Pages
▼
Thursday, July 20, 2017
(សូមទស្សនាវីដេអូ) ចុះបើថាច្បាប់ស្តីពីគណបក្សនយោបាយជាច្បាប់លេងសើច ហេតុអ្វីបក្សប្រឆាំងភ័យស្លន់ស្លោរម្ល៉េះ?
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទ មួយសម្រាប់សាធារណជនធ្វើការពិចារណាក្រោមចំណងជើងថា «ចុះបើថាច្បាប់ស្តីពីគណបក្សនយោបាយជាច្បាប់លេងសើច ហេតុអ្វីបក្សប្រឆាំងភ័យស្លន់ស្លោរម្ល៉េះ?» ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ទាំងសម រង្ស៊ី និងក្រុមមន្ត្រីបក្សសង្គ្រោះជាតិបានហៅច្បាប់វិសោធនកម្មស្តីពីគណបក្សនយោបាយថាជារឿងឆាកល្ខោន និងជាច្បាប់លេងសើច។ ប៉ុន្តែនៅពេលដែលច្បាប់វិសោធនកម្មនេះកំពុងដំណើរការទៅមុខ ក្រុមមន្ត្រីគណបក្សប្រឆាំងបានភ័យស្លន់ស្លោរ ជ្រួលច្រាលដូចមាន់រកពង។ ភាពភ័យស្លន់ស្លោរនេះ បានជំរុញឱ្យក្រុមអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចំនួន៥៥រូប គ្រោងនឹងសរសេរលិខិតផ្ញើទៅកាន់ព្រះមហាក្សត្រដើម្បីសុំព្រះរាជអន្តរាគមន៍ពីព្រះអង្គកុំឱ្យឡាយព្រហស្ថលេខាលើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលស្នើឡើងដោយគណបក្សប្រជាជនកម្ពុជា។ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានរដ្ឋសភាអនុម័តរួចហើយ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៧។ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ព្រឹទ្ធសភា បានពិនិត្យ និងអនុម័តក្នុងប្រជុំវិសាមញ្ញព្រឹទ្ធសភារួចហើយដែរ។
យោងតាមលោក សុខ ឥសាន ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ នឹងមានសុពលភាពអនុវត្តន៍ភ្លាមៗនៅថ្ងៃដែលព្រះមហាក្សត្រឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើប្រាស់ច្បាប់នេះ។ ការដែលច្បាប់ស្ដីពីគណបក្សនយោបាយមានសុពលភាពអនុវត្តន៍ភ្លាមៗ គឺដោយសារច្បាប់នេះនឹងត្រូវប្រកាសជាការប្រញាប់។
ក្រោយពេលច្បាប់នេះចូលជាធរមានរួចហើយ គ្រប់គណបក្សនយោបាយមិនមានសិទ្ធិផ្សារភ្ជាប់ជាមួយទណ្ឌិតកម្រិតទោសមជ្ឈិម និងទោសឧក្រិដ្ឋជាដាច់ខាត។ ក្នុងករណីគណបក្សនយោបាយណាមួយមានទំនាក់ទំនងជាមួយទណ្ឌិត ទោះជាសម្ងាត់ក្ដី ឬជាចំហរក្ដី ដូចមានចែងក្នុងច្បាប់នេះ គណបក្សនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ការទទួលខុសត្រូវចំពោះមុខច្បាប់ គឺមានការផ្អាកសកម្មភាពរបស់គណបក្សនោះរយៈពេល ៥ឆ្នាំយ៉ាងតិច ត្រូវលុបឈ្មោះគណបក្សនោះចេញពីបញ្ជីមិនឱ្យធ្វើសកម្មភាពនយោបាយតែម្ដង។
តើលិខិតរបស់ក្រុមតំណាងរាស្ត្របក្សប្រឆាំងមានឥទ្ធិពលទប់ស្កាត់ច្បាប់ស្តីពីគណបក្សនយោបាយមិនឱ្យចេញរួចទេ?
ដោយ៖ ចៅ ចាក់ស្មុក
No comments:
Post a Comment