Pages

Friday, March 30, 2018

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដោយសុវត្តិភាព

 នៅម៉ោងប្រមាណជា ៩.៥៣ នាទីព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ញើញទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដោយសុវត្តិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៦ និងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី១០ នៅប្រទេសវៀតណាម។
អញ្ជើញទៅអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងហាណូយ ប្រទេសវៀតណាម សម្តេចតេជោ និងគណៈប្រតិភូ ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីថ្នាក់ដឹកនាំនៃប្រទេសវៀតណាម និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតផងដែរ។
សូមជម្រាបថា កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៦នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ “សមិទ្ធផលរយៈពេល២៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ និងការកសាងមហាអនុតំបន់មេគង្គប្រកបដោយចីរភាព សមាហរណកម្ម និងវិបុលភាព”។
នៅក្នុងកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងអស់នឹងអនុម័តជាផ្លូវការនូវផែនការសកម្មភាពទីក្រុងហាណូយ ឆ្នាំ២០១៨–២០២២ និងក្របខណ្ឌវិនិយោគតំបន់ ឆ្នាំ២០២២ ហើយក៏មានសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលផងដែរ។ នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចតេជោ នឹងអញ្ជើញឡើងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចរបស់មហាអនុតំបន់មេគង្គ ដែលផ្តោតទៅលើភាពជោគជ័យ និងការប្រឈមលើវិស័យសំខាន់ៗ នៃការអភិវឌ្ឍអនុតំបន់មេគង្គផងដែរ។
ថ្នាក់ដឹកនាំប្រទេសទាំង៣ នឹងអនុម័តផែនការសកម្មភាពសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-ឡាវ-វៀតណាម ដល់ឆ្នាំ២០៣០ ព្រមទាំងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីតំបន់ត្រីកោណអភិវឌ្ឍន៍។
ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងព្រឹត្តិការណ៍ទាំងពីរនេះ នឹងឆ្លុះបញ្ចាំងនូវការប្តេជ្ញារបស់កម្ពុជា ក្នុងការលើកកំពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងមហាអនុតំបន់មេគង្គ និងក្នុងក្របខ័ណ្ឌកម្ពុជា-ឡាវ-វៀតណាម ដើម្បីធានាឲ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕







No comments:

Post a Comment