Pages

Tuesday, August 08, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលបង្គំគាល់ព្រះរាជទាយាទជប៉ុន ព្រះអង្គម្ចាស់ ណារ៉ូហ៊ីតូ

នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលបង្គំគាល់ព្រះរាជទាយាទជប៉ុន ព្រះអង្គម្ចាស់ ណារ៉ូហ៊ីតូ ព្រះរាជទាយាទរបស់ព្រះចៅអធិរាជជប៉ុន អាគីហីតូ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទូលថ្វាយពីសេចក្តីសោមនស្សរីករាយសាជាថ្មីម្តងទៀត ក្នុងឱកាសដែលលោកនាយករដ្ឋមន្រ្តី បានចូលបង្គំគាល់ព្រះរាជទាយាទ នៅទីក្រុងតូក្យូ ប្រទេសជប៉ុននាឱកាសនេះ បន្ទាប់ពីព្រះអង្គយាង​បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជាកាលពីឆ្នាំ២០១២។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏​បានទូលថ្វាយព្រះអង្គម្ចាស់ព្រះរាជទាយាទ ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងរដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរកម្ពុជា‑ជប៉ុន ដែលតែងតែជួយគ្នាទៅវិញទៅមកក្នុងភាពជាដៃគូយុទ្ធសាស្រ្ត។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានទូលថ្វាយព្រះរាជទាយាទដែរថា ដំណើរទស្សនកិច្ចផ្លូវការការងាររបស់លោកមក្កាន់ប្រទេសជប៉ុននៅពេលនេះ គឺ​ស្របនឹងខួបលើកទី៦០ នៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីជប៉ុន ទៅកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ​១៩៥៧ និងខួប២៥ឆ្នាំនៃបញ្ជូនកងរក្សាសន្តិភាពជប៉ុនជាលើកដំបូងទៅក្រៅប្រទេស។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ទូលព្រះ​រាជ​ទាយាទជប៉ុន​បន្ថែមថា ទំនាក់ទំនងនៃប្រទេសទាំងពីរមានភាពល្អប្រសើរខ្លាំងណាស់ ហើយមកដល់បច្ចុប្បន្នមានក្រុហ៊ុនជប៉ុនប្រមាណ ២០០ក្រុមហ៊ុនហើយ បានបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើប្រមាណ១ពាន់គម្រោង ពិសេសការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA ទៅកាន់ប្រទេសកម្ពុជា ធ្វើឲ្យកំណើនទេសចរណ៍កាន់តែច្រើនឡើង។

ជា​មួយគ្នានេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលជួយដល់ការថែរក្សា និង​អភិរក្សប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ពិសេសការជួយរៀបចំឯកសារក្នុងការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃ​គុក របស់ប្រទេសកម្ពុជា ចូលជាសម្បត្តិបេតិក​ភណ្ឌ​ពិភពលោកប្រកបដោយជោគជ័យនាពេលថ្មី​ៗនេះ​។

ព្រះអង្គម្ចាស់ព្រះរាជទាយាទ ណារូហ៊ីតូ មានព្រះរាជបន្ទូលនូវព្រះរាជហឬទ័យរីករាយជាអនេក ជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានថ្វាយនូវព្រះរាជបដិសណ្ឋារកិច្ច ចំពោះព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះអង្គទៅមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ២០១២។ ជាមួយគ្នានេះព្រះអង្គម្ចាស់ព្រះរាជទាយាទ ក៏បានថ្វាយនូវសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅនិងការគោរពស្រឡាញរាប់អានដោយស្មោះ តាមរយៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គតែងតែមានការនឹករលឹកដ៏ខ្ពង់ខ្ពស់បំផុត៕








No comments:

Post a Comment