លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ការបន្តពង្រឹងការងារមន្ទីរពិសោធន៍នៅតាមមូលដ្ឋានសុខាភិបាលសាធារណ: ជាកត្តាជំរុញឱ្យការផ្តល់សេវាសុខាភិបាលកាន់តែមានប្រសិទ្ធភាព។ លោកស្រីក៏បានណែនាំឱ្យមន្ត្រីសុខាភិបាលទាំងអស់យកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អនិងគោរពក្រមសីលធម៌វិជ្ជាជីវ:សុខាភិបាលពិសេសផ្នែកមន្ទីរពិសោធន៍នេះឱ្យបានល្អខ្ជាប់ខ្ជួន។ មន្ទីរពិសោធន៍ត្រូវផ្សាភ្ជាប់ជាមួយការងារពិនិត្យជំងឺនិងធ្វើរោគវិនិច្ឆ័យរបស់លោកគ្រូ អ្នកគ្រូពេទ្យដែលជាកត្តាមិនអាចខ្វះបានឡើយ។ មន្ទីរពិសោធន៍មានគុណភាពល្អ នឹងជួយជំរុញឱ្យការវិនិច្ឆ័យរោគកាន់តែបានសុក្រឹតល្អ ហើយផ្តល់ការព្យាបាលបានចំគោលដៅជំងឺឆាប់ជាសះស្បើយ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក៏បានជំរុញឱ្យមានការគ្រប់គ្រងមន្ទីរពិសោធន៍ល្អនិងមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំមន្ទីរពេទ្យជាចាំបាច់ កុំទុកការងារមន្ទីរសោធន៍ជាកិច្ចការបន្ទាប់បន្សំឬដាច់ដោយឡែកចេញពីមន្ទីរពេទ្យឱ្យសោះ ដោយមន្ទីរពេទ្យចាំបាច់ត្រូវតែមានមន្ទីរពិសោធន៍ល្អប្រកបដោយគុណភាពដើម្បីជួយដល់ការងារព្យាបាលក្នុងមន្ទីរពេទ្យបានល្អប្រសើរ។ ម្យ៉ាងទៀត មន្ទីរពិសោធន៍ក៏ជាកន្លែងផ្តល់លទ្ធផលសម្រាប់ការងារស្រាវជ្រាវជំងឺផងដែរ។
លោកស្រីអគ្គនាយកបច្ចេកទេសសុខាភិបាល បានសង្កត់ធ្ងន់បន្ថែមសូមឱ្យខិតខំជំរុញមន្ទីរពិសោធន៍ទាំងអស់ឆ្ពោះទៅរកគុណភាពតាម ISO15189 និងបំពេញតាមគោលការណ៍ IHR 2005 ជាចាំបាច់។ លទ្ធផលមន្ទីរពិសោធន៍ត្រឹមត្រូវតាមបច្ចេកទេស ជួយដល់ការស្វែងរកមូលហេតុនៃជំងឺបានពិតប្រាកដ ហើយអាចជួយក្នុងការដាក់ចេញនូវវិធានការណ៍ការពារទប់ស្កាត់ជំងឺនានាបានផងដែរ។ សូមកុំឱ្យមានការវិភាគជំងឺខុស ឬព្យាបាលមិនពូកែ ដោយសារតែលទ្ធផលមន្ទីរពិសោធន៍ផ្តល់ចេញមកមិនត្រឹមត្រូវឱ្យសោះ។ លោកស្រីបានថ្លែងកោតសរសើរដល់ការខិតខំនានាក្នុងពេលកន្លងមករបស់បុគ្គលិកសុខាភិបាលនិងផ្នែកពាក់ព័ន្ធទាំងអស់ដែលធ្វើឱ្យមានការទប់ស្កាត់បាននូវការចម្លងជំងឺដូចជា MERS, SARS, Ebola, និងZika ជាដើម ហើយថ្មីៗនេះមានការទប់ស្កាត់បានល្អប្រសើរនូវការចម្លងរោគពីបក្សីមកមនុស្សសម្រាប់ជំងឺផ្តាសាយបក្សី H5N1 ផងដែរ៕


No comments:
Post a Comment