Pages

Thursday, January 25, 2018

បារាំងផ្តល់ប្រាក់កម្ចីដល់កម្ពុជា ជាង៥០លានដុល្លារ សម្រាប់គម្រោងទឹកស្អាត និងអនាម័យតាមបណ្តាខេត្ត

រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ បានផ្តល់ជំនួយ និងប្រាក់កម្ចីប្រមាណ៤១លានអឺរ៉ូ ដែលស្មើនឹងជាង៥០លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងចំនួន២ នៅតាមបណ្តាខេត្ត ជាពិសេសលើគម្រោងទឹកស្អាត និងអនាម័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល ទទួលបាននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ។

ពិធីចុះហត្ថលេខាលើការផ្តល់ជំនួយ និងប្រាក់កម្ចីនេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិត​គោល​នយោបាយលើកទី២រវាងភាគីកម្ពុជាដែលដឹកនាំដោយ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយសមភាគីបារាំងដែលដឹកនាំដោយលោក Philippe BAUDUIN នាយកប្រតិបត្តិរងរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅទីស្នាក់ការកណ្តាលរបស់ AFD នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។

ក្រោយបញ្ចប់កិច្ចប្រជុំនេះ បារាំង-កម្ពុជាបានចុះកិច្ចព្រមព្រៀងចំនួន២រួមមាន៖
១៖ កិច្ចព្រមព្រៀងឥណទានសម្បទានលើគម្រោងទឹកស្អាត និងអនាម័យនៅទីរួមខេត្ត ក្នុងទឹកប្រាក់ចំនួន ៤០លានអឺរ៉ូ ប្រហែល៤៩លានដុល្លា។
២៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់ការសិក្សា និងពង្រឹងសមត្ថភាព ក្នុងទឹកប្រាក់ចំនួន ១លានអឺរ៉ូ ប្រហែល១,២៤លានដុល្លារ។
កិច្ចព្រមព្រៀងសហប្រតិបត្តិការទាំងពីរខាងលើនេះ នឹងចូលរួមចំណែកក្នុងផ្តល់ការអភិវឌ្ឍន៍​ហេដ្ឋា-រចនាសម្ព័ន្ធ​ជនបទតាមរយៈការផ្តល់សេវាកម្ម ក៏ដូចជាការតបណ្តាញទឹកស្អាតទៅកាន់ទីជនបទ និងការកសាងសមត្ថភាព​មន្រ្តីអនុវត្តគម្រោង និងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយ AFD។

លោក វង្សី វិស្សុត បានលើកឡើងថា ក្នុងគោលដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា, កិច្ចសហ-ប្រតិបត្តិការហិរញ្ញវត្ថុដែលផ្តល់ដោយរដ្ឋាភិបាលបារាំងតាមរយៈ AFD ក្នុងក្របខណ្ឌឥណ​ទាន​សម្បទាន ត្រូវតែឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជា ដើម្បីទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និងត្រូវឲ្យចំនូវអាទិភាពគោលនយោបាយនានារបស់កម្ពុជា ដូចមានចែងនៅក្នុង​យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ក៏ដូចជាត្រូវឱ្យមានសង្គតិភាពជាមួយគោលនយោបាយក្នុងការខ្ចី ព្រមទាំងច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធនានារបស់កម្ពុជាផងដែរ។

នាឱកាសនោះដែរ លោក Philippe Bauduin ក៏បានបង្ហាញនូវការបេ្តជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តគាំទ្រដល់កិច្ច​អភិវឌ្ឍន៍របស់កម្ពុជា។ លោកបានបញ្ជាក់ផងដែរថា AFD គ្រោងនឹងបន្ថែមទំហំហិរញ្ញប្បទាន​សហប្រតិបត្តិការ​ដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ឲ្យស្របទៅនឹងបរិការណ៍នៃការអភិវឌ្ឍបច្ចុប្បន្នរបស់កម្ពុជា ហើយក្នុង​ន័យនេះ លោកនឹងខិតខំជួយសម្របសម្រួលគ្រប់បែបយ៉ាងដល់កម្ពុជា ក្នុងការស្រូបយកនូវហិរញ្ញប្បទាន​សហប្រតិបត្តិការនេះពី AFD ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕






No comments:

Post a Comment