Pages
▼
Tuesday, January 19, 2016
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះលោកជំទាវ ហ៊ុន សារិន ព្រមទាំងក្រុមគ្រួសារ
នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៦នេះ ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះលោកជំទាវ ហ៊ុន សារិន ព្រមទាំងក្រុមគ្រួសារ ដែលកំពុងមានទុក្ខ ដ៏ក្រៀមក្រំជាទីបំផុតដែល ឯកឧត្តម នាយឧត្តមសេនីយ៍ ញ៉ឹក ហួន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ១៤:៣០ នាទីរសៀល ដោយរោគាពាធ ក្នុងជន្មាយុ ៦៩ឆ្នាំ។
សារលិខិតរំលែកទុក្ខនោះក៏បានបញ្ជាក់ថា ការបាត់បង់រូប ឯកឧត្តម នាយឧត្តមសេនីយ៍ ញ៉ឹក ហួន គឺជា ការបាត់បង់នូវស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ និងជាវីរកុលបុត្រខ្មែរដ៍ឆ្នើមមួយរូប ដែលបានបូជា កម្លាំងកាយ កម្លាំងចិត្ត និងលះបង់គ្រប់បែបយ៉ាងចូលរួមក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ក្នុងចលនារំដោះ ប្រទេសជាតិចាកផុតពីភ្លើងសង្រ្គាម និងរបបប្រល័យពូជសាសន៍ ដើម្បីនាំយកនូវសន្តិភាព ស្ថេរភាព និង វិបុលភាពពិតប្រាកដជូនប្រជាជនកម្ពុជា។
សារលិខិតរំលែកទុក្ខក៏បានបន្ថែមទៀតថា រូបឯកឧត្តម នាយឧត្តមសេនីយ៍ បាត់បង់ទៅក៏ពិតមែន ក៏ប៉ុន្តែកិត្តិយសគំរូវីរៈភាព ភាពអង់អាចក្លាហាន និងសេចក្តីល្អរបស់ឯកឧត្តមស្ថិតស្ថេរជានិច្ចក្នុងដួងចិត្តរបស់លោកជំទាវ បុត្រា បុត្រី ចៅប្រុស ចៅស្រី និងបងប្អូនសាច់ញាតិជិតឆ្ងាយទាំងអស់។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏ដូចជាមន្រ្តីរាជការនៅក្នុងព្រឹទ្ធសភាទាំងមូល សូមចូលរួមរំលែកនូវ សេចក្តីទុក្ខដ៏ក្រៀមក្រំក្តុកក្តួលអាឡោះអាឡ័យជាទីបំផុតជាមួយ លោកជំទាវ ក្រុមគ្រួសារ និងញាតិមិត្ត ទាំងអស់នៃសព ព្រមទាំងបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោក និងតេជៈបារមីព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ញ៉ឹក ហួន បានទៅសោយសុខក្នុងសុគតិ ភពជានិច្ចនិរន្តរ៍តរៀងទៅ៕
No comments:
Post a Comment