យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា
ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៥នេះ អំពីការផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីអាជ្ញាធរជាតិអប្សរា
នឹងហាមភ្ញៀវទេសចរពាក់ស្បែកជើងកែងចោត និងស្លៀកពាក់ស៊ិចស៊ីចូលប្រាសាទ បានបញ្ជាក់ឲ្យដឹងថា
អាជ្ញាធរជាតិអប្សរា សូមសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះវិទ្យុសំឡេងប្រជាធិបតេយ្យ
(VOD) ដែលបានផ្សាយចេញនូវខ្លឹមសារបំភ្លៃការពិតមួយចំនួនពាក់ព័ន្ធនឹងការងាររបស់អាជ្ញាធរជាតិអប្សរា
ហើយខ្លឹមសារនោះអាចបណ្តាលឲ្យមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរ ពីសាធារណជនចំពោះអាជ្ញាធរជាតិអប្សរា។
សេចក្តីបំភ្លឺព័ត៌មានរបស់អាជ្ញាធរជាតិអប្សរាបានបន្ថែមថា
ការបំភ្លៃពាក្យសម្តីមិនស្របតាមការលើកឡើងរបស់មន្ត្រីជំនាញខាងផ្នែកទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាត្រង់ថា
«តាមការកត់សម្គាល់កន្លងមក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិស្ត្រីប្រមាណ៥០% បានពាក់ស្បែកជើងកែងចោតចូលទស្សនាប្រាសាទអង្គរ»។
ការពិតឃ្លាត្រង់នេះ គ្រាន់តែការលើកឡើងជាឧទាហរណ៍តូចមួយថា « អីចឹងយើងស្រម៉ៃមើល
បើក្នុងហ្នឹងមាននារី៥០% ៣០០០នាក់ជាង ពាក់ស្បែកជើងកែងចោតគីកកុកៗដើរលើថ្មី
តើមានបញ្ហា? ហ្នឹងជាបញ្ហាដែលខាងទេសចរណ៍អប្សរាត្រូវគិត»។ ដូច្នេះការបំភ្លៃពាក្យសម្តីខុសពីការពិត
អាចនាំឲ្យសាធារណជនមានការយល់ច្រឡំយ៉ាងធ្ងន់ធ្ងរថា
បច្ចុប្បន្នមានភ្ញៀវទេសចរស្ត្រីប្រមាណ៥០% បានពាក់ស្បែកជើងកែងចោតចូលទស្សនាប្រាសាទអង្គរ។
ការបំភ្លៃពាក្យសម្តីបែបនេះបង្ហាញឲ្យឃើញពីកង្វះខាតវិជ្ជាជីវៈផ្នែកសារព័ត៌មាន
ដែលវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ត្រូវតែបំពេញឲ្យបានដាច់ខាតក្នុងការនាំយកព័ត៌មានត្រឹមត្រូវជូនសាធារណជននិងធ្វើឲ្យវិទ្យុនេះបាត់បង់ការជឿទុកចិត្តពីអ្នកស្តាប់ទូទៅ។
អាជ្ញាធរជាតិអប្សរាបានបន្តថា
ការលើកឡើងពីមតិរបស់លោក ធុយ ចាន់ធួន ដែលលើកឡើងថា « អាជ្ញាធរជាតិអប្សរា គ្មានមន្ត្រីជំនាញបុរាណវិទ្យាច្បាស់លាស់
ទើបធ្វើឲ្យភ្ញៀវទេសចរខ្វះការយល់ដឹង» និងថា «គិតឲ្យមែនទែនពីរឿងរកមនុស្សឲ្យមានជំនាញ
មនុស្សដែលចេះធ្វើការ កុំចង់បានធំ ឬចង់ធ្វើការកន្លែងមានលុយ រួចទៅថា
ខ្ញុំអត់ចេះចាត់ចែង»។ ចំពោះការលើកឡើងនេះ អាជ្ញាធរជាតិអប្សរា សូមបដិសេធទាំងស្រុង
ដោយនេះគឺជាការលើកឡើងដោយខ្វះសុភវិនិច្ឆ័យ និងគ្មានមូលដ្ឋានពិតប្រាកដដែលពុំអាចទទួលយកបាន។
អំពីធនធានមនុស្ស អ្នកជំនាញការរបស់អាជ្ញាធរជាតិអប្សរា
ទាំងផ្នែកបុរាណវិទ្យា និងវិស្វកម្មទឹក ត្រូវបានទទួលស្គាល់ជាអន្តរជាតិក្នុងកម្រិតអង្គការយូណេស្កូ
ហើយតែងតែទទួលបានការអញ្ជើញពីសំណាក់សាកលវិទ្យាល័យបរទេសជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទេសនាមជូនសិស្សនិស្សិតរបស់គេ។
រឺឯផ្នែកជំនាញជួសជុលប្រាសាទដែលកសាងពីថ្មភក់ ឬឥដ្ឋ គឺត្រូវប្រទេសជាមិត្តមួយចំនួន
ដូចជាប្រទេសមីយ៉ាន់ម៉ា និងប្រទេសឥណ្ឌូណេស៊ី បានសុំចែក រំលែកបទពិសោធន៍ផងដែរ។
ចំណុចខាងលើទាំងនេះ អាចបញ្ជាក់ឲ្យឃើញថា អាជ្ញាធរជាតិអប្សរា មានធនធានមនុស្សដែលមានសមត្ថភាពពេញលេញ
ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ដោយគិតទុកជាមុននូវបញ្ហាប្រឈម និងរៀបចំផែនការសកម្មភាពការងារនានារបស់ខ្លួន៕
អត្ថបទ៖
ច័ន្ទ ទេវី



No comments:
Post a Comment