងឺនាពេលខាងមុខនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកស្រី និងគណៈប្រតិភូដែលបានជូនពរដល់ម្ដាយក្មេករបស់លោកឱ្យជាសះស្បើយពីជំងឺ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានមានប្រសាសន៍អំពីអតីតកាល ដែលពេលនោះលោក Obuchi មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងទស្សនកិច្ចនោះផងដែរ មានតែលោក Obuchi និងលោកស្រីទេ ដែលជាជនជាតិបរទេសធ្វើទស្សនកិច្ចទៅមើលសកម្មភាពដោះមីននៅមជ្ឈមណ្ឌលស៊ីម៉ាក់ ហើយមានតែលោក Obuchi ទេដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងបញ្ហាដោះមីននៅកម្ពុជានោះ។
លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកពីអតីតកាលផងដែរនោះគឺលោក Keizō Obuchi និងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុននៅក្នុងការជួយដល់ប្រទេសកម្ពុជាឲ្យមានការបោះឆ្នោតក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីកម្ពុជាមានជម្លោះដោយប្រដាប់អាវុធនៅឆ្នាំ១៩៩៧ លើសពីនេះទៅទៀត លោកបានបញ្ជាក់ថាឯកឧត្តម Obuchi ជានាយករដ្ឋមន្ត្រីទី២ ក្នុងប្រវត្តិសាស្ត្រដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយលោកបានមកកាន់ប្រទេសកម្ពុជាកាលពី២០ឆ្នាំមុននោះគឺជាប្រវត្តិសាស្ត្រ ហើយលោកគឺជាមនុស្សទីពីរហើយនៅក្នុងដំណាក់កាលរបស់លោកជានាយករដ្ឋមន្ត្រីជប៉ុនដែលបានចូលរួមក្នុងប្រទេសកម្ពុជាជាច្រើន ជាពិសេសក្នុងការជំរុញឲ្យមានការផ្តល់នូវថវិកាទ្រទ្រង់ដល់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលគាត់បានប្រកាសក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចនោះ៕



No comments:

Post a Comment