Pages

Friday, July 19, 2019

លោក ថោង ខុន ជំរុញឱ្យពង្រឹងប្រសិទ្ធភាពការងារ និងរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្ស

នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារឆមាសទី១ ឆ្នាំ២០១៩ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋលេខធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន ប្រមាណជិត ១០០នាក់។ កិច្ចប្រជុំបានឆ្លុះបញ្ចាំងទៅលើលទ្ធផលការងារដែលបានអនុវត្ត បញ្ហាប្រឈម ចំណុចសេសសល់ និងការដាក់ចេញនូវទិសដៅអនុវត្តបន្តអោយកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។
បន្ទាប់ពីសេចក្តីរាយការណ៍សង្ខេបរបស់អគ្គនាយករដ្ឋបាល និងការផ្តល់យោបល់ណែនាំល្អៗរបស់ថ្នាក់ដឹកនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការរួចមក លោក ថោង ខុន បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗសម្រាប់អនុវត្តបន្តដូចខាងក្រោម៖
១- នាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅត្រូវពង្រឹងការងារគ្រប់គ្រង និងត្រួតពិនិត្យបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ចំណតរថយន្តថ្នាក់ដឹកនាំ សួនច្បារ អនាម័យ បន្ទប់ទឹកស្អាត និងបរិស្ថានស្អាតនៅក្នុងបរិវេន និងអគារទីស្តីការក្រសួងទេសចរណ៍ អោយបានល្អ។ ទន្ទឹមនឹងនេះ ត្រូវពង្រឹងការងាររដ្ឋបាល-របៀប គោចរលិខិត ការងារបូកសរុប ការងារពិធីការ ការងារតម្កល់ឯកសារ និងបន្តកិច្ចសហការជាមួយអង្គភាពនានាក្នុងការរៀបចំកិច្ចប្រជុំ សិក្ខាសាលា សន្និសីទ សន្និបាត និងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗរបស់ក្រសួង។
២-នាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុត្រូវបន្តពង្រឹងការងារគ្រប់គ្រងចំណូល-ចំណាយ និងការអនុវត្តថវិកាកម្មវិធីរបស់ក្រសួងអោយបានល្អពិសេសយកចិត្តទុកដាក់លើផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិការបស់ក្រសួងសម្រាប់ឆ្នាំ២០២០ ដែលនឹងត្រូវឡើងការពារកម្រិតថ្នាក់ដឹកនាំនៅក្រសួងសេដ្ឋកិច្ចនាពេលខាងមុខ ហើយគម្រោងថវិកានេះត្រូវពិនិត្យ និងដាក់ឆ្លងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងជាមុនសិន។
៣-នាយកដ្ឋានសន្តិសុខ និងសុវត្ថិភាពទេសចរត្រូវជំរុញបញ្ចប់ និងដាក់ឆ្លងប្រកាសអន្តរក្រសួងស្តីពីការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពទេសចរ ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធសន្តិសុខ និងសុវត្ថិភាពទេសចរឆ្នាំ២០១៩-២០២៣ ការធ្វើសៀវភៅស្តីពី “សន្តិសុខសុវត្ថិភាពល្អ ទេសចរមានភាពកក់ក្តៅ” និងការធ្វើគោលការរណ៍ណែនាំស្តីពីសន្តិសុខ សុវត្ថិភាពសម្រាប់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ និងការចុះត្រួតពិនិត្យ។
៤-នាយកដ្ឋានធនធានមនុស្សត្រូវបន្តពង្រឹងការងារគ្រប់គ្រង និងបង្កើនសមត្ថភាពមន្ត្រីរាជការទាំងនៅថ្នាក់កណ្តាល និងមន្ទីរទេសចរណ៍រាជធានីខេត្ត ពិសេសត្រូវសហការជាមួយនាយកដ្ឋានបណ្តុះបណ្តាល និងនាយកដ្ឋានជំនាញ ដើម្បីរៀបចំជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់មន្ត្រីរាជការអោយបានជាក់លាក់ និងចំជំនាញពិតប្រាកដ។
ជាងនេះទៀត នាយកដ្ឋានត្រូវរៀបចំផែនការសកម្មភាពឆ្ពោះទៅពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថភាពមន្ត្រីនៅមន្ទីរទេសចរណ៍រាជធានីខេត្ត ក្នុងនោះ ត្រូវសម្រេចដាក់ចេញនូវប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត៕



No comments:

Post a Comment